សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ កំពុងនិរទេសខ្លួន ព្យាយាមវិលត្រឡប់សាជាថ្មី ដើម្បីចូលរួមសវនាការ

អតីតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សសង្រ្គោះជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ខណៈមន្រ្តី និងអ្នកគាំទ្រគណបក្សនេះជាង ១៣០នាក់ត្រូវប្រឈមនឹងសវនាការពីបទ«ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម» និងបទ «រួមគំនិតក្បត់»។ បញ្ញា ឆព័ណ្ណ
អតីតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សសង្រ្គោះជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ខណៈមន្រ្តី និងអ្នកគាំទ្រគណបក្សនេះជាង ១៣០នាក់ត្រូវប្រឈមនឹងសវនាការពីបទ«ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម» និងបទ «រួមគំនិតក្បត់»។ បញ្ញា ឆព័ណ្ណ

អតីត​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​និយាយ​ថា ពួកគេ​នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី០៤ ខែ​មករា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​នៅ​ក្នុង​សវនាការ​ជុំវិញ​ការចោទប្រកាន់បទឧក្រិដ្ឋ​ប្រឆំាងពួកគេ​។ នេះ​ជា​ការ​ព្យាយាម​ចូល​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទីពីរ​ពី​សំណាក់​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ​ បន្ទាប់​ពី​​បរាជ័យ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩។

អតីតក្រុម​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ ទី​០១ ធ្នូ​កន្លង​ទៅ​នេះ ដោយ​ប្រកាស​ពី​​​បំណង​ធ្វើ​មាតុភូមិនិវត្តន៍​​នៅ​ថ្ងៃ​ទី០៤ ខែ​មករា ឆ្នាំ​២០២១។ សេចក្តីថ្លែងការណ៍​​ខ្លី​មួយ​នេះ​លើកឡើង​​ថា សមាជិក​គណបក្ស​ទាំងអស់​ ដែល​ត្រូវ​បាន​សាលាដំបូងរាជធានី​ភ្នំពេញ​កោះហៅ​ នឹង​វិលត្រឡប់​មក​មាតុភូមិ​វិញ ក្រោម​ការ​ដឹកនាំ​របស់​អតីត​អនុប្រធានគណ​បក្ស​​សង្រ្គោះជាតិ​ លោកស្រី មូរ សុខហួរ។

កាល​ពី​ថ្ងៃ​អង្គារ​ លោកស្រី​សុខហួរ​ បាន​បញ្ជាក់​ពី​ផែនការ​មាតុភូមិ​និវត្តន៍​ និង​បាន​និយាយ​ថា សមាជិក​បក្ស​ដែល​កំពុង​និរទេស​ខ្លួន​ ចង់​ឡើង​សវនាការ និង​ការពារ​ខ្លួន​​ផ្ទាល់​នៅ​តុលាការ។

អ្នក​ស្រី​បាន​ថ្លែង​តាមរយៈ​សារអេឡិចត្រូនិច​ថា៖ «ចាស ខ្ញុំ​អាច​បញ្ជាក់​ថា នេះ​ជា​សេចក្តីថ្លែងការណ៍​​ពិតប្រាកដ​មួយ។ អ្នក​ដែល​មាន​ឯកសារ​ធ្វើ​ដំណើរ និង​មាន​ដីកា​កោះហៅ​ នឹង​វិលត្រឡប់​ទៅវិញ។ យើង​នឹង​វិល​ត្រឡប់​ទៅ​វិញ និង​ដើម្បី​ទទួល​បាន​ឱកាស និង​សិទ្ធិ​សម្រាប់​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​មួយ»

សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​ជា​ច្រើន​ករណី​ប្រឆាំង​នឹង​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​វិលត្រឡប់​មក​កម្ពុជា ប៉ុន្តែ​មិន​បាន​សម្រេច កាល​ពី​ឆ្នាំ​២០១៩។ កាល​ពី​គ្រា​នោះ​ រដ្ឋាភិបាល​បាន​ព្យាយាម​រារាំង​ប្រទេស​ជិត​ខាង​មិន​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​មក​កាន់​កម្ពុជា និង​បាន​ដកហូត​លិខិត​ឆ្លង​ដែន​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ​យ៉ាង​ហោចណាស់ ១២​នាក់។

មេដឹកនាំ​ជាន់ខ្ពស់​​គណបក្ស​សង្រ្គោះជាតិ​ចំនួន​ប្រាំបួន​រូប​​បាន​ប្រឈម​នឹង​បទ​ចោទប្រកាន់ «ឧបឃាត» ដែលនឹងបើកសវនាការ​នៅ​ថ្ងៃ​ទី១៥ ខែ​​ធ្នូ និង​១៣​នាក់​ទៀត​បាន​​ប្រឈម​នឹង​បទ​ចោទប្រកាន់​«ញុះញង់​បង្ក​ភាព​វឹករ​ដល់​សន្តិសុខ​សង្គម» និង​បទ​ «រួម​គំនិត​ក្បត់»​ នៅ​​ក្នុង​សវនាការ​ដោយ​ឡែក​មួយ​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែ​មករា និង​ថ្ងៃ​ទី០៤ ខែ​មីនា ឆ្នាំ​ក្រោយ។ ​

អ្នកស្រី​មូរ សុខហួរ ​បាន​លើកឡើង​​ថា គណបក្ស​​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​​ នឹង​មិន​ចរចា​ជាមួយ​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច ​នោះ​ទេ ហើយ​សមាជិក​គណបក្ស​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​​មក​វិញ ពីព្រោះ​ពួកគេ​ត្រូវ​បាន​សាលាដំបូងរាជធានី​ភ្នំពេញ​កោះហៅ។

លោកស្រី មានប្រសាសន៍​ថា៖ «យើង​នឹង​វិលត្រឡប់​មក​វិញ ហើយ​យើង​ដឹង​ពី​លទ្ធភាព​នៃ​ការ​​ចាប់ខ្លួន និង​ឃុំខ្លួន​ជា​ដើម» ដោយ​បន្ថែម​ថា លោកស្រី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឈម​នឹង​ការ​ចាប់ខ្លួន។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ស្វាគមន៍​គម្រោង​វិល​ត្រឡប់​មក​វិញ​នៃ​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ ដោយកត់សម្គាល់​ថា កងកម្លាំង​នគរបាល​ត្រៀមលក្ខណៈ​ជា​សេ្រច​ដើម្បី​អនុវត្ត​ដីកា​ចាប់ខ្លួន​ប្រឆាំង​នឹង​ពួកគេ។

លោក​សុភ័គ​ បានមានប្រសាសន៍​ថា៖ «យើង​ចាប់ ឬ​មិន​ចាប់ វា​អាស្រ័យ​ថា​តើ​ពួកគេ​ហ៊ាន​ត្រឡប់​មក​កម្ពុជា​ឬ​ទេ»

​លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មានប្រសាសន៍​ថា សេចក្តីប្រកាស​របស់​គណបក្ស​សង្រ្គោះជាតិ​គឺ​ គ្រាន់​តែ​ជា​ព្យាយាម​ប្រមូលចំណាប់អារម្មណ៍ពី​អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ​នៅ​ខាង​ក្នុង​ និង​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ប៉ុន្តែមេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​មិន​ហ៊ាន​ចូល​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

​​លោក​បាន​មានប្រសាសន៍​ថា៖ «មេដឹកនាំ​មួយ​ចំនួន​ត្រូវ​បាន​កាត់​ទោស​ ហើយ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន [ប្រឆាំង​នឹង​ពួកគេ]។ ដូច្នេះ ប្រសិន​បើ​ពួកគេ​ចូល​ក្នុង​ប្រទេស ប៉ូលិស​នឹង​អនុវត្ត​ដីកា​តុលាការ​ ហើយ​នាំ​ពួកគេ​ទៅ​ពន្ធនាគារ»

លោក សុខ ​ឥសាន ​ក៏​បាន​ព្រមាន​អ្នក​​គាំទ្រ​ថា ពួកគេ​នឹង​អាច​ប្រឈម​នឹង​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។

មានមនុស្ស​យ៉ាងហោចណាស់​ ១៣០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ផែនការ​មាតុភូមិ​និវត្តន៍​​របស់​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១៩ ដែល​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ អតីត​មន្រ្តី​ និង​អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ​មួយ​ចំនួន​​ត្រូវ​ឡើង​សវនាការ​នៅ​ឆ្នាំ​ក្រោយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​។

អ្នកវិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា បាន​លើកឡើង​​ថា នៅ​ក្នុង​ការ​ព្យាយាម​ត្រឡប់​មក​វិញ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​កំពុងធ្វើយុទ្ធនាការ​ដើម្បី​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន។

លោក​បាន​មានប្រសាសន៍​ថា៖ «ពួកគាត់​​ចង់​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ទទួលរងសម្ពាធ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច»

លោក​បាន​បន្ត​ថា អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​បាន​ចាប់ខ្លួន​​នៅ​ពេល​មក​ដល់ ដើម្បី​ដាក់​កំហិត​កាត់បន្ថយ​ឥទ្ធិពល​របស់​ពួកគេ​ក្នុង​ការ​​វិលត្រឡប់​មក​កម្ពុជា។

លោក​ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា បង្ហាញ​ភាព​មិន​ប្រាកដប្រជា​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​វិល​ត្រឡប់​មក​វិញ​​សាជាថ្មី​របស់​​សមាជិក​គណបក្ស​ប្រឆាំង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។

លោក​បានមានប្រសាសន៍​ថា៖ «យើង​បាន​ឃើញ​ជា​ច្រើន​​លើក​ហើយ [​ថា ពួកគាត់​បាន​ខកខាន] ហើយ​នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​នយោបាយ​ដើម្បី​ដាក់​សម្ពាធ​តែ​ប៉ុណ្ណោះ»

លោក​បាន​បន្ត​ថា សេចក្តីប្រកាស​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទំនោរ​នឹង​ចុះបង្រ្កាប គំរាមកំហែង និង​ដាក់​ពន្ធនាគារ​ អ្នក​ដែល​គាំទ្រ​ក្រុម​ប្រឆាំង។

ខណៈ​ថ្លែង​ទៅ​កាន់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​សប្តាហ៍​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ច្រាន​ចោល​នូវ​ការ​លើកឡើង​ថា លោក​នឹង​ចរចា​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​រំលាយ។

​​លោក​បាន​​ថ្លែង​​ថា៖ «ខ្ញុំ​សូម​ផ្តាំ​ថា នឹង​មិនមាន​ការ​ចរចា​នយោបាយ​នោះ​​ទេ។ ហើយ​ដំណើរការ​តុលាការ​នៅ​តែ​បន្ត»

162 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម