កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានចោទប្រកាន់ដោយសារការអត្ថាធិប្បាយដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ ដោយចោទប្រកាន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់ខ្លួន មេធាវីរដ្ឋាភិបាលបានទាមទារសំណងជំងឺចិត្តចំនួន ៦ពាន់លានរៀល ឬប្រហែល ១,៥ លានដុល្លារ ពីលោក ទាវ វណ្ណុល។ តុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែកក្កដា។
ក្រុមមេធាវីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងកាលពីខែមីនា ឆ្នាំ២០២៤នេះ ដោយចោទប្រកាន់លោក វណ្ណុល ថា បានធ្វើឱ្យខូចមុខមាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការអត្ថាធិប្បាយបែបរិះគន់របស់លោកចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ចូលកាន់តំណែង។
លើសពីនេះទៅទៀត លោក វណ្ណុល តាមចោទបាននិយាយថា រដ្ឋាភិបាលបានដំឡើងកាមេរ៉ាសុវត្ថិភាព ដើម្បីឃ្លាំមើលសកម្មភាពរបស់របស់លោក និងមេដឹកនាំគណបក្សភ្លើងទៀនមួយចំនួនទៀត។
អំឡុងសវនាការរយៈពេលបីម៉ោង លោក វណ្ណុល បានបដិសេធការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលផ្តើមចេញពីបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ដោយវិទ្យុបារាំងអន្តរជាតិ (RFI) បន្តផ្សាយនូវអ្វីដែលលោកបាននិយាយជាមួយសារព័ត៌មាន Nikkei Asia។
ព្រះរាជអាជ្ញាបានដកស្រង់សម្តីរបស់លោក វណ្ណុល ដែលថា រដ្ឋាភិបាលបានដំឡើងកាមេរ៉ាសុវត្ថិភាព ដើម្បីឃ្លាំមើលលោក និងសកម្មភាពរបស់មេដឹកនាំគណបក្សភ្លើងទៀនផ្សេងទៀត ព្រមទាំងផ្នែកនៃសម្តី ដែលលោកនិយាយអំពីការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតថា «កាន់តែអាក្រក់ទៅៗ» ហើយថា «គ្មានលទ្ធិប្រជាធិបតេយ្យទេនៅកម្ពុជា»។
លោក ទាវ វណ្ណុល បានប្រាប់តុលាការថា៖ «ខ្ញុំមិនទទួលយកការចោទប្រកាន់នេះទេ ព្រោះការចោទប្រកាន់នេះ មិនពិតទេ»។ ដោយលោកបានបន្ថែថា៖ «ខ្ញុំមានសេរីភាពក្នុងការបញ្ចេញមតិ ដូចពលរដ្ឋខ្មែរដទៃទៀត ដែលត្រូវបានធានាដោយមាត្រា ៤១នៃរដ្ឋធម្មនុញ្ញ»។
លោក វណ្ណុល បានបន្តថា៖ «ខ្ញុំគ្មានចេតនាធ្វើឲ្យខូចកិត្តិយសរដ្ឋាភិបាលទេ ហើយខ្ញុំសុំឲ្យតុលាការឱ្យរួចផុតពីបទចោទ»។
លោកបានទទួលស្គាល់នៅក្នុងបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន Nikkei Asia ថា លោកបានធ្វើការប្រៀបធៀបលទ្ធិប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ថាមានការ «រឹតត្បិត» ច្រើនជាងឪពុករបស់គាត់ គឺលោក ហ៊ុន សែន ហើយថា លទ្ធិប្រជាធិបតេយ្យបានដើរថយក្រោយដោយមានសមាជិកគណបក្ស សកម្មជន និងអ្នករិះគន់ត្រូវបានចាប់ខ្លួន។
លោក វណ្ណុល បានបដិសេធអត្ថបទ ដែលបានផ្សាយការអត្ថាធិប្បាយរបស់លោក ដែលលោកត្រូវបានដកស្រង់សម្តីដែលនិយាយថា «រដ្ឋាភិបាល» បានដំឡើងកាមេរ៉ាសុវត្ថិភាព ប៉ុន្តែតាមពិត លោកប្រើពាក្យ «អាជ្ញាធរ» បានដាក់កាមេរ៉ា។
លោកបានអះអាងថាពីផ្លូវធំចូលទៅផ្ទះរបស់លោក មានចម្ងាយ ២ ៥០០ម៉ែត្រ ហើយមានកាមេរ៉ាសុវត្ថិភាព «តែមួយគត់» ដាក់បាញ់ចំមុខផ្ទះដែលមានបំណងឃ្លាំមើលសកម្មភាពរបស់លោក។
ព្រះរាជអាជ្ញារង ឆាយ ហុង បានរក្សាការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយស្នើឱ្យចៅក្រមពិចារណាផ្តន្ទាទោសលើជនជាប់ចោទ ទាវ វណ្ណុល ដែលមាន «ចេតនាទុច្ចរិត» ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។
លោក ឆាយ ហុង បានមានប្រសាសន៍ថា៖ «ជនជាប់ចោទមានអសុទ្ធចិត្ត ដែលចង់បំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល» ដោយបានបន្ថែមថា កាមេរ៉ាសុវត្ថិភាពត្រូវបានតំឡើងនៅតាមដងផ្លូវ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
លោក ឆាយ ហុង បានមានប្រសាសន៍ថា ជនជាប់ចោទបានធ្វើបទសម្ភាសន៍មុនការបោះឆ្នោតព្រឹទ្ធសភា ដែលមានបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល។
លោក ម៉ម ចាន់ណែត តំណាងមេធាវីរដ្ឋាភិបាល មានប្រសាសន៍ថា មាន «ធាតុផ្សំនៃភស្តុតាង» គ្រប់គ្រាន់ដែលអាចដាក់បន្ទុកលោក វណ្ណុល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក វណ្ណុល បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia ហើយបានចែករំលែកព័ត៌មាននេះនៅលើបណ្តាញសង្គម Telegram និងទំព័រ Facebook របស់គណបក្សភ្លើងទៀន។
លោក ចាន់ណែត បានមានប្រសាសន៍ថា៖ «ការលើកទ្បើងរបស់ជនជាប់ចោទបានប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាលកម្ពុជា ដែលប៉ះពាល់ដល់ទំនាក់ទំនង ការវិនិយោគ ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេស។ [ខ្ញុំ]ទាមទារសំណងជំងឺចិត្តប្រាំមួយពាន់លានរៀល»។
លោក ជូង ជូងី មេធាវីរបស់លោក ទាវ វណ្ណុល បានទទូចឱ្យតុលាការទម្លាក់បទចោទ ដោយសារកូនក្តីរបស់លោកគ្រាន់តែលើកឡើងពី «ការយល់ឃើញរបស់អ្នកនយោបាយ» ដោយបង្ហាញពី «ការពិតដែលថា មានអ្វីមួយកំពុងកើតឡើង»ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ។
លោកមានប្រសាសន៍ថា ដំណើរការប្រជាធិបតេយ្យបានអនុញ្ញាតឱ្យគណបក្សនយោបាយមានសិទ្ធិចូមរួម «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌» ប៉ុន្តែគណបក្សភ្លើងទៀនត្រូវបានដកសិទ្ធិ ហើយសមាជិកគណបក្ស និងសកម្មជនត្រូវបានកាត់ទោស ចាប់ខ្លួន និងផ្តន្ទាទោសដោយតុលាការ។
ឆ្លើយតបនឹងសេចក្តីសន្តិដ្ឋានរបស់មេធាវីរដ្ឋាភិបាលដែលថា ការអត្ថាធិប្បាយរបស់លោក ទាវ វណ្ណុល «ប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ» (កម្ពុជា និងជប៉ុន) លោក ជូង ជូងី បាននិយាយថា មិនមានរឿងបែបនេះកើតឡើងទេ ដោយសារកូនក្តីរបស់លោកបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេស។
លោក ជូង ជូងី ចោទសួរថា៖ «តើលោកបានឃើញថា ជំនួយណាមួយត្រូវបានកាត់ ដោយសារតែសម្តីរបស់លោក ទាវ វណ្ណុល ឬក៏មានការកាត់ផ្តាច់ [ដោយ EU] ទាក់ទងនឹង EBA [អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ]? វាអត់មានទេ»។ លោក ជូង ជូងី បានមានប្រសាសន៍ថា៖ «សូមពិចារណាទម្លាក់ចោលបទចោទលើកូនក្តីរបស់ខ្ញុំ»។
បន្ទាប់ពីសវនាការ លោក វណ្ណុល បានប្រាប់អ្នកសារព័ត៌មានថា លោកគ្មានសង្ឃឹមថា តុលាការនឹងទម្លាក់ការចោទប្រកាន់នោះទេ ដោយសារលោកដឹងច្បាស់ថា ក្នុងនាមជាគណបក្សប្រឆាំង លទ្ធផលគឺថា ពួកគាត់ «មិនដែលរួចខ្លួនពីការចោទហ្នឹងទេ»។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា ការទាមទារសំណងហ្នឹងវាហួសហេតុ ប៉ុន្តែនេះវាជាសិទ្ធិរបស់ខាងអ្នកចោទ ហើយខ្ញុំសង្ឃឹមថា ចៅក្រមគាត់នឹងធ្វើការពិចារណារឿងនេះ»។
សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសកម្ពុជាមាន «ការធ្លាក់ចុះនូវសិទ្ធិសេរីភាពពលរដ្ឋ និងសិទ្ធិនយោបាយ និងមានការអនុវត្តបែបគាបសង្កត់» ដែលមានទំនាក់ទំនងនឹងមេដឹកនាំនយោបាយនៅកម្ពុជា ដែល «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» ដល់សិទ្ធិមនុស្ស។
មេដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួន ដូចជា លោក ថាច់ សេដ្ឋា ត្រូវបានតុលាការរកឃើញពិរុទ្ធភាពចំពោះបទចោទប្រកាន់ ពីរ ដែលមិនពាក់ព័ន្ធនឹងគ្នា គឺការចេញសែកគ្មានសាច់ប្រាក់ និងបទញុះញង់ ខណៈលោក សុន ឆ័យ ត្រូវបានតុលាការរកឃើញពិរុទ្ធពីបទបរិហារកេរ្តិ៍ ដោយសារលោកបាននិយាយថា ការលួចបន្លំសន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ខែមិថុនា។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីលោកត្រឡប់មកពីប្រទេសជប៉ុន ទីដែលលោកបានចោទប្រកាន់ថា “ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋជំពាក់ធនាគារ ដែលបណ្តាលឱ្យមានចំណាកស្រុកតាមភូមិ”។
លោក មឺ សេងហ៊ អនុប្រធានគណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ចាម ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង កាលពីថ្ងៃទី១៥ ខែមីនា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Opposition Leader Teav Vannol’s Case Heard, Gov’t Lawyer Demands $1.5 Million Compensation










