សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជាប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ ខណៈយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ចាប់​ផ្ដើម​នៅ​រាជធានី​ភ្នំពេញ

ប៉េងប៉ោងហោះពីលើការប្រមូលផ្តុំរបស់សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រនៅរាជធានីភ្នំពេញ ខណៈអ្នកគាំទ្ររង់ចាំហែក្បួនតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ប៉េងប៉ោងហោះពីលើការប្រមូលផ្តុំរបស់សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រនៅរាជធានីភ្នំពេញ ខណៈអ្នកគាំទ្ររង់ចាំហែក្បួនតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិ គណបក្សប្រជាជនកម្ពុជា ដែលជាបក្ស​កាន់​អំណាចបានធ្វើ​ការ​ជួប​ជុំ​ទ្រង់ទ្រាយធំនៅ​រាជធានីភ្នំពេញ ខណៈគណបក្ស​នយោបាយ​មួយត្រូវបានរារាំងមិនឱ្យចូលទី​កន្លែងដែល​បាន​គ្រោង​ទុក​ ចំណែកគណបក្ស​ដែលនៅសល់​ផ្សេងៗទៀត​ភាគច្រើនរក្សាភាព​ស្ងាត់​ស្ងៀម​នៅ​រាជធានី។

 យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា មានគណប្ស​​ជាង១០ ក្នុងចំណោម​គណបក្សទាំង១៨ បានបើកការឃោសនានៅថ្ងៃដំបូងនៃយុទ្ធនាការបោះឆ្នោត​ទូទាំងប្រទេស។

ប៉ុន្តែ​អាជ្ញាធរ​បាន​រារាំង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មិន​ឱ្យ​ចូល​ទៅ​កន្លែង​ជួបជុំ​ដែល​បាន​គ្រោង​ទុក​​នៅ​​ទីលាន​ប្រជាធិបតេយ្យនោះទេ​ ដោយសារ​គណបក្ស​ប្រជាជន​បាន​កក់​កន្លែង​នោះ​រួច​ហើយ។

​កាលពី​ថ្ងៃ​សៅរ៍ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​​​នៅ​ទូទាំង​ក្រុង​នៅ​​កោះ​ពេជ្រ ជា​ទី​​​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​គាំទ្រ​​រាប់​ពាន់​នាក់​ក្នុង​ឯកសណ្ឋាន​ផ្ទៃមេឃ និង​ស​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​​កាន់​អំណាច​ ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន ធានាប្រាប់​អ្នកគាំទ្រថា គណបក្សប្រជាជននឹងបន្តលើកកម្ពស់ «ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងសភា ដើម្បី​ឲ្យមានស្ថិរភាពជារៀងរហូត» នេះបើ​យោងតាមការបកប្រែនៃសុន្ទរកថារបស់លោក ដែលផ្សព្វផ្សាយ​ដោយបណ្តាញ​ព័ត៌មាន Fresh News ។

គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​អាសនៈ​ទាំង​១២៥​ក្នុង​រដ្ឋ​សភា​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​ទាំង​ស្រុង​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​រយៈ​ពេល​ប៉ុន្មាន​​ខែ ​បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ នៅក្នុងខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថាប័ន​ទាំងពីរ​នេះ​ដឹកនាំដោយសមាជិកគណបក្សកាន់អំណាច បានសម្រេចថា គណបក្សភ្លើងទៀន​មិនអាចប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា បាន​ទេ។

លោក ហ៊ុន សែន បានព្រមានថា គណបក្សរបស់លោកនឹង «ទប់ស្កាត់ និងលុបបំបាត់​គ្រប់​ទម្រង់នៃនយោបាយ និងសកម្មភាពជ្រុលនិយម… ដែលចង់ញុះញង់ឱ្យមានការបែកបាក់ជាតិ បង្កើតភាពវឹកវរក្នុងសង្គម បំផ្លាញសន្តិភាព និងបង្កអស្ថិរភាពនយោបាយនៅកម្ពុជា តាម​របៀប​ឧទ្ទាម»

លោក ហ៊ុន សែន បាន​បន្ថែម​ពី​វេទិកា​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ថា៖ «​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព ការពារ និង​លើក​កម្ពស់»

លោកនាយករដ្ឋមន្ត្រីបានសរសើរនូវអ្វីដែលលោកបានអះអាងថា គឺជាសមិទ្ធិផលដ៏ធំធេង​បំផុត​របស់រដ្ឋាភិបាលរបស់លោកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ៖ ការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍។

លោក ហ៊ុន សែន ថា៖ «ជ័យយោ​! គណបក្សប្រជាជនកម្ពុជា! យើងរស់នៅជាមួយ​ប្រជាជន​កម្ពុជា យើងមិនរត់ចោលប្រជាពលរដ្ឋទេ យើងឈ្នះជារៀងរហូត» ខណៈ​​ពេលប៉េងប៉ោង​ដែល​មានរូបសញ្ញាគណបក្សអណ្តែតឡើងខ្ពស់ពីលើលោក​​ រួមជាមួយ​នឹងដ្រូន​ជាច្រើនគ្រឿង​ហោះ​ចុះឡើង​ជាផ្នែកនៃការផ្តិតយក​រូបភាព​នៃកម្មវិធី​ប្រមូលផ្តុំនេះ។

លោក ហ៊ុន សែន រំលឹកអ្នកគាំទ្រយុទ្ធនាការរបស់លោកដោយ​សន្យាបន្តដំឡើងប្រាក់ខែ និង​ប្រាក់សោធននិវត្តន៍របស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ពង្រីកសាលាបឋមសិក្សា និងការ​អភិវឌ្ឍន៍តាម​ជនបទ និងមិន​យកពន្ធលើដី​ស្រែចម្ការរបស់​គ្រួសារពលរដ្ឋ​។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​នេះ​នឹង​ពង្រឹង​ «គោលនយោបាយ​ការ​បរទេស​ឯករាជ្យ»

លោក ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៦របស់គណបក្សលោក៖

-ផ្តល់សេវាថែទាំ​សុខភាពដល់គ្រួសារងាយរងគ្រោះជាង ៤៥០ ០០០ តាមរយៈការប្រើប្រាស់​មូលនិធិ​សមធម៌សុខាភិបាល​ និងពង្រីករបបថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ​ដែល​កាន់​ប័ណ្ណ​បេឡាជាតិរបបសន្តិសុខសង្គម​។ 

-បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស​ដោយឥតគិតថ្លៃ និងអាហារូបករណ៍​ដល់​យុវជន​ចំនួន១,៥លាននាក់មកពីគ្រួសារក្រីក្រ។

-បង្កើត «កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ» ដើម្បីជួយប្រជាពលរដ្ឋ​ចំនួន៤,៣​លាននាក់។

-ផ្តល់​ការ​គាំពារសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការ​ទទួល​បាន​សេវាថែទាំសុខភាព។

-កញ្ចប់​ថវិកាយ៉ាងហោចណាស់១០០លានដុល្លារ «ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃ​» លើ​ផលិតផល​កសិកម្មមួយចំនួនដូចជា ស្វាយចន្ទី ដំឡូង ស្វាយកែវរមៀត និងស្រូវ។

-បញ្ជូនមន្ត្រីបច្ចេកទេសដើម្បី «ជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារ​កសិករ​ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន​»

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​បោះឆ្នោត​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា ខណៈ​បដា​បង្ហាញ​ស្លាក​សញ្ញា​គណបក្ស​ដែល​មាន​ផ្កា​រៀប​ជា​លេខ​១៨ ជា​លេខ​រៀង​របស់​​គណបក្ស​ប្រជាជន​នៅ​លើ​សន្លឹក​ឆ្នោត។

បន្ទាប់ពីការថ្លែងសុន្ទរកថានាពេលព្រឹក អ្នកគាំទ្រគណបក្សប្រជាជនរាប់ពាន់នាក់​ត្រូវបាន​ដង្ហែ​ក្បួននិងតាមយានយន្ត​​ទៅ​តាមដងផ្លូវ ដោយគ្រវីទង់ជាតិកម្ពុជា និងទង់​គណបក្ស និងចាក់​បទ​ចម្រៀងឃោសនាបោះឆ្នោត​។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក វ៉ែន សុផាន់រ៉ែន បាន​និយាយ​ថា លោក​​គិត​ថា គោល​នយោបាយ​របស់​គណបក្ស «គឺ​ល្អ​គ្រប់​ចំណុច» ហើយ​បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​​ចំពោះ​លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត។

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ប្រាប់ខេមបូចា ​ថា ​ពួកគាត់​​បាន​មក​ជួបជុំ​គ្នា​ដោយ​សារ​ «សេចក្ដី​ស្រឡាញ់​» ​ចំពោះ​គណបក្ស​ និង​មេដឹកនាំ​របស់​ខ្លួន​។ សាវ ចន្ធី អ្នកភូមិ​រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បាននិយាយថា ប្រជាពលរដ្ឋប្រហែល​២០០​នាក់​មកពីភូមិរបស់គាត់បាន​ធ្វើ​ដំណើរ​តាម​​​រថយន្តក្រុង និងផ្តល់អាហារ​ដោយ​ឥតគិត​ថ្លៃ​ពី​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់​​។

ចាន់ ឌី ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​រាជធានី​ភ្នំពេញបាន​និយាយ​ថា លោក​​ត្រូវ​បាន​សន្យា​​ផ្តល់​ប្រាក់២ម៉ឺន​រៀល (៥ ដុល្លារ) ដើម្បី​ចូល​រួម​កម្មវិធី​ជួប​ជុំ​នៅ​ថ្ងៃ​នេះ។ 

លោក ចាន់ ឌី បន្ថែម​ថា៖​ «ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​មិន​ចូល​រួម​ការ​ដង្ហែ​ក្បួន​ដល់​ចប់​ ពួក​គេ​​នឹង​មិន​ឱ្យ​ទេ”»។

គណបក្ស​ផ្សេងទៀត

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រ​សាសន៍ថា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត មានប្រជាពលរដ្ឋប្រ​មាណ១០ម៉ឺននាក់ បាន​ចូលរួមនៅទូទាំងប្រទេស និងប្រហែល​១០គណបក្សទៀត​បានរៀបចំការ​ប្រមូ​លផ្តុំ​។ ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជធានី​កាល​ពី​ថ្ងៃ​សៅរ៍​។

លោក​មាន​ប្រសាសន៍ថា៖​ «​បរិយាកាស​នយោបាយ​ល្អ​ ហើយ​មិន​មាន​ភាពមិនប្រក្រតី​អវិជ្ជមាន​​ទេ​។ ខ្ញុំ​គិត​ថា ​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ វា​នឹង​ដំណើរការ​ទៅ​ដោយ​រលូន ដោយ​ផ្អែក​លើ​ស្មារតី និង​មនសិការ​របស់​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​»

លោក សេក សុខា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានប្រសាសន៍​ថា គណបក្ស​នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១០ ខែកក្កដា ដើម្បីប្រារព្ធខួប នៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ។

ទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ។ រូបថតនៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ​ដោយ GDP)​
ទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ។ រូបថតនៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ​ដោយ GDP)​

លោក​មាន​ប្រសាសន៍​ថា គណបក្ស​កំពុង​ពិចារណា​អំពី​ទីតាំង និង​ពេល​វេលា​ធ្វើ​យុទ្ធនាការ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។ 

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ថា គណបក្ស​គ្រោង​រៀប​ចំការជួបជុំមនុស្សចំនួន ៥ ០០០នាក់ នៅទីស្នាក់ការកណ្តាល​ នៅ​ក្បែរ​ព្រះបរមរាជវាំង​ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ។

លោក គីមសួរ ភិរិទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើងទៀន​ដែល​មិនអាចចូល​រួម​ការ​បោះ​ឆ្នោត​នេះ​ បាន​មាន​ប្រសាសន៍ថា គណបក្ស​របស់​លោក​នឹង​មិន​រៀប​ចំ​វេទិកា​ជាមួយ​សមាជិក​បក្ស​ទេ​ ​អំឡុង​​ពេល​​ការ​ឃោសនា​បោះឆ្នោត​នេះ ហើយ​នឹង​«យក​ពេល​» ដើម្បី​ផ្ដោត​លើ​សកម្មភាពថ្នាក់​​មូលដ្ឋាន​នៅ​ពេល​អនាគត។

លោក គីមសួរ ភិរិទ្ធ បានគូសបញ្ជាក់អំពីផែនការរបស់គណបក្ស​លោកសម្រាប់សប្តាហ៍​ខាង​មុខ​ថា៖ «កុំរំខានគាត់ [គណបក្សកាន់អំណាច] ហើយគេ​ធ្វើ [យុទ្ធនាការបោះឆ្នោត] ព្រោះ​យើងមិនអាចចូលរួមក្នុងការបោះឆ្នោតបាន»

រាយការណ៍បន្ថែម​ដោយ ឃួន ណារីម សុវណ្ណ ស្រីពេជ្រ ផុន សុទ្ធី​រ័ត្ថ រ៉ាន់ ស្រីដែត និង Jack Brook

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Election Campaigning Kicks off in Phnom Penh With Massive CPP Rally

203 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម