គ្រួសារអតីតសកម្មជនCNRP ដាក់ញ្ញតិទៅស្ថានទូតអាមេរិកស្នើឲ្យអន្តរាគមន៍ដោះលែងសាច់ញាតិខ្លួន នៅពេលពន្ធនាគារមានឆ្លងកូវីដ១៩

សាច់ញាតិអតីតមន្ត្រីបក្សសង្គ្រោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅជិតសាលាដំបូងរាជធានីភ្នំពេញ ខណៈសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយមួយនេះបានរងការចោទប្រកាន់ពីបទញុះញង់ និងចង់ផ្ដួលរំលំរដ្ឋាភិបាល។ រូបភាពថតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សាច់ញាតិអតីតមន្ត្រីបក្សសង្គ្រោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅជិតសាលាដំបូងរាជធានីភ្នំពេញ ខណៈសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយមួយនេះបានរងការចោទប្រកាន់ពីបទញុះញង់ និងចង់ផ្ដួលរំលំរដ្ឋាភិបាល។ រូបភាពថតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សមាជិក​គ្រួសារ​សកម្ម​ជនកំពុង​​ជាប់​ឃុំ របស់​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបក្ស​នេះ​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល ​ បាន​ស្វែង​រក​ជំនួយ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ថ្ងៃសុក្រ នេះដើម្បី​រៀប​ចំឲ្យ​មានការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដោយ​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​កូវីដ១៩ ក្នុងពន្ធ​នាគារ ដែល​សាច់ញាតិ​ខ្លួន​កំពុង​ជាប់ឃុំ​នៅទី​នោះដែរ​។​

អ្នកស្រី ចេង ស្រីនី វ័យ​៣៧​ឆ្នាំ ជា​ភិរយា​ លោក តុន និមល អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារព្រៃ​ស(ម១) បាន​និយាយ​ថា អ្នក​ស្រី និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត បាន​រៀប​ចំ​យុទ្ធនាការ «ស្រ្តី​ថ្ងៃសុក្រ» ដើម្បី​តវ៉ា​រាល់​សប្ដាហ៍ ​ឲ្យ​មាន​ការ​ដោះ​លែង​ស្វាមី​របស់​​ខ្លួន និង​បាន​ដាក់​ញ្ញតិ​ទៅ​កាន់​ស្ថានទូតអាមេរិក​ផង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ជាមួយ​រដ្ឋាភិបាល​លើ​ការ​ដោះ​លែង​នេះ​។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «យើង​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូតអាមេរិក ពីព្រោះ​យើង​ចង់​ឲ្យ​ប្ដី​របស់​យើងត្រូវ​ដោះ​លែង​​នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន ពី​ព្រោះ​យើងបារម្ភពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ ក្នុង​ពន្ធនាគារ ដែល​មាន​អ្នក​ជាប់ឃុំ​កកស្ទះច្រើន»។ ដោយបន្ថែមថា អ្នកស្រីទទួលព័ត៌មានក្រៅផ្លូវការពីពន្ធនាគារថាប្តីអ្នកស្រីតេស្តវិជ្ជមានកូវីដ១៩ ហើយពេលនេះគាត់ត្រូវបានដាក់នៅដាច់ដោយឡែក។ អ្នកស្រីស្នើសុំឲ្យដោះលែងស្វាមីក្រៅឃុំដើម្បីទទួលការព្យាបាល ព្រោះគាត់ក៏មានជំងឺផ្សេងទៀតដូចជាជំងឺភ្នែក។

អ្នកស្រី ស្រីនី និងសមាជិក​គ្រួសារ​​ផ្សេង​ទៀត នៅ​តែ​រក្សា​ជំហរ​ថា​​ស្វាមី និង​សាច់​ញាតិ​ខ្លួន​ដែល​កំពុង​ជាប់ឃុំ ជា​មនុស្ស​គ្មាន​កំហុស និង​ថា​គណបក្ស​របស់​ពួកគេ​ត្រូវ​បាន​រំលាយ​ដោយ​បង្ខំ​តាម​អំណាច​តុលាការកំពូល​ក្នុង​ឆ្នាំ២០១៧​។ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​នាំ​ឲ្យ​មាន​ការ​រឹតបន្ដឹង​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​ធ្វើ​ឲ្យរដ្ឋាភិបាល​ ក្លាយ​ជា​រដ្ឋដឹកនាំ​ដោយ​​ឯក​បក្ស ដែលមាន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ជាអ្នក​ដឹក​នាំ​។​

អ្នកស្រី ព្រំ ចន្ថា ជា​ភរិយាសកម្មជនអតីតគណបក្ស​សង្គ្រោះជាតិកំពុង​ជាប់ឃុំ គឺ​​លោក កាក់ កុម្ភារ  បាន​ប្រាប់​ខេមបូចាថា បុគ្គលិក​ស្ថានទូត​បាន​ប្រាប់ពួកអ្នកស្រី​ថា​នឹង​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​ដល់​ឯកអគ្គរដ្ឋទូតអាមេរិក​លោក Patrick Murphy ​។​

អ្នកស្រី បន្ត​ថា៖ «​ខ្ញុំ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុងពន្ធនាគារ និង​ខ្លាច​ក្រែង​មាន​បញ្ហា​អ្វី​កើត​ឡើង[ដោយសារជំងឺនេះ]»។ អ្នក​ស្រីថា ជីវភាពគ្រួសារបាន​​​ជួបការ​លំបាកក្រោយ​ស្វាមី​ត្រូវ​ជាប់ឃុំ​។​

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃសុក្រ ​តាម​រយៈអ៊ីម៉ែល​ថា​​មន្ត្រីស្ថានទូត​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​តំណាង​សមាជិក​គ្រួសារ​អតីត​គណបក្ស​សង្គ្រោះជាតិរួចហើយ​។​

អ្នក​នាំ​ពាក្យ​​ដដែល​បាន​សរសេរឆ្លើយ​តប​មក​ខេមបូចា​​ថា៖ «​យើង​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាទម្លាក់​ចោល​​រាល់​បទចោទ​ប្រឆាំង​នឹង​សកម្មជន​ទាំង​នោះ ផ្អែក​លើគោលការណ៍​សិទ្ធិ​មនុស្សដែលធានា​ដោយ​រដ្ឋធម្មនុញ្ញកម្ពុជា និង​បើក​លំហរនយោបាយ និង​សង្គមស៊ីវិល​ឡើង​វិញ​»។

អ្នក​នាំ​ពាក្យ​​ក្រ​សួង​យុត្តិ​ធម៌​ លោក ជិន ម៉ាលីន​ មាន​ប្រសាសន៍ថា​ សកម្មជន​ទាំង​​នោះអាច​ដាក់សំណើរ​អ្វី​មួយ​តាម​សិទ្ធិពួក​គាត់​ តែ​ថាការ​​​កាត់​ទោស​ឲ្យសមាជិក​អតីតគណបក្ស​សង្គ្រោះជាតិទាំង​នេះ​​ជាប់ឃុំ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​។

លោក ជិន ម៉ាលីន បន្ថែមថា៖ «នេះ​គឺជា​ការ​សម្រេច​​របស់​តុលាការ ដូច​នេះ​ស្ថានទូត​មិន​មានអំណាច​ណា​ទៅលូកលាន់​​លើ​​សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​រដ្ឋ​អធិបតេយ្យមួយ​នោះទេ​»។

លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​កំពុង​ជាប់ឃុំ​មួយ​ចំនួន​នោះ បាន​និយាយ​ថា​លោក​មិន​បាន​ទទួល​ដំណឹង​ថា​តើកូន​ក្ដី​លោក​​មាន​ឆ្លង​ជំងឺ​កូវីដ១៩ ឬ​យ៉ាងណា ព្រោះ​ថា​ពន្ធនាគារ​ហាម​មិន​ឲ្យ​មានការ​ជួប​សួរសុខទុក្ខ។​

លោកមានប្រសាសន៍​ថា៖ «​ទាំង​ក្រុម​គ្រួសារ​កូន​ក្ដី និង​រូបខ្ញុំ​មិន​បាន​ទទួលព័ត៌មាន​គ្រប់​គ្រាន់​ពីមន្ត្រី​ពន្ធនាគារ​ថា​តើ​អ្នក​ទាំង​នោះមាន​ឆ្លង​កូវីដ១៩ ឬ​អត់»។​

លោក បន្ថែម​ថា៖ «ភាគ​ច្រើន​នៃ​​អ្នក​ទាំង​នោះ​ត្រូវជាប់ឃុំ​ជាង​មួយ​ឆ្នាំ ដូច​នេះពួកគាត់​បាន​អនុវត្ត​ទោស​កម្រិត​អតិបរមារួច​ហើយ»។ លោក​ថា សកម្មជនភាគច្រើន​​ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ និង​បាន​ជាប់​ពន្ធនា គឺជា​​បទល្មើសកំរិត​ស្រាល​។​

លោក​លើក​ឡើង​ថា​​រដ្ឋា​ភិបាល​គួរ​រៀបចំ​ឲ្យ​មាន​ការ​ជួប​គ្នា​រវាង​កូន​ក្ដី និង​មេធាវី ទោះ​បីជា​តាម​ទូរសព្ទ​ក៏​ដោយ​ ដើម្បី​បាន​ដឹង​ពី​ដំណើរ​ការ​នៃ​សំណុំ​រឿងរបស់​ខ្លួន​ និង​ស្ថានភាព​សុខភាព​អ្នក​ទាំង​នោះ​។​

លោកឲ្យ​ដឹងថា៖ «​យើង​មាន​គម្រោង​ដាក់ពាក្យ​ស្នើសុំ​ទៅ​តុលាការ​​នៅ​សប្ដាហ៍​ក្រោយ ឲ្យ​ដោះ​លែក​កូន​ក្ដី​របស់​យើង​នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ន​»។ លោកពន្យល់ថា ក្រុម​មេធាវី នឹង​ស្នើ​ទៅតុលាការ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់​។​

លោក នុត សាវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​អ្នកជំងឺ​ឆ្លង​កូវីដ១៩​ក្នុងពន្ធនាគារនោះទេ ដោយ​លោកបាន​ត្រឹម​បញ្ជាក់ថា​នៅ​ខេត្ត​ព្រះ​សីហនុមានអ្នក​ជាប់ឃុំ​៣៤​នាក់​ឆ្លង​កូវីដ​១៩ នៅ​ពន្ធនាគារព្រៃស(ម១) មាន​អ្នកជាប់ឃុំ​ឆ្លង​កូវីដ១៩ ១៨​នាក់ និង​នៅ​ខេត្ត​កណ្ដាល​មាន​អ្នក​ជាប់ឃុំ​១០៦នាក់ ឆ្លង​កូវីដ១៩។

លោក​បន្ថែម​ថា៖ «​បើ​សហគមន៍​មាន​បញ្ហា[ដោយសារកូវីដ១៩] ក្នុង​ពន្ធនាគារ​ក៏​មាន​បញ្ហា​ដូច​គ្នា»។ លោក​ឲ្យ​ដឹង​ទៀតថា អ្នក​ជាប់ឃុំ​ដែល​មាន​វិជ្ជមានកូវីដ១៩ កំពុង​ត្រូវ​ដាក់​ព្យាបាល​ដាច់​ដោយ​ឡែក។​

បើ​តាម លោក នុត សាវនា អ្នក​ជាប់​ឃុំ​ជិត​១០ ០០០​នាក់​ នៅ​ពន្ធនាគារ​ព្រៃ​ស (ម១ និង​ម២) ​ក៏​ដូច​ជា​ពន្ធនាគារ​PJ នៅ​ភ្នំពេញ បាន​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ១៩ ដូស​ទី​២​រួច​ហើយ​កាលពី​ថ្ងៃព្រហស្បតិ៍។​ លោក​ថា នាយក​ដ្ឋានពន្ធនាគារ និង​មន្ត្រី​សុខាភិបាល គ្រោង​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ទាំងអស់​ផង​ដែរ​។​

បើ​តាម​សេចក្ដី​ថ្លែការណ៍​របស់​អង្គការ​សហប្រ​ជា​ជាតិ​ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ បាន​ឲ្យ​ដឹង​ថា​ខ្លួន​បានផ្ដល់​ជំនួយ​មនុស្ស​ធម៌​គាំទ្រ​ដល់ពន្ធនាគារ​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​នាយកដ្ឋាន​ពន្ធនាគាររួច​ហើយ​។

កាលពី​ថ្ងៃទី​២៧ ខែឧសភា អង្គការ​សហប្រជាជាតិ​បាន​ផ្ដល់​សម្ភារ​រួម​មាន​បរិក្ខាពាក់​ការពារ​ខ្លួន ឧបករណ៍​តេស្ត​រហ័ស និង​វីតាមីនជំនួយ​ដល់​អ្នក​ជាប់ឃុំ​១០ ០០០​នាក់។ អង្គការ​សហប្រជា​ជាតិនឹង​បន្ត​ផ្ដល់ជំនួយ​ជាបរិក្ខា​ផ្សេងៗ​បន្ថែម​ទៀត​នៅ​ថ្ងៃទី១ ខែមិថុនា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​សរសេរ​ទៀតថា៖ «អាជ្ញាធរ​ត្រូ​វ​តែ​ចាត់វិធានការ​បន្ទាន់​ ដើម្បី​កាត់​បន្ថយ​ការ​គំរាម​កំហែង​របស់​វីរុស​នេះ​លើ​អ្នក​ជាប់ឃុំ​ឲ្យ​នៅ​តិច​បំផុត»។ សេចក្ដីថ្លែង​ការណ៍​ដដែល ក៏​បានជំរុញ​ឲ្យ​មានការ​ដោះ​លែង​ «អ្នក​ជាប់ឃុំ​ដែល​ស្ថិត​ក្នុង​ក្រុម​អ្នក​ត្រូវឃុំខ្លួន​បណ្ដោះអាសន្ន ស្រ្តី​ជាប់ឃុំ​មាន​កូនតូច​នៅជាមួយ អ្នក​មាន​បញ្ហា​សុខភាព​ប្រចាំកាយ និង​អ្នក​ជាប់ឃុំ​ដែល​មិន​មែន​​ជា​ទោសហិង្សា»។

បើតាម​ទិន្នន័យ​របស់​អង្គការលីកាដូបានឲ្យដឹងថា ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវគេ​ដឹង​ថា​បាន​ដាក់អ្នកទោស​ច្រើន​កកកុញ ក្នុង​នោះ​មាន​តែ​ពន្ធនាគារ​ពីរ​ក្នុង​ចំណោម​ពន្ធនាគារ​ទាំង​២៨​នៅទូទាំង​ប្រទេសដែល​មិន​មាន​អ្នក​ទោស​ច្រើន​កកកុញ។ ពន្ធនាគារ​ចំនួន​១៨ មាន​អ្នក​ទោស​ច្រើនខ្លាំង​​លើស​ពី​សមត្ថភាព​ផ្ទុក​ដល់​​ទៅ​៣០០​ភាគ​រយ​។​ ចំណែក​ពន្ធនាគារ​ធំជាងគេនៅ​កម្ពុជា​គឺ​ពន្ធនាគារ​ព្រៃសម១ មាន​អ្នក​ជាប់ឃុំ​រហូត​ដល់​៧ ៧០០​នាក់​ ឬ​ស្មើ​នឹ​ង​៣៧៦​ភាគ​រយ​នៃ​សមត្ថភាព​ផ្ទុក​របស់ខ្លួន។ កាលពី​ឆ្នាំ​កន្លង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ អង្គការ​លើកលែង​ទោស​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ការ​ពារ​ អ្នក​ជាប់ឃុំ​ទូទាំង​ប្រទេស​៤០ ០០០​នាក់​ឲ្យ​បាន​ប្រ​សើរ​ជាង​នេះ ដែល​ក្នុង​នោះ​មាន​ប្រហែល១ភាគ​៣ ជា​អ្នក​ជាប់ឃុំ​បណ្ដោះអាសន្ន។​

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មាន​ប្រ​សាសន៍​ថា លោក​មិន​បាន​ទទួលព័ត៌មាន​ផ្លូវការ​ថា​​​អ្នក​ជាប់ឃុំណា​ខ្លះ​​មាន​វិជ្ជមាន​កូវីដ១៩​នោះទេ ក្រៅតែ​ព័ត៌មាន​ទូទៅ​នៃ​ចំនួន​ករណី​ឆ្លង​។​

លោក​បន្ត​ថា៖ «​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​អ្នក​ឆ្លង​កូវីដ​១៩ ក្នុងពន្ធនាគារ»។​

លោកថា សង្គម​ស៊ីវិល បាន​ផ្ដល់​អនុសាសន៍​ពី​សុវត្ថិភាព​អ្នក​ជាប់​ឃុំ​តាំងពីវិបត្តិកូវីដ១៩ ផ្ទុះ​ឡើង​ដំបូង​កាល​ពី​ឆ្នាំមុន ដោយ​បាន​បញ្ជាក់​លើ​ចំនួន​ច្រើនកកកុញ​នៃ​អ្នកជាប់ឃុំ។​

លោក​បន្ថែមថា៖ «​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​គួរ​ពន្យា​ពេល​[សំណុំរឿងព្រហ្មទណ្ឌ​]​ ជា​ពិសេស​តុលាការ​គួរ​តែ​ពិនិត្យ​ឡើង​វិញ និង​ពិចារណា​លើ​បញ្ហា​នេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Family members of jailed CNRP activists petition US embassy to help advocate for release of their relatives as COVID-19 detected in prisons

314 views
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »