គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាបានប្រកាសកាលពីថ្ងៃពុធនូវវិធានការបន្ថែម ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុចំពោះអតិថិជនរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលការដាក់ចេញវិធានការនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអង្គការសង្គមស៊ីវិលជាង១០០ បានអំពាវនាវឱ្យមានការពន្យាពេលសងត្រឡប់៣ខែដល់អ្នកខ្ចីប្រាក់។
ទោះយ៉ាងណា យោងតាមសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី៧ ខែមេសារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) វិធានការនេះដាក់ចេញដោយស្ថាប័នហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌច្រើនជាងអ្វីដែលសង្គមស៊ី វិលបានរំពឹងទុក។
ទោះបីជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតបានប៉ះពាល់ស្ទើរគ្រប់វិស័យនៅក្នុងសង្គមក៏ដោយ ក៏ស្ថាប័នទាំងពីរនេះ បានកំណត់អាទិភាពតែសម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមាន កូវីដ-១៩ និងអ្នកដែលត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃប៉ុណ្ណោះ។
យោងតាមសេចក្តីថ្លែងការណ៍រួមនេះ ស្ថាប័នជាសមាជិករបស់ CMA និង ABC នឹងលើកលែងការទូទាត់ការប្រាក់មួយចំនួនយ៉ាងហោចណាស់មួយខែ ក៏ដូចជាលើកលែងការពិន័យចំពោះការសងត្រឡប់យឺតនិងផ្តល់ការពន្យាពេល៣ខែ សម្រាប់ការសងប្រាក់ដើម សម្រាប់អតិថិជន ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។
ស្រដៀងគ្នានេះដែរ សេចក្តីថ្លែងការនេះបានបន្ថែមថា គ្រឹះស្ថានជាសមាជិកនឹងអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់ ដែលត្រូវបានអាជ្ញាធរសុខាភិបាលដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ធ្វើការរៀបចំឥណទានឡើងវិញ ដោយផ្អាករាល់ការសងប្រាក់កម្ចីក្នុងរយៈពេលមួយខែហើយលើកលែងការពិន័យចំពោះការបង់យឺតផងដែរ។
ទាំង CMA និង ABC ក៏នឹងផ្តល់ការរៀបចំឥណទានឡើងវិញ សម្រាប់អ្នកទិញផ្ទះផ្ទាល់ខ្លួនទី១សម្រាប់រស់នៅ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។
វិធានការក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទទួលបានប្រាក់កម្ចីសង្រ្គោះបន្ទាន់ ដើម្បីគាំទ្រដល់អាជីវកម្ម ដោយផ្តល់ជូនអតិថិជនទាំងនោះ នូវអត្រាការប្រាក់ទាបជាងមុន។
សេចក្តីថ្លែងការនោះបានសរសេរថា៖ « [គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ] និងធនាគារបានចូល រួមយ៉ាងសកម្ម ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់អតិថិជនក្នុងកំឡុងពេលនៃការរាត ត្បាតដោយសារជំងឺកូវីដ-១៩ ហើយផ្តល់ការរៀបចំប្រាក់កម្ចីនិងវិធានការបន្ធូរបន្ថយផ្សេងទៀត។ ជាមួយនឹងផលប៉ះពាល់នេះ ទាំង CMA និង ABCត្រូវតែបន្តអនុវត្តរាល់វិធានការ ដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីធានាថា អតិថិជនទាំងអស់ត្រូវបានការពារអំឡុងពេលនេះ»។
គិតត្រឹមដំណាច់ខែកុម្ភៈ អតិថិជនជាង៣៤០.០០០នាក់នៃគ្រឹះស្ថាន CMA និងABC ទទួលបានការរៀបចំឥណទានឡើងវិញ ដែលមានទឹកប្រាក់សរុបជាង៤ពាន់លានដុល្លារ។ ភាគច្រើននៃអ្នកខ្ចីទាំងនោះគឺប្រមាណជា៣០ម៉ឺននាក់មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានឥណទាន១,៤ពាន់លានដុល្លារគិតត្រឹមខែមីនា។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារបានលើកឡើងថា ការរៀបចំឥណទានឡើងវិញ គឺមិនទាន់គ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាជន ដែលរងផលប៉ះពាល់នោះទេ ជាពិសេស នៅពេលដែលការផ្ទុះ ឡើងជំងឺកូវីដ-១៩ លើកទី៣ បានធ្វើឱ្យចំណូលប្រចាំគ្រួសារធ្លាក់ចុះ។ សេចក្តីថ្លែងការណ៍រួមដែលមានហត្ថលេខា១០៣ អង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវដល់រដ្ឋាភិបាលឱ្យដាក់សម្ពាធលើគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្អាករាល់ការសងបំណុលនិងអត្រាការប្រាក់នៃប្រាក់កម្ចីរយពេល៣ខែ។
លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូដែលបានដឹកនាំការចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារបានមានប្រសាសន៍ថា ការឆ្លើយតបពីគ្រឹះស្ថានហិរញ្ញវត្ថុនេះ ដោះស្រាយទៅតាមករណីនីមួយៗប៉ុណ្ណោះ។ ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ លោក សំអាត បានអំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពង្រីកវិសាលភាពនៃការសម្រាលបន្ទុកនេះដល់អ្នកខ្ចីបន្ថែមទៀត។
លោក សំអាត ថ្លែថា៖«ប្រសិនបើយើងក្រឡេកមើលទិដ្ឋភាពទូទៅនៅក្នុងគ្រាលំបាកដោយសារជំងឺកូវីដ–១៩ វាមានសម្ពាធធ្ងន់ធ្ងរនៅពេលប្រជាពលរដ្ឋជ្រើសរើសយកវិធីស្នាក់នៅផ្ទះ ដើម្បីសុវត្ថិភាព។ នៅពេលពួកគាត់ស្នាក់នៅផ្ទះ វាមានន័យថា ពួកគាត់ក៏នៅធ្វើចត្តាឡីស័កដែរ ហើយបាត់បង់ប្រាក់ចំណូល ដូច្នេះពួកគាត់នឹងមិនអាចសងប្រាក់កម្ចីបានទេ»។
គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាក៏បានទទួលថវិកាពីម្ចាស់បំណុលបរទេស ដែលជាផ្នែកមួយនៃគម្រោងការអភិវឌ្ឍន៍ ដើម្បីជំរុញការបង្កើត«ការងារខ្នាតតូច» និងអាជីវកម្មដល់ប្រជាជនកម្ពុជា។ ជារឿយៗក្រុមអង្គការសិទ្ធិមនុស្សបានជំរុញឲ្យម្ចាស់បំណុលបរទេសឲ្យសិក្សាអំពីការអនុវត្តជាក់ស្តែងរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលអង្គការលីកាដូ និងអ្នកផ្សេងទៀតបានចោទប្រកាន់ថា បានជំរុញអ្នកខ្ចីធ្លាក់ក្នុងបំណុលវ័ន្តក ។
ដោក សុវណ្ណ កម្មករកាត់ដេរនៅខេត្តកណ្តាលបានប្រាប់ខេមបូចាថា នាងបានខ្ចីប្រាក់ចំនួន១៦.០០០ដុល្លារ ដើម្បីសង់ផ្ទះថ្មី និងទិញម៉ូតូ។ សុវណ្ណ ត្រូវសងបំណុលដោយបង់រំលោះ ៣៦០ដុល្លារក្នុងមួយខែ និងមានរយៈពេល៦ឆ្នាំ។
សុវណ្ណ បាននិយាយថា៖ «ខ្ញុំប្រហែលមិនមានលុយបង់ទេនៅខែក្រោយនេះ ប្រសិនបើស្ថានភាពនៅតែបន្តយូរ ពីព្រោះប្តីរបស់ខ្ញុំបាត់បង់ការងារហើយខ្ញុំម្នាក់ឯងមិនអាចដោះស្រាយការចំណាយប្រចាំថ្ងៃបានទេ»។
អ្នកស្រី សុវណ្ណ ដែលកាលពីឆ្នាំមុនទទួលបានការអនុគ្រោះពីមីក្រូហិរញ្ញវត្ថុ ឲ្យបង់តែការប្រាក់រយៈពេល៦ខែ បាននិយាយថា អ្នកស្រីរកបានតែ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ប្តីរបស់អ្នកស្រីដែលជាអ្នកដឹកអីវ៉ាន់នៅផ្សារអូរឫស្សីបានបាត់បង់ការងារនៅពេល ដែលអាជ្ញាធរបានបិទផ្សាររយៈពេល២សប្តាហ៍កាលពីថ្ងៃទី៤ ខែមេសា បន្ទាប់ពីរកឃើញករណីឆ្លងជាចង្កោមនៅទីនោះ។ គិតត្រឹមថ្ងៃពុធ មានមនុស្សប្រហែល៦០នាក់ហើយ ដែលបានធ្វើ តេស្តរកឃើញវិជ្ជមាន។
សុវណ្ណ ស្វាគមន៍ចំពោះវិធានការរបស់គ្រឹះ ស្ថានហិរញ្ញវត្ថុ ដែលបានជួយដល់អ្នកដែលឆ្លងជំងឺ និង អ្នកដែលត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែថា វិធានការទាំងនោះមិនទាន់គ្រប់គ្រាន់ទេ។ សុវណ្ណនិយាយថា៖ «បុគ្គលិកឬអ្នកផ្សេងទៀត ដែលបាត់បង់ការងារឬត្រូវបានផ្អាកពីការងាររបស់ពួកគេក្នុងកំឡុងពេលមានជំងឺកូវីដ-១៩ ក៏រងផលប៉ះពាល់ដែរ តើពួកគេត្រូវធ្វើយ៉ាងម៉េច ពួកគេមិនអាចរកប្រាក់បានទេ តើពួកគេមានលុយឯណាបង់ធនាគារនោះ?»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Financial institutions introduce measures to ease financial burden after call from civil society