នគរបាលរាជធានីភ្នំពេញនិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើករណីវាយដំដ៏ឃោរឃៅទៅលើអ្នករិះគន់គោលនយោបាយរដ្ឋាភិបាលម្នាក់ ខណៈក្រុមសង្គមស៊ីវិលលើកឡើងថា ឧបទ្ទវហេតុនេះ គឺជាករណីថ្មីបំផុតក្នុងការបង្រ្កាបដែលកំពុងបន្តកើតមានលើអ្នករិះគន់។
អ្នកស្រី សុខ ស្រីណែត ជាភរិយារបស់លោក នី ណាក់ បាននិយាយថា ជនដៃដល់ប្រដាប់ដោយដំបងបានវាយទៅលើលោក នី ណាក់ កាលពីរសៀលថ្ងៃអង្គារ ខណៈពេលលោកនិងអ្នកស្រីកំពុងជិះម៉ូតូតាមបណ្តោយផ្លូវ៣៦៩ ពីឃ្លាំងជីកំប៉ុសរបស់អ្នកទាំងពីរក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
អ្នកស្រីបានបន្តថា នៅវេលាម៉ោង១និង១០នាទីរសៀល បុរសមួយក្រុមមានគ្នា៣ឬ៤នាក់ ក្នុងឯកសណ្ឋានខ្មៅ និងពាក់មួកសុវត្ថិភាព បានជិះម៉ូតូមកបុកម៉ូតូរបស់ នី ណាក់ ហើយចាប់ផ្តើមវាយគាត់នឹងដំបងរហូតដល់ «បែកក្បាលហូរឈាម»។
អ្នកស្រីបាននិយាយថា៖ «វាជាករណីប៉ុនប៉ងមនុស្សឃាត វាមិនមែនជារឿងចៃដន្យទេ។ ខ្ញុំនិងប្តីមិនដែលឈ្លោះជាមួយអ្នកណាទេ»។
របៀបនៃការវាយប្រហារគឺស្រដៀងគ្នានឹងការវាយប្រហារជាបន្តបន្ទាប់ដែលកើតឡើងលើសកម្មជនគណបក្សភ្លើងទៀនជាគណបក្សប្រឆាំង ដែលត្រូវបានកត់ត្រាដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងប៉ុន្មានខែមុនការបោះឆ្នោតខែកក្កដាដើមឆ្នាំនេះ។
លោក នី ណាក់ ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១៨ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីលោកបានបង្ហោះសាររិះគន់វិធានការរឹតត្បិតអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក នី ណាក់ នៅមានស្នាមជាំ និងបន្តសម្រាកនៅលើគ្រែនៅឡើយក្នុងមន្ទីរពេទ្យឯកជនមួយ ហើយភរិយារបស់លោកបាននិយាយថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរហើយកាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រី ស្រីណែត បាននិយាយថា៖ «នគរបាលសង្កាត់ប្រាប់ខ្ញុំថា គាត់បានមើលកាមេរ៉ាសុវត្ថិភាព មានមនុស្ស៨នាក់ [ជនសង្ស័យ] មានម៉ូតូ៤គ្រឿង ហើយគាត់នឹងអនុវត្តតាមនីតិវិធីនៃការស៊ើបអង្កេត។ ខ្ញុំសង្ឃឹមថា គាត់អាចចាប់ខ្លួនជនសង្ស័យបាន និងផ្តល់យុត្តិធម៌ដល់ប្តីខ្ញុំ»។
លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងលោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងដូចគ្នាថា នគរបាលកំពុងធ្វើការងារលើករណីនេះ។
លោក ណារិន បានមានប្រសាសន៍មុននឹងដាក់ទូរសព្ទចុះថា៖ «រាល់ករណីទាំងអស់យើងមិនទុកចោលទេ។ យើងកំពុងបន្តស្វែងរកចាប់ខ្លួនជនដៃដល់។ សូមពិនិត្យមើលស្ថានភាព បច្ចុប្បន្ននេះមានក្មេងទំនើងជាច្រើនវាយយកម៉ូតូ [អ្នកដទៃ]។ ទុកឲ្យនគរបាលស៊ើបអង្កេតសិន»។
លោក នី ណាក់ ដែលជាអ្នកផលិតជីកសិកម្ម និងជាអ្នកលក់កូនឈើហូបផ្លែច្រើនមុខ បានរិះគន់ក្រសួងកសិកម្មជាញឹកញាប់នៅលើទំព័រហ្វេសប៊ុករបស់លោកឈ្មោះ IMan-KH ដែលមានអ្នកតាមដានចំនួន ៤១៣ ០០០នាក់។ ភរិយារបស់លោកបានបដិសេធថា លោកមិនមានពាក់ព័ន្ធនឹងនយោបាយទេ។
កាលពីថ្ងៃច័ន្ទ លោក នី ណាក់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «វិស័យកសិកម្មជាដង្ហើមរស់របស់ខ្ញុំ… ខ្ញុំគ្មានថ្ងៃនៅស្ងៀមចំពោះពួកមន្ត្រីកសិកម្មដែលគ្រាន់តែធ្វើការដើម្បីបានប្រាក់ខែឡើយ។ នី ណាក់ នឹងនៅតែជាគូប្រជែងជាមួយមន្ត្រីកសិកម្មជានិច្ច»។
នៅប៉ុន្មានម៉ោងមុនពេលលោកត្រូវបានគេវាយដំកាលពីថ្ងៃអង្គារនោះ លោក នីណាក់ បានរិះគន់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងកសិកម្មលើទំព័រហ្វេសប៊ុករបស់លោក។
លោក នី ណាក់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ធ្វើដល់រដ្ឋមន្ត្រី ពីលើរដ្ឋលេខាធិការច្រើនជាង៦០នាក់ ប្រើសុទ្ធតែដ្រូនសម្រាប់ស៊ើបការណ៍ ប៉ុន្តែរកលេខាម្នាក់មកធ្វើឯកសារផ្លូវការមិនបាន។ កំណត់ហេតុសរសេរដោយដៃបែបនេះ តើនរណាដឹងថា ជាអ្នកណាសរសេរ? ជារោងម៉ាស៊ីនមួយណា? ក្រុមហ៊ុនណា? អត់មាន។ អីចឹងធ្វើការយកតែមុខ សម្រាប់ផុសហ្វេសប៊ុកតែប៉ុណ្ណោះ»។
លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានប្រាប់ ខេមបូចា ថា៖ «និយាយឱ្យត្រង់ទៅ យើងមានការសោកស្ដាយចំពោះព័ត៌មាននេះ នៅពេលយើងបានឮ យើងភ្ញាក់ផ្អើលនឹងការវាយប្រហារនេះ។ ដូចដែលលោកបានដឹងហើយថា រដ្ឋាភិបាលកម្ពុជាគោរពខ្លាំងណាស់ចំពោះសេរីភាពនៃការបញ្ចេញមតិ ហើយយើងជឿថា វាជាតម្លៃស្នូលនៃលទ្ធិប្រជាធិបតេយ្យ។ យើងសូមជូនពរគាត់ឲ្យសុខសប្បាយ»។
នៅពេលសួរថា តើមានការទាក់ទងគ្នាណាមួយរវាងការអត្ថាធិប្បាយរិះគន់របស់លោក នី ណាក់ លើរដ្ឋមន្ត្រី និងការវាយប្រហារនេះឬយ៉ាងណានោះ លោកស្រី អ៊ឹម រចនា បានមានប្រសាសន៍ថា៖ «ខ្ញុំមិនធ្វើអត្ថាធិប្បាយលើការប៉ាន់ស្មាននោះទេ»។ រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលក៏បានបដិសេធការលើកឡើងដែលថា ការវាយប្រហារនេះ គឺជាសញ្ញានៃការបង្ក្រាបទូទៅលើសេរីភាពនៃការបញ្ចេញមតិ។
ប៉ុន្តែ លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការវាយប្រហារនេះទំនងជាទាក់ទងនឹងសាររិះគន់ជាសាធារណៈរបស់លោក នី ណាក់។
លោក សែនករុណា បានថ្លែងថា៖ «យើងអាចនិយាយបានថា វាផ្តើមចេញពីការបញ្ចេញមតិ»។ លោកបន្ថែមថា៖ «ការវាយដំ គឺជាការបង្រ្កាបលើស្មារតី ដែលហ៊ានបញ្ចេញមតិរិះគន់ស្ថាប័នរដ្ឋ»៕
រាយការណ៍ព័ត៌មានបន្ថែមដោយ៖ Jack Brook
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Family of Violently Beaten Government Critic Seeks Justice