សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរអគ្គិសនី​ស្រាយបំភ្លឺនៃការធ្វើ​ស្វ័យប្រកាស​ពីការដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅលើដំបូលផ្ទះ ខណៈមានការភាន់ច្រឡំ

ផ្ទាំងសូឡាដែលដំឡើងនៅឯរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នៅជាយរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)
ផ្ទាំងសូឡាដែលដំឡើងនៅឯរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នៅជាយរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

សេចក្ដីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយកាលពីពេលថ្មីៗពី​សំណាក់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បាន​​បង្កើត​ឱ្យមានប្រតិកម្មចម្រុះ​ពីសំណាក់មហាជន​ជុំវិញ​ការធ្វើ​ស្វ័យប្រកាស​ពី​ការដំឡើង​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យ ។ ក្រោយមកបន្តិច EAC ក៏បានចេញសេចក្ដីថ្លែងការណ៍​មួយ ស្រាយ​បំភ្លឺ​ថា ការធ្វើ​ស្វ័យប្រកាស គឺ«សម្រាប់តែ​អ្នកប្រើប្រាស់​ថាមពល​​ពន្លឺព្រះអាទិត្យ​នៅលើដំបូល​ផ្ទះ»​ដែល​តភ្ជាប់ទៅនឹង​បណ្ដាញ​អគ្គិសនីជាតិ​តែប៉ុណ្ណោះ ។

កាលពីថ្ងៃទី៤ ខែកក្កដា EAC បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយអំពាវនាវ​ដល់អ្នកប្រើប្រាស់​ដែល​បានដំឡើង​និងប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ​ ឱ្យ​ធ្វើស្វ័យប្រកាស ។ ប៉ុន្តែ សេចក្ដី​ថ្លែងការណ៍នោះមិន​បាន​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ពី​ទំហំ​នៃថាមពល​ពន្លឺព្រះអាទិត្យដែល​ផលិតបាន ដែល​ត្រូវ​ស្ថិតក្រោម​ការតម្រូវ​ឱ្យធ្វើស្វ័យប្រកាស​ នោះឡើយ ជាហេតុ​កាន់តែ​បង្ក​ការភ័ន្ត​ច្រឡំ​ដល់​មហាជន​ខ្លាំងថែមទៀត ។

មកទល់នឹងថ្ងៃនេះ ប្រកាស​របស់​ EAC ត្រូវបានចែករំលែក ១១០០ដង ទទួលបាន comment ជិត ១០០០ រួមជាមួយនឹងការចុចLike ១៣០០ដង ។ មនុស្សជាច្រើន​សួរបញ្ជាក់ពី​ព័ត៌មាន​បន្ថែម​អំពី​ទំហំ​និង​ប្រភេទ​នៃប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​ចាំបាច់​ត្រូវចុះបញ្ជី ។ អ្នកខ្លះ​សួរ​ផង​ដែរ ហេតុអ្វីបានជា​អ្នកប្រើប្រាស់ថាមពល​ពន្លឺព្រះអាទិត្យ​ចាំបាច់​ត្រូវ​ចុះបញ្ជី ដោយ​សន្និដ្ឋានថា ការជូន​ដំណឹងរបស់ EAC បាននិងកំពុងបង្ក​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ដល់​មហាជន ។

បន្ទាប់ពី​ផ្ទុះសំណួរដ៏ច្រើនពី​សំណាក់​សាធារណជន EAC បានចេញសេចក្ដីថ្លែងការណ៍​មួយ​ទៀត នៅថ្ងៃទី៦ ខែកក្កដា ដើម្បី​បំភ្លឺ​បន្ថែម​លើ​សេចក្ដីថ្លែងការណ៍មុន ស្ដីពីការធ្វើ​ស្វ័យប្រកាសពី​ការដំឡើង​និង​ប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ។

សេចក្ដីថ្លែងការណ៍​បាននិយាយថា ក្រសួងរ៉ែនិងថាមពល​បានធ្វើការជាមួយអង្គការ UNDP ដើម្បី​រៀបចំ​គោលការណ៍​គ្រប់គ្រង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើ​ដំបូ​ល ដែលពាក់ព័ន្ធទៅនឹង​ប្រព័ន្ធ​អគ្គិសនី​ដែលទទួលថាមពលពី​ខ្សែបណ្ដាញជាតិ ដែលទាមទារ​ឱ្យមានការចុះបញ្ជីជាចាំបាច់ ។

ប៉ុន្តែ ការចុះបញ្ជីនិងការគ្រប់គ្រង​ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ​លើដំបូល​មិន​សំដៅ​លើ​ការដំឡើងបរិក្ខារ​ប្រើ​​ថាមពលពន្លឺព្រះអាទិត្យ​ ដែល​មិន​ភ្ជាប់នឹង​ខ្សែបណ្ដាញផ្គត់ផ្គង់​​អគ្គិសនី​ជាតិ​ ដូចជា អំពូល​បំភ្លឺ ម៉ាស៊ីនបូមទឹក និង​​ឆ្នាំងចម្អិន នោះទេ ។

អ្នកប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល ដែលមានសមត្ថភាពផលិត​បានចាប់ពី ១០គីឡូវ៉ាត់​ឡើងទៅ ត្រូវតម្រូវ​ឱ្យ​បង់ថ្លៃ​ប៉ះប៉ូវ ។ ថ្លៃប៉ះប៉ូវនេះ​គឺសម្រាប់តែអ្នកប្រើប្រាស់​ធំៗ ដូចជា រោងចក្រ​ឧស្សាហកម្ម ក្រុមហ៊ុន សណ្ឋាគារ និងអគារធំៗ​ ដែលចង់ដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​មធ្យម​និងខ្នាតធំ​ តែប៉ុណ្ណោះ ។​

សេចក្ដីថ្លែងការណ៍ដដែល​បាន​បន្ត​ថា៖ «ដូចនេះ ប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់​អគ្គិសនីសម្រាប់​លំនៅឋាន​និង​ទីតាំងអាជីវកម្ម​នឹង​មិន​រងការប៉ះពាល់​ពី​វិធានការ​របស់​ EAC នេះឡើយ» ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ EAC បាន​ចេញ​សេចក្ដី​ជូនដំណឹង​លើកទីមួយ ។ គិតមកដល់ពេលនេះ មានអ្នកមកធ្វើស្វ័យប្រកាស​ ៩៤ទីតាំងហើយ ដែលបាន​ចុះ​បញ្ជី​ស្នើសុំដំឡើង​ប្រព័​ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ។ សេចក្ដីប្រកាសកាលពីថ្ងៃទី៤ ខែកក្កដា គឺជា​ការជូនដំណឹង​លើកទីពីរ ។ ពេលវេលា​ផុត​កំណត់សម្រាប់​ការចុះបញ្ជី គឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ។

យោងតាមការជូនដំណឹង ប្រសិនបើគ្មានការចុះបញ្ជី​ ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​បច្ចេកទេស​ទេ «ការធ្លាយអគ្គិសនី»អាចនឹង​កើតឡើងនៅក្នុង​ខ្សែបណ្ដាញ​ផ្គត់ផ្គង់ជាតិ ដែលអាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់អ្នកជួសជុល ប្រសិនបើ​ការផ្គត់ផ្គង់​អគ្គិសនី​ត្រូវបាន​កាត់ផ្ដាច់​ដើម្បី​សម្រួល​ដល់​ការជួសជុល​នៅលើ​បង្គោល​ភ្លើង ។

ស្របពេលជាមួយគ្នានេះ ខ្សែបណ្ដាញ​ជាតិ​ក៏មិនអាច​វិនិយោគត្រឹមត្រូវទៅលើ​ឧបករណ៍​ប្រឆាំងរំញ័រ និងមិនអាច​រៀបចំ​​ការផ្គុំ​ប្រភព​អគ្គិសនី និង​ដំឡើង​ប្រព័ន្ធស្តុកថាមពលទុក ដើម្បីបំពេញកង្វះខាត​ប្រភព​ថាមពល​ឱ្យអ្នកប្រើប្រាស់​ពេលគ្មានពន្លឺ​ព្រះអាទិត្យឡើយ ។ ហើយវាក៏ពិបាក​ក្នុងការប្រមូល​ទិន្នន័យ​ផងដែរ ។​

សេចក្ដីជូនដំណឹង​បានសរសេរ​ថា ដើម្បីធ្វើការ​គ្រប់គ្រង ដំបូងបំផុត EAC ត្រូវ​ចុះបញ្ជី​អ្នកកំពុងប្រើ​ប្រព័ន្ធថាមពល​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល ហើយការជូនដំណឹងនេះ​ដើម្បី​ឱ្យ​អ្នកប្រើប្រាស់​ដែល​បាន​ដំឡើង​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​លើ​ដំបូល ឱ្យធ្វើស្វ័យប្រកាស​នៅទីកន្លែងដែលខ្លួនទទួល​ការផ្គត់ផ្គង់​ ។ បន្ទាប់ពីចុះបញ្ជីរួច ពួកគេ​នឹង​ទទួលបានការទទួលស្គាល់ថា ពួកគេបានទទួលការអនុញ្ញាត​ឱ្យដំឡើង​និងប្រើប្រាស់​ស្របទៅតាមច្បាប់​ហើយ ។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និងថាមពល លោក កែវ រតនៈ បាននិយាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា គោលនយោបាយ​នៃការដំឡើង​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល គួរតែ​ត្រូវបានគ្រប់គ្រង​ដើម្បី​ធានា​ស្ថិភាព​អគ្គិសនីនៅពេល​កម្រិតពន្លឺព្រះអាទិត្យ​មានតិចតួច ។

លោកបាននិយាយថា ប្រសិនបើ EAC អនុញ្ញាត​ឱ្យ​គ្រប់គ្នា​ដំឡើង​ផ្ទាំង​ពន្លឺព្រះអាទិត្យ វានឹងមាន​បញ្ហា​តម្លៃ​ ។ ឧទាហរណ៍ រដ្ឋាភិបាល​ស្នើសុំ​ឱ្យ​ អគ្គិសនីកម្ពុជា (EDC) ទិញ​ថាមពល​អគ្គិសនីពី​វិនិយោគិន​នៅក្រៅប្រទេស ដើម្បី​បង្ការ​កង្វះខាតការផ្គត់ផ្គង់អគ្គិសនី ។ ​

ប៉ុន្តែ នៅពេលដែល​ការផ្គត់ផ្គង់អគ្គិសនី​ត្រូវទិញ​ពី​ក្រៅប្រទេសមកហើយ បែរជាពលរដ្ឋដែល​ដំឡើង​ផ្ទាំង​ពន្លឺ​ព្រះអាទិត្យ​ប្រើប្រាស់អគ្គិសនីតែនៅពេលណាដែល​ផ្ទាំង​ពន្លឺព្រះអាទិត្យ​មិនអាចផលិត​អគ្គិសនី​ដោយសារ​ខ្វះ​ពន្លឺព្រះអាទិត្យ​ប៉ុណ្ណោះ នោះ EDC នឹងត្រូវ​ទទួលរង​នូវការខាតបង់ ។

លោក រតនៈ បាននិយាយថា៖ «ដូច្នេះហើយបានជារូបមន្តនៃការចែងកាលណាយើង​ដាក់សូឡា  យើងត្រូវចូលរួមចំណែកបង់ថ្លៃតែ​បង់ថ្លៃអានុភាព ដែល​ជា​ថ្លៃភ្លើងបម្រុងដែល​យើង​អាច​ប្រើ​នៅពេល​ណាមួយក៏បានដែល​ពុំមានពន្លឺព្រះអាទិត្យ ដោយ​តភ្ជាប់ទៅនឹង​បណ្ដាញផ្គត់ផ្គង់ជាតិ» ។

នៅប្រទេសវៀតណាមវិញ ថ្មីៗនេះ រដ្ឋាភិបាលបាន​អនុម័ត​ការលក់​ផ្ទាល់​នូវ​ថាមពលកកើតឡើងវិញ ក្នុងនោះរាប់បញ្ចូលទាំង​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​លើដំបូល ខ្យល់ ជីវម៉ាស វារីអគ្គិសនីខ្នាតមីក្រូ កម្ដៅពីផែនដី រលក និង​រោងចក្រ​ទាញថាមពល​ពីរលកសមុទ្រ ដោយ​មិនចាំបាច់​ឆ្លងកាត់​ស្ថាប័ន​អគ្គិសនីវៀតណាម​ជា​អន្តរការី​ឡើយ ។​

ផ្ទាំងពន្លឺព្រះអាទិត្យ​ដែលដំឡើង​នៅលើ​ដំបូល​នៃ​ផ្ទះមួយ​កន្លែងនៅរាជធានីភ្នំពេញ ថត​នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

លោក ទី ប៊ុនលី ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ថាមពល​ពន្លឺ​ព្រះអាទិត្យ នៅក្រុមហ៊ុន SOGE Cambodia បានប្រាប់ ខេមបូចា ថា គោលនយោបាយស្វ័យប្រកាស​នឹងជួយ​ដល់​ EAC ក្នុងការប្រមូលព័ត៌មាន​ពីអ្នកប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ ។ ប្រសិនបើ​មានអ្នក​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​ច្រើននាក់ ដែលក្នុងពេលតែមួយ ពួកគេ​ក៏ប្រើ​អគ្គិសនីពីខ្សែ​បណ្ដាញ​ផ្គត់ផ្គង់ជាតិដែរ វាអាចនឹងបណ្ដាល​ឱ្យ​មាន​អស្ថិរភាព​អគ្គិសនី ។​

លោកបាននិយាយថា ពាក់ព័ន្ធនឹង​ថ្លៃអនុភាពបម្រុងទុក​សម្រាប់​អ្នក​ប្រើប្រាស់​ថាមពលពន្លឺព្រះអាទិត្យដែលមានអនុភាព​ផលិត​ចាប់ពី ១០គីឡូវ៉ាត់ឡើងទៅ ខណៈដែលគេមិនទាន់ដឹងថាថ្លៃនោះមានតម្លៃ​ប៉ុន្មាននៅឡើយក្ដី អ្នកប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យខ្នាតធំ​អាច​នឹង​ទទួលរងនូវ​ផលប៉ះពាល់អវិជ្ជមាន ក្នុងនោះរួមទាំងការបង់ថ្លៃប៉ះប៉ូវខ្ពស់ ជាលទ្ធផលនៃការធ្វើស្វ័យប្រកាស ។

លោកបានបន្តថា៖ «វាអាចជាមូលហេតុមួយ​ដែល​នាំ​ឱ្យ​ថ្លៃដើមចំណាយ​លើការវិនិយោគទៅលើប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​នឹង​កើនឡើង ។ ខណៈ​ដែល​អ្នកប្រើប្រាស់​ប្រើ​​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យ​​ដើម្បីកាត់បន្ថយ​ចំណាយ​ថ្លៃអគ្គិសនី ការតម្រូវ​ឱ្យ​បង់ថ្លៃក្នុងអត្រាខ្ពស់នៅពេល​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ អាចនឹងនាំ​ឱ្យ​ការចំណាយ​របស់​អ្ន​កប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ​កើនឡើង​រឹតតែខ្ពស់» ។ ដោយលោកបានបន្ថែមថា៖ «កត្តានេះ​អាចនឹង​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ងាកមកប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែលគេចាត់ទុកជា​ថាមពលស្អាត» ។

លោក ប៊ុនលី បាននិយាយថា ក្រុមហ៊ុន SOGE ផ្គត់ផ្គង់​ទឹក​ទៅ​ឱ្យ​កសិករ​ដោយប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យដើម្បី​បូមទឹក ។ ផ្ទាំងពន្លឺព្រះអាទិត្យ​របស់​ក្រុមហ៊ុន​ផលិត​បាន​ថាមពល​ចន្លោះពី ១គីឡូវ៉ាត់ ដល់ ៣៦២គីឡូវ៉ាត់ ។ លោកបានចែករំលែកប្រាប់ថា ក្រុមហ៊ុនរបស់លោក​កំពុងរៀបចំខ្លួន​ដើម្បី​​ធ្វើ​ស្វ័យប្រកាស​នៅពេលឆាប់ៗខាងមុខ ។

លោក ហេង គឹមហុង ប្រធាន​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា បាននិយាយថា អាជ្ញាធរ​គួរលើកទឹកចិត្ត​ឱ្យ​ប្រជាជន​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ពីព្រោះវាជាថាមពលស្អាត និង​ខណៈដែល​រដ្ឋាភិបាល​ពុំទាន់អាច​ផលិត​និង​ផ្គត់ផ្គង់​អគ្គិសនីបាន ១០០%នៅឡើយ នៅទូទាំងប្រទេស ។

លោកបានបញ្ចេញមតិថា ការពិភាក្សពី​ការដំឡើងថ្លៃ​ថាមពល​ពន្លឺព្រះអាទិត្យ​មិនគួរកើតមានទេ «នៅពេលដែល​យើងនិយាយពីការលើកកម្ពស់ថាមពល​ស្អាត ។ លោក គឹមហុង បាននិយាយថា លោក​«មិនគាំទ្រ»វិធានការរបស់ EAC ដែលតម្រូវ​ឱ្យ​អ្នកប្រើប្រាស់ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ដែល​ភ្ជាប់ទៅនឹងបណ្ដាញជាតិ​ដែរនោះ ឱ្យ​ធ្វើស្វ័យប្រកាស​និង​បង់វិភាគទាន នោះទេ ។

អង្គការ​ Oxfam ប្រចាំកម្ពុជា បាននិយាយថា ការដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល គឺជា​ការធ្វើពិពិធកម្ម​ប្រភពថាមពល ដែលរួមចំណែកដល់​ការជំរុញថាមពល​ស្អាត​និង​បង្កើន​ផលិតកម្ម​ថាមពល ។ អង្គការ​ Oxfam បានប្រាប់ ខេមបូចា តាមសារ​តេឡេក្រាម ថា ការដំឡើងប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ​ជួយ​កាត់​បន្ថយ​បន្ទុកនិងសម្ពាធ​លើ​បណ្ដាញចែកចាយ​អគ្គិសនីជាតិ ។

អង្គការ Oxfam បានបន្តថា ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ រដ្ឋគួរតែ​លើកទឹកចិត្ត​ដល់អ្នកផ្ដល់សេវានិងអ្នកប្រើប្រាស់​ តាមរយៈ​ការផ្ដល់​ការលើកទឹកចិត្តផ្នែកពន្ធលើ​ឧបករណ៍បរិក្ខារ ព្រមទាំង​កម្ចី​ការប្រាក់ទាប​ដើម្បីកាត់បន្ថយ​ការចំណាយ​ក្នុងការដំឡើង ។

ជុំវិញ​ការជូនដំណឹង​របស់ EAC អង្គការ Oxfam បានលើកឡើងថា ការភាន់ច្រឡំ​និងកង្វះការយល់ដឹង​អំពីគោលបំណង​នៃការធ្វើស្វ័យប្រកាស និងពាក្យពេចន៍ទាក់ទង បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ ។ «ប្រសិនបើប្រជាពលរដ្ឋមិនយល់ច្បាស់ពីគោលបំណងនៃការធ្វើស្វ័យប្រកាសនេះ វាអាចបង្កឱ្យមានការមិនបន្តការប្រើប្រាស់ ឬមិនប្រើប្រាស់សូឡាតែម្តង»

អង្គការ Oxfam បានកត់សម្គាល់ថា នៅក្រោយការផ្ទុះប្រតិកម្ម​ពីមហាជន ក្រសួង​ និង EAC បានចេញមកធ្វើការពន្យល់ ដោយស្រាយបំភ្លឺ​សំណួរនានា ជាពិសេស ជុំវិញគោលបំណងនៃការធ្វើស្វ័យប្រកាស ប៉ុន្តែ «នៅមានមហាជនមួយចំនួនតូចនៅតែមានការព្រួយបារម្ភ» ។

រដ្ឋាភិបាល​គួរបន្ត​ផ្សព្វផ្សាយព័ត៌មាន​ ស្រាយបំភ្លឺ​ដើម្បីដោះស្រាយ​ការភ័ន្តច្រឡំ និង​ផ្ដល់​ការបញ្ជាក់​បន្ថែមលើលក្ខខណ្ឌនានា​ដែលត្រូវបំពេញ ជាពិសេស សម្រាប់​អ្នកផ្ដល់សេវានិង​ប្រជាជន​ដែល​ចង់​ដំឡើង​ប្រព័ន្ធ​ថាមពលពន្លឺ​ព្រះអាទិត្យ​ដើម្បីប្រើប្រាស់ ។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាននិយាយថា ក្រុមហ៊ុនដែលប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ​ភ្ជាប់ទៅនឹងបណ្ដាញអគ្គិសនីជាតិ ត្រូវបង់ថ្លៃប៉ះប៉ូវ​ទៅ​ឱ្យ​អាជ្ញាធរ​អគ្គិសនី ។ ប៉ុន្តែ ថ្លៃប៉ះប៉ូវនោះ​ត្រូវតែ​គណនា​ឱ្យមានតុល្យភាព ដើម្បី​«ក្រុមហ៊ុនទាំងអស់នោះនឹងប្រើប្រាស់សូឡាលាយជាមួយនឹងចរន្តអគ្គិសនី» ។

ក្រុមហ៊ុននានា (រួមទាំង​រោងចក្រ​) ដែលប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ អាចសន្សំ​សំចៃ​ថវិកា​បាននៅពេល​នាំចេញទៅ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប ជាមួយនឹងការបន្ធូរបន្ថយពន្ធ ។

លោក សេរីវឌ្ឍន៍ បាននិយាយថា៖ «ប៉ុន្តែបើរដ្ឋាភិបាលធ្វើឱ្យសូឡាប្រើប្រាស់បានទូលំទូលាយមានថ្លៃថោក រោងចក្រទាំងអស់នឹងលែងប្រើប្រាស់ចរន្តអគ្គីសនី ខណៈពេលដែលចរន្តអគ្គិសនីកម្ពុជាបានធ្វើកុងត្រាទិញពីបរទេសដែលមានរយៈពេលយូរ» លោក​បន្តថា រដ្ឋាភិបាល​គួរពិចារណា​រក​ពេលវេលា​សមស្របណាមួយ​ដើម្បីជំរុញ​ការប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យ នៅពេលដែល​កិច្ចសន្យានោះអស់សុពលភាព ដើម្បីរួមចំណែក​ដល់​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន និងលើកកម្ពស់​ការនាំចេញរបស់​ប្រទេស​កម្ពុជា ។

អង្គការ EnergyLab Cambodia បាននិយាយថា ពួកគេនឹង​ឆ្លើយតប​នៅសប្ដាហ៍ក្រោយ រីឯអង្គការ UNDP វិញ​មិនបាន​ឆ្លើយតបនឹង​សំណួរទេ នៅខណៈពេលនៃការចេញផ្សាយអត្ថបទនេះ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Electricity Authority Clarifies Need For Rooftop Solar Declaration Amid Confusion

424 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម