យុវជនជាង២០នាក់បាននាំគ្នាដើរដង្ហែដើម្បីយកលិខិតទៅដាក់នៅព្រះរាជខុទ្ទកាល័យ ក្នុងគោលបំណងសុំព្រះរាជានុញ្ញាតចូលគាល់ព្រះមហាក្សត្រ និងទូលថ្វាយអំពីបញ្ហាផ្សេងៗទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ខណៈកន្លងមកពួកគេបានដាក់ញត្តិស្នើទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធប៉ុន្តែមិនមានដំណោះស្រាយ។
ក្នុងលិខិតថ្វាយព្រះមហាក្សត្រ បានរៀបរាប់ថា៖ «ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះអង្គនូវបញ្ហាផ្សេងៗអំពីសិទ្ធិមនុស្ស ធនធានធម្មជាតិ និងបរិស្ថាន ដែលកំពុងតែវិវត្តធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យទ្រង់អាចយកព័ត៌មានសំខាន់ៗទាំងនេះ ទៅព្រះរាជតម្រិះ ដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋមូលដ្ឋាន និងបន្តគង់នៅជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រតរៀងទៅ»។
គួរបញ្ជាក់ថា ការដាក់ស្នើលិខិតបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល សកម្មជនបរិស្ថាន និងសហគមន៍ការពារព្រៃឈើប្រមាណ២២នាក់។ ក្នុងនោះអ្នកចូលរួមបានជួបជុំគ្នានៅសួនមុខវត្តបទុមវតី និងធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅមុខវាំងពីទិសខាងកើតដើម្បីដាក់ថ្វាយលិខិត។
លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ បានឱ្យដឹងថា ក្រោយចូលយកលិខិតទៅស្នើថ្វាយ គឺមន្រ្តីរដ្ឋបាលព្រះបរមរាជវាំងបានទទួលយកលិខិតនោះ ដោយថានឹងបញ្ជូនទៅតាមដំណាក់កាលនៃរដ្ឋបាល។
ជាមួយគ្នា លោក សារ៉ាយ បានសង្ឃឹមថានឹងមានការឆ្លើយតបពីអង្គព្រះមហាក្សត្រដោយនឹងអាចឱ្យលោកចូលគាល់ព្រះអង្គបាន។ ចំពោះគោលបំណងវិញ លោកថាគឺដើម្បីចូលថ្វាយព្រះពរដល់ព្រះអង្គក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ទូលថ្វាយអំពីបញ្ហាព្រៃឈើដែលកំពុងបាត់បង់ និងរងការបំផ្លាញ ក៏ដូចជាការសុំឱ្យទ្រង់ជួយអន្តរាគមន៍ ព្រមទាំងពិនិត្យលើករណីសកម្មជនដែលចូលរួមក្នុងការដោះស្រាយបញ្ហាជាតិ បញ្ហាអយុត្តិធម៌ និងការចាប់សកម្មជនឃុំឃាំងជាដើម។
លោកបន្តថា មានតែព្រះមហាក្សត្រតែប៉ុណ្ណោះដែលមានសិទ្ធិអំណាចក្នុងការធានាលើរាល់បញ្ហាដែលកើតមានក្នុងប្រទេស ទោះបីក្នុងរដ្ឋធម្មនុញ្ញបានចែងថាទ្រង់មិនកាន់អំណាចក៏ដោយ។
លោកបន្ថែមថា៖ «នៅក្នុងរដ្ឋធម្មនុញ្ញ ត្បិតចែងថាព្រះមហាក្សត្រមិនកាន់អំណាចក៏ពិតមែន ប៉ុន្តែព្រះអង្គជាអ្នកធានានូវគ្រប់យ៉ាង បូរណភាពទឹកដី ការឯកភាពជាតិ ការផ្សះផ្សាជាតិ ផ្សះផ្សានយោបាយ គឺព្រះអង្គជាអ្នកធានា»។
ស្រដៀងគ្នា សកម្មជនបរិស្ថានមាតាធម្មជាតិ កញ្ញា មាន លីសា បានឱ្យដឹងបន្ថែមថា នេះជាលើកទីមួយដែលកញ្ញា បានដាក់លិខិតថ្វាយព្រះមហាក្សត្រដោយសារតែមើលឃើញថា នេះជាជម្រើសចុងក្រោយសម្រាប់ពួកគេ។ កញ្ញាបន្ថែមថា កន្លងមកគឺក្រសួង និងស្ថាប័នពាក់ព័ន្ធហាក់ពុំមានចុះអន្តរាគមន៍ និងផ្ដល់ដំណោះស្រាយសមស្របតាមញត្តិដែលពួកគាត់បានដាក់ស្នើឡើយ។
កញ្ញា លីសា ឱ្យដឹងថា៖ «លិខិតដាក់មកព្រះមហាក្សត្រនេះគឺក្រុមពួកយើងក៏ទើបតែធ្វើឡើងជាលើកទីមួយ ដែលយើងមើលឃើញជាជម្រើសចុងក្រោយមែនទែន ដែលថាក្រសួងដែលធ្វើការទៅលើការងារផ្ទាល់ មិនថាក្រសួងបរិស្ថានអីគឺអត់មានដំណោះស្រាយឱ្យពួកយើង។ ដូច្នេះយើងមើលឃើញពីម្លប់របស់ព្រះមហាក្សត្រដែលជាម្លប់ដល់ប្រជាពលរដ្ឋ ក្នុងការជួយអន្តរាគមន៍ឱ្យមានការគោរពសិទ្ធិមនុស្សជាងនេះ»។
លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង មិនអាចសុំការអត្ថាធិប្បាយបានដោយលោកថាកំពុងជាប់រវល់។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រ្តា ពុំបានឆ្លើយតបសំណួរដែលទាក់ទងនឹងការលើកឡើងរបស់ក្រុមយុវជននោះទេ។ ប៉ុន្តែលោកអះអាងថា ក្រសួងនៅតែបន្តយកចិត្តទុកដាក់ក្នុងការអភិរក្សធនធានធម្មជាតិដោយបានទប់ស្កាត់បទល្មើសផ្សេងៗ និងបានទាញផលចំណេញពីធនធានធម្មជាតិដូចជា ការទាញយកកាបូនជាដើម។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះគឺជាមួយនឹងការការពារ និងអភិរក្សបានល្អប្រសើរ យើងឃើញថា កម្ពុជារបស់យើងបានផ្លាស់ប្តូរនូវបរិបទថ្មី គឺពីប្រទេសដែលកាប់ឈើយកលុយពីមុន តែឥឡូវនេះយើងបានថែរក្សាតំបន់ការពារ តំបន់អភិរក្សរបស់យើងបានល្អ គឺយើងបានទទួលនូវប្រាក់ចំណូលពីការអភិរក្សរបស់យើង»។
ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមយុវជន លោក ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា ការណ៌ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធមិនមានជាដំណោះស្រាយជូនពួកគាត់ចំពោះការដាក់ញត្តិស្នើកន្លងមក អាចថាមកពីការស្នើនោះមិនត្រឹមត្រូវ ឬសមស្របទៅតាមផ្លូវច្បាប់និងសង្គមជាក់ស្ដែង។
លោកមានប្រសាសន៍ថា៖ «ការស្នើរបស់ក្មួយៗនោះវាមិនច្បាស់! មិនប្រាកដថាជាការស្នើត្រឹមត្រូវនោះទេ។ ហើយបើស្នើត្រឹមត្រូវខ្ញុំយល់ថាក្រសួងស្ថាប័នពាក់ព័ន្ធ គេនឹងដោះស្រាយជូនហើយ។ ប៉ុន្តែបើសំណើហ្នឹងមិនត្រឹមត្រូវទេ ខ្ញុំយល់ថាទៅដល់ណាក៏មិនអាចដោះស្រាយបាន»។
លោក សុខ ឥសាន បន្ថែមថា ការលើកឡើងរបស់យុវជនទាំងនោះ គឺជាសិទ្ធិរបស់ពួកគេក្នុងការដាក់លិខិតនោះ ហើយក៏ជាការប្រសើរប្រសិនបើព្រះមហាក្សត្រសព្វព្រះទ័យនឹងការចូលគាល់ដើម្បីទូលថ្វាយព្រះអង្គអំពីបញ្ហាផ្សេងៗ។ យ៉ាងណាលោកថា ព្រះអង្គក៏មិនអាចទទួលដោះស្រាយនូវរាល់បញ្ហាដល់ប្រជារាស្ត្រនោះឡើយ ដោយទ្រង់ក៏នឹងចាត់ឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការអន្តរាគមន៍។
លោកមានប្រសាសន៍ថា៖ «នេះជាការយល់ឃើញរបស់ក្មួយៗយុវជននោះទេ តែតាមពិតព្រះករុណាលោកមិនមានតួនាទីភារកិច្ចដើម្បីដោះស្រាយរាល់បញ្ហាដែលក្មួយៗចង់បានទេ។ប្រសិនណាលិខិតហ្នឹងទៅដល់ព្រះបរមរាជវាំង គង់តែបញ្ចូនមកក្រសួងជំនាញរបស់រាជរដ្ឋាភិបាលដដែលទេ!»។
ដោយឡែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា យល់ឃើញថា ការទូលថ្វាយអំពីកិច្ចការពាររបស់ក្រុមយុវជនដល់អង្គព្រះមហាក្សត្រ គឺអាចនឹងផ្ដល់ជាភាពវិជ្ជមានលើការស្នើសុំកិច្ចអន្តរាគមន៍របស់ក្រុមយុវជនសកម្ម។
លោក សែនករុណា បន្ថែមថាដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិនិងព្រៃឈើ អាជ្ញាធរពាក់ព័ន្ធគួរជជែកពិភាក្សាជាមួយក្រុមយុវជនសកម្មទាំងនោះ។ ជាពិសេសលោកថា អាជ្ញាធរត្រូវផ្ដល់ឱកាសឱ្យយុវជនបានបំពេញនូវរាល់សកម្មភាពដែលនាំជាប្រយោជន៍ដល់ប្រទេសជាតិ។
លោកបន្ថែមថា៖ «ខ្ញុំថាអ្វីដែលជាការល្អគឺគួរតែខាងស្ថាប័នពាក់ព័ន្ធទាំងអស់ជាមួយនឹងខាងយុវជនហ្នឹងគួរតែមានការពិគ្រោះជជែកពិភាក្សាគ្នា ហើយផ្ដល់ឱកាសឱ្យក្រុមយុវជនដែលសកម្មទាំងអស់នោះគាត់មានឱកាសក្នុងការបំពេញរាល់សកម្មភាពដើម្បីឱ្យគាត់ជួយការពារទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញនូវធនធានធម្មជាតិ ក៏ដូចជាព្រៃឈើជាដើម»។
ទិន្នន័យពីផ្កាយរណបកាលពីឆ្នាំ២០២១បានបង្ហាញថា ដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានរងការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរបំផុតក្នុងចំណោមតំបន់ការពារផ្សេងទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត១ម៉ឺនហិកតា(៩,១១៩) ក្នុងឆ្នាំ២០២០ ដែលតួលេខនេះកើនឡើង២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) បានបង្ហាញកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ថា ព្រៃឈើចំនួន ៦,២៧១ហិកតាត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ។ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយព្រៃឈើទាំងនោះត្រូវបានរងការទន្ទ្រានខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិចផងដែរ៕