សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីតមន្រ្តីគណបក្សសង្រ្គោះជាតិប្រឈមនឹងអាជីពនយោបាយមិនច្បាស់លាស់

លោក លាស់ ឆេងឡាយ អតីតក្រុមប្រឹក្សាស្រុកពីគណបក្សសង្រ្គោះជាតិ (ខាងស្តាំ) និយាយជាមួយអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូបភាពផ្តលឲ្យ
លោក លាស់ ឆេងឡាយ អតីតក្រុមប្រឹក្សាស្រុកពីគណបក្សសង្រ្គោះជាតិ (ខាងស្តាំ) និយាយជាមួយអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូបភាពផ្តលឲ្យ

ជិតមួយ​សប្តាហ៍​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធគារ​ព្រៃស​នៅ​ក្រុង​ភ្នំពេញ ជាទី​ដែល​ពួកគេ​ត្រូវ​ជាប់ពន្ធនាគារ​​​អស់រយៈពេលជិត​ពីរឆ្នាំ​កន្លង​មក​នេះ​ សកម្មជន​ពីរ​រូប​នៃ​គណបក្ស​សង្រ្គោះជាតិ​ ដែលត្រូវ​បាន​ចាត់ទុក​ជា​គណបក្ស​ក្រៅច្បាប់ ​នៅ​តែ​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ពី​អាជីព​និងទំនាក់ទំនង​នយោបាយ​របស់​ពួកគេ។

នៅ​ពេល​មក​ដល់​ស្រុកកំណើត​នៅ​ស្រុក​បាវិល ជាទី​ដែលលោក​មាន​តំណែងជា​ក្រុមប្រឹក្សាស្រុកលោក លាស់ ឆេងឡាយ បាន​ថ្លែងប្រាប់​ ខេមបូចា ថា៖ «ដោយសារ​ខ្ញុំ​ជាប់​ឃុំរយៈពេលយូរ​រហូតដល់ទៅ១៨​ខែ ខ្ញុំដូចជាកង្កែបក្នុងអណ្តូង​អ៊ីចឹង ហើយ​ខ្ញុំ​មិនដឹង​អ្វី​ទេ [អំពី​ស្ថានភាព​នយោបាយ] ឥឡូវ​នេះ។ ខ្ញុំ​មិន​ដឹង​កន្លែង​ណា​ដែល​ខ្ញុំ​ត្រូវ​ទៅ​នោះ​ទេ»

ទាំង​លោក​ឆេងឡាយ និងលោកអ៊ុក ឈុំ អតីត​មេឃុំឃ្លាំងមាស​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ដោះលែងពី​ពន្ធនាគារ កាល​ពី​ថ្ងៃទី១០ ខែមករា បន្ទាប់​ពី​បានអនុវត្តទោសចប់​​ពីបទចោទប្រកាន់ញុះញង់​បង្កអសន្តិសុខ​សង្គម ក្រោយ​ពី​មាន​ការ​ហៅទូរសព្ទ​មួយ​រវាង​អ្នក​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ការ​ទស្សន៍ទាយ​ពី​ការ​ស្លាប់​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ឆ្នាំ​២០២៣។

ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ឆ្នាំ២០១៧ ទាំង​សមាជិក​និងអ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ ប្រឈម​នឹង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​មក​លើ​សេរីភាព​របស់​ពួកគេ ក្នុង​ទម្រង់​ជា​ការ​ឃ្លាំមើល​តាមបណ្តាញទំនាក់ទំនង អំពើហិង្សា និង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​តុលាការ។ អតីត​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​មួយចំនួនត្រូវបាន​តុលាការ​កោះហៅ ចាប់ខ្លួន និង​ឃុំខ្លួន ដែល​នេះ​បង្ហាញ​ពី​ការ​បន្ត​បំពាន​លើ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាល។

ស្រប​ពេល​​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខិត​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០២២ សមាជិក​​និង សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ខ្លះ ដែលត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​តូចៗ ដែល​ទើប​នឹង​បង្កើត​ថ្មី។

សកម្មជន​ដទៃ​ទៀត​ដូចជា លោក គង់ រ៉ៃយ៉ា នៅតែ​មិន​ទាន់​ច្បាស់ថា​ នឹង​ចូល​ប្រឡូក​ក្នុង​នយោបាយ​វិញ ឬ​នៅ​តែ រក្សាភាព​ស្ងៀមស្ងាត់​សម្រាប់​ពេល​មួយ​រយៈ។ លោក រ៉ៃយ៉ា បាន​ជាប់​ពន្ធនាគារ​រយៈពេល ១៨​ខែ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​បាន​កោះហៅ​ឲ្យ​មាន «បដិវត្តន៍​ពណ៌» កាល​ពី​ឆ្នាំ ២០១៥ ហើយ លោក​ត្រូវ​បាន​ចាប់ខ្លួន​សាជាថ្មី​នៅ​ឆ្នាំ ២០១៩ ពាក់ព័ន្ធ​នឹង​ការ​បោះពុម្ព​លើ​អាវយឺត​ ដែល​មាន​ដាក់​លាយលក្ខណ៍​អក្សរ និង​រូប​លោក​ កែម ឡី ​អ្នក​វិភាគ​នយោបាយ​ល្បីឈ្មោះ​មួយ​រូប ដើម្បី​ប្រារព្ធ​ខួប​រំឭក​នៃ​ការ​បាញ់​សម្លាប់​រូប​លោក។ ឥឡូវ​នេះ លោក រ៉ៃយ៉ា ជា​សមាជិក​គណៈកម្មការនាយក​របស់​គណបក្ស​ភ្លើងទៀន និង​ប្រធានបណ្តាញ​យុវជន​របស់​គណបក្ស​នេះ។

លោក​ឆេងឡាយ​បាន​ថ្លែងថា៖ «ខ្ញុំ​មិន​ដឹង​ថា អ្នក​ណា​បាន​បង្កើត​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​នោះ​ទេ» លោក​​បាន​លើកឡើង​ថា លោក​បាន​ជាប់​ពន្ធនាគារ​អស់រយៈពេល​ជា​យូរ ដែល​នេះ​មាន​ន័យ​ថា លោក​មិនអាច​តាម​ដាន​ព្រឹត្តិការណ៍​វិវត្ត​ផ្នែក​នយោបាយទាន់​ពេល​វេលា​នោះ​ទេ។

ប៉ុន្តែ​លោក​ឆេងឡាយ វ័យ ៥៥​ឆ្នាំ មាន​គម្រោង​បន្ត​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​មិន​ឈប់​ធ្វើ​នយោបាយ​នោះ​ទេ»

លោក លាស់ ឆេងឡាយ និងលោក អ៊ុក ឈុំ ស្វាគមន៍​អ្នកគាំទ្រ បន្ទាប់​ពួកគេ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ

ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ថា សិទ្ធិ​ក្នុង​ការ​ផ្សាភ្ជាប់​ជាមួយ​នឹង​គណបក្ស​នយោបាយ និងសិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិគឺ​ត្រូវបានការពារ​ទាំង​នៅ​ក្រោមច្បាប់​ជាតិ និង​អន្តរជាតិ។

លោក ឆេងឡាយ នៅ​តែ​ទទូចថា លោក​មិនមាន​កំហុសអ្វី​នោះទេ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ញុះញង់ ដោយសង្កត់ធ្ងន់​ថា ករណី​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​រូបលោក​ពាក់ព័ន្ធ​ដោយ​ហេតុផល​នយោបាយ ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិនសប្បាយ​ចិត្ត​នឹង​ការ​ចាញ់​​បោះឆ្នោត​ឃុំសង្កាត់​កាល​ពីឆ្នាំ ២០១៧ ទៅ​នឹង​គណបក្ស​សង្រ្គោះជាតិ។

លោក​បាន​និយាយ​ថា ភស្តុតាង​ជាក់លាក់​ពី​បទញុះញង់​មិនត្រូវ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ ដោយសារ​តែ​លោក ឈុំ បាន​ត្រឹម​តែឃើញ​វីដេអូ​បង្ហោះ​លើ​យូធ្យូប (YouTube) ពីហោរា​ម្នាក់​ដែល​ទស្សន៍ទាយថា លោក​ ហ៊ុន សែន នឹង​ស្លាប់​នៅ​ឆ្នាំ ២០២៣ ហើយ​បន្ទាប់​មក​បាន​ហៅ​ទូរសព្ទ​មក​រូប​លោក ដោយ​បាន​សួរ​រូបលោក​ថា បាន​ឃើញ​ វីដេអូ​នោះ​ឬ​ទេ។

លោក​ឆេងឡាយ​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា បទចោទប្រកាន់​ញុះញង់​នេះ​គឺ ជាហេតុផល​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាពរបស់​ខ្ញុំ​កាល​ពី​ពេល​មុន» លោក​បាន​បន្ត​ថា អាស្រ័យ​ហេតុ​នេះ លោក​បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​អ្នកភូមិ​​ដែល​មិន​ពេញចិត្ត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​​ក៏​បានសង្កត់ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បន្ត​អនុវត្ត​មាត្រា​ ៤៩៤ និងមាត្រា ៤៩៥ នៃ​ច្បាប់​ព្រហ្មទណ្ឌ នៅ​កម្ពុជា ពួកគេនឹង​នៅ​តែរឹតត្បិត​សេរីភាព​សាធារណៈ និង​រារាំង​មិន​ឲ្យ​ប្រជាជន​បញ្ចេញមតិ​ពី​រឿង​អយុត្តិធម៌ ដែល​បាន​កើតមាន​នៅ​ក្នុង​ឃុំ​របស់​ពួកគេ។

លោក​ឆេងឡាយ​បានគាំទ្រអតីតមេដឹកនាំគណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ចាប់តាំង​ពី​ឆ្នាំ ១៩៩៥មក ហើយ​ឥឡូវ​នេះ លោក​កំពុង​ពិចារណា​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

លោក​បាន​ថ្លែង​ថា៖ «មិនថា លោក សម រង្ស៊ី ទៅ​កន្លែង​ណា​នោះ​ទេ ខ្ញុំ​នឹង​ទៅ​ទី​នោះ ពីព្រោះ​គាត់​ដូចជា ឪពុក​ដែល​ផ្តល់​កំណើត [ដល់​លទ្ធិប្រជាធិបតេយ្យ]»

លោក​បាន​បន្ត​ថា៖ «និយាយ​ឲ្យ​ស្មោះ​ទៅ ខ្ញុំ​លែងខ្វល់ខ្វាយ​ពី​ការ​ចាប់ដាក់​ពន្ធនាគារ​ត​ទៅ​ទៀត​ហើយ ពីព្រោះ [ខ្ញុំរស់] ដើម្បី​បម្រើ​ជាតិ»

អតីត​សមាជិក​គណបក្ស​សង្រ្គោះជាតិ​លោក ជុំ ពុទ្ធី អាយុ ៤៣ឆ្នាំ ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​មុន បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន។

បើ​ទោះ​ជា​ប្រឈម​នឹង​លទ្ធភាព​ជាប់ពន្ធនាគារ​ក៏​ដោយ លោកនៅតែរក្សាជំហរ ដោយលើកឡើងថា៖ «ខ្ញុំនឹងនៅតែបន្ត​គោលដៅរបស់ខ្ញុំនៅក្នុងការ​ទាមទារសិទ្ធិ សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ»

លោក​ពុទ្ធី ​បានចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​កាល​ពីខែធ្នូ ជា​សមាជិក​ក្រុមការងារ​ប្រចាំ​ខេត្តស្វាយរៀង ខណៈ​ពេល​កំពុង​ស្ថិត​នៅ​​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​រយៈពេល​ពីរ​ឆ្នាំ អំឡុងពេល​ដែល​លោក​បាន​ជាប់​ពន្ធនាគារ​រយៈពេល ២០ខែ​ពី​បទញុះញង់។ លោក​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ២០២០ នៅ​ក្រុង​ភ្នំពេញ ស្រប​ពេលកំពុង​តាមដាន​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន។

លោក​ឆេងឡាយ​​បាន​រំឭក​ថា កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីប៉ូលិស ៥នាក់​បាន​មកចាប់លោក ដោយ​មិនមាន​ដីកា​ចាប់ខ្លួន ខណៈ​ពេល​លោក​កំពុង​ធ្វើដំណើរ​តាមម៉ូតូ​នៅ​ស្រុក​បវិល។

លោក​បាន​ថ្លែងថា៖ «ពួកគេ​បាន​ឲ្យ​ខ្ញុំ​ទៅ​អធិការដ្ឋាន​ស្រុក [ដើម្បី​ឆ្លើយ​សំណួរ] ហើយ​[បន្ទាប់មក] ពួកគេ​នឹង​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ»

បន្ទាប់​​ពី​មក​ដល់​អធិការដ្ឋាន​ស្រុក លោក​ត្រូវ​បាន​អាជ្ញាធរ​អាន​ដីកា​ចាប់​ខ្លួន​ឲ្យ​ស្តាប់ ដោយ​លោក​ត្រូវ​បាន ​ចោទ​ប្រកាន់​ថា​ជា «ពួកឧទ្ទាមក្រៅច្បាប់» ហើយ​ត្រូវ​បាន​នាំ​ខ្លួន​តាម​រថយន្ត​នគរបាលខេត្ត​មក​​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​លោក​មក​ដល់ តុលាការ​បាន​សួរ​សំណួរ​ធ្ងន់ៗ​មក​លើ​រូប​លោក ជាពិសេស​ពាក់ព័ន្ធ ជាមួយ​នឹង​លោក សម រង្ស៊ី ដូចជា​ថា​តើ លោក សម រង្ស៊ី បាន​បញ្ជា​ឲ្យ​មាន​ការ​ធ្វើអ្វីមួយ​ជា​ដើម?

លោក​ឆេងឡាយ​បាន​ប្រាប់​តុលាការ​ថា លោក​ជាប្រធានប្រតិបត្តិស្រុកបវិល​នៃ​​គណបក្សសង្រ្គោះជាតិ និង​ បាន​អនុវត្ត​គោលនយោបាយ​របស់​គណបក្សពាក់ព័ន្ធ​នឹង​​នីតិវិធី​បោះឆ្នោត​នានា​នៅ​កម្រិត​ឃុំ​សង្កាត់ ដូចជា ការ​រាប់សន្លឹកឆ្លោត ការ​ជ្រើសរើសសមាជិកផ្នែកនយោបាយ និង​ណែនាំ​សាធារណជនពីការ​គូស​​លើ​សន្លឹកឆ្នោត​ជា​ដើម។

លោក​បាន​បដិសេធថា លោក​មិនធ្លាប់​​បាន​ឮ​ហោរា​ណា​មួយ ដែល​និយាយ​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ស្លាប់​នៅ​ឆ្នាំ ២០២៣ នោះទេ។

លោក​ឆេងឡាយ​បានថ្លែង​ថា៖ «ខ្ញុំមិន​បាន​ឮ​ពាក្យ​ទាំង​នោះ​នោះទេ។ ខ្ញុំ​គ្រាន់តែ​លើក​ទូរសព្ទ​លោក អ៊ុក ឈុំ ហើយ​គ្រាន់​តែ​ឮពាក្យ​ថា «លោកហ៊ុន សែន» តែប៉ុណ្ណោះ។ ហើយ​បន្ទាប់​មក ខ្ញុំ​បាន​បិទ​ទូរសព្ទ ដោយសារ​តែ​រន្ទៈ​នៅ​ខាង​ក្រៅផ្ទះ»

លោក​បាន​ប្រាប់​តុលាការ​ថា៖ «ខ្ញុំ​ពិត​ជា​មិន​បាន​ឮច្រើន​នោះទេ គ្រាន់​តែ​ពាក្យ​ថា «លោក ហ៊ុន សែន» តែ​ប៉ុណ្ណោះ»។

លោក អ៊ុក ឈុំ (ខាងឆ្វេង) អតីត​មេឃុំឃ្លាំងមាស​មក​ពី​គណបក្សសង្រ្គោះជាតិ ស្វាគមន៍​អ្នក​គាំទ្រ បន្ទាប់​ពី​លោក ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ

ស្ថានភាព​រស់នៅ​យ៉ាងលំបាកនៅ​ពន្ធនាគារ​ព្រៃស

អ្នកទោស​តែងតែ​រអ៊ូរទាំ​ពី​ភាពកកកុញ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង ក៏​ដូចជា កន្វះអនាម័យ​ អាហារ​គុណភាព​ទាប និង​ទឹក​មិនគ្រប់គ្រាន់​សម្រាប់​ការ​ងូតសម្អាតខ្លួន។

លោក​ឆេងឡាយ​បាន​និយាយ​ថា លោក​បាន​រស់នៅ​កន្លែង​ចង្អៀត​ជាមួយ​អ្នកទោស ២៧នាក់​ផ្សេងទៀត​នៅពន្ធនាគារ​ព្រៃស ដែល​ធ្វើ​ឲ្យ​ថប់អារម្មណ៍​យ៉ាង​ខ្លាំង។

លោក​បាន​ថ្លែង​ថា៖ «យើង​មិនអាច​ដេក​បាន​ស្រួល​ដូច​នៅ​ផ្ទះ​របស់​យើង​នោះទេ។ យើង​ត្រូវ​ដេកផ្អៀង​ខ្លួន ដោយសារ​តែ​ចង្អៀតខ្លាំង»

លោក​បាន​បន្ត​ថា៖ «ខ្ញុំគិត​ក្នុង​ចិត្ត​ថា ពួកគេ​ពិតជា​ឃោឃៅ​ក្នុងការ​ប្រព្រឹត្ត​មិនគប្បី​មក​លើយើង​ដូចនេះ ហើយខ្ញុំ​នឹង​ស្លាប់នៅ​ទីនេះ [ក្នុងពន្ធនាគារ] ដោយសារ​តែ​ខ្ញុំចាប់ផ្តើម​ស្រកទម្ងន់ ហើយ​ឈឺក្រពះ។ ដូច្នេះ​អាជីពនយោបាយ​របស់ខ្ញុំ​នឹង​ចប់​នៅ​ទីនេះ»

លោក នុត សាវនា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បដិសេធ​ការអះអាង​របស់​អតីតសមាជិក គណបក្សសង្រ្គោះជាតិ​ពី​រឿងកង្វះអនាម័យ​ និង​កង្វះទឹកប្រើប្រាស់។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​មិន​ដឹង​ថា ត្រូវ​អធិប្បាយ​យ៉ាងម៉េច ប៉ុន្តែ​នៅ​ក្នុង​ករណី​មួយចំនួន​ពាក់ព័ន្ធ​នឹង​សកម្មជន គណបក្ស​សង្រ្គោះជាតិ ខ្ញុំ​បានឮ​ពីអ្នកទោសដទៃទៀត​ថា ពួកគេ​បាន​ប្រើប្រាស់ទឹកខ្ជះខ្ជាយ​ ហើយ​ពេល​ខ្លះ ពួកគេ​ងូត​ទឹក មួយ​ថ្ងៃប្រាំ​ដងក៏​មាន»

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​សូម​បដិសេធចំពោះ​ការ​អះអាង​របស់​ពួកគេ [ពាក់ព័ន្ធ​នឹង​កង្វះខាត​​ទឹក] គឺ​មិន​ត្រឹមត្រូវ នោះ​ទេ» ដោយ​បន្ថែម​ថា មន្រ្តី​ពន្ធនាគារ​បាន​ផ្តល់​ទឹក​គ្រប់គ្រាន់ ហើយ​ដូច្នេះ អនាម័យ​គឺ​ជា ការ​ទទួល​ខុសត្រូវបុគ្គល។

លោក​បាន​លើកឡើង​ថា ជា​មធ្យម អ្នកទោស​ម្នាក់ៗ​ត្រូវ​បាន​ផ្តល់​ទឹកស្អាត​ប្រមាណ ២០​លីត្រ​ក្នុង​មួយ​ថ្ងៃ បន្ថែម​ពី លើ​ទឹកភ្លៀង និង​ទឹក​ពី​ស្រះ ដើម្បី​ចាក់បង្គន់ និង​ដាំដំណាំ។

អ្នកស្រី ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយ​ថា ការ​ឃុំខ្លួន​អតីត​សមាជិកគណបក្សសង្រ្គោះ​ជាតិ យូរ​រហូត​ដល់ ១៨ខែ គឺ​ជា លទ្ធផល​នៃ «បទ​ចោទប្រកាន់​ញុះញង់​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ» ដែល​នេះ​បញ្ជាក់​ពី​ភាព​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នេះ​ជា​ហេតុផល​ទម្ងន់ធ្ងន់​ក្នុង​ការ​គិតថា ការ​ឃ្លាំមើល​បុគ្គល​ទាំង​ពីរ​រូបនេះ​គឺ​ត្រូវ​បាន​ជំរុញ​ពី​ក្រោយដោយ​ហេតុផល​នយោបាយ ដោយ​ធ្វើ​ឲ្យ​​ការលបស្តាប់​តាម​ប្រព័ន្ធ​ទូរសព្ទ​គឺ​មិនស្រប​នឹង​ច្បាប់​នោះ​ទេ»

អ្នកស្រី​បាន​បន្តថា ការ​ដែល​បុគ្គល​ទាំងពីរ​រូប​ខាងលើ​នេះ​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ពី​ការ​បញ្ចេញមតិ អំឡុងពេល​សន្ទនា​ឯកជន​តាម​ទូរសព្ទគឺ កាន់​តែ​ដាក់​បន្ទុក​លើ​ការ​ព្រួយបារម្ភ​នេះ។ ការ​បំពាន​លើ​សិទ្ធិ​ឯកជនភាព​របស់​បុគ្គល​គឺ មិន​ត្រូវ​បាន​អនុញ្ញាត និង​មិន​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្សអន្តរជាតិ​នោះ​ទេ។

អ្នកស្រី​បាន​កត់​សម្គាល់​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​កាន់​តែ​មិនមាន​ភាពអន់ឱន​ចំពោះ ការ​រិះគន់ និង​ការ​ប្រឆាំង​ណា​មួយ ដែល​អាជ្ញាធរ​ចាត់ទុក​ថា​ជា អំពើ​គួរ​ផ្តន្ទាទោស​ជាជាង​រឿង​កើត​ឡើង​ជាធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អ្នកស្រី​ចក់ សុភាព​បាន​បន្ថែម​ថា ការ​បន្ត​ចាត់​គោលដៅ​មក​លើ​បុគ្គលនានា​ចំពោះ​ការ​គិត​ថា ពួកគេ​មាន ទំនាក់ទំនង ឬ​ទំនាក់ទំនង​ដែល​ពួកគេ​មាន​ជាមួយ​នឹង​គណបក្ស​សង្រ្គោះ​ជាតិ បង្ហាញ​ពី​ការ​ខកខាន​របស់រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ការពារ និង​បំពេញ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

លោកអ៊ូ ច័ន្ទរ័ត្ន អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា និយាយ​ថា ការ​ចាប់ខ្លួន​អតីត​សមាជិកគណបក្សសង្រ្គោះជាតិ និង​សកម្មជនដទៃ​ទៀត​ដាក់ពន្ធនាគារ គឺ​ធ្វើឡើងដើម្បី​បំបាក់ស្មារតី និង​សេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់ពួកគេ ក៏​ដូចជាដំណើរការ​លទ្ធិប្រជាធិបតេយ្យ។

លោក​បានថ្លែងថា​៖ «ភាគច្រើន​នៃពួកគេ​នៅតែមាន​ភាពភ័យខ្លាច ឬ​មិនមាន​ទំនុកចិត្តលើ​ការដឹកនាំ ហើយ​អ្នកខ្លះ​បាន​រក្សា​ភាព​ស្ងប់ស្ងាត់»

ទោះ​បី​យ៉ាងណា​ក៏​ដោយ លោក​ច័ន្ទរ័ត្ន​ជឿ​ថា អតីត​សមាជិក​គណបក្ស​សង្រ្គោះជាតិ និង​សកម្មជនដទៃ​ទៀត ដែល​ត្រូវបានដោះលែង​ នឹង​មិន​ណាយចិត្ត​ពី​នយោបាយ​នោះ​ទេ។

លោក​បាន​បន្ត​ថាសកម្មជន​ខ្លះ ដែល​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ពីបទញុះញង់ និង​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹងយុទ្ធនាការ «នំបញ្ចុក» បាន​ចូលរួម​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា។

លោក​ក៏​បាន​ជំរុញ​ឲ្យ​សមាជិក និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ដោះលែង ឬ​អ្នក​ដែល​ស្ថិត​នៅ​ក្រោម ការ​ឃ្លាំមើល​របស់​តុលាការ ឲ្យ​​បន្ត​ចូលរួម​ក្នុង​សកម្មភាពនយោបាយ និង​ចូលរួម​ជាមួយ​គណបក្ស​ណាមួយ ដែល​ពួកគេ​ជ្រើសរើស ដើម្បី​បម្រើ​ជាតិ និង​ផលប្រយោជន៍​របស់​ប្រជាជន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former CNRP officials face uncertain political careers

608 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម