សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការចោទប្រកាន់សកម្មជនបរិស្ថានពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ

សកម្មជនមាតាធម្មជាតិ៣រូបត្រូវបាននាំមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
សកម្មជនមាតាធម្មជាតិ៣រូបត្រូវបាននាំមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនសកម្មជនបរិស្ថាន៣រូបជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហា ក្សត្រ។ សហស្ថាបនិកនៃក្រុមបរិស្ថានមាតាធម្មជាតិក៏ត្រូវបានចោទប្រកាន់ដោយកំបាំងមុខផងដែរ។

សកម្មជន២នាក់ គឺ ស៊ុន រដ្ឋា និង យីម លាងហ៊ី ព្រមទាំងជនជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez-Davidson ជាសហស្ថាបនិកអង្គការមាតាធម្មជាតិត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រ។ សកម្មជនវ័យក្មេង លី ចាន់ដារ៉ាវុទ្ធ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់តែប៉ុណ្ណោះ។

 លោក សំ សុគង់ មេធាវីរបស់ពួកគេបានប្រាប់ខេមបូចាថា ឥឡូវនេះ សកម្មជន​ទាំង​បី​នាក់​ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។

លោកបានមានប្រសាសន៍ថា៖ «ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះ អាសន្ននៅមណ្ឌលអប់រំកែប្រែ ម១ និងម២ នៃពន្ធនាគារព្រៃស។ ការចោទប្រ កាន់ទាំងនេះគឺវាមានលក្ខណៈធ្ងន់ធ្ងរ ពីព្រោះសកម្មជនទាំងនោះគ្រាន់តែធ្វើការ ដើម្បីការពារធនធានធម្មជាតិនិងបរិស្ថានប៉ុណ្ណោះ»។

លោក សុគង់ បាននិយាយថា លោកមិនអាចពន្យល់ពីសកម្មភាពរបស់ពួកគេបានទេ ខណៈដែលការស៊ើបអង្កេតរបស់តុលាការកំពុងបន្ត។ លោកនិយាយថា លោកនឹងដាក់សំណើសុំនៅក្រៅឃុំសម្រាប់កូនក្តីរបស់លោកនៅសប្តាហ៍ក្រោយ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំ ពេញបានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេទាំង៤នាក់ត្រូវបានចោទប្រកាន់ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទេ។ ការចោទប្រកាន់ពីបទរួមគំនិតក្បត់គឺផ្អែកលើមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ហើយត្រូវផ្តន្ទាទោសពី៥ទៅ១០ឆ្នាំ។ ចំ ពោះការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ សកម្មជនទាំងនោះត្រូវប្រ ឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។

សកម្មជនវ័យក្មេងទាំងបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុនរួមទាំង សកម្មជនម្នាក់ឈ្មោះ សិដ្ឋ ឈីវលីម៉េង ដែលក្រោយមកត្រូវបានដោះលែង។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់កាល ពីថ្ងៃសុក្រថា ឈីវលីម៉េង គ្មានឈ្មោះក្នុងរបាយការណ៍របស់នគរបាលទេ។

លោកបានអះអាងថា ការចាប់ខ្លួននេះបានកើតឡើង បន្ទាប់ពីប៉ូលីសបានរកឃើញភស្តុតាងបង្ហាញថា សកម្មជនទាំងនេះបានធ្វើការជាមួយអង្គការចាត់តាំងខុស ច្បាប់ក្រោមការដឹកនាំរបស់លោក Gonzalez-Davidson ដើម្បីផ្តួលរំលំរដ្ឋាភិបាលជ្រកក្រោមលេសថា ជាសកម្មជនបរិស្ថាន។

លោកបានមានប្រសាសន៍ថា៖«ក្រុមនេះធ្វើសកម្មភាព​ដោយ​មាន​​អង្គការចាត់តាំង​ច្បាស់លាស់ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឲ្យធ្វើសកម្មភាពនិងប្រតិបត្តិការ»។

លោក Gonzalez-Davidson ជាសហស្ថាបនិកអង្គការមាតាធម្មជាតិបាននិយាយកាលពីសប្តាហ៍មុនថា ក្រុមសកម្មជនមិនគួរត្រូវបានចាប់ខ្លួនទេ ដោយនិយាយថា ពួកគេគ្រាន់តែថតរូបភាពលូទឹកស្អុយ ដែលត្រូវបានគេបង្ហូរចូលក្នុងទន្លេសាប។ លោកបាននិយាយថា លោកមិនដឹងពីមូលហេតុនៃការដោះលែងលោក ឈីវលីម៉េង ទេ។

លោក Gonzalez-Davidson បាននិយាយថា៖ «ការការពារធនធានធម្មជាតិក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវសង្គមកម្ពុជា គឺជារឿងដែលគួរមានមោទនភាពក្រៃលែង គ្មានអ្វីត្រូវខ្មាស់អៀននោះទេ បើកុំទាន់គិតដល់បទល្មើស»។  ដោយលោកបន្ថែមថា៖ «ដំណោះស្រាយតែមួយគត់ គឺដោះលែងសកម្មជនទាំងអស់ដោយគ្មានលក្ខខណ្ឌ [ឆាប់ៗតាមដែលអាចធ្វើទៅបាន

ម្តាយរបស់ ចាន់ដារ៉ាវុទ្ធ ដែលបដិសេធមិនប្រាប់ឈ្មោះរបស់អ្នកស្រីដោយបារម្ភ ពីសុវត្ថិភាព បាននិយាយថា កូនប្រុសរបស់អ្នកស្រី គឺជាមនុស្សល្អម្នាក់ដែលខិត ខំរៀនសូត្រ ហើយមិនដែលមានជម្លោះជាមួយអ្នកដទៃឡើយ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនអាចទទួលយកបាន​បទចោទប្រកាន់​លើគាត់​បានទេ ពីព្រោះកូនប្រុសខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ទេ ហើយអ្វីដែលគាត់ធ្វើ គឺដើម្បីពលរដ្ឋ ខ្មែរ ទ្រព្យសម្បត្តិជាតិនិងសង្គមជាតិ។ គាត់គ្រាន់តែចង់ឲ្យប្រជាជនកម្ពុជារស់នៅជាមួយបរិស្ថានស្អាតតែប៉ុណ្ណោះ»។

អ្នកស្រីអំពាវនាវឱ្យរដ្ឋាភិបាលលើកទឹកចិត្តនិងលើកកម្ពស់សកម្មជនបរិស្ថានជួយសង្គមជាជាងការចាប់ខ្លួននិងចោទប្រកាន់ពួកគេ។

អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលនិងអាជ្ញាធរជួយធានាសុវត្ថិភាពរបស់ពួកគេនិងលើកទឹកចិត្តពួកគេឲ្យការពារធនធានធម្មជាតិនិងបរិស្ថាន ប្រទេសនឹងកាន់តែល្អប្រសើរឡើងៗនាពេលអនាគត»។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធមនុស្ស មានប្រសាសន៍ថា ការចោទប្រកាន់ទាំងនេះ គឺធ្ងន់ធ្ងរជាងការចោទប្រកាន់ដែលបានធ្វើឡើងកន្លងមកលើសកម្មជនបរិស្ថានដទៃទៀត ដែលមួយចំនួនត្រូវបានចោទ ប្រកាន់ពីបទញុះញង់កាលពីឆ្នាំកន្លងទៅ។

លោកបានមានប្រសាសន៍ថា៖ «បទចោទប្រកាន់ទាំងនេះមានលក្ខណៈធ្ងន់ធ្ងរ​ដូច្នេះវាជាការគំរាមកំហែងនិងបំភ័យដលសកម្មជនវ័យក្មេងនិងពលរដ្ឋផ្សេង​ទៀត ដែលចង់ចូលរួមការពារបរិស្ថាន»។

លោក សំអាត បាននិយាយថា លោកមិនដឹងថាតើ មានភស្តុតាងអ្វីខ្លះដែលត្រូវបានសំអាង ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការចាប់ខ្លួនសកម្មជនទាំងនោះទេ។

លោកបានមានប្រសាសន៍ថា៖ «ទោះជាយ៉ាងណា យើងបានឃើញថា សកម្មភាពរបស់យុវជនទំាងនោះ គឺគ្រាន់តែជាសកម្មភាព ដើម្បីការពារបរិស្ថានប៉ុណ្ណោះ»។

កាលពីថ្ងៃចន្ទ សមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គមបានចេញសេចក្តីថ្លែង ការណ៍មួយ ដោយស្នើឱ្យអាជ្ញាធរទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយទៅលើសកម្មជនបរិស្ថាន។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «យើងស្នើសុំឱ្យអាជ្ញាធរបញ្ឈប់ការគំ រាមកំហែងនិងការបង្ក្រាបទៅលើប្រជាពលរដ្ឋ ដែលការពារសិទ្ធិមនុស្សនិងសកម្មជនបរិស្ថានវ័យក្មេង»។

កាលពីខែកញ្ញា សកម្មជនបរិស្ថាន៣រូបមកពីក្រុមមាតាធម្មជាតិឈ្មោះ ថុន រដ្ឋា ឡុង គន្ធា និង ភួន កែវរស្មី ក៏ត្រូវបានចាប់ខ្លួននៅពេលពួកគេរៀបចំផែនការថតវីដេអូអំពីយុទ្ធនាការដើរថ្មើជើងតវ៉ាតែម្នាក់ឯង ទៅកាន់គេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំបញ្ឈប់ការលុបបឹងតាមោក នៅក្នុក្រុងភ្នំពេញ។

កាលពីខែមុន រដ្ឋា ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ខែពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ចំណែក ឡុង គន្ធា ភួន កែវរស្មី និង ជា គន្ធិន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែតាមបទចោទដូចគ្នា។ Alejandro Gonzalez-Davidson សហស្ថាបនិកនៃអង្គការមាតាធម្មជាតិ គឺត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environmental activists charged with plotting and insulting the king

208 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម