កាលពីថ្ងៃសុក្រ ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងរារាំងអ្នកមានសញ្ជាតិច្រើនមិនឲ្យកាន់តំណែងនៅស្ថាប័នកំពូល។
សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាលពីថ្ងៃពុធបានទាមទារឲ្យរដ្ឋធម្មនុញ្ញតម្រូវឲ្យមេដឹកនាំស្ថាប័នកំពូលមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ បន្ទាប់ពីកាសែត The Guardian បានផ្សាយនូវអត្ថបទដោយអះអាងមិនត្រឹមត្រូវថា លោក ហ៊ុនសែន គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលមិនមែនជាជនជាតិអឺរ៉ុបដែលបានទទួលលិខិតឆ្លងដែនរបស់ប្រទេសស៊ីប។ ក្រោយមកកាសែតដដែលនេះបានធ្វើការកែតម្រូវ ដោយបញ្ជាក់ថា គឺសមាជិកក្នុងជួរមន្ត្រីរបស់លោក ប៉ុណ្ណោះដែលត្រូវបានគេរកឃើញថា កាន់លិខិតឆ្លងដែនប្រទេសស៊ីប នេះបើយោងតាមព័ត៌មានពីឯកសារបែកធ្លាយ “Pandora Papers” ។
សេចក្តីព្រាងវិសោធនកម្មដែលត្រូវបានអនុម័តនេះនឹងត្រូវបញ្ជូនទៅរដ្ឋសភាដែលគេរំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានអនុម័តដោយសារតែគណបក្សកាន់អំណាចកាន់កាប់អាសនៈទាំងអស់នៅក្នុងរដ្ឋសភា។
យោងតាមសេចក្តីព្រាងច្បាប់នេះ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភានិងព្រឹទ្ធសភានិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ «ដើម្បីជៀសវាងការជ្រៀតជ្រែកពីបរទេសនិងដើម្បីបង្ហាញភាពស្មោះត្រង់ចំពោះជាតិ»។
លោក ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា៖ «នៅពេលដែល [ការធ្វើវិសោធនកម្ម ] រដ្ឋធម្មនុញ្ញចូលជាធរមាន តួនាទីរបស់ ហ៊ុន សែន នឹងត្រូវបញ្ចប់ពីព្រោះពួកគេចោទថា ហ៊ុន សែន មានសញ្ជាតិពីរ»។
លោកមានប្រសាសន៍ថា៖ «ទ្វារត្រូវបានបិទជារៀងរហូតសម្រាប់អ្នកដែលមានសញ្ជាតិពីរ ហើយប៉ុនប៉ងយកតំណែងកំពូល ជាពិសេសនាយករដ្ឋមន្ត្រី»។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំរង់ចាំមើលថា តើអ្នកណាជំទាស់នឹងការធ្វើវិសោធនកម្មនេះ ហើយថា អ្នកនោះមានបំណងចង់ធ្វើជានាយករដ្ឋមន្រ្តីឬគាំទ្រអ្នកដែលនឹងក្លាយជានាយករដ្ឋមន្រ្តី ហើយដើម្បីស៊ីពែជាតំណែងរដ្ឋមន្ត្រីឬរដ្ឋលេខាធិការ»។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលកាន់លិខិតឆ្លងដែនបារាំងហើយកំពុងរស់និរទេសខ្លួននៅទីនោះបានប្រាប់ខេមបូចាតាមរយៈអ៊ីមែលថា វាជា «កិត្តិយស» ដែលត្រូវបានកាត់ទោសពីបទ «ឧក្រិដ្ឋ» នយោបាយ។
លោកមានប្រសាសន៍ថា៖ «ជាធម្មតា ច្បាប់មានបំណងការពារផលប្រយោជន៍សាធារណៈ។ ច្បាប់ដែលផ្តួចផ្តើមដោយ ហ៊ុន សែន ដែលផ្តោតគោលដៅមកលើខ្ញុំហើយរារាំងខ្ញុំមិនឲ្យធ្វើជានាយករដ្ឋមន្រ្តី គឺពិតជាឃោរឃៅណាស់» ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកនឹងបោះបង់ចោលលិខិតឆ្លងដែនបារាំងរបស់លោក ប្រសិនបើចាំបាច់ ដើម្បីកាន់តំណែងជាមេដឹកនាំ។
ក្រុមសង្គមស៊ីវិលនិងអ្នកវិភាគបាននិយាយថា សេចក្តីព្រាងច្បាប់ ជាពិសេស សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនគួរប្រញាប់ពេកទេ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់គួរតែផ្តោតលើប្រទេសជាតិទាំងមូលនិងតម្កល់សិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ថា៖ «អ្វីដែលយើងបានឃើញនៅក្នុងសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលថ្មីៗនេះ គឺទាក់ទងនឹងការឈ្លោះប្រកែកគ្នារវាងអ្នកនយោបាយហើយខ្ញុំគិតថា រឿងទាំងនេះមិនបម្រើដល់ប្រទេសជាតិនិងប្រជាពលរដ្ឋទូទៅទេ ដូច្នេះការធ្វើវិសោធនកម្មនេះ មិនគួរកើតឡើងទេ»។
លោក នី សុខា បានមានប្រសាសន៍ថា៖ «ការធ្វើវិសោធនកម្មនេះនឹងរារាំងមេដឹកនាំគណបក្សប្រឆាំងភាគច្រើនដែលកំពុងនិរទេសខ្លួន ដូច្នេះនៅពេលច្បាប់នេះចូលជាធរមាន ពួកគេនឹងមានការពិបាកក្នុងវិលត្រឡប់មកប្រកួតប្រជែងនយោបាយវិញ»។ ដោយលោកបន្តថា មេដឹកនាំកំពូលៗជាច្រើននៅក្នុងគណបក្សសង្គ្រោះជាតិកម្ពុជាមានសញ្ជាតិពីរហើយបានរស់នៅក្រៅប្រទេសតាំងពីឆ្នាំ២០១៧មកនៅពេលដែលគណបក្សនេះ ត្រូវបានរំលាយនិងដាក់ឲ្យនៅក្រៅច្បាប់ ហើយលោក កឹម សុខាជាប្រធានគណបក្សត្រូវបានចាប់ខ្លួននិងចោទប្រកាន់ដែលគេចាត់ទុកថា ជារឿងនយោបាយ។
លោក សេង សារី អ្នកវិភាគនយោបាយបានគាំទ្រការលើកឡើងរបស់លោក នីសុខា ដែលថា មិនគួរមានការធ្វើវិសោធនកម្មច្បាប់ថ្មីដ៏ឆាប់រហ័សនៅពេលដែលគណបក្សប្រឆាំងនៅតែត្រូវបានរារាំងមិនឲ្យចូលរួមរដ្ឋាភិបាល ប៉ុន្តែជាទ្រឹស្តីលោកគាំទ្រច្បាប់នេះ។
លោកមានប្រសាសន៍ថា៖ «តាមគំនិតរបស់ខ្ញុំ ការបង្កើតច្បាប់ក្នុងពេលមានវិបត្តិនយោបាយហើយផ្តើមចេញពីជម្លោះនយោបាយ ខ្ញុំគិតថា គួរតែផ្អាកសិន»។
លោក សេង សារី មានប្រសាសន៍ថា “វាចាំបាច់សម្រាប់ប្រទេសកម្ពុជាដែលមានច្បាប់ប្រភេទនេះ ប៉ុន្តែវាគួរតែកើតចេញពីការធ្វើប្រជាមតិជាសាធារណៈមួយនិងនៅពេលដែលប្រទេសកម្ពុជាមានបរិយាកាសនយោបាយល្អ រួមទាំងនៅពេលដែលសភារបស់យើងមានគណបក្សច្រើន ដើម្បីតំណាងឲ្យប្រជាពលរដ្ឋ ប៉ុន្តែយើងឃើញថា រដ្ឋសភារបស់យើង គឺជារដ្ឋសភាឯកបក្ស”។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានមានប្រសាសន៍ថា លោកមិនយល់ស្របចំពោះការធ្វើវិសោធនកម្មច្បាប់ដែលកើតចេញពីជម្លោះនយោបាយជាមួយលោក សម រង្ស៊ី ដែលបានបង្ហោះអត្ថបទរបស់កាសែត The Guardian នៅលើទំព័រហ្វេសប៊ុករបស់លោកដោយភ្ជាប់ជាមួយមតិរិះគន់។
លោក អ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ប្រសិនបើធ្វើវិសោធនកម្មដើម្បីរារាំងមនុស្សពីរបីនាក់[មិនឲ្យកាន់តំណែង] វានឹងប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ ព្រោះវាបង្ហាញពីការរើសអើងចំពោះជនជាតិខ្មែរដែលរស់នៅក្រៅប្រទេស រួមទាំងការដកហូតសិទ្ធិរបស់ពួកគេក្នុងការកាន់តំណែងកំពូលផងដែរ”។ លោក ច័ន្ទរ័ត្ន កាន់លិខិតឆ្លងដែនអាមេរិកហើយបាននិយាយថា លោកនឹងបោះបង់ចោលលិខិតឆ្លងដែននេះ បើចាំបាច់។
លោក ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា៖ «វាក៏ប៉ះពាល់ដល់ស្មារតីនៃការចូលរួមរបស់ពួកគេនៅក្នុងឆាកនយោបាយ រួមទាំងស្មារតីសាមគ្គីជាតិផងដែរ” ដោយបានបន្ថែមថា រដ្ឋធម្មនុញ្ញគឺសំដៅការពារពលរដ្ឋខ្មែរទាំងអស់រួមទាំងអ្នកដែលរស់នៅបរទេសផងដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ថា វាគឺជាការចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយសារអ្នកនយោបាយកំពូលៗមានបំណង «តម្កល់ផលប្រយោជន៍ជាតិនិងរារាំងការជ្រៀតជ្រែកពីបរទេស»។
លោកបានកត់សម្គាល់ថា ប្រទេសកាន់របបប្រជាធិបតេយ្យជាច្រើនទៀតមានច្បាប់ស្រដៀងគ្នាដែរ។
កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានធ្វើការចោទប្រកាន់ពីបទរួមគំនិតក្បត់និងញុះញង់ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ៤រូប ដែលអ្នកទាំងនោះកំពុងស្ថិតនៅក្រៅប្រទេសដោយអះអាងថា ពួកគេប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋឲ្យផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
សេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោក ហូ វ៉ាន់ «គឺជាឧក្រិដ្ឋជនដែលបានបង្កការរំខានដល់សន្តិសុខយ៉ាងធ្ងន់ធ្ងរ»។
ការចោទប្រកាន់នេះកើតឡើងតែមួយថ្ងៃ បន្ទាប់ពីលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍មួយដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយលើកឡើងថា ប្រទេសកម្ពុជាកំពុង «ងាកចេញ» ពីលទ្ធិប្រជាធិបតេយ្យហើយបានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសកម្មភាពលើបញ្ហាប្រឈមមួយចំនួន ដើម្បីពង្រីកលំហសង្គមស៊ីវិលនិងប្រជាធិបតេយ្យ។
លោក Muntarbhorn បានមានប្រសាសន៍ថា៖ «ផ្អាកច្បាប់តឹងរ៉ឹងហួសហេតុនិងធ្វើកំណែទម្រង់ច្បាប់ទាំងនោះ»។ ដោយលោកបន្តទៀតថា៖ «ទម្លាក់សំណុំរឿងតុលាការនិងបញ្ចប់ការឃុំខ្លួនអ្នកដែលមិនយល់ស្របជាមួយអាជ្ញាធរ។ ស្តារសិទ្ធិនយោបាយដល់សមាជិកគណបក្សប្រឆាំងនិងជំរុញឲ្យមានការផ្សះផ្សាជាតិ។ ចែករំលែកអំណាចនិងបញ្ចប់ភាពផ្តាច់មុខ» ។
លោកក៏បានលើកឡើងពីអ្នកការពារសិទ្ធិមនុស្សចំនួន២៥នាក់ដែលកំពុងស្ថិតនៅក្នុងពន្ធនាគាររបស់កម្ពុជា ការផ្តន្ទាទោសឥស្សរជននយោបាយជាន់ខ្ពស់គណបក្សប្រឆាំង៩រូបឲ្យជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ និងករណីធ្វើទុកបុកម្នេញអ្នកកាសែតចំនួន៥០ករណីនៅឆ្នាំនេះ។
ដោយប្រឆាំងនឹងការគាបសង្កត់ផ្នែកនយោបាយនេះ លោក Muntarbhorn បានសម្តែងការព្រួយបារម្ភអំពីបរិយាកាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ «ដែលអាចធ្វើឡើងដោយគ្មានវត្តមានគណបក្សប្រឆាំងដែលអាចបង្កគ្រោះថ្នាក់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកិច្ចការសាធារណៈយ៉ាងពិតប្រាកដ» ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Council of Ministers endorses draft constitutional amendment barring those holding dual citizenships from top leadership posts