មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ដោយលើកឡើងថា រដ្ឋាភិបាលសម្រេចលទ្ធផលបាន «ឃ្លាតគ្នាឆ្ងាយ»ពីការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានដាក់ចេញកាលពីឆ្នាំ២០១៧ ក្នុងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាពដល់សហគមន៍ជនជាតិដើមភាគតិចឱ្យបានចំនួន ១០សហគមន៍ក្នុងមួយឆ្នាំ ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញដំណាលគ្នានឹងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ CCHR បាននិយាយថា ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច ៤៥៨សហគមន៍ មានតែ ៤៣សហគមន៍ប៉ុណ្ណោះដែលបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាព គិតចាប់ពីឆ្នាំ២០១១ ដល់ខែកក្កដា ឆ្នាំ២០២៤។
សហគមន៍ជនជាតិដើមភាគតិចទាំងអស់នេះរស់នៅក្នុងខេត្តចំនួន ១៥ នៅកម្ពុជា ហើយសហគមន៍បានរស់នៅនិងអាស្រ័យតាមប្រពៃណី ពួកគេគ្រប់គ្រងដីព្រៃជិត ៤លានហិកតា ។ ប៉ុន្តែ បណ្ណកម្មសិទ្ធិដីសមូហភាពដែលមានស្រាប់ គឺគ្របដណ្ដប់តែ ៤១,៥៣៨.៣ហិកតានៃដីព្រៃប៉ុណ្ណោះ។
ទន្ទឹមនឹងការទទូចសុំឱ្យរដ្ឋាភិបាលពន្លឿនការទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពសម្រាប់ជនជាតិដើមភាគតិច CCHR បាននិយាយថា ទោះបីជាមានយន្តការច្បាប់ដើម្បីការពារសិទ្ធិដីធ្លីរបស់ពួកគេក្ដី សហគមន៍ជនជាតិដើមភាគតិចនៅតែងាយរងគ្រោះពីការរឹបអូសដីធ្លីដដែល ដោយសារតែកង្វះសិទ្ធិកាន់កាប់ដីធ្លីជាផ្លូវការ ។ នេះបង្ហាញឱ្យឃើញថា ការចេញប័ណ្ណកម្មសិទ្ធិដីសមូហភាពបានជាប់គាំងដោយសារតែ«ភាពស្មុគស្មាញ ការចំណាយ និងរយៈពេលវែង» នៃនីតិវិធីស្នើសុំចុះបញ្ជី ។
CCHR បាននិយាយថា ចំណុចចន្លោះប្រហោងខ្លះដែលបានលើកឡើង គឺថា «មានតែដីកាន់កាប់ដោយរដ្ឋប៉ុណ្ណោះ ដែលអាចចុះបញ្ជីទៅជាបណ្ណកម្មសិទ្ធិដីសមូហភាពបាន» ដូចដែលបានចែងនៅក្នុងអនុក្រឹត្យលេខ៨៣ ។សេក្តីថ្លែងការណ៍បានបន្តថា៖ «ការកំណត់បែបនេះនៅតែបន្តកើតមានភាពអយុត្តិធម៌ចំពោះជនជាតិដើមភាគតិច ពីព្រោះថាពួកគេមិនអាចការទាមទារដីប្រពៃណីរបស់ខ្លួនលត្រូវបានបែងចែកទៅ ឬរឹបអូសយកដោយឯកជន ។ កត្តានេះនឹង នាំឱ្យមានការប្រកួតប្រជែងខ្លាំងពីសំណាកភាគីឯកជនទៅលើដីរដ្ឋ» ។
លើសពីនេះទៀត ក្រមបរិស្ថាននិងធនធានធម្មជាតិថ្មីក៏បានបង្កជា«ឧបគ្គចម្បង»ក្នុងការទទួលបានសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច ។ ក្រមនេះបានប្រើពាក្យសហគមន៍ «សហគមន៍មូលដ្ឋាន» ជំនួសពាក្យ «សហគមន៍ជនជាតិដើមភាគតិច» ដែលអាចនឹងពង្រីកលទ្ធភាពទទួលបានដីប្រពៃណីរបស់ជនជាតិដើមភាគតិចដល់ភាគីដទៃទៀត។ ក្រមថ្មីនេះផ្ដល់ការធានាតិចតួចនូវប្រភេទនៃសិទ្ធិរបស់អ្នកប្រើប្រាស់លក្ខណៈប្រពៃណីលើភោគផលព្រៃឈើ ដែលធ្វើឱ្យ «ប៉ះពាល់» ដល់សិទ្ធិក្នុងការអាស្រ័យផលដំណាំដូរវេន ឬដំណាំវិលជុំផងដែរ។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់ CCHR បានយល់ស្របថា ជនជាតិដើមភាគតិចជាច្រើនកំពុងជួបប្រទះការលំបាកក្នុងការស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាព ដោយសារតែដីរបស់ពួកគេត្រួតគ្នានឹងដីសម្បទានសេដ្ឋកិច្ច និងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃដែលជាតំបន់ការពារបរិស្ថាន ។ លោកបាននិយាយថា៖ «នៅខាងក្នុងតំបន់ការពារធនធានធម្មជាតិ ជនជាតិដើមភាគតិចមិនអាចធ្វើកសិកម្មបែបចម្ការវិលជុំបានទេ ។ ពួកគេបារម្ភថា សិទ្ធិរបស់ពួកគេកាន់តែរួមតូចទៅៗ»។
លោក សុផាត បាននិយាយថា៖ «ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពមិនបានពន្លឿនតាមការប្តេជ្ញាចិត្តទេ ជនជាតិដើមភាគតិចជាច្រើនណាស់ដែលគាត់ប្រឈមនឹងការបាត់បង់ដីដែលគាត់អាស្រ័យផល»។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយថា រដ្ឋាភិបាល«គោរពនិងការពារសិទ្ធិរបស់ជនជាតិដើមភាគតិច» ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះនៅចំពេលនៃការប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក។
ក្រសួងអភិវឌ្ឍន៍ជនបទបានប្រារព្ធព្រឹត្តិការណ៍នេះនៅខេត្តបាត់ដំបង ដែលចូលរួមដោយអ្នកពាក់ព័ន្ធ និងអង្គការជនជាតិដើមភាគតិច ។
លោក សោម គន្ធារី អ្នកគ្រប់គ្រងគម្រោងនៃអង្គការជនជាតិដើមភាគតិចកម្ពុជា បានឱ្យដឹងថា ពលរដ្ឋជនជាតិដើមភាគតិចនឹងប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី១១ និងទី១២ នៅខេត្តព្រះវិហារ និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។
កាលពីខែមុន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក វិទិត ម៉ុនតាបន លើកទ្បើងថា សិទ្ធិរបស់ជនជាតិដើមភាគតិចនៅតែត្រូវបានរឹតត្បិតដោយសារហេតុផលនានា ក្នុងនោះរួមមានការគំរាមកំហែងវិធានការផ្លូវច្បាប់ដែលក្រុមហ៊ុនឯកជនធ្វើមកលើសហគមន៍ ជាដើម ។
«សហគមន៍ត្រូវបានគេប្រាប់ឱ្យទទួលយកដីសហគមន៍ទំហំតូចសម្រាប់ការចុះបញ្ជីស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាព ជាថ្នូរនឹងការលុបចោលការចោទប្រកាន់បទព្រហ្មទណ្ឌមកលើសមាជិករបស់ខ្លួន» នេះជាអ្វីដែលលោក វិទិត បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបរបស់លោកជាមួយជនជាតិដើមភាគតិចនៅក្នុងខេត្តភាគឦសាន្តចំនួន ២ ។
លោកស្រី មែ ក្រែ ជាជជនជាតិភាគតិចពូនងដែលរស់នៅក្នុងភូមិពូឡា ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ ខេមបូចា ថា សហគមន៍របស់អ្នកស្រីពិបាកក្នុងការដាក់ពាក្យស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាព ពីព្រោះដីរបស់ពួកគេស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ដែលគេចាត់ទុកជាតំបន់ការពារបរិស្ថាន។
លោកស្រីនិយាយថា៖ «គេមិនអនុញ្ញាតឱ្យយើងកាប់ដើមឈើណាមួយនៅលើដីនោះឡើយ។ ហើយដោយសារវាជាដែនជម្រកសត្វព្រៃ គេមិនឱ្យយើងធ្វើចម្ការនៅទីនោះទេ ។ បើយើងធ្វើ គេនឹងចាប់យើង»។អ្នកស្រីបានប្រាប់ឱ្យបងប្រុសអ្នកស្រីទៅប្រាប់អាជ្ញាធរឱ្យជួយដោះស្រាយបញ្ហានេះ ដោយសារសព្វថ្ងៃ អ្នកស្រីគ្មានដីធ្វើចម្ការចិញ្ចឹមជីវិតទេ។
លោកស្រី ក្រែ បាននិយាយថា៖ «អាជ្ញាធរគួរវាស់វែងដីឱ្យបានឆាប់រហ័សដើម្បីឱ្យដឹងថាដីណាដាំដុះបាន និងដីណាស្ថិតនៅក្នុងតំបន់ការពារ»។
កាលពីដើមខែសីហា ជនជាតិដើមភាគតិចប្រមាណ ២០០នាក់បាននាំគ្នាតវ៉ាទាមទារឱ្យអាជ្ញាធរខេត្តមណ្ឌលគិរីពន្លឿនការស្នើសុំប័ណ្ណសកម្មសិទ្ធិដីសមូហភាពរបស់ពួកគេ បន្ទាប់ពីក្រុមឧទ្យានុរក្សរបស់ក្រសួងបរិស្ថានបានបំផ្លាញដើមកៅស៊ូរបស់សមាជិកសហគមន៍ម្នាក់ ។ អាជ្ញាធរបានអះអាងថា ដើមកៅស៊ូទាំងនោះបានដាំដុះនៅក្នុងតំបន់ការពារបរិស្ថាន។
អ្នកសម្របសម្រួលសម្ព័ន្ធភាពជនជាតិដើមភាគតិចកម្ពុជា លោក សំប៉យ ចាន់សុភា បានបង្ហាញទស្សនៈថា រដ្ឋាភិបាលហាក់មិនសូវផ្ដល់ការយកចិត្តទុកដាក់ចំពោះក្ដីកង្វល់របស់ជនជាតិដើមភាគតិច និងមានភាពយឺតយ៉ាវក្នុងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាព។
លោកបាននិយាយថា៖ «ការគាំទ្រដំណើរការចុះបញ្ជីដីសមូហភាព យើងពឹងផ្អែកលើមូលនិធិម្ចាស់ជំនួយ។ វាអត់មានកញ្ចប់ថវិការរដ្ឋដើម្បីគាំទ្រកិច្ចការងារនេះទេ»។
លោក ចាន់សុភា យល់ឃើញថា មាន «ការរាំងស្ទះ» នៅក្នុងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាពដោយសារតែ «ទំនាស់ផលប្រយោជន៍» ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដែលធ្វើព្រងើយកន្តើយចំពោះការស្នើសុំការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាព។
លោក ចាន់សុភាបាននិយាយថា៖ «នៅពេលពួកគេពង្រីក[តំបន់ការពារ] វានឹងប៉ះពាល់ដល់តំបន់របស់ជនជាតិដើមភាគតិច ហើយពួកគេនឹងមិនអាចស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាពបានទេ»។
លោកបានបន្តថា៖ «ប្រសិនបើគ្មានបណ្ណកម្មសិទ្ធិដីសមូហភាពទេ យើងគ្មានសុវត្ថិភាពដីធ្លីទេ។ វានឹងប៉ះពាល់ខ្លាំងមកលើជីវភាពនិងការធ្វើស្រែចម្ការនៅលើដីប្រពៃណីរបស់ជនជាតិដើមភាគតិច»។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ពិត ករុណា បាននិយាយថា ក្រសួងមានតួនាទីភារៈកិច្ចត្រឹមតែរៀបចំផែនការអភិវឌ្ឍន៍សហគមន៍ និងការសិក្សាស្រាវជ្រាវពីជនជាតិដើមភាកតិច ដើម្បីកំណត់ឱ្យច្បាស់លាស់ពីអត្តសញ្ញាណប្រពៃណីវប្បធម៌ និងទំនៀមទម្លាប់ដែលមានស្រាប់នៅក្នុងសហគមន៍នីមួយៗ និងបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគណៈកម្មាការសហគមន៍។
លោក ករុណា បាននិយាយថា៖ «នៅក្នុងដំណើរការនេះ សហគមន៍ត្រូវស្រុះស្រួលឆន្ទៈ និងឯកភាពក្នុងការស្នើសុំការទទួលស្គាល់អត្តសញ្ញាណ ឬក៏ឯកភាពស្នើសុំអ្វីមួយ»។
យោងតាមទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សហគមន៍ជនជាតិដើមភាគតិចមានចំនួន ៤៥៥សហគមន៍ ហើយក្នុងនោះក្រសួងទទួលស្គាល់អត្តសញ្ញាណបានចំនួន ១៩៤សហគមន៍។
លោក ករុណា បាននិយាយថា និតិវិធីដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាព គឺមានបីដំណាក់កាលដែលសហគមន៍ត្រូវតែបំពេញនៅក្នុងដំណើរការចុះបញ្ជីស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាព។
ដំណាក់កាលទីមួយ គឺក្រសួងអភិវឌ្ឍន៍ជនបទធ្វើការទទួលស្គាល់អត្តសញ្ញាណ
សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ដំណាក់កាលទីពីរ សហគមន៍ត្រូវមានការទទួលស្គាល់ជានីតិបុគ្គលពីក្រសួងមហាផ្ទៃជាចាំបាច់ និងដំណាក់កាលចុងក្រោយ គឺសហគមន៍ដាក់ពាក្យស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាព នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបដិសេធរបាយការណ៍របស់ CCHR ដែលថា ការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាពរបស់ជនជាតិដើមភាគតិចមានភាពយឺតយ៉ាវ ។ លោកបាននិយាយថា តាមពិតទៅ ការចុះបញ្ជីនេះប្រព្រឹត្តទៅតាមផែនការ។
លោក ឡូត បានបន្តថា៖ «ប្រសិនបើពួកគាត់ [សហគមន៍]ដាក់ពាក្យស្នើសុំចុះបញ្ជីចងក្រងជាសហគមន៍ហើយ ប៉ុន្តែ មិនបានស្នើសុំចុះបញ្ជីដីធ្លី អីចឹងយើងក៏មិនអាចធ្វើទៅបានដែរ លុះត្រាតែស្នើសុំចុះបញ្ជីដី»។
លោកបានលើកឡើងថា សហគមន៍ជាង ១០០សហគមន៍បានដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ (ដែលជាជំហានទីពីរហើយសហគមន៍ជនជាតិដើមភាគតិច ដែលបានស្នើសុំបណ្ណកម្មសិទ្ធិដីសមូហភាពពីក្រសួងដែនដីមានចំនួន ៩៨សហគមន៍តែប៉ុណ្ណោះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Expedite Collective Land Titles for Indigenous People Who Risk Losing Their Farmlands, NGOs Urge Government