បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៥នាក់ទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃចន្ទនេះ ខណៈពួកគេបានបន្តធ្វើកូដកម្មទាមទារឱ្យដោះលែងតំណាងរបស់ពួកគេចំនូន៦នាក់ ដែលសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
យោងតាមអង្គការសង្គមស៊ីវិល និងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កូដករចំនួន១៥នាក់ទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃចន្ទនេះ ខណៈពួកគេបានបន្តធ្វើកូដកម្មដោយសន្តិវិធីដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ និងស្នើឱ្យដោះលែងតំណាងរបស់ពួកគេចំនូន៦នាក់ដែលកំពុងសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យចំនួន ៩នាក់និងបក្ខពួកមួយចំនួនទៀត ត្រូវបានតុលាការបើកការស៊ើបសួរ ពាក់ព័ន្ធនឹងអង្គហេតុញុះញង់បំផុសបំផុលក្រមអតីត បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបណ្តេញចេញឲ្យធ្វើសកម្មភាពបង្កចលាចល ដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម ។ ក្នុងចំណោម៩នាក់ រួមមាន៦នាក់ស្ថិតនៅក្នុងឃុំ និងបីនាក់ទៀតកំពុងស្វែងរកចាប់ខ្លួនដោយអាជ្ញាធរ។
ក្នុងចំណោមមេដឹកនាំ និងកូដករ ៩នាក់ រួមមាន កញ្ញា ឈឹម ស៊ីថរ អ្នកស្រី រី សុវណ្ណឌី
អ្នកនាង សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកនាង ឃ្លាំង សុបិន្ត អ្នកនាង ទូច សិរីមាស អ្នកនាង ឈឹម សុខន លោក សុខ ណារិទ្ធ និងលោក សុខ គង្គា។
ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ស្ថានភាពកូដកម្មនារសៀលថ្ងៃចន្ទនេះ អាជ្ញាធរបានត្រៀមឡានទឹក ដើម្បីបាញ់បំបែកក្រុមកូដករ ហើយកងកម្លាំងប្រដាប់អាវុធរាប់រយនាក់មានវត្តមានត្រៀមត្រានៅជុំវិញក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងនោះក៏មានការបិទផ្លូវមួយចំនូន ការបោះតង់សម្រាប់ឃ្លាំមើលសកម្មភាពកម្មករ។ យ៉ាងណាមិញ គេមិនទាន់ដឹងអត្តសញ្ញាណរបស់កម្មករទាំង១៥នាក់ ដែលអាជ្ញាធរបានចាប់ខ្លួននារសៀលថ្ងៃទី៣ ខែមករា នេះទេ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការឃាត់ខ្លួនសកម្មជនសហជីព ចំពោះមុខកាលពីយប់ថ្ងៃទី៣១ មានចំនួន៩នាក់។ ក្នុងចំណោមអ្នកទាំង៩នោះ មានសកម្មជន៣នាក់បានអប់រំ និងដោះលែងឱ្យមានសេរីភាព ក្រៅពីនោះបញ្ជូនទៅតុលាការនាព្រឹកថ្ងៃចន្ទនេះ យោងតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក ស ថេត បញ្ជាក់ថា ប្រធានសហជីព គឺកញ្ញា ឈឹម ស៊ីថរ អាជ្ញាធរបានចេញដីការឃាត់ខ្លួនរូចហើយ ឱ្យតែរកឃើញនឹងចាប់តែម្ដង ក្នុងនោះនឹងបន្តចាប់សកម្មជនសហជីពប្រមាណ៣ ទៅ៤នាក់ទៀតផងដែរ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ឱ្យតែទៅប្រឈមហើយ! ព្រោះបានការណែនាំអស់ហើយ យើងអំពាវនាវអស់ហើយតាស៎ យើងបើកច្រកឱ្យមានការតវ៉ា តែបើរឿងផលប្រយោជន៍វិវាទការងារ ក្រសួងការងារមានការណែនាំអស់ហើយ។ ដូច្នេះ បើសិនជាយើងត្រូវការក្នុងផលប្រយោជន៍អំពីការងារ យើងមានផ្លូវដើម្បីទៅចរចា ហើយបើសិនណាយើងមិនទៅទេក្នុងគោលបំណងអី ចឹងមិនអាចបណ្ដែតបណ្ដោយឱ្យគាត់ធ្វើការតវ៉ាដោយខុសច្បាប់»។
លោក ស ថេត អះអាងថា អាជ្ញាធរឈរនៅកណ្ដាលដើម្បីរកយុត្តិធម៌ទាំងសងខាង ហើយមិនចង់បង្រ្កាប មិនចង់ចាប់ចងពលរដ្ឋទេ ប៉ុន្តែបើធ្វើខុសច្បាប់ គឺច្បាប់តម្រូវឱ្យអនុវត្តយ៉ាងដូច្នេះ។
ដោយឡែក លោក សាន សុខ សីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចអាចបញ្ជាក់ថា កូដករចំនួន ១៥នាក់នោះ ត្រូវបានចាប់ខ្លួនឬអត់ទេ។
បុគ្គលិកណាហ្គាវើលដ៍ អ្នកស្រី សុខ ធីតា អាយុ៣៩ឆ្នាំ បានឱ្យដឹងថា រូបខ្លួនមានការសោកស្ដាយជាខ្លាំងចំពោះសកម្មភាព ដែលអាជ្ញាធរបានឃាត់ខ្លួនសកម្មជនសហជីពចំនួន៦នាក់បញ្ចូនទៅតុលាការនាព្រឹកនេះ ទាំងដែលពួកគេគ្មានកំហុសសោះគ្រាន់តែធ្វើកូដកម្មដោយស្របច្បាប់ទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារត្រឹមត្រូវ។
អ្នកស្រីប្រាប់ឱ្យដឹងថា៖ «សុំអាជ្ញាធរដោះលែងពួកគាត់[កម្មករ]ហ្នឹងទៅ ព្រោះពួកគាត់មិនមែនធ្វើនយោបាយអីទេ ដើម្បីឆ្នាំងបាយខ្លួនឯងទេ! អាជ្ញាធរចាប់ពួកគាត់អ៊ីចឹង ខ្ញុំពិតជាសោកស្ដាយមែន»។
ទោះបីជាមានភាពភ័យខ្លាច ក្រោយមានការឃាត់ខ្លួនសកម្មជន និងមេដឹកនាំសហជីពយ៉ាងនេះក្ដី អ្នកស្រីធីតា នៅតែអះអាងថាក្រុមកម្មករ នៅតែបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍រហូតមានដំណោះស្រាយជូនពួកគេ។
បុគ្គលិកនៅក្រុមហ៊ុនណាហ្គាម្នាក់ទៀត គឺអ្នកស្រី រ៉េត ធារ៉ាត់ អាយុ៣២ឆ្នាំ បានឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍ថារងភាពអយុត្តិធម៌ខ្លាំងណាស់ ចំពោះទង្វើដែលអាជ្ញាធរចាប់ខ្លួនសកម្មជនសហជីពទាំងយប់ដល់ក្នុងការរិយាល័យរបស់ពួកគេ ដោយចោទប្រកាន់ថា ពួកគេបំពានច្បាប់ធ្វើបាតុកម្មខុសច្បាប់ បំផ្លាញសណ្ដាប់ធ្នាប់សាធារណៈ។
អ្នកស្រីធារ៉ាត់បន្ថែមថា៖ «លួចឆ្មក់ចាប់ហ្មង គេយកប៉ូលិសគ្នាគេមកព័ទ្ធអូហ្វីស ហើយចូលទៅចាប់ដល់ក្នុងអូហ្វីសសហជីពហ្មង។ មានអារម្មណ៍ថាអយុត្តិធម៌ ព្រោះពួកខ្ញុំមិនបានធ្វើអីខុសច្បាប់ទេ អត់ដឹងថា អាជ្ញាធរគាត់ប្រើច្បាប់អី? ព្រោះពួកខ្ញុំធ្វើការតវ៉ាជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទាររកដំណោះស្រាយដោយសន្តិវិធី»។
អ្នកស្រីធារ៉ាត់ នៅតែរក្សាជំហរក្នុងការធ្វើកូដកម្មដោយអហិង្សាដដែល បើទោះបីជាមានការគម្រាមកំហែងមកលើពួកគេយ៉ាងណាក្ដី។ ពិសេសគាត់ស្នើតុលាការជួយរកខុសត្រូវជូនកម្មករដែលអាជ្ញាធរបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ និងស្នើឱ្យអាជ្ញាធរដោះលែងសកម្មជនសហជីព ដើម្បីឱ្យពួកគេបានទៅចរចារកដំណោះស្រាយជាមួយក្រុមហ៊ុនដោយសន្តិវិធីជូនកម្មករទាំង៣៦៥នាក់។
អ្នកស្រីបន្ថែមថា៖ «សូមអាជ្ញាធរពិនិត្យមើលម្ដងទៀត កុំអាងអីចោទពួកខ្ញុំថា ធ្វើបាតុកម្ម ពួកខ្ញុំមិនបានធ្វើបាតុកម្មដូចដែលចោទទេ គ្រាន់តែចង់ទាមទារសិទ្ធិសេរីភាពសហជីព និងបុគ្គលិកដែលត្រូវបានបញ្ជប់ដោយអយុត្តិធម៌កំឡុងពេលកូវីដហ្នឹង»។
ទាក់ទងនិងករណីនេះ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការចាប់ខ្លួនបុគ្គលិក ឬសមាជិកសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការគម្រាមកំហែង បំភិតបំភ័យ ជាការបំបាក់ស្មារតីទៅលើកូដករកំពុងធ្វើកូដកម្ម ដែលពួកគេទាមទារឱ្យក្រុមហ៊ុនមានការដោះស្រាយបញ្ហាវិវាទការងារ។
លោកសំអាត ឱ្យដឹងថា ការធ្វើកូដកម្មនៅក្នុងច្បាប់ការងារ និងច្បាប់បាតុកម្មដោយសន្តិវិធី គឺកម្មករនិយោជិតអាចធ្វើកូដកម្មបាននៅជាប់ ឬទល់មុខ របងរោងចក្រសហគ្រាស ឬក៏គ្រឹះស្ថាន ដើម្បីស្វែងរកដំណោះស្រាយ ហើយនេះគឺជាសិទ្ធិរបស់កម្មករ។
លោកថ្លែងបន្តថា៖ «ការចាប់ទៅលើសកម្មជនសហជីព ឬក៏បុគ្គលិកណាហ្គាវើលដ៍៦នាក់ បញ្ជូនទៅតុលាការ វាមិនមែនជាដំណោះស្រាយល្អទេ វាទៅជាការរិះគន់ទៅលើការគម្រាមកំហែង បំភិតបំភ័យ បំបាក់ស្មារតី រំលោភសិទ្ធិការងារ និងសិទ្ធិមនុស្សទៅវិញ »។
លោក សំអាត យល់ឃើញថា ដំណោះស្រាយដែលល្អ គឺត្រូវតែដោះលែងសកម្មជនទាំងអស់ហ្នឹង ហើយវិលទៅរកកិច្ចចរចារួមគ្នាមួយទើបជារឿងត្រឹមត្រូវបំផុត។
លោកបញ្ជាក់ថា៖ «កូដកម្មរបស់និយោជិត គឺធានាដោយច្បាប់ជាតិ និងអន្តរជាតិ កាលណាបើធ្វើកូដកម្មដោយសន្តិវិធីហើយត្រូវបានរំលោភបំពានសិទ្ធិរបស់គាត់[កម្មករ] អាហ្នឹងជាការរំលោភសិទ្ធិការងារ និងទៅលើសិទ្ធមនុស្ស ពិសេសគឺសិទ្ធិវិជ្ជាជីវៈរបស់សហជីព»។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ បានលើកឡើងស្រដៀងគ្នាថា ការឃាត់ខ្លួនសកម្មជនសហជីពនេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការធ្វើកូដកម្មដោយសន្តិវិធី។
លោកថ្លែងថា៖ «អ្វីដែលជាការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចដែលធ្វើកន្លងមកនេះ ខ្ញុំមើលឃើញថា វាឆ្លុះបញ្ចាំងអំពីអាជ្ញាធរមិនបានដើរតួនាទីដោយអព្យាក្រឹត នៅក្នុងការការពារ សណ្ដាប់ធ្នាប់ សុត្ថិភាពឱ្យបុគ្គលិកកម្មករជាង២ពាន់នាក់ ដែលគាត់ធ្វើកូដកម្មរយៈពេល១៣ថ្ងៃហ្នឹង»។
ចំណែកលោកថារ៉ូ មើលឃើញថា ការឃាត់ខ្លួនថ្នាក់ដឹកនាំសកម្មជនសហជីព គឺមិនមែនជាដំណោះស្រាយទេ មានតែការបង្កើតឱ្យមានការឈឺចាប់ និងអយុត្តិធម៌បន្ថែមទៀតដល់កម្មករនិយោជិត។ ហើយអាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រសួងការងារ គួរតែរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ និងជំរុញឱ្យនិយោជកចូលតុចរចាដោយភាពស្មោះត្រង់។
លោកបន្ថែមថា៖ «ចឹង! បើយើងមើលឃើញទម្រង់មួយដែលអនុវត្តមិនស្មើភាព ដែលយើងអាចនិយាយបានថា វាបង្ហាញអំពីការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនដែលមានឥទ្ធិពលអាចមានសិទ្ធិនៅក្នុងការរំលាយសហជីព គឺជាករណីមិនល្អទេចំពោះនិយោជកផ្សេងៗទៀតអាចរំលោភសិទ្ធិការងារ អាចកេងប្រវ័ញ្ចកម្លាំងពលកម្ម អាចមានទម្រង់ក្នុងការគម្រាមកំហែងសកម្មភាពស្របច្បាប់ វិជ្ជាជីវៈសហជីពនៅកន្លែងការងារ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court questions six NagaWorld union leaders for incitement while at least 15 more arrested Monday