ទោះបីជាកន្លងទៅអស់១០ឆ្នាំក្តី ក៏ទាំងអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារ នៅតែបន្តអំពាវនាវឱ្យស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់សពសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករសម្លាប់ពេលស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។
កាលពីថ្ងៃអង្គារ នៅក្នុងពិធីប្រារព្ធខួប១០ឆ្នាំនៃការស្លាប់របស់លោក វុទ្ធី សកម្មជនបរិស្ថានវ័យក្មេងមួយក្រុមបានដាក់លិខិតចំហមួយទៅកាន់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយជំរុញឱ្យពួកគេបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើការបាញ់សម្លាប់លោកវុទ្ធី ឱ្យបានឆាប់រហ័ស។
លិខិតនោះក៏បានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋាន ដោយលើកឡើងថាសហគមន៍មូលដ្ឋានអនុវត្តន៍ការងាររបស់ពួកគេដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។
កាលពីឆ្នាំ២០១២ មន្រ្តីកងរាជអាវុធហត្ថម្នាក់បានបាញ់ និងសម្លាប់លោក វុទ្ធី នៅភ្នំក្រវាញ ក្នុងខេត្តកោះកុង។ នៅពេលនោះ លោក វុទ្ធី បានធ្វើការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់នៅតំបន់នោះ ដោយបានធ្វើដំណើរជាមួយអតីតអ្នកសារព័ត៌មានពីររូបរបស់កាសែតខេមបូឌាដេលី ហើយលោកត្រូវបានបាញ់សម្លាប់។ ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីសន្តិសុខក្រុមហ៊ុនកាប់ឈើ Timber Green អមដោយមន្ត្រីកងរាជអាវុធហត្ថ និងទាហាន បានរឹបអូសកាមេរ៉ាពីលោក វុទ្ធី និងអ្នកយកព័ត៌មាន។
សកម្មជនដែលបានប្រមូលផ្តុំកាលពីថ្ងៃអង្គារបានលើកឡើងថាការស្លាប់របស់អ្នកការពារបរិស្ថានរូបនេះពោរពេញទៅដោយសំណួរដែលមិនមានចម្លើយ។
លោក ហេង គឹមហុង ប្រធានកម្មវិធីបណ្តាញយុវជនកម្ពុជាបានថ្លែងថា៖ «យើងគិតថាយុត្តិធម៌ពិតប្រាកដមិនទាន់ត្រូវបានផ្តល់ឱ្យនៅឡើយទេ ជាពិសេសអ្នកដែលនៅពីក្រោយការបញ្ជាឱ្យបាញ់សម្លាប់នៅមិនទាន់លាតត្រដាង»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលការទាមទាររបស់សកម្មជនឱ្យមានការស៊ើបអង្កេតជាថ្មី ដោយលោកឆ្លើយតបថាការទាមទាររបស់ក្រុមបរិស្ថានគឺធ្វើឡើងក្រោមហេតុផលនយោបាយ។ លោក ម៉ាលីន ក៏បាននិយាយដែលថា យុត្តិធម៌ត្រូវបានផ្តល់ឱ្យក្រុមគ្រួសាររបស់លោក វុទ្ធី រួចហើយ។
លោកបាននិយាយអំពីសកម្មជនថា៖ «ប្រសិនបើពួកគេគ្រាន់តែដាក់លិខិត ហើយមិនដាក់ប្តឹងសើរើរឿងក្តីវិញតាមនីតិវិធីនោះ វាទៅមិនរួចទេ។ ប្រសិនបើពួកគេមិនអនុវត្តន៍តាមនីតិវិធីច្បាប់ ហើយគ្រាន់តែដើរទៅដាក់ញត្តិនោះមិនមែនជាមធ្យោបាយផ្លូវច្បាប់ទេ ប៉ុន្តែវាបានផលប្រយោជន៍នយោបាយ»។ លោកបានបន្តថា ពួកគេត្រូវដាក់សំណើរសុំជំនុំជម្រះឡើងវិញដោយមានភស្តុតាងរឹងមាំ ដែលផ្ទុយនឹងរបាយការណ៍ផ្លូវការនៃការសម្លាប់លោក វុទ្ធី។
ប្រាំមួយខែបន្ទាប់ពីលោក វុទ្ធី ត្រូវបានគេសម្លាប់ក្នុងឆ្នាំ២០១២ លោក រ៉ាន់ បូរ័ត្ន ដែលជាសន្តិសុខឯកជននៃក្រុមហ៊ុនកាប់ឈើមួយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំចំពោះតួនាទីរបស់គាត់ក្នុងការស្លាប់សកម្មជនបរិស្ថាន។ ទោះជាយ៉ាងណា ចៅក្រមខេត្តកោះកុងបានព្យួរទោសលោក បូរ័ត្ន ភ្លាមៗ ដោយមិនបានពន្យល់ពីមូលហេតុនៃការដោះលែងនេះទេ។
រដ្ឋាភិបាលបានអះអាងបន្ថែមទៀតថា លោកវុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ដោយចៃដន្យ ខណៈដែលឈ្មោះប្រកែកជាមួយសន្តិសុខឈ្មោះ បូរ័ត្ន ហើយមន្រ្តីរូបនោះបានបាញ់សម្លាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
លោក ឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសលោក វុទ្ធី បានសរសេរមកអ្នកសារព័ត៌មានតាមបណ្តាញសង្គមរបស់លោកពីសហរដ្ឋអាមេរិកថា ក្រុមគ្រួសាររបស់ខ្លួននៅតែមិនទទួលបានយុត្តិធម៌។
លោក បានលើកឡើងថា៖ «វាមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដ សម្រាប់គ្រួសាររបស់ខ្ញុំនៅឡើយទេ ហើយខ្ញុំមិនសង្ឃឹមទេថារដ្ឋាភិបាលបច្ចុប្បន្ននិងអាចស្វែងរកយុត្តិធម៌បានទេ»។
លោក បានរិះគន់ថា តុលាការកាត់ក្តីក្នុងសំណុំរឿងឪពុកលោកមិនឯករាជ្យទេ ដោយលោកថាមានមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនឹងការជួញដូរឈើខុសច្បាប់ ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាយុត្តិធម៌សម្រាប់ខ្ញុំនៅឆ្ងាយណាស់ លុះត្រាតែយើងផ្លាស់ប្តូរការដឹកនាំរបស់រដ្ឋាភិបាលនិងប្រព័ន្ធតុលាការ»។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការសម្លាប់លោក វុទ្ធី នៅតែ «អាថ៌កំបាំង»។
លោកបានមានប្រសាសន៍ថា៖ «យើងបន្តទាមទារ [រដ្ឋាភិបាល] ឱ្យមានការស៊ើបអង្កេតបន្ថែមលើករណីឃាតកម្មលើលោក ឈុត វុទ្ធី ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដ និងលុបបំបាត់និទណ្ឌភាព ក៏ដូចជាទប់ស្កាត់ករណីឃាតកម្មលើសកម្មជនបរិស្ថានផ្សេងទៀត»។ ដោយលោកបន្ថែមថា៖ «ការបាញ់សម្លាប់លោក ឈុត វុទ្ធី នៅតែជាអាថ៌កំបាំង ហើយមានអ្នកពាក់ព័ន្ធផ្សេងទៀត ពួកគេមិនត្រូវបានស៊ើបអង្កេត ឬដាក់ពិន័យនោះទេ»។
អង្គការលើកលែងទោសអន្តរជាតិ បានឱ្យដឹងថា ការកាប់បំផ្លាញព្រៃឈើយ៉ាងទូលំទូលាយបានបន្តកើនឡើងនៅកម្ពុជា រួមទាំងតំបន់ការពារនៃព្រៃឡង់ផងដែរ។ ទិន្នន័យដែលចេញផ្សាយដោយសាកលវិទ្យាល័យ Maryland ដោយសហការជាមួយអង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) បានបង្ហាញថាព្រៃឈើជាង ៩,០០០ ហិកតាត្រូវបានបាត់បង់តែក្នុងអំឡុងឆ្នាំ២០២០ប៉ុណ្ណោះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environmental activists call for genuine justice for the slain Chut Wutty