អតីតប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ លោក កឹម សុខា បានដាក់ខ្លួននៅឆ្ងាយពីអ្នកនយោបាយដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី ដោយថា កឹម សុខា-សម រង្ស៊ី មិនមែនជាមនុស្សតែមួយនោះទេ។ លោក កឹម សុខា បានលើកឡើងថាការវិលត្រលប់មកវិញនៃគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី ជាសញ្ញានៃការបែកបាក់មួយរវាងមេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ។
ដោយសរសរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមួយថ្ងៃបន្ទាប់ពីសមាជគណបក្សភ្លើងទៀនដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ លោក កឹម សុខា បានចោទប្រកាន់លោក សម រង្ស៊ី និងសហការីរបស់លោក សម រង្ស៊ីថាពួកគេនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបថតរបស់លោកហើយភ្ជាប់ជាមួយសកម្មភាពនយោបាយ ដោយមិនមានការគាំទ្រពីលោកនោះឡើយ។
លោក កឹម សុខា សរសេរថា៖«ទង្វើរបស់ពួកគេសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់ខ្ញុំឡើយ»។ លោក សរសេរបន្ថែមថា៖«ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ»។
លោក កឹម សុខា បានលើកឡើងទៀតថាលោក សម រង្ស៊ី និងបក្សពួក បានដើរចេញពីគោលការណ៍ និងស្មារតីនៃការរួបរួមដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសគឺការគាំទ្រអតីតគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី។
គណបក្សភ្លើងទៀនដែលកាលពីមុនមានឈ្មោះថាគណបក្ស សម រង្ស៊ី ហើយបន្ទាប់មកបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតជាគណបក្សសង្រ្គោះជាតិ បានធ្វើសមាជមួយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីដំណើរការគណបក្សនេះឡើងវិញ និងបានដាក់គោលដៅក្នុងការចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ផងដែរ។
បើទោះបីជាលោក សម រង្ស៊ី មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានខេមបូចាយ៉ាងណាក្តី ប៉ុន្តែលោកបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអាទិត្យថាការប្រកាសរបស់លោក កឹម សុខា ជា«លទ្ធផល នៃការគំរាមកំហែង ពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»។
និយាយទៅកាន់សមាជិកប្រមាណ៦០នាក់ក្នុងពេលសមាជបក្ស អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ថាច់ សេដ្ឋា បានលើកឡើងថាការវិលត្រលប់របស់គណបក្សភ្លើងទៀនធ្វើឡើងក្នុងគោលបំណងពង្រឹងប្រជាធិបតេយ្យ ដោយថាស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាកំពុងត្រូវបានបំផ្លាញដោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។
លោក ថាច់ សេដ្ឋា បាននិយាយថា៖«គណបក្សភ្លើងទៀន ជាផ្ទះប្រជាធិបតេយ្យ ហើយពេលនេះបានបើកទ្វារស្វាគមន៍ អ្នកប្រជាធិបតេយ្យទាំងអស់ដែលចង់ចូលរួមជាមួយគណបក្សភ្លើងទៀន»។
សមាជ បានជ្រើសរើសលោក ទាវ វណ្ណុល ជាប្រធាន និងលោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្សភ្លើងទៀន។
លោក សេដ្ឋា បានបន្ថែមថា៖« មិនមានការបែកបាក់អីទេ ព្រោះយើងមិនអាចឱ្យគេចងដៃយើងទេ ហើយប្រសិនបើយើងនៅមិនធ្វើអី វានឹងស្របតាមបំណងរបស់គណបក្សប្រជាជនដែលជាបក្សកាន់អំណាច»។
អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថា វាមិនខុសទេ ដែលលោក កឹម សុខា បង្ហាញជំហរច្បាស់លាស់ ដើម្បីការពារខ្លួនពីផលវិបាកផ្នែកច្បាប់ ដោយខណៈនេះ លោក កំពុងរង់ចាំការបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោកនៅឡើយ។ លោក កឹម សុខា នៅតែត្រូវបានហាមឃាត់ពីសកម្មភាពនយោបាយ បើទោះបីលោកត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះនាឆ្នាំ២០១៩យ៉ាងណាក្តី។
លោក នី បាននិយាយថា៖ «សម្រាប់ទស្សនៈផ្ទាល់ខ្លួនខ្ញុំ ជួនកាលរបស់ខ្លះបើនៅតែពីអោបក្រសោបគ្នា វានឹងគ្មានផលប្រយោជន៍អីទេ»។ ដោយបន្ថែមថា៖ «ប៉ុន្តែបើវាបែកបាក់ វាល្អក្នុងកាលៈទេសៈដែលពួកគេទាំងពីរចាប់ផ្តើមឡើងវិញ ហើយធំធាត់ជាមួយគ្នា ហើយពួកគេអាចច្របាច់បញ្ចូលគ្នាម្តងទៀតនៅពេលអនាគត»។
ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវចោទប្រកាន់ក្រោមបទគប់ឃិតជាមួយបរទេសដោយត្រូវបានចោទថាធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីព្យាយាមធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោក កឹម សុខា នៅតែរក្សាជំហរថាលោកបានធ្វើសកម្មភាពដោយស្របច្បាប់ និងមានតម្លាភាព ដើម្បីយកឈ្នះការបោះឆ្នោត។
គណបក្សសង្រ្គោះជាតិត្រូវបានរំលាយតាមសាលដីការរបស់តុលាការកំពូលកាលពីចុងឆ្នាំ២០១៧ ដោយចោទប្រកាន់ថាបក្សនេះត្រូវបានប្រើជាមធ្យោបាយសម្រាប់ធ្វើបដិវត្តន៍ពណ៌។ ជាផ្នែកមួយនៃសេចក្តីសម្រេចនេះ អតីតសមាជិកគណបក្សសង្រ្គោះជាតិជាង១០០នាក់ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្រោយមករដ្ឋាភិបាលកម្ពុជា បានផ្តល់សម្បទាឱ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិបានធ្វើនយោបាយវិញជាបន្តបន្ទាប់ ដែលការណ៍នេះអនុញ្ញាតឱ្យពួកគេចូលរួមជាមួយគណបក្សនយោបាយនានា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២។ គណបក្សចំនួន៦ ត្រូវបានបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្រ្គោះជាតិដែលពួកគេទាំងនោះមានទាំងពីរក្រុម គឺក្រុមលោក សម រង្ស៊ី និងលោក កឹម សុខា។
គណបក្សទាំងនេះរួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែរអភិរក្សនិយម គណបក្សកម្ពុជានិយម គណបក្សខ្មែរស្រលាញ់ជាតិ និងគណបក្សបេះដូងជាតិ។ ឈ្មោះគណបក្សទាំងនេះអាចនឹងឃើញមាននៅលើសន្លឹកឆ្នោត នៅពេលដែលជនជាតិខ្មែរដែលជាម្ចាស់ឆ្នោតទៅធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បាននិយាយថាសេចក្តីថ្លែងការណ៍របស់លោក កឹម សុខា ជាការផ្ញើសារយ៉ាងច្បាស់លាស់មួយ។
លោក បានលើកឡើងថា៖«សារនេះបង្ហាញយ៉ាងច្បាស់ថាពិតជាមានការបែកបាក់រវាងក្រុម លោក កឹម សុខា និងលោក សម រង្ស៊ី មែន»។
អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក មាជ សុវណ្ណារ៉ា បាននិយាយថាសមាជគណបក្សភ្លើងទៀន ជាការមិនស្មោះត្រង់ ដែលវាផ្ទុយទៅនឹងកិច្ចព្រមព្រៀងដែលធ្វើឡើងក្នុងពេលដែលបង្កើតគណបក្សនេះនាទីក្រុងម៉ានីលកាលពីឆ្នាំ២០១២។
លោក បានលើកឡើងថា៖ «វាជាបញ្ហាដែលអ្នកប្រជាធិបតេយ្យ ត្រូវតែពិចារណា ហើយយល់ពីយុទ្ធសាស្រ្តនយោបាយ»។ «ហើយវាក៏ដល់ពេលហើយសម្រាប់ការរួបរួមជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក»។ លោក សុវណ្ណារ៉ា បានបន្ថែមថា៖ «ខ្ញុំជឿថាស្ថានភាពនយោបាយនឹងមានការផ្លាស់ប្តូរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha’s message shows Rainsy-Sokha split after Candlelight Party congress