កាលពីថ្ងៃទី១៥ ខែកញ្ញា លោក ដួង ចន្ត្រា បានទទួលសារអនាមិកមួយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលអ្នកផ្ញើគំរាមសម្លាប់លោក និងសហការីពីរនាក់ទៀត។
សារដែលអមដោយរូបស្ទីកឃ័រកាំបិតចំនួន ៣ និងរូបថតកាំភ្លើងខ្លីមួយដើមដែលមានម្រាមដៃនៅលើកៃកាំភ្លើងត្រូវបានផ្ញើមកពីគណនីហ្វេសប៊ុកមួយឈ្មោះ«ខ្លាពិឃាតរាជធានី»។
អ្នកដែលនៅពីក្រោយគណនីហ្វេសប៊ុកនេះ មុនបូងបានផ្ញើរូបថតរបស់ចន្ត្រា និងសហការីពីរនាក់របស់គាត់។ បន្ទាប់មក អ្នកផ្ញើនោះបានគំរាមចាប់លោក ចន្ត្រា អតីតអនុប្រធានគណបក្សសង្គ្រោះជាតិខេត្ត និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិពីរនាក់ទៀតដែលរស់នៅក្នុងប្រទេសថៃ។ សារនោះសរសេរថាប្រសិនបើលោកចន្ត្រានិងបក្សពួកមិនត្រូវបានចាប់មកឃុំខ្លួននៅចុងខែនេះទេ អ្នកផ្ញើសារថានឹងសម្លាប់ពួកគាត់ចោលនៅបាងកក។
សារនោះបានសរសេរថា៖ «យ៉ាងយូរមួយអាទិត្យ ពីរអាទិត្យទៀត អញនឹងទៅអូសក្បាលអាបីនាក់ឯង មកញាត់គុកដូចគ្នា។ បើអូសក្បាលអាបីនាក់ឯងមកញាត់គុកមិនបាន អញក៏សំលេះពួកអាក្បត់ឯងចោលនៅបាងកកហ្នឹងដែរ»។
បន្ទាប់ពីគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ ត្រូវបានចោទប្រកាន់ពីបទសមគំនិតផ្ដួលរំលំរដ្ឋាភិបាល និងត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ មេដឹកនាំ និងសកម្មជនគណបក្សជាង ២០០ នាក់បានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ដើម្បីគេចពីការចាប់ខ្លួនក្រោមបទចោទពាក់ព័ន្ធនឹងការបន្តគាំទ្របក្សដែលត្រូវបានរំលាយនេះ។
ជិតប្រាំឆ្នាំក្រោយមក អ្នកនយោបាយនិរទេសខ្លួនអតីតគណបក្សសង្គ្រោះជាតិប្រហែល៤០នាក់ នៅតែស្ថិតក្នុងប្រទេសថៃ រួមទាំងលោកចន្រ្តា ផងដែរ។ ពួកគេត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួនដោយអង្គការសហប្រជាជាតិ ប៉ុន្តែពួកគេជាច្រើននៅតែបន្តរស់នៅក្នុងភាពភ័យខ្លាច ដោយសារតែការគំរាមកំហែងសម្លាប់ដោយជនអនាមិក និងហានិភ័យនៃការចាប់ខ្លួន ការបញ្ជូនត្រលប់មកវិញ និងការចាប់ដាក់ពន្ធនាគារដោយអាជ្ញាធរថៃ និងកម្ពុជា។
លោក ចន្ត្រា ជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ដែលបានរត់គេចខ្លួនបន្ទាប់ពីបដិសេធមិនចូលរួមជាមួយគណបក្សកាន់អំណាចបាននិយាយថា៖ «ប្រសិនបើយើងស្នាក់នៅទីនេះ យើងនឹងភ័យខ្លាចអស់មួយជីវិត។ យើងស្ទើរតែបាត់បង់ស្មារតីអស់ហើយ»។
នៅឆ្នាំ ២០១៩ នៅពេលដែលសហស្ថាបនិកគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ប្រកាសពីចេតនាវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីរស់នៅនិរទេសខ្លួននៅប្រទេសបារាំងអស់ជាច្រើនឆ្នាំ លោក ចន្ត្រា បាននិយាយថា លោកបានគ្រោងប្រមូលផ្តុំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីស្វាគមន៍លោក សម រង្ស៊ី នៅទីក្រុងបាងកក។ មេបក្សប្រឆាំងរូបនេះ មិនអាចឡើងយន្តហោះមកកម្ពុជាបានទេ ប៉ុន្តែតុលាការខេត្តកំពង់ឆ្នាំង នៅតែចេញដីកាចាប់ខ្លួនលោក ចន្ត្រា នៅឆ្នាំនោះ ដោយចោទប្រកាន់លោកពីបទសមគំនិតប្រឆាំងនឹងរដ្ឋាភិបាល ជាឧក្រិដ្ឋកម្មដែលផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ លិខិតឆ្លងដែនរបស់លោកក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាដកហូតផងដែរ ដោយបន្សល់ទុកនូវលិខិតរបស់អង្គការសហប្រជាជាតិថា លោកមានសិទ្ធិជ្រកកោននៅប្រទេសថៃ។
ជីវិតជាជនភៀសខ្លួននយោបាយធ្វើឱ្យលោកចន្រ្តាភ័យខ្លាចជារៀងរាល់ថ្ងៃ។ នគរបាលថៃតែងតែសួរម្ចាស់ផ្ទះជួលរបស់លោកឱ្យប្រាប់ឈ្មោះពលរដ្ឋខ្មែរដែលស្នាក់នៅក្នុងអគារ។ ពេលប៉ូលីសចុះមកត្រួតពិនិត្យ ចន្ត្រាបានគេចខ្លួនទៅកន្លែងផ្សេងទៀត។
លោកបានថ្លែងថា៖ «ទោះបីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជានៅតែតាមចាប់មេដឹកនាំគណបក្សប្រឆាំងមិនថាយើងនៅទីណានោះទេ»។
រស់នៅក្នុងភាពភ័យខ្លាច
ចាប់តាំងពីឆ្នាំ ២០១៧ ជនភៀសខ្លួននយោបាយរបស់គណបក្សសង្គ្រោះជាតិជាង ២០០ នាក់បានភៀសខ្លួនទៅប្រទេសថៃ ដោយតិចជាង ៤០ នាក់បានតាំងទីលំនៅថ្មីនៅប្រទេសទីបី ហើយប្រហែល ៤០ នាក់នៅតែរស់នៅក្នុងប្រទេសថៃ នេះបើយោងតាម សៅ ពលក្ខណ៍ ដែលជាគណៈកម្មាធិការគ្រប់គ្រងជនភៀសខ្លួនរបស់គណបក្សសង្គ្រោះជាតិក្នុងប្រទេសថៃ។
លោក ពលក្ខណ៍ បាននិយាយថា ចាប់តាំងពីពេលនោះមក មានមនុស្សជាង ១៥០នាក់ បានត្រឡប់មកកម្ពុជាវិញ ហើយ ៣នាក់ត្រូវបានចាប់ខ្លួន និងនិរទេសត្រឡប់ទៅប្រទេសកម្ពុជាវិញ។
លោក វឿង សំណាង និងលោក ឡាញ់ ថាវរី ជាអតីតមន្ត្រីឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ និងលោក វឿន វាសនា អ្នកផ្សាយទូរទស្សន៍អនឡាញរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងនិរទេសមកកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំមុន។ អ្នកទាំងបីត្រូវបានទទួលស្គាល់ថាជាអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ យ៉ាងហោចណាស់ពីរនាក់ក្នុងចំណោមពួគគេទាំងបីនាក់នេះត្រូវបានកាត់ទោសពីបទញុះញង់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី១៨ខែ ទៅ២ឆ្នាំ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។ អ្នកទាំងបីកំពុងជាប់ពន្ធនាគារនៅកម្ពុជា។
ចាប់តាំងពីសហការីទាំងបីនាក់របស់លោកត្រូវបានឃុំខ្លួន និងដាក់ពន្ធនាគារមក លោក ចន្រ្តា បាននិយាយថាលោកមិនសូវហ៊ានចេញពីផ្ទះឡើយ។ លោកក៏បានឈប់ធ្វើការសំណង់នៅដើមឆ្នាំនេះ ដោយខ្លាចអាជ្ញាធរថៃចាប់លោកនៅកន្លែងធ្វើការ ហើយបញ្ជូនលោកមកកម្ពុជាវិញ។
លោកបានថ្លែងថា៖ «សម្រាប់ពួកយើង ការផ្លាស់មកនេះប្រទេសថៃដើម្បីរស់នៅនេះគឺលំបាកណាស់។ ពួកយើងមិនមានម្ហូបអាហារហូបចុកគ្រប់គ្រាន់ ហើយតស៊ូចេញទៅធ្វើការដោយភ័យខ្លាច។ ពួកយើងតែងតែខ្លាចគេចាប់ខ្លួន។ ពួកយើងពិតជាព្រួយបារម្ភមែនចំពោះការគំរាមកំហែងពីរដ្ឋាភិបាលក្រុងភ្នំពេញ»។
អ្នកស្រី សាត ផា សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត បាននិយាយថា ចាប់តាំងពីមកដល់ប្រទេសថៃក្នុងខែមេសា អ្នកស្រីបានផ្លាស់ប្តូរកន្លែងរស់នៅពីរដង ដោយសារអ្នកស្រីបានឃើញមនុស្សចម្លែកមកមើលអ្នកស្រី ដោយឈរនៅមុខបន្ទប់ជារៀងរាល់ថ្ងៃ និងតាមពេលអ្នកស្រីដើរតែម្នាក់ឯងដើម្បីទៅយកអាហារនៅវត្តក្បែរនោះ។
អ្នកស្រី ផា បាននិយាយថាអ្នកស្រីមិនគិតថាមានសុវត្ថិភាពនោះឡើយ ក្នុងការរស់នៅប្រទេសថៃ ដោយអ្នកស្រីជឿថាជនភៀសខ្លួននយោបាយដែលស្នាក់នៅទីនោះ នឹងត្រូវបញ្ជូនមកកម្ពុជាវិញដោយអាជ្ញាធរថៃ។
សកម្មជនដែលបានជាប់ពន្ធនាគារក្នុងការតវ៉ានៅខាងក្រៅស្ថានទូតចិននៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០២០ រូបនេះបានថ្លែងថា៖ «យើងមិនហ៊ានចេញក្រៅទេ ព្រោះប្រឈមនឹងការចាប់ខ្លួន និងការគំរាមកំហែងដល់អាយុជីវិតយើង។ ខ្ញុំភៀសខ្លួននៅប្រទេសទីពីរនេះរស់នៅក្នុងភាពលំបាកលំបិនណាស់ គ្មានផ្ទះសម្បែង និងគ្មានប្រាក់ចំណូលអីទេ។ ខ្ញុំរស់នៅដោយសុំអាហារនៅវត្ត»។
អ្នកស្រីផា បានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅប្រទេសទីបីរួចហើយ។
ការគំរាមកំហែងពីមុន
ការគំរាមសម្លាប់ដែលផ្ញើទៅលោក ចន្រ្តា កាលពីខែមុនក៏សំដៅទៅលោក ហុង ថេង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ ដែលរស់នៅប្រទេសថៃដែរ។
លោក ថេង បាននិយាយថាលោកបានទទួលការគំរាមសម្លាប់ស្រដៀងគ្នា ពីគណនីហ្វេសប៊ុកដូចគ្នាកាលពីថ្ងៃទី ៥ ខែមិថុនា នៅពេលដែលលោកបានឡាយហ្វេសប៊ុកមួយថ្ងៃ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា។ លោក ថេង នៅពេលនោះបាននិយាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត រួមទាំងការិយាល័យបោះឆ្នោតមួយចំនួនខ្វះអ្នកសង្កេតការណ៍ឯករាជ្យ។
លោកបានមានប្រសាសន៍ថាអតីតមន្រ្តីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនស្ថិតក្នុង«គ្រោះថ្នាក់ធ្ងន់ធ្ងរ» ហើយពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមសម្លាប់នេះ។
នៅពាក់កណ្តាលខែកញ្ញា លោក ចន្រ្តា លោក ថេង និងអតីតសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិ លោក តាំង សុផុន បានជូនដំណឹងទៅភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងមេធាវីការពារជនសុំសិទ្ធិជ្រកកោនថៃ អំពីការគំរាមកំហែងប្រឆាំងនឹងពួកគេរួចហើយ។
លោក ចន្ត្រាបាននិយាយថាលោកបានដាក់ពាក្យសុំសិទ្ធិជ្រកកោន ជាលើកដំបូងនៅប្រទេសទីបីតាំងពីឆ្នាំ២០១៩ ប៉ុន្តែលោកមិនទាន់ទទួលបានសិទ្ធទៅប្រទេសណាមួយនៅឡើយ ហើយលោកក៏ខ្លាចមានការចាប់ខ្លួន និងការនិរទេសមកកម្ពុជាវិញដែរ។
លោកបានលើកឡើងថា៖ «យើងនៅតែស្ថិតក្នុងភាពគ្រោះថ្នាក់ បើទោះជា UNHCR បានផ្តល់សិទ្ធិជ្រកកោនដល់ពួកយើងក៏ដោយ។ ដោយសារខ្ញុំធ្លាប់មានបទពិសោធន៍នេះពីមុនមក ខ្ញុំមានការព្រួយបារម្ភថា ប្រសិនបើ UNHCR មិនរកកន្លែងមានសុវត្ថិភាពសម្រាប់ខ្ញុំរស់នៅទេ នោះខ្ញុំប្រហែលជាមានបញ្ហាដូច [អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវនិរទេស] សំណាង និងវាសនាដែរ»។
ការភ័យខ្លាចក្នុងការធ្វើបត្យាប័ន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស បានកត់សម្គាល់ឃើញពីស្ថានភាពជាក់ស្តែង ការដោះដូរគ្នារវាងកម្ពុជានិងថៃ ដែលប្រទេសនីមួយៗតែងចាប់ខ្លួនបញ្ជូន អ្នកនយោបាយប្រឆាំងដែលជ្រកកោនឱ្យប្រទេសសាមីតាមការស្នើសុំរៀងខ្លួន។
កម្ពុជានិងថៃ បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០១៨ ដើម្បីដោះដូរ«ជនល្មើសបរទេសដែលគេចខ្លួន» ដើម្បីការពារកុំឱ្យប្រទេសទាំងពីរ ក្លាយជាមូលដ្ឋានសម្រាប់«ការញុះញង់និងបង្កជម្លោះ» នេះបើយោងតាមសេចក្តីរាយការណ៍ របស់កាសែតភ្នំពេញប៉ុស្តិ៍ដែលបានដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃនាពេលនោះ។ ប៉ុន្មានថ្ងៃក្រោយមក សមាជិកបក្សប្រឆាំងកម្ពុជានៅទីក្រុងបាងកក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពួកគេបានកត់សម្គាល់ថាឃើញមានរថយន្តយោធាកម្ពុជា នៅជិតផ្ទះរបស់ពួកគេ។
ក្រុមអ្នកការពារសិទ្ធិជនភៀសខ្លួន (Asylum Access Thai) បានឱ្យដឹងថា ប្រទេសថៃមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ឡើយ ហើយ«មិនមានច្បាប់ណាមួយនៅថៃដើម្បីផ្តល់ឱ្យជនភៀសខ្លួននូវភាពស្របច្បាប់ណាមួយឡើយ»។
រឿងនេះមានន័យថាជនសុំសិទ្ធជ្រកកោនរាប់ពាន់នាក់ខ្វះភាពស្របច្បាប់ ដែលកក្តានេះ«បានធ្វើឱ្យពួកគេប្រឈមនឹងហានីភ័យនៃការចាប់ខ្លួន ការឃុំខ្លួន និងការបញ្ជូនត្រឡប់ទៅរកគ្រោះថ្នាក់» នៅប្រទេសកំណើតរបស់ពួកគេវិញ។
អ្នកនាំពាក្យភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃបាននិយាយថា តិចជាង១% នៃជនភៀសខ្លួននៅលើពិភពលោកត្រូវបានតាំងទីលំនៅថ្មីជារៀងរាល់ឆ្នាំ ហើយគិតត្រឹមចុងខែកញ្ញា ប្រទេសថៃមានអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួននៅចំនួន៤៨០០នាក់ ។
Roussel-Hemery បានប្រាប់តាមអ៊ីម៉ែលថា៖ «ជាមួយនឹងកូតាមានកំណត់សម្រាប់ ការតាំងលំនៅថ្មី ជារៀងរាល់ឆ្នាំ UNHCRប្រចាំប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសផ្តល់សិទ្ធិ ជ្រកកោនផ្តល់អាទិភាពដល់ជនភៀសខ្លួនដោយផ្អែកលើតម្រូវការការពាររបស់ពួកគេ ។ មិនមែនជនភៀសខ្លួនទាំងអស់នឹងមានសិទ្ធិទទួលបានការតាំងទីលំនៅថ្មីទេ»។
«អនុវត្តតាមច្បាប់»
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ច្រានចោលការអះអាងរបស់មន្រ្តីអតីតគណបក្សសង្រ្គោះជាតិដែលនិរទេសខ្លួននៅប្រទេសថៃ ដែលចោទថារដ្ឋាភិបាលក្រុងភ្នំពេញបានបញ្ជូនអាជ្ញាធរទៅឃ្លាំមើលពួកគេ។
លោកបានលើកឡើងថា៖ «រាជរដ្ឋាភិបាលយល់អំពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដូច្នេះការចោទប្រកាន់ថាមានបញ្ជូនភ្នាក់ងារសមត្ថកិច្ចទៅធ្វើការប្រតិបត្តិការនៅក្នុងប្រទេសថៃ វាអត់មានទេ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា អតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិក្នុងប្រទេសថៃ ប្រហែលជាខ្លាច«អំពើអាក្រក់របស់ពួកគេកន្លងមកនៅកម្ពុជា» និងការចាប់ខ្លួនជាបន្តបន្ទាប់។
លោកបាននិយាយថា៖«យើងមិនដែលតាមចាប់អ្នកនយោបាយទេ។ ឧក្រិដ្ឋជនទាំងអស់ សុទ្ធតែមានដីការតុលាការពាក់ព័ន្ធនឹងបទឧក្រិដ្ឋ [មុនពេលចាប់ខ្លួន]»។
លោក គឹម ឃឿន បាននិយាយថា ទោះបីជាការទាមទារសិទ្ធិជ្រកកោនក្តី ការធ្វើបត្យាប័នគឺអាស្រ័យលើប្រទេសម្ចាស់ផ្ទះដែលបញ្ជូនមនុស្សត្រឡប់មកកម្ពុជាវិញ។
លោកបានមានប្រសាសន៍ថា៖ «យើងមានកិច្ចសហប្រតិបត្តិការមែន ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធតែអនុវត្តទៅតាមច្បាប់របស់ប្រទេសនីមួយៗ»។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ប្រទេសមួយចំនួន រួមទាំងប្រទេសថៃ បានសហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនសកម្មជនកម្ពុជាមកប្រទេសវិញ។
អ្នកស្រីមានប្រសាសន៍ថា៖ «វាជាការបំពានទៅលើសិទ្ធិសុំជ្រកកោនផ្នែកនយោបាយ ដែលធានាដោយអង្គការសហប្រជាជាតិ។ ប្រទេសជាសមាជិកគួរតែអនុលោម ទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិក្នុងការផ្ដល់នូវកិច្ចគាំពារ ហើយធានាថាពួកគាត់មានសុវត្ថិភាព»។
ដើម្បីការពារជនភៀសខ្លួននៅក្នុងប្រទេសថៃ លោកស្រីបាននិយាយថា ប្រទេសទីបីគួរតែពន្លឿនដំណើរការផ្តល់សិទ្ធិជ្រកកោនដើម្បីទទួលយកអ្នកដែលស្ថិតនៅក្រោមការគំរាមកំហែង។
អ្នកស្រី សុភាព បានថ្លែងថា៖ «ពីព្រោះការពន្យាពេលកាន់តែយូរ [ក្នុងការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន] ធ្វើឱ្យពួកគាត់ប្រឈមនឹងហានិភ័យកាន់តែច្រើនឡើង»។
ទោះបីជាមានការគំរាមកំហែងសម្លាប់ ហានិភ័យនៃការចាប់ខ្លួន និងត្រូវប្រឈមនឹងការបញ្ជូនត្រលប់មកវិញ ក៏អតីតមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលនិរទេសខ្លួនបាននិយាយថា ពួកគេនៅតែសង្ឃឹមថាពួកគេនឹងស្វែងរកបាន កន្លែងសុវត្ថិភាពនៅក្នុងប្រទេសទីបី ហើយនឹងបន្តតស៊ូដើម្បីសិទ្ធិរបស់ពួកគេ ក្នុងការចូលរួមក្នុងនយោបាយ។ អ្នកខ្លះថាប្រសិនបើមិនអាចទៅណាទេមានតែទទួលយកភាពអយុត្តិធម៌។
លោក ចន្ត្រា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកបានលើកទឹកចិត្តខ្លួនឯងដោយគិតថាការធ្វើនេះដើម្បីអនាគតរបស់ប្រទេស និងប្រជាជនកម្ពុជា។
លោកបានលើកឡើងថា៖ «ខ្ញុំនឹងមិនបោះបង់ការចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយឡើយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Facing Death Threats, CNRP Exiles in Thailand Seek Safer Refuge