ស្រុកបុទុមសាគរ នៃខេត្តកោះកុង៖ អ្នកស្រី អ៊ូច វ៉ាន់ថន ជាភរិយារបស់ចាងហ្វាងសារព័ត៌មានអនឡាញ លោក យួន ឈីវ ដែលកំពុងជាប់ឃុំ បាននិយាយរៀបរាប់ពីការចាប់ខ្លួនស្វាមីអ្នកស្រីថាជាប់ពាក់ព័ន្ធនឹងការរាយការណ៍ពីជម្លោះដីធ្លីនៅតំបន់ការពារ ក្នុងឧទ្យានជាតិបុទុមសាគរ។
ស្រ្តីជាម្ដាយវ័យ ៤២ឆ្នាំ មានកូនក្នុងបន្ទុកពីរនាក់រូបនេះបានរៀបរាប់ថា មុនពេលប្ដីអ្នកស្រីត្រូវចាប់ខ្លួន អ្នកភូមិជាច្រើនរូបបានមកសុំឲ្យលោក យួន ឈីវ ផ្សាយព័ត៌មានអំពីការបណ្ដេញប្រជាពលរដ្ឋចេញពីភូមិចម្ការលើ និងភូមិចម្លងគោ ក្នុងឃុំថ្មស។
អ្នកស្រីបាននិយាយថា៖«ខ្ញុំគ្រាន់តែបានដឹងថាអ្នកភូមិបានមកសុំឲ្យគាត់ជួយ នៅផ្ទះរបស់ពួកគេ ដែលត្រូវបានបំផ្លាញ[ដោយអាជ្ញាធរ]»។
អ្នកស្រី វ៉ាន់ថន កំពុងរស់នៅជាមួយកូនស្រីអាយុបួនឆ្នាំ និងកូនប្រុសអាយុបួនខែ នៅក្នុងផ្ទះឈើមួយខ្នងក្នុងភូមិព្រៃក្រឡំ។ អ្នកស្រីឲ្យដឹងថាឥឡូវនេះស្វាមីអ្នកស្រីត្រូវឃុំខ្លួន និងមិនដឹងថាខ្លួនអាចនឹងត្រូវមើលថែគ្រួសារបែបណាទេ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំតក់ស្លុតជាខ្លាំងពេលឮថាគាត់ត្រូវចាប់ខ្លួន ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ខណៈគាត់កំពុងនៅក្នុងពន្ធនាគារ…ខ្ញុំកំពុងប្រឈមការលំបាក ខ្ញុំមិនអាចធ្វើអ្វីបានទេ ដោយសារតែត្រូវនៅមើលថែកូនៗនៅផ្ទះ»។
លោក យួន ឈីវ ត្រូវបានចាប់ខ្លួនកាលពីចុងខែកញ្ញាកន្លងទៅ និងបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្រោមបទចោទថាបានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ តាមរយៈការផ្សាយរបស់ខ្លួន ដែលខាងអាជ្ញាធរថាជាព័ត៌មានមិនពិតទាក់ទងនឹងរដ្ឋាភិបាលបានឆ្វៀលដីរដ្ឋនៅក្នុងឃុំថ្មស ឲ្យទៅប្រជាពលរដ្ឋប្រើប្រាស់ឯកជន។
ចាងហ្វាងរូបនេះ កន្លងមកបានសរសេរមតិលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៩ និងទី១០ ខែកញ្ញា ថាអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បាននាំកម្លាំងសមត្ថកិច្ច១០០នាក់ បង្ខំប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ និងបានបំផ្លាញផ្ទះ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋផង។ លោក ឈីវ ក៏បានសរសេរទៀតថា លោក សុទ្ធី និងអាជ្ញាធរមិនបានអនុវត្តតាមអនុក្រឹត្យលេខ៣០ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីខែមីនា ដែលបានឆ្វៀលដីពីឧទ្យានជាតិសម្រាប់ប្រើប្រាស់ឯកជន។
ការចាប់ខ្លួននេះធ្វើឡើងតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងបន្ទាប់ពី អភិបាលរងខេត្ត លោក សុខ សុទ្ធី ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងចាងហ្វាងររូបនេះ។ បណ្ដឹងរបស់លោក សុខ សុទ្ធី បានរៀបរាប់ថា លោក ឈីវ បាននិយាយរិះគន់ដោយផ្ទាល់លើរូបលោកក្នុងប្រអប់បញ្ចេញមតិលើផេកហ្វេសប៊ុករបស់សារព័ត៌មានអនឡាញ Koh Kong Hot News របស់លោក ឈីវ។
អ្នកស្រី វ៉ាន់ថន រៀបរាប់ទៀតថា ប្ដីអ្នកស្រីក៏មានដីនៅតំបន់ដែលប្រជាពលរដ្ឋមានជម្លោះជាមួយអាជ្ញាធរនេះដែរ ប៉ុន្តែអ្នកស្រីថាខ្លួនមិនដឹងថាមានប៉ុន្មានហិកតានោះទេ។
មុនពេលចាប់ខ្លួន អ្នកស្រីថា ស្វាមីជាអ្នកទទួលបន្ទុកលើការចំណាយផ្សេងៗរបស់គ្រួសារទាំងមូល។
អ្នកស្រីបន្ថែមថា៖ «បើសិនជាគាត់នៅបន្តជាប់ពន្ធនាគារ ខ្ញុំនឹងប្រឈមការលំបាកខ្លាំងលើជីវភាព»។
មេឃុំថ្មស លោក អ៊ិត កួន ប្រាប់ខេមបូចា ថាការចាប់ខ្លួនលោកឈីវ មិនមែនធ្វើឡើងដោយសារតែការប្រមាថអាជ្ញាធរទេ ប៉ុន្តែធ្វើឡើងដោយសារតែលោកបានញុះញង់ប្រជាពលរដ្ឋឲ្យចូលកាន់កាប់ដីរដ្ឋ។
លោក បាននិយាយថា៖ «បាទ វាក៏ជាប់ពាក់ព័ន្ធនឹងដីជម្លោះដែរ ពីព្រោះគាត់បានចូលទៅកាប់ឆ្ការព្រៃក្នុងឧទ្យានជាតិ»។
លោកអះអាងថា លោក យួន ឈីវ បានប្រមូលប្រជាពលរដ្ឋទៅផ្ដិតមេដៃដាក់ញត្តិទៅកាន់អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំជាម្ចាស់កម្មសិទ្ធិលើដីទាំងនោះ។
លោកឲ្យដឹងទៀតថា៖ «គាត់ប្រើអ្នកភូមិជាខែល…គាត់បានទិញដីពីប្រជាពលរដ្ឋ ប៉ុន្តែមិនមានមន្ត្រីណាហ៊ានចុះហត្ថលេខា[ទទួលស្គាល់កម្មសិទ្ធិ] ដល់គាត់»។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋប្រហែល១១០គ្រួសារបានចូលកាប់ឆ្ការដីនោះដោយខុសច្បាប់រវាងឆ្នាំ២០១៨ និង២០២០ ទោះបីជាមានការហាមឃាត់ពីអាជ្ញាធរជាច្រើនដងក៏ដោយ។
អាជ្ញាធរមូលដ្ឋានបានចោទប្រកាន់លោក ឈីវ ថាបានជួលប្រជាពលរដ្ឋទន្ទ្រានដីព្រៃរបស់ឧទ្យានជាតិ ដើម្បីលក់ទៅឲ្យឯកជន ក៏ដូចជាគំរាមទារប្រាក់ជាថ្នូរនឹងការផ្សាយព័ត៌មាន។
លោកបានឲ្យដឹងទៀតថា៖ «គាត់បានប្រាប់យើងឲ្យបង្រ្កាបលើអ្នកនេសាទក្នុងស្រុក ហើយបើយើងមិនបង្ក្រាប គាត់ថាគាត់នឹងផ្សាយលើហ្វេសប៊ុក និងចោទយើងថាមិនបង្ក្រាបបទល្មើស»។
លោកបន្ថែមថា៖ «គាត់ធ្លាប់ទារប្រាក់ពីខ្ញុំ ប៉ុន្តែខ្ញុំមិនដែលឲ្យទៅគាត់ទេ»។
អ្នកស្រី ណៃ ស៊ី វ័យ៦០ឆ្នាំ ដែលត្រូវបណ្ដេញចេញពីដីកាលពីខែមុន បាននិយាយថា អ្នកស្រីកាន់កាប់ដីចំនួនបួនហិកតានៅក្នុងតំបន់អូរយ៉ូយ៉ា ក្នុងឆ្នាំ២០០៧ ក្នុងភូមិចម្លងគោ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំមានសមាជិកគ្រួសារចំនួន១៦នាក់ និងម្នាក់ៗមានដីប្រហែលបីហិកតា»។
អ្នកស្រីឲ្យដឹងទៀតថា៖ «ខ្ញុំយល់ស្របថាខ្ញុំបានទៅរស់នៅលើដីរដ្ឋ ប៉ុន្តែដីនៅក្នុងឃុំថ្មសមិនស្របច្បាប់ទេចាប់ពីមាត់សមុទ្រដល់ភ្នំ ហើយដីមិនទាន់បានឆ្វៀលចេញទេ»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំបានដាក់ញត្តិស្នើសុំដោះដូរដីពីព្រោះខ្ញុំមិនមានដីឯណាធ្វើស្រែចម្ការទេ»។
អ្នកស្រីឲ្យដឹងទៀតថា ខ្លួនតែងតែលួចចូលទៅក្នុងដីចម្ការ ដើម្បីជីកដំឡូងជ្វា គល់ស្លឹកគ្រៃ និងធ្វើស្រូវ ដើម្បីដោះស្រាយជីវភាព ទោះបីជាអាជ្ញាធរហាមឃាត់ក៏ដោយ។ កាលពីខែកញ្ញា អ្នកស្រីថា អាជ្ញាធរ និងមន្ត្រីឧទ្យានុរក្សបានមកបំផ្លាញដំណាំ និងខ្ទមរបស់អ្នកភូមិដែលមាននៅលើដីនោះ។
អ្នកស្រីរៀបរាប់ទៀតថា៖ «ខ្ញុំមិនដឹងច្បាស់ទេថាដីណាស្របច្បាប់ និងដីណាមិនស្របច្បាប់ ហើយខ្ញុំនៅតែទៅកាន់ដីចម្ការរបស់ខ្ញុំ»។ អ្នកស្រីពន្យល់ថា ដីក្នុងតំបន់នោះមិនមានប្លង់កម្មសិទ្ធិទេ និងសូម្បីតែអ្នកស្រុកទិញដីតពីគ្នាក៏ដោយ ក៏អាជ្ញាធរមិនព្រមទទួលស្គាល់ជាផ្លូវការលើការផ្ទេរកម្មសិទ្ធិដែរ។
អ្នកស្រីថា បន្ទាប់ពីរដ្ឋាភិបាលដកហូតដីពួកគាត់ក្នុងខែកញ្ញា លោក ឈីវ បានមកផ្ទះអ្នកស្រី និងស្នើឲ្យអ្នកស្រីសហការទាមទារដីត្រឡប់មកវិញ ដោយនិយាយថាគាត់នឹងដាក់ឯកសារទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីស្នើសុំឆ្វៀលដី ពីដីរបស់រដ្ឋ។
អ្នកស្រីបញ្ជាក់ថា៖ «គាត់បានទាក់ទងមកខ្ញុំ ដើម្បីឲ្យគាត់ផ្សាយ[ព័ត៌មានពីរឿងដីជម្លោះ] ប៉ុន្តែខ្ញុំមិនសហការជាមួយគាត់ ពីព្រោះខ្ញុំបានដាក់ឯកសារដាក់ដោយឡែកមួយផ្សេងទៀតរួចហើយ និងកំពុងរង់ចាំដំណោះស្រាយ»។
អ្នកស្រីថា៖ «ខ្ញុំបានឮថាគាត់ត្រូវចាប់ខ្លួន ប៉ុន្តែខ្ញុំមិនដឹងពីមូលហេតុជាក់លាក់ទេ»។
អនុក្រឹត្យលេខ៣០ របស់រដ្ឋាភិបាលបានសរសេរថាត្រូវបែងចែងដីជិត ១២៧ ០០០ហិកតានៅក្នុងតំបន់អភិរក្សទាំងប្រាំបី រួមមានទាំងឧទ្យានជាតិបុទុមសាគរផង ដល់ប្រជាពលរដ្ឋដែលបានរស់នៅទីនោះមុនមានការកំណត់ដែនអភរិក្ស។ យ៉ាងណា អ្នកសង្កេតការបាននិយាយថាអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលជាអ្នកទទួលបានផលប្រយោជន៍នេះច្រើនជាងគេក្នុងការធ្វើអនុប្រយោគនេះ មិនមែនជាប្រជាពលរដ្ឋតូចតាចនោះទេ។
អ្នកយកសារព័ត៌មានម្នាក់រស់នៅខេត្តកោះកុងនិយាយដោយមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានឲ្យដឹងថា លោក ឈីវ គឺជាអ្នករាយការណ៍ព័ត៌មានទាក់ទងនឹងជម្លោះដីធ្លីដ៏សកម្មម្នាក់ ដែលនេះ«ជារឿងរស៊ើប» នៅក្នុងខេត្តកោះកុង។
លោកនិយាយថា៖ «វាមិនយុត្តិធម៌ទេ…បើសិនជាយើងមើលលើស្ថានភាពនោះ វាមិនមានបទល្មើសដែលត្រូវចាប់ខ្លួនគាត់នោះទេ…ពេលប៉ូលិសចាប់ខ្លួនគាត់ គេហាមយើងមិនឲ្យថតរូប និងវីដេអូទេ។ ពួកគេក៏មិនបង្ហាញថាអ្នកណាជាអ្នកប្ដឹងគាត់ដែរ»។
អ្នកសារព័ត៌មានរូបនោះ ឲ្យដឹងទៀតថា លោក ឈីវ បានដាំស្វាយចន្ទីជិត១០ឆ្នាំមកហើយនៅដីចម្ការ១០ហិកតារបស់គាត់។ លោកថា ពេលអាជ្ញាធរទៅបំផ្លាញដំណាំស្វាយចន្ទី លោកឈីវ បានបង្ហោះការបំផ្លាញនោះលើបណ្ដាញសង្គមហ្វេសប៊ុក។ ប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតក៏ដូចជាបានយល់ព្រមតវ៉ាទាមទារសំណងផងដែរ។
លោកឲ្យដឹងទៀតថា អ្នកភូមិបានរស់នៅ និងដាំដំណាំលើដីរបស់ឧទ្យានជាតិជាយូរឆ្នាំមកហើយ ដោយមិនបានដឹងថាដីនោះខុសច្បាប់នោះទេ និងថាដីជម្លោះកើតមានឡើងបន្ទាប់ពីមានក្រុមហ៊ុនឯកជនចង់ដេញប្រជាពលរដ្ឋចេញ និងយកដីនោះដើម្បីអភិវឌ្ឍន៍។
លោកបន្តទៀតថា៖ «ក្នុងនាមជាអ្នកសារព័ត៌មាន យើងមានសេរីភាពក្នុងការរាយការណ៍ព័ត៌មានសម្រាប់ប្រយោជន៍សាធារណៈ ដូចនេះអ្នកសារព័ត៌មានពិតជាខ្លាច និងបារម្ភពីករណីនេះ»។ លោកថា តុលាការបានបង្វែរបទចោទ ខណៈភស្តុតាងមិនត្រូវបានស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុនចោទប្រកាន់។
លោកបន្តថា៖ «វាជាការគំរាមកំហែង និងជាការបំពាន ហើយអ្នកសារព័ត៌មានផ្សេងទៀតខ្លាចមិនហ៊ាននិយាយការពិត ពីព្រោះសិទ្ធិក្នុងការបញ្ចេញមតិមានការរឹតត្បិត»។
លោក ហុង ចាន់តារា មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងឲ្យដឹងថា សេរីភាពបញ្ចេញមតិនៅកម្ពុជាត្រូវបានរឹតត្បិត។
លោកបន្ថែមថា៖ «បន្ទាប់ពីលោកបានរិះគន់អភិបាលរងខេត្ត រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យអាជ្ញាធរចាត់វិធានការ និងតុលាការវិញហាក់ដូចជាធ្វើតាមមន្ត្រីជាន់ខ្ពស់»។
លោក អ៊ិត សូធឿត នាយកប្រតិបត្តិស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានប្រសាសន៍ថា មជ្ឈមណ្ឌលរបស់លោកបានផ្ដល់មេធាវីដល់លោក យួន ឈីវ សម្រាប់ស្វែងរកយុត្តិធម៌ និងថាបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះហេតុផលនៅពីក្រោយការចាប់ខ្លួននេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែបារម្ភថាសំណុំរឿងនេះគ្រាន់តែមានចេតនាបំបិទមាត់អ្នករិះគន់ថ្នាក់ដឹកនាំ ឬមន្ត្រីមានអំណាចណាមួយ ដែលមានបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋ»។
លោក អ៊ិត សូធឿត លើកឡើងទៀតថា អ្នកសារព័ត៌មានដើរតួសំខាន់ណាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ពិសេសរាយការណ៍ពីមន្ត្រីអសកម្ម។
លោក ឲ្យដឹងទៀតថា អាជ្ញាធរគួរតែផ្ដល់នូវភស្តុតាងរឹងមាំសម្រាប់ការចោទប្រកាន់លោក ឈីវ ថាបានញុះញង់ប្រជាពលរដ្ឋឲ្យចូលទន្ទ្រានដីព្រៃរបស់រដ្ឋក្នុងឧទ្យានជាតិ។
លោកបន្ថែមថា៖ «បើសិនជាគ្មានការស៊ើបអង្កេតប្រកបដោយតម្លាភាពទេ វាគឺជាការគំរាមកំហែង និងបំពានលើអ្នកសារព័ត៌មាន ដែលបានរាយការណ៍ពីចំណុចអវិជ្ជមានរបស់មន្ត្រី»។
ទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្រ្តា បដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Family of online news publisher say Yuon Chhiv’s arrest linked to land dispute