នៅក្នុងសកម្មភាពជាបន្តបន្ទាប់ ដែលគាប់ជួននឹងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក សមាជិកគ្រួសារនៃសកម្មជននយោបាយនិងបរិស្ថានដែលកំពុងជាប់ពន្ធនាគារបានអំពាវនាវរកជំនួយជាថ្មីម្តងទៀត ក្នុងការធានាឱ្យមាន ការដោះលែងសាច់ញាតិជាទីស្រឡាញ់របស់ពួកគេពីពន្ធនាគារ។
សមាជិកគ្រួសារជាង១០នាក់នៃក្រុមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារបានដាក់ញត្តិមួយនៅថ្ងៃសុក្រនេះ ទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីសុំជំនួយក្នុងការធានាឱ្យមានការដោះលែងសាច់ញាតិរបស់ពួកគាត់។ ពួកគាត់ក៏បានដាក់ញត្តិទៅស្ថានទូតសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនផងដែរ។
អ្នកស្រី ព្រំ ចន្ថា ជាភរិយារបស់លោក កាក់ កុម្ភារ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិបាននិយាយថា បុគ្គលិកអង្គការសហប្រជាជាតិបានទទួលញត្តិនេះ ហើយបានប្រាប់ក្រុមអ្នកតវ៉ាថា ពួកគេនឹងព្យាយាមជួយជំរុញរដ្ឋាភិបាលកម្ពុជាឲ្យមានដំណោះស្រាយ។
អ្នកស្រី ចន្ថា មានប្រសាសន៍ថា៖ «ដោយសារតែប្តីរបស់ខ្ញុំនិងអ្នកទោសដទៃទៀតគ្មានកំហុស ដូច្នេះយើងស្នើសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដើម្បីជំរុញរដ្ឋាភិបាលឲ្យដោះលែងប្តី ប្រពន្ធ ឪពុក និង ម្តាយរបស់យើង»។
អ្នកស្រីបន្តថា អ្នកស្រីមានការព្រួយបារម្ភអំពីសុខភាពប្តីរបស់ខ្លួននៅក្នុងពន្ធនាគារព្រោះថា ជំងឺកូវីដ-១៩ នៅពេលនេះកំពុងឆ្លងរាលដាលនៅក្នុងពន្ធនាគារ។ អ្នកស្រីមិនអាចទៅសួរសុខទុក្ខប្តីរបស់អ្នកស្រីប្រហែល៣ខែមកហើយដោយ សារការផ្ទុះឡើងនៃជំងឺកូវីដ ដូច្នេះអ្នកស្រីមិនដឹងពីស្ថានភាពសុខភាពរបស់គាត់ទេ។
អ្នកស្រី ចន្ថា និងក្រុមរបស់អ្នកស្រីបានកាន់បដា ដើម្បីស្នើសុំឱ្យអង្គការសហប្រជាជាតិជួយប្តីនិងសកម្មជនដទៃទៀតដោយបង្ហាញរូបថតរបស់អ្នកជាប់ពន្ធនាគារនៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាតាមបណ្តោយផ្លូវលេខ២៧១។ អាជ្ញាធរបានហៅសកម្មភាពបែបនេះថា ជាការបង្កគ្រោះថ្នាក់ដល់សង្គម ប៉ុន្តែអ្នកស្រី ចន្ថា បានបដិសេធដាច់ អហង្ការការចំពោះការចោទប្រកាន់នេះ។
អ្នកស្រី ចន្ថា បាននិយាយថា៖ «ប្រសិនបើយើងមិនលើកបដាឬស្រែកទាមទារទេ តើអ្នកណាអាចដឹងថា យើងចង់បានអ្វី?»។
អ្នកស្រី ចន្ថា និងអ្នកផ្សេងទៀតបានប្រឈមមុខនឹងកងសន្តិសុខខណ្ឌចំការមនជាង ១០នាក់ ដែលត្រូវបានបញ្ជាដោយអភិបាលរងខណ្ឌឱ្យរឹបអូសយកបដានិងរូបថតរបស់សាច់ញាតិ ដែលជាប់ពន្ធនាគារ។
លោក កែវ សំណាង អភិបាលរងខណ្ឌចំការមនបាននិយាយទៅកាន់ក្រុមអ្នកតវ៉ានៅចំពោះ មុខអ្នកសារព័ត៌មានថា ទម្រង់នៃការតវ៉ាក្នុងរូបភាពបែបនេះ មិនអាចត្រូវបានអនុញ្ញាតឡើយ។
លោក សំណាង មានប្រសាសន៍ថា៖«ប្រសិនបើពួកគេគ្រាន់តែមកដាក់ញត្តិ ពួកគេអាចអង្គុយដោយស្ងៀមស្ងាត់ ប៉ុន្តែប្រសិនបើពួកគេលើកបដាបែបនេះ វាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ»។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់ខេមបូចា តាមអ៊ីមែលថា ការិយាល័យរបស់ខ្លួនកំពុងអំពាវនាវជាថ្មីឲ្យអាជ្ញាធរការពារអ្នកដែលកំពុងជាប់ពន្ធនាគារ។ ការិយាល័យនេះ បានជំរុញឱ្យមាន ការដោះលែងក្រុមអ្នកជាប់ឃុំជាក់លាក់មួយចំនួន ដែលជាផ្នែកនៃវិធានការណ៍បន្ទាន់ដើម្បីកាត់បន្ថយចំនួនអ្នកជាប់ពន្ធនាគារ ស្របពេលចាត់វិធានការ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបន្តកើតមាននៅក្នុងពន្ធនាគាររបស់ប្រទេសនេះ។
ការិយាល័យនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងអំពាវនាវឱ្យអាជ្ញាធរធានាថា រាល់អ្នកជាប់ឃុំទាំងអស់មានមធ្យោបាយ ដើម្បីទំនាក់ទំនងជាមួយគ្រួសារ ដើម្បីជូនដំណឹងដល់ពួកគេអំពីស្ថានភាពសុខភាពរបស់ខ្លួន។ ដោយសារមានការឆ្លងរាលដាលជំងឺកូវីដ–១៩ នៅក្នុងពន្ធនាគារមួយចំនួនក្នុងប្រទេសនិងការទំនាក់ទំនងទៅគ្រួសារនៅមានកម្រិត ដូច្នេះវាចាំបាច់ណាស់ ដែលអាជ្ញាធរអនុញ្ញាតឱ្យមានការទំនាក់ទំនងតាមរយៈទូរសព្ទ និងមធ្យោបាយពីចម្ងាយផ្សេងទៀត »។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ក្រុមអ្នកតវ៉ាអាចដាក់ញត្តិនៅកន្លែងណាក៏បាន ដូចដែលពួកគេបានដាក់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថានទូតនានា ប៉ុន្តែការដាក់ញត្តិមិនអាចមានឥទ្ធិពលលើតុលាការបានទេ។
លោក ម៉ាលីន បានមានប្រសាសន៍ថា៖ «ជាគោលការណ៍ច្បាប់ គេមិនអាចអន្តរាគមន៍ទៅតុលាការកើតទេ ពីព្រោះវាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។
កាលពីថ្ងៃទី១ ខែមិថុនា លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋ អាមេរិកបានដឹកនាំគណៈប្រតិភូមកកាន់រដ្ឋធានីភ្នំពេញ ដែលបានជួបជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើច្រើនចំណុចទាក់ទិននិងការគោរពសេរីភាពជាមូលដ្ឋាន។
លោកស្រី Sherman បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនទាំងលើឆាកអន្តរជាតិនិងក្នុងស្រុកចំពោះសិទ្ធិស៊ីវិល។ ក្នុងនោះដែរ លោកស្រីក៏បានអំពាវនាវឱ្យអាជ្ញាធរទម្លាក់ចោលភ្លាមៗរាល់ការចោទប្រកាន់ ដែលមានហេតុផលនយោបាយលើសមាជិកគណបក្សប្រឆាំងក៏ដូចជាអ្នកកាសែតនិងសកម្មជន។ លោក ស្រីក៏បានជំរុញរដ្ឋាភិបាលឱ្យបើកឡើងវិញនូវលំហនយោបាយនិងសិទ្ធិស៊ីវិលមុនការ បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងឆ្នាំ២០២៣។
សមាជិកគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិ មិនមែនជាក្រុមតែមួយគត់ដែលតវ៉ានឹងការចាប់ខ្លួនសាច់ញាតិរបស់ពួកគេនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកក្រុមគ្រួសារនៃសកម្មជនការពារបរិស្ថានរបស់អង្គការមាតាធម្មជាតិកម្ពុជាបានទៅបន់ស្រន់នៅទីសក្ការៈបូជាព្រះអង្គដង្កើរ ដោយសុំពរជ័យនៅមុខព្រះបរមរាជវាំង ក្នុងនាមសាច់ញាត់ជាទីស្រឡាញ់ដែលជាប់ពន្ធនាគារ។
អ្នកស្រី សាន សារ៉ន ម្តាយរបស់សកម្មជនមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ដែលឥឡូវ នេះ កំពុងជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែព្រៃស (ម២) បាននិយាយថា អ្នកស្រីបួងសួងសុំឲ្យមានការដោះលែងកូនស្រីរបស់អ្នកស្រីឆាប់ៗ ក៏ដូចជាសុំឲ្យកូនស្រីមានសុវត្ថិភាពចៀសផុតពីជំងឺកូវីដ-១៩។
អ្នកស្រី សារ៉ន បាននិយាយថា៖ «ខ្ញុំបួងសួងឲ្យកូនស្រីខ្ញុំរួចផុតពីការចោទប្រកាន់»។
អ្នកស្រី ប៉ាត់ រស្មី ជាភរិយារបស់សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា បាននិយាយថា អ្នកស្រីក៏បួងសួងសុំអំណាចវត្ថុស័ក្តិសិទ្ធិជួយឲ្យប្តីរបស់អ្នកស្រីមានសេរីភាពដែរ។
អ្នកស្រី រស្មី បាននិយាយថា៖ «ខ្ញុំមកបួងសួងនៅទីនេះ សូមឲ្យស្វាមីរបស់ខ្ញុំនិងអ្នកទោសមនសិការដ៏ទៃទៀត ត្រូវបានដោះលែងឆាប់ៗ ពីព្រោះយើងអស់សង្ឃឹមនឹងតុលាការហើយ»។
កាលពីខែមុន លោក Alex Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិ និងសកម្មជន ថុន រដ្ឋា ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ ខែ ដោយសារការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការធ្វើយុទ្ធនាការដើម្បីអង្គការនេះ។ សកម្មជន ឡុង គន្ធា ភួន កែវរស្មី និង ជា គន្ធិន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។
ទន្ទឹមនឹងនេះ តំណាងសកម្មជន ដែលជាប់ពន្ធនាគារផ្សេងទៀតក៏បានធ្វើការជំរុញផងដែរឲ្យមានការដោះលែងមិត្តភក្តិនិងសមាជិកគ្រួសាររបស់ពួកគេ។
មេធាវី សំ សុគង់ នឹងចូលរួមសវនាការស្នើសុំការដោះលែងនៅក្រៅឃុំរបស់លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដ៏លេចធ្លោ និងសមាជិកក្រុមយុវជន ស កន្នីកា នៅថ្ងៃទី៨ ខែមិថុនានេះ ដែលអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម។
តុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទញុះញង់ដោយសារការអត្ថាធិប្បាយរបស់លោកអំពីការបោះបង្គោលព្រំដែន ដែលបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំមុនរវាងកម្ពុជានិងវៀតណាម។ សកម្មជនយុវជនពីរនាក់ ដែលជាប់ទាក់ទងនឹងបញ្ហានោះគឺ កន្នីកា និង តុន និមល ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ផងដែរ បន្ទាប់ពីត្រូវបានចាប់ខ្លួន អំឡុងការតវ៉ាទាមទារឱ្យមានការដោះលែងលោក ឈុន ដែលជាប់ពន្ធនាគារ។
ពាក់ព័ន្ធនឹងករណីនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តបើកសវនាការលើសកម្មជនចំនួន១៥នាក់មកពីក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរដែលពួកគេទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយសារចូលរួមក្នុងបាតុកម្មទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។
លោក សំ ចំរើន មេធាវីនៃសកម្មជន៧នាក់ក្នុងចំណោមសកម្មជន១៥នាក់បាននិយាយថា តុលាការក្រុងភ្នំពេញនឹងបន្តជំនុំជម្រះកូនក្តីរបស់លោកនៅថ្ងៃទី៨ ខែមិថុនា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Family members of jailed activists call for release