សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្មានបក្សប្រឆាំងដែលគួរឲ្យជឿទុកចិត្ត គណបក្សតូចៗត្រៀមខ្លួន សម្រាប់ការបោះឆ្នោតដែលគ្មានលក្ខណៈប្រកួតប្រជែង

អ្នកដំណើរបើកាត់ខាងមុខទីស្នាក់ការរបស់គណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកដំណើរបើកាត់ខាងមុខទីស្នាក់ការរបស់គណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ទោះបីជាមានគណបក្សនយោបាយតូចៗជិត៥០ កំពុងត្រៀមខ្លួនប្រកួតប្រជែងក្នុង ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខក៏ដោយ ក៏អ្នកសង្កេតការណ៍នយោបាយលើកឡើងថា បើគ្មានពេលវេលា ឬធនធានគ្រប់គ្រាន់ ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងគណបក្សប្រជាជនកម្ពុជា (CPP) ដែលមានអាយុ៧០ឆ្នាំ ក្រោយពីការរំលាយគណបក្សប្រឆាំងដ៏ធំនោះ ការប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺមិនខុសពីឆាកល្ខោនប៉ុន្មាននោះទេ។កម្ពុជាគ្រោងនឹងរៀបចំការបោះ ឆ្នោតឃុំសង្កាត់របស់ខ្លួននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ នៅខែកក្កដាឆ្នាំ២០២៣ ។

លោក អ៊ូ ច័ន្ទរ័ត្ន ជាស្ថាបនិកគណបក្សកំណែទម្រង់កម្ពុជា (CRP) ដែលទើបបង្កើតថ្មី និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងថា អាជ្ញាធរបាន សួរនាំមន្ត្រីគណបក្សរបស់លោកម្តងហើយម្តងទៀត ខណៈពេលពួក គាត់ប្រមូលស្នាមមេដៃ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​គណបក្សនេះអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ​សង្កាត់នាពេលខាងមុខបាន។

លោកថ្លែងថា៖ «យើងក៏ជួបបញ្ហាខ្លះដែរនៅពេលប្រមូលស្នាមមេដៃ ពីព្រោះអាជ្ញាធរយល់ថា យើងកំពុងធ្វើសកម្មភាពនយោបាយ ប៉ុន្តែនេះគ្រាន់​តែជាការ​យល់​ច្រឡំប៉ុណ្ណោះ»។

លោក ច័ន្ទរ័ត្ន មានប្រសាសន៍ថាទៀតថា ជំងឺកូវីដ-១៩ គឺជាឧបសគ្គធំសម្រាប់គណបក្សនយោ បាយដែលត្រូវប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សកាន់អំណាចមានប្រៀបរួចទៅហើយទាំងធនធានគ្រប់គ្រាន់និងរចនាសម្ព័ន្ធរឹងមាំ។

លោកបន្ត​ថា៖ «រឿងនេះធ្វើឲ្យយើងមិនអាចរៀបចំរចនាសម្ព័ន្ធគណបក្សរបស់យើងបានពេញលេញ អំឡុងពេលមានជំងឺកូវីដ-១៩។ យើងបានគិតថា យើងអាចប្រើបណ្តាញសង្គម ដើម្បីទាក់ទាញការគាំទ្រ ប្រសិនបើជំងឺកូវីដ-១៩ នៅតែបន្ត ប៉ុន្តែវាមិនមានផ្លែផ្កាដូចជាការចុះទៅមូលដ្ឋានផ្ទាល់ទេ។ នៅពេលយើងមិនអាចចុះទៅមូលដ្ឋាន វាមានបញ្ហាក្នុងការផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីគណបក្សដល់ប្រជាពលរដ្ឋ»។

លោកបន្ថែមថា ប្រសិនបើការរីករាលដាលនៅតែបន្ត ការពន្យារពេលនៃការ បោះឆ្នោតណាមួយនោះ អាចផ្តល់ពេលវេលាបន្ថែមទៀតដល់គណបក្សតូចៗ ដើម្បីត្រៀមខ្លួន​ សម្រាប់ការបោះឆ្នោត។

អតីតគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សសង្គ្រោះជាតិដែលត្រូវ បានរំលាយចោលធ្លាប់ទទួលបាន៥៥អាសនៈនៅក្នុងរដ្ឋសភា ដែលមាន១២៥អាសនៈ នៅ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សនេះទទួលបានអាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ជាង៥,០០០អាសនៈ បើធៀបជាមួយគណបក្សកាន់អំណាច ដែលទទួលបានជាង៦០០០អាសនៈ។

បន្ទាប់ពីទទួលជោគជ័យកាន់តែខ្លាំងឡើង គណបក្សប្រឆាំងមួយនេះ ត្រូវបានរំលាយ ចោលភ្លាមៗនៅចុងឆ្នាំ២០១៧ដដែល បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ ដែលមជ្ឈដ្ឋានទូទៅជឿថា ជារឿងនយោបាយ ។ បន្ទាប់ពីការរំលាយគណបក្សនេះ មន្ត្រីជាន់ខ្ពស់ចំនួន១១៨រូប ក៏ត្រូវបានហាមឃាត់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ចាប់តាំងពីពេលនោះ មាន២៤ នាក់ក្នុងចំណោមពួកគាត់បានសុំសិទ្ធិនយោបាយឡើងវិញ។

គណបក្សឆន្ទៈខ្មែរគឺជាគណបក្សមួយផ្សេងទៀតដែលត្រូវបានបង្កើតឡើងដោយអតី តមន្រ្តីគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ បន្ទាប់ពីការរំលាយគណបក្សប្រឆាំង ដោយអំណាចសាលដីការបស់តុលាការកំពូល។ គណបក្សនេះបានចូលរួមការបោះ ឆ្នោតជាតិឆ្នាំ២០១៨ ប៉ុន្តែមិនទទួលបានអាសនៈទេ។

លោក គង់ មូនីកា ជាប្រធានគណបក្សនេះ បានមានប្រសាសន៍ថា ទោះបីជាគណបក្ស របស់លោកកំពុងចាប់ផ្តើមរៀបចំបេក្ខភាពសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះក៏ដោយ ក៏ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការ លំបាកក្នុងការរៀបចំរចនាសម្ព័ន្ធគណបក្សនៅថ្នាក់មូលដ្ឋាន។

លោកមានប្រសាសន៍ថា៖ «ការរៀបចំ​របស់យើង គឺយឺតជាងការផែនការ។  អាជ្ញាធរមូលដ្ឋានខ្លះ តែងតែយកជំងឺកូវីដ-១៩ជាលេសមិនអនុញ្ញាតឱ្យមានការជួបជុំ ទោះបីយើង បានអនុវត្តនូវវិធានការសុវត្ថិភាពក៏ដោយ។ នេះគឺជាឧបសគ្គសម្រាប់គណបក្ស នានាក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន។ យើងសង្ឃឹមថា អាជ្ញាធរនឹង បង្កភាពងាយស្រួលជាងនេះដល់គណបក្សនយោបាយក្នុងការជួបជុំ​ដែលផ្តល់​ឱកាសប្រកួតប្រជែងសមស្រប»។

តាមច្បាប់ គណបក្សនយោបាយនានាមិនត្រូវបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការនយោបាយទេ លុះត្រាជិតដល់ការបោះឆ្នោត។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិប តេយ្យបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្ស អំឡុងសមាជបក្សកាលពីឆ្នាំ២០១៨។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិប តេយ្យបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្ស អំឡុងសមាជបក្សកាលពីឆ្នាំ២០១៨។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានមានប្រសាសន៍ថា លោកមិនទាន់ប្រាកដថា គណបក្សរបស់លោកនឹងចូលរួមប្រកួតប្រជែង ការបោះឆ្នោតឃុំសង្កាត់ឬយ៉ាងណានោះទេ ដោយលោកអះអាងថា គណបក្សនេះកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីដ-១៩។

លោក​បន្ត​ថា៖ «ប្រសិនបើយើងមិនអាចជួបគ្នាដោយផ្ទាល់ទេ តើយើងអាចពង្រឹង សមាជិករបស់យើងយ៉ាងដូចម្ដេច?។ វាលំបាកមែនទែនក្នុងការប្រមូលសមាជិក។ យើងមិនអាចប្រមូលផ្តុំ ដើម្បីពន្យល់ពួកគាត់អំពីយុទ្ធសាស្ត្រ​នយោបាយ និងគោល នយោបាយរបស់យើងបានទេ»។

ក្រៅពីការលំបាកផ្នែកហិរញ្ញវត្ថុ លោក សូណង់ដូ បានអះអាងថា គណបក្សក៏អាច ពិបាកក្នុងការស្វែងរកបេក្ខភាពដែលមានឆន្ទៈចូលរួមការបោះឆ្នោតផងដែរ។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើនរណាម្នាក់ស្ម័គ្រចិត្តធ្វើជាបេក្ខភាព ពួកគេនឹងត្រូវ បានស្វាគមន៍។ ខ្ញុំមិនអាចជ្រើសរើសពួកគេដូចមុនបានទេ ពីព្រោះឥឡូវ ខ្ញុំគ្មានអ្វីទាំងអស់ [ទាក់ទងនឹងធនធាន]។ ដូច្នេះ ទុកឲ្យពួកគាត់ស្ម័គ្រចិត្តហើយប្រសិន បើគ្មាននរណាម្នាក់ចូលរួមជាមួយយើងទេ ឲ្យវាចប់ទៅចុះ»។

លោក ឈឹម កាន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ច​ការគណបក្សនយោបាយ​ នៃក្រសួងមហាផ្ទៃបាន ប្រាប់ខេមបូចាថា រហូតមកដល់ពេលនេះ មានគណបក្ស នយោបាយសរុបចំនួន ៤៨បានចុះបញ្ជីនៅក្រសួងនេះ។ លោកបន្ត​ថា គណបក្សណា ដែលចង់ចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោតខាងមុខនេះ ចាំបាច់ត្រូវចុះឈ្មោះ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក ហង្ស ពុទ្ធា ជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គណបក្សនយោបាយ ចាំបាច់ ត្រូវចុះឈ្មោះជាមួយគណៈកម្មាធិការនេះ ក្នុងរយៈពេល៩០ថ្ងៃមុន​ការរៀបចំការបោះ​ឆ្នោត។ គណបក្សនីមួយៗមានរយៈពេល១៤ថ្ងៃ ដើម្បីធ្វើយុទ្ធនាការឃោសនា​ មុនការបោះឆ្នោតឃុំសង្កាត់ និងរយៈពេល២១ថ្ងៃសម្រាប់យុទ្ធនាការសម្រាប់ ការបោះឆ្នោតជាតិនៅឆ្នាំបន្ទាប់។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាន​ឲ្យដឹង​ថា គណបក្ស ប្រជាជនកម្ពុជាស្វាគមន៍រាល់ការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ក្នុងការបោះឆ្នោតនាពេលខាងមុខ ទោះបីលោកអះអាងថា គណបក្សតូចៗមិនមែនជាគូ ប្រជែងនឹងគណបក្សកាន់អំណាចក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ពួកគេតែងតែនិយាយថា គណបក្សប្រជាជនកម្ពុជាមានសក្តានុពលច្រើនជាង! វាពិតជាត្រឹមត្រូវ ពីព្រោះ គណបក្សមួយចំនួនទើបតែបង្កើតឡើង មិនទាន់​ទទួល​បាន​ការយ​ល់ព្រម​ពីក្រសួង​មហាផ្ទៃផង ចឹង​តើចង់​មក​​ប្រៀបធៀបជាមួយ​ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ៧០ឆ្នាំហើយម៉េចកើត។ នេះគឺជាការពិត»។

លោកបន្ត​ថា បើទោះបីជាគ្មានការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែមានប្រៀបជាងគណបក្សដទៃទៀតដែរ។

លោកបន្ថែម​ថា៖ «យើងមានគ្រឹះរឹងមាំ យើង​មានធនធានគ្រប់គ្រាន់ ហើយយើងបានបង្កើតសមិទ្ធិផលជាច្រើនទសវត្សមកហើយ ប៉ុន្តែយើងមិនរើសអើង ឬ រារាំងការចូលរួមទេ។ ពួកគេអាចបង្កើតគណបក្សមួយ ដើម្បីប្រកួត ប្រជែងបានគ្រប់ពេល»។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលនៅអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្រ្វែល (COMFREL) មានប្រសាសន៍ថា គណបក្សដែលបង្កើតថ្មីភាគ ច្រើនត្រូវបានដឹកនាំដោយអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលទំនងជាពឹង ផ្អែកលើអតីតអ្នកគាំទ្រនៃគណបក្សដែលគេបានរំលាយនោះ។

លោកបន្ត​ថា៖ «ដូច្នេះ ថាតើអ្នកគាំទ្រនឹងជឿលើគណបក្សថ្មី និងថាតើពួក គេជឿ លើកេរ្តិ៍ឈ្មោះរបស់មេដឹកនាំទាំងនោះឬយ៉ាងណានោះ មិនមែនជាការងាយទេ។ វាពិបាកសម្រាប់គណបក្សទាំងនោះក្នុងការប្រមូលប្រជាពលរដ្ឋឲ្យគាំទ្រពួកគេ ហើយពេលវេលាក៏មិនអំណោយផលសម្រាប់គណបក្សទាំងនោះដែរ»។

លោក សាវាង្ស លើក​ឡើង​ថា រហូតមកដល់ពេលនេះ គណបក្សតូចៗភាគ ច្រើនមិនបានធ្វើសកម្មភាពគួរឲ្យកត់សម្គាល់ណាមួយ ដើម្បីទទួលបានការជឿទុកចិត្តពីសាធារណជនឬបានបង្ហាញគោលនយោបាយគួរឱ្យទុកចិត្តនោះទេ។

លោកថ្លែងថា៖ «យើងមិនឃើញមានគណបក្សនយោបាយ ណាមួយទាមទារឲ្យធ្វើកំណែទម្រង់ ច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដែលត្រូវបានធ្វើវិសោធនកម្ម បន្ទាប់ពីឆ្នាំ២០១៧ ដែលមិនបានធានាដល់​ឆន្ទៈរបស់ប្រជាពលរដ្ឋនោះឡើយ»។

លោក ឯម សុវណ្ណារ៉ា ជាអ្នកវិភាគនយោបាយមានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្នស្រដៀងឆ្នាំ២០១៨ដែរ នៅពេលដែលគណបក្សនយោបាយតូចៗជាច្រើន ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដោយក្លាយជាគ្រឿងលម្អនៃការបោះឆ្នោតពហុបក្ស បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។

លោកមានប្រសាសន៍ថា៖ «គណបក្សនយោបាយតូចៗកំពុងមាន ការលំបាកក្នុងការបញ្ជូនសារ របស់ខ្លួនទៅកាន់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន អំឡុងពេលមានជំងឺកូវីដ-១៩ ស្របពេលវាមិនទាន់ដល់ពេលឃោសនានយោបាយនៅឡើយនោះ»។

ទោះបីជាយ៉ាងណា លោកអះអាង​ថា បើទោះបីជាគ្មានជំងឺកូវីដ-១៩ ក៏ដោយ ក៏គណបក្សទាំងនោះនឹងនៅតែមានការលំបាកក្នុងការភ្ជាប់ និងកៀងគរអ្នកគាំទ្ររបស់ខ្លួន។

លោកមានប្រសាសន៍​ថា៖ «កម្លាំងនយោបាយរបស់ពួកគេខ្សោយមែនទែន ព្រោះប្រព័ន្ធផ្សព្វផ្សាយភាគច្រើនគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា»។  ដោយលោកបន្ថែមថា៖ «ពួកគេមិនអាចប្រមូលអ្នកគាំទ្របានទេ ពីព្រោះពួកគេមិនមានគុណតម្លៃនយោបាយគ្រប់គ្រាន់។ គណបក្សទាំងនោះមិនបានចូលរួមសកម្មភាពសង្គម ឬធ្វើកិច្ចការនយោបាយដែលគួរឲ្យទុកចិត្តបាន ដែលឲ្យ​ប្រជាជនផ្តល់តម្លៃឲ្យនោះទេ ហើយការចូលរួមរបស់ពួកគេក្នុងការបោះឆ្នោតគឺគ្រាន់តែ ដើម្បីលម្អរសួន​ប្រជាធិបតេយ្យ ប៉ុណ្ណោះ»។

លោក សាន ឃិន អតីតមេឃុំគណបក្សសង្គ្រោះជាតិនៅខេត្តសៀមរាប បានមានប្រសាសន៍ថា លោកបានសម្រេចចិត្តចូលរួមជាមួយគណបក្ស ដែលទើបបង្កើតថ្មី ព្រោះលោកមិនគិតថា គណបក្សសង្គ្រោះជាតិនឹងវិលត្រឡប់មកវិញទេ។ លោកបានបដិសេធប្រាប់ឈ្មោះគណបក្សដែលលោកចូលរួម។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយគណបក្សថ្មីមួយ ដើម្បីលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយខ្ញុំជឿជាក់ថា គណបក្សថ្មីនឹងអាច ប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើមានការបោះឆ្នោត ដោយសេរីនិង យុត្តិធម៌»(រាយការណ៍បន្ថែមដោយ សំ សុពេជ្រ)​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ With no credible opposition, minor parties prepare for non-competitive elections

488 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម