សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានត្រូវបានឃាត់ខ្លួនសាកសួរនិងរងការវាយដំ

អ្នកសារព័ត៌មាននិងសកម្មជនបរិស្ថានឈរនៅពីមុខអធិការដ្ឋាននគរបាលស្រុកបាទី បន្ទាប់ពីការសួរចម្លើយរបស់នគរបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២២២។ ខេមបូចា/ប៊ុន រិទ្ធី
អ្នកសារព័ត៌មាននិងសកម្មជនបរិស្ថានឈរនៅពីមុខអធិការដ្ឋាននគរបាលស្រុកបាទី បន្ទាប់ពីការសួរចម្លើយរបស់នគរបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២២២។ ខេមបូចា/ប៊ុន រិទ្ធី

អ្នកសារព័ត៌មាន៥នាក់របស់វីអូឌីដែលជាបណ្តាញសារព័ត៌មានឯករាជ្យក្នុងស្រុក និងសកម្មជនបរិស្ថានខ្មែរថាវរៈចំនួន៤នាក់ ត្រូវបានឃុំខ្លួនប្រហែល ៧ម៉ោង កាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេទៅធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហាឈូសឆាយដីព្រៃ និងដាំឡើងវិញដ៏ចម្រូងចម្រាសនៅដែនជម្រកសត្វព្រៃភ្នំតាម៉ៅ។​

អ្នកទាំងប្រាំបួននាក់ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១១ព្រឹកនៅសួនសត្វភ្នំតាម៉ៅដោយអាជ្ញាធរបានអះអាងថាពួកគេបានចូលទៅក្នុងតំបន់ហាមឃាត់។ បន្ទាប់មកពួកគេត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី។

ស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់ណារ៉ា បានបញ្ជាក់ថាអ្នកយកព័ត៌មាននិងសកម្មជនត្រូវបានឃាត់ខ្លួនដើម្បីសាកសួរមែន ប៉ុន្តែលោកថាពួកគេត្រូវបានដោះលែងអស់ហើយ។​ ទោះយ៉ាងក៏ដោយស្នងការរូបនេះបដិសេធធ្វើអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះ។

ប៉ុន្តែ​សកម្មជន​បរិស្ថាន​ម្នាក់និង​អ្នកថតវីដេអូម្នាក់​បាន​និយាយ​ថាពួកគេរងនូវការប្រើប្រាស់ហិង្សានៅពេលឃាត់ខ្លួន​ ហើយបានរងការទះកំផ្លៀងដោយបុរសមួយក្រុម​ដែល​អះអាង​ថា​ពួកគេ​មក​ពី​អង្គភាព​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

លោក ហ៊ុន វណ្ណៈ សកម្មជនបរិស្ថានក្រុមយុវជនខ្មែរថាវរៈមានប្រសាសន៍ថាលោកត្រូវបានសមាជិកនៃអង្គភាពកងអង្គរក្សវាយដំ និងចាប់ខ្លួនជាមួយអ្នកយកព័ត៌មានវីអូឌី ដែលកំពុងបង្ហោះដ្រូន ដើម្បីថតរូបទីតាំងដែលត្រូវបានឈូសឆាយហើយត្រូវដាំដើមឈើឡើងវិញ។​

លោក វណ្ណៈ បាន​ប្រាប់ខេមបូចា ក្រោយ​ពីលោកត្រូវបានគេ​ដោះលែង​ថា​៖ «​ខ្ញុំ​បដិសេធ​​អត់​ចូល​ឡាន ហើយ​គាត់​ដាល់​មុខ​ខ្ញុំ​បី​ដៃ​ហើយ​លោត​ធាក់​ក្បាល​ខ្ញុំទៀត​»

លោកបានបន្តថាក្រុមរបស់លោកបានទៅដាក់សំណើនៅមន្ទីរកសិកម្មខេត្តដើម្បីបញ្ជាក់ថាទីតាំងដីកន្លែងណាខ្លះដែលបានឈូសឆាយ និងបោះព្រំដី ហើយពួកលោកក៏បានទៅមើលកូនឈើដែលបានដាំកាលពីសប្តាហ៍មុនផងដែរ។​

បើតាមសកម្មជនរូបនេះក្រុមអ្នកសារព័ត៌មានវីអូឌីក៏បានបង្ហោះដ្រូននៅទីនោះដែរ ហើយបន្ទាប់មកពួកគេទាំងអស់គ្នាត្រូវបានចាប់ខ្លួនដោយបុរសមួយក្រុមស្លៀកពាក់ស៊ីវិលដែលអះអាងថាមកពីអង្គភាពកងអង្គរក្ស។​

លោក វណ្ណៈ បានថ្លែងថា៖ «វាជាការបំភិតបំភ័យ ហើយពួកគេបានប្រើហិង្សា»។​

កាល​ពី​ខែ​មករា លោក​នាយក​រដ្ឋមន្ត្រី​បាន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន ៤ ធ្វើ​ការ​អភិវឌ្ឍ​លើ​ផ្ទៃដី ១៥០០ ហិកតា​នៅ​តំបន់​ភ្នំតាម៉ៅ។ ក្រោយមក ផ្ទៃដីព្រៃប្រមាណ ៦០០ ហិកតា ត្រូវបានឈូសឆាយ។

យ៉ាង​ណា​ក៏​ដោយបន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​សាធារណជន លោក ហ៊ុន សែន បាន​បោះបង់ការ​សម្រេច​ចិត្ត​របស់​លោកដោយ​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅ​តំបន់នោះកាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ​និងបញ្ជា​ឲ្យ​ដាំ​ដើម​ឈើ​វិញផងដែរ។

លោក ម៉ម មុនីរតន៍ អ្នកយកព័ត៌មានវីអូឌី ដែលត្រូវបានឃាត់ខ្លួន និងដោះលែងវិញដែរហើយនោះ បាននិយាយថាសហការីរបស់លោកដែលជាអ្នកថតវីដេអូ ក៏ត្រូវបានគេទះកំផ្លៀងដែរ។​

លោក​បាន​ថ្លែង​ថា​៖ «​អ្នក​ថត​វីដេអូ​របស់​ខ្ញុំ​ត្រូវ​គេ​ទះ​កំផ្លៀង ហើយ​សមាជិក​ក្រុម​យុវជន​មួយ​ចំនួន​ក៏​ត្រូវ​កង​អង្គរក្ស​វាយ​ដែរ»

លោក មុនីរតន៍ មាន​ប្រសាសន៍​ថា ៖ «ពួកគេ​មិន​ទាំង​សួរ​ថា​យើង​កំពុង​ធ្វើ​អី​ទេ ពួកគេមកដល់ប្រើហិង្សាហ្មង។វា​ជា​ការ​រំលោភ​សិទ្ធិ​អ្នក​សារព័ត៌មាន ព្រោះ​ពួកយើង​គ្រាន់តែ​បំពេញ​ការងារ​របស់​ពួកយើង​ប៉ុណ្ណោះ។ យើង​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ទេ ប៉ុន្តែ​ពួកគេ​មក​បំភិត​បំភ័យ​យើង»

លោកបានបន្ថែមថា៖«ខ្ញុំ​គិត​ថា​វា​អយុត្តិធម៌​ព្រោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​មិន​បាន​បំពាន​ច្បាប់​ទេ ហើយ​អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ចេញចូលបាន។ មិន​មាន​ការ​បញ្ជាក់​ថា អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទៅ​កាន់​ទីតាំង​នោះ​ទេ»

លោក មុនីរតន៍ បាននិយាយថាលោកនិងសហការីបានទៅទីនោះដើម្បីរាយការណ៍ពីការវិវត្តន៍ចុងក្រោយ ទាក់ទងនឹងការដាំដើមឈើឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានដកការសម្រេចរបស់ខ្លួនវិញ។

លោក មុនីរតន៍ បានលើកឡើង​ថា៖ «ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឱ្យ​ខូច​មុខមាត់​រដ្ឋាភិបាល ព្រោះ​ពួកគេ​គួរ​តែ​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​អាជីព​ធ្វើការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច»។

លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) មានប្រសាសន៍ថា មន្ត្រីដែលធ្វើការឃាត់ខ្លួនអ្នកកាសែតបានបំពានច្បាប់សារព័ត៌មាន ក៏ដូចជាសិទ្ធិមនុស្សរបស់អ្នកសារព័ត៌មានទាំងនោះផងដែរ។

លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មិន​យល់​ពី​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​សារព័ត៌មាន ហើយ​តែង​ចាត់​ទុក​អ្នក​កាសែត​ជា​សត្រូវ។

លោក​បាន​ថ្លែង​ថា​៖ «​ការ​ឃាត់​ខ្លួន​នេះ​​ជា​ការ​ប៉ះ​ពាល់​មួយ​ទៀត​ដល់​សេរីភាព​សារព័ត៌មាន​ដែល​ត្រូវ​បាន​រឹតត្បិត​រួច​ទៅ​ហើយ»

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូមានប្រសាសន៍ថាការឃាត់ខ្លួនអ្នកកាសែត វីអូឌីទាំង៥នាក់ពីសំណាក់អាជ្ញាធរបានរំលោភសិទ្ធិអ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់សាធារណជន។

លោកបានបន្ថែមថាដើម្បីឱ្យមានតម្លាភាព រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យអ្នកសារព័ត៌មាន បញ្ជាក់ថាតើការដាំកូនឈើឡើងវិញកើតឡើងឬអត់  ដោយលោកកត់សម្គាល់ថាបញ្ហាភ្នំតាម៉ៅបានទាក់ទាញការរិះគន់យ៉ាងច្រើនពីសាធារណជន។

លោក​បានមានប្រសាសន៍​ថា​៖ «​ការ​ឃុំខ្លួន​អ្នក​សារព័ត៌មាន​ក៏​ដូចជា​សកម្មជន​បរិស្ថាន​ វាជា​ការ​រំលោភ​​សេរីភាព​សារព័ត៌មាន​ក៏ដូចជា​សេរីភាព​របស់​សកម្មជន​បរិស្ថាន»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Journalists and environmental activists detained, beaten

562 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម