ជនភៀសសឹកដែលមានបញ្ហាហិរញ្ញវត្ថុ នឹងត្រូវប្រឈមមុខនឹងការបន្តសងបំណុលវិញ ដោយសាររយៈពេលអនុគ្រោះសម្រាប់ការផ្អាកសងបំណុល ឬការប្រាក់ដែលបានចាប់ផ្តើមពីថ្ងៃទី៣០ ខែកក្កដា នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ។ ការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមពួកគេជាច្រើននាក់ដែលនៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញ ឬក៏រកការងារធ្វើមិនទាន់បាន។
ជនភៀសសឹកម្នាក់ឈ្មោះ វឿន ស៊ីនួន អាយុ៤៣ឆ្នាំ ដែលផ្លាស់ពីខេត្តព្រះវិហារមកសៀមរាប បានសម្តែងការបារម្ភរបស់ខ្លួនថា អ្នកស្រីមិនទាន់មានប្រាក់ចំណូលដើម្បីចាប់ផ្តើមបង់សងប្រាក់កម្ចីវិញនៅពេលដែលកាលបរិច្ឆេទបានកំណត់មកដល់នោះទេ។ អ្នកស្រីបានបញ្ជាក់ថា គ្រួសាររបស់គាត់មានបំណុលសរុបចំនួន ១៥ លានរៀល ដែលក្នុងនោះ ៩ លានរៀល ($2200) ជំពាក់ធនាគារ ខេប៊ី ប្រាសាក់ និង ៦ លានរៀល ជំពាក់ធនាគារ អិលអូអិលស៊ី ខេមបូឌា ដោយតម្រូវឱ្យគាត់បង់ប្រចាំខែសរុបប្រមាណ ២០០ដុល្លារ។
ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដាមក អ្នកស្រី ស៊ីនួន និងគ្រួសារ រួមមានស្វាមី និងកូនបីនាក់ ត្រូវបង្ខំចិត្តរស់នៅក្នុងជំរំជនភៀសខ្លួន ដោយសារទីលំនៅរបស់ពួកគេស្ថិតក្នុងតំបន់គ្រោះថ្នាក់។ ស្ថានភាពនេះបានធ្វើឱ្យប្តីប្រពន្ធទាំងពីរនាក់មិនអាចរកចំណូលបានជិតបីខែហើយ ទោះបីជាកូនៗនៅតែបានទៅរៀនក៏ដោយ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំអត់មានលទ្ធភាពទេ មិនដឹងថាត្រូវធ្វើម៉េចទេ ព្រោះជិតដល់ពេលហើយ។ ពិបាកចិត្តមិនអាចរកលុយបានបង់ ដេកពិបាកចិត្ត»។
ក្រៅពីគ្មានចំណូលអស់រយៈពេលជាច្រើនខែ ស្រែជួលទំហំប្រាំហិកតារបស់គាត់ក៏ត្រូវសត្វល្អិតបំផ្លាញទៀត។ អ្នកស្រីបានសម្តែងការព្រួយបារម្ភថាអាចនឹងខាតបង់ទាំងស្រុងនូវដំណាំទាំងនោះ ក្រោយពីបានចំណាយយ៉ាងតិច ៣,៥ លានរៀល (ប្រហែល៩០០ដុល្លារ) ទៅលើថ្លៃជួល និងភ្ជួរដីរួចមក។
អ្នកស្រីរៀបរាប់ថា៖ «ឆ្នាំនេះមិនបានរួចខ្លួនទេ ស្រូវសុទ្ធតែស្មៅ ហើយសត្វល្អិតស៊ីទៀត។ ខ្ញុំពិបាកចិត្តណាស់ បើស្រូវល្អមិនសូវភ័យទេ»។
អ្នកស្រី ហាន ចន្ថា អាយុ៣៣ឆ្នាំ ជាអតីតពលករចំណាកស្រុកនៅប្រទេសថៃ បានបញ្ជាក់ថា គ្រួសាររបស់គាត់ជំពាក់ប្រាក់ធនាគារ អិលអូអិលស៊ី ខេមបូឌា ប្រមាណ ៤០០០ដុល្លារ។ មុនពេលមានជម្លោះព្រំដែន គាត់ធ្លាប់ផ្ញើប្រាក់យ៉ាងតិច ៦០ដុល្លារក្នុងមួយខែពីប្រទេសថៃដើម្បីសងបំណុល។ ប៉ុន្តែចាប់ពីខែវិច្ឆិកាទៅ គាត់បាននិយាយថា គាត់នឹងមិនអាចបង់ប្រាក់បានទៀតទេ ព្រោះគាត់បានត្រឡប់ពីប្រទេសថៃវិញកាលពីចុងខែកក្កដា ហើយគ្មានប្រាក់ចំណូលអ្វីទាល់តែសោះ។
តែពីរថ្ងៃប៉ុណ្ណោះបន្ទាប់មកពីប្រទេសថៃ ចន្ថាបានបង្ខំចិត្តចាកចេញពីផ្ទះ នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ហើយបានទៅស្នាក់នៅស្រុកស្រីស្នំ ខេត្តសៀមរាប។ ពួកគេទើបតែបានវិលត្រឡប់ទៅផ្ទះវិញកាលពីដើមខែតុលានេះ។
អ្នកស្រីនិងស្វាមីបានទៅធ្វើការនៅការដ្ឋានសំណង់របស់ចិន ប៉ុន្តែថៅកែមិនព្រមបើកប្រាក់ឈ្នួលឱ្យពួកគេទេ ដោយសារខ្លាចក្រែងមានជម្លោះប្រដាប់អាវុធផ្ទុះឡើងម្តងទៀត។ ហេតុដូច្នេះហើយ ពួកគេក៏បានសម្រេចចិត្តឈប់ពីការងារដោយមិនទទួលបានប្រាក់ខែ ហើយរហូតមកដល់ពេលនេះ ក៏នៅមិនទាន់រកការងារថ្មីធ្វើបាននៅឡើយ។
«តាំងពីមានសង្គ្រាមមក គឺពិបាកខ្លាំង រកការងារបានហើយ គេពិបាករឿងលុយទៀត ប៉ះតែថៅកែគេមិនល្អ»។ ដោយអ្នកស្រីបន្តថា គាត់បានចំណាយច្រើនលើអាហារ និងថ្លៃទិញទឹកដោះគោសម្រាប់កូនៗរបស់គាត់ដែលមានអាយុ២ឆ្នាំ និង៥ឆ្នាំ។ យ៉ាងណា ដោយសារពួកគេគ្មានប្រាក់ចំណូល អាហារប្រចាំថ្ងៃរបស់ពួកគេគឺប្រហុក។ អ្នកស្រីបន្ថែមថា ជួនកាលប្តីគាត់ចាប់ត្រីបានខ្លះដើម្បីបរិភោគ ប៉ុន្តែដោយសារឥឡូវទឹកស្រក ទើបលែងរកបាន។
អ្នកស្រីនិយាយថា៖ «តាំងពីមកពីជំរំភៀសសឹកមក រកអីក៏មិនបាន ហើយឈឺឡើងស្គមអស់ហើយសព្វថ្ងៃ។ កូនក៏ឈឺ ខ្ញុំក៏ឈឺដោយសាររត់រកការងារ»។
ធៀបនឹងពេលធ្វើការនៅប្រទេសថៃ ដែលប្ដីប្រពន្ធមួយគូនេះធ្លាប់រកបាន ៣ ០០០បាត (ប្រហែល៩០ដុល្លារ) រៀងរាល់កន្លះខែ ស្ថានភាពសព្វថ្ងៃបានផ្លាស់ប្ដូរទាំងស្រុង។ ឥឡូវនេះ អ្នកស្រីអាចរកប្រាក់បានត្រឹមតែប្រមាណ១៥០បាត(ប្រមាណ ១៨០០០រៀល) ឬ ៤,៥០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ពីការងារស៊ីឈ្នួលលាងចាន ហើយការងារនេះក៏មិនមែនមានរាល់ថ្ងៃដែរ។
អ្នកស្រីបានអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឱ្យបន្តអនុគ្រោះពន្យារពេលដល់ជនរងគ្រោះដោយជម្លោះព្រំដែន រហូតទាល់តែពួកគេអាចវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញបានទាំងស្រុង។ អ្នកស្រីនិយាយថា៖ «ចាំមើលប្រទេសយើងមានសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសម្រាប់ជនភៀសខ្លួនអាចរកការងារធ្វើ ឬមានប្រាក់ចំណូល»។

សូមរំលឹកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងធនាគារជាតិនៃកម្ពុជា (NBC) ធ្លាប់បានណែនាំ ទៅគ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយ ឱ្យផ្អាកការទារសងកម្ចី (ទាំងប្រាក់ដើម និងការប្រាក់) ពីជនភៀសសឹក ដែលជីវភាពរងផលប៉ះពាល់ដោយសារការភៀសខ្លួនរកសុវត្ថិភាព។ គោលបំណងគឺដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ។ លើសពីនេះ NBC ក៏បានជំរុញ ឱ្យស្ថាប័នហិរញ្ញវត្ថុពិចារណា លុបចោលបំណុល រហូតដល់៨០លានរៀល (ប្រមាណ ២០,០០០ ដុល្លារ) សម្រាប់គ្រួសារយោធាដែលបានពលី។
នៅថ្ងៃទី៣០ ខែកក្កដា សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឆ្លើយតបនឹងការអំពាវនាវ ដោយបានប្រកាសផ្អាកការទូទាត់ទាំងការប្រាក់ និងប្រាក់ដើម សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ការផ្អាកនេះមានរយៈពេលបីខែរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ រីឯសម្រាប់មន្ត្រីយោធាជួរមុខវិញ គឺត្រូវបានអនុគ្រោះរយៈពេលវែងជាង គឺប្រាំមួយខែរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
ពលរដ្ឋដែលកំពុងស្នាក់នៅជំរំគឺ អ្នកស្រី ជា សុធី អាយុ៥៥ឆ្នាំ ដែលជាភរិយារបស់ទាហានម្នាក់បាននិយាយថា ទោះបីជាគ្រួសាររបស់គាត់ទទួលបានការអនុគ្រោះផ្អាកបង់សងបំណុលរយៈពេលប្រាំមួយខែក៏ដោយ ក៏ការចំណាយសម្រាប់ការស្នាក់នៅក្នុងជំរំគឺច្រើនណាស់។ គាត់បានបន្ថែមថា គាត់ និងកូនស្រីអាយុប្រាំបីឆ្នាំរបស់គាត់តែងតែធ្លាក់ខ្លួនឈឺជាញឹកញាប់ទៀតផង។
អ្នកស្រីបាននិយាយថា៖ «ទោះបីខ្ញុំមិនបង់សងធនាគារក៏ដោយ ប៉ុន្តែការមកជំរំនេះគឺខ្ជះខ្ជាយលុយណាស់ កូនស្រីខ្ញុំនិងខ្ញុំតែងតែឈឺ ហើយខ្ញុំមិនអាចដើរបានទេឥឡូវនេះ»។
បើតាមអ្នកស្រី សុធី ប្រជាពលរដ្ឋភៀសសឹកជាច្រើននៅស្រុកស្វាយលើ ខេត្តសៀមរាប បានត្អូញត្អែរពីការមិនមានលុយបង់សងធនាគារ។
ទាំងអ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា លោក សុខ ចាន់ និងអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី បានបញ្ជាក់ថា មិនទាន់មានសេចក្តីប្រកាសគោលការណ៍ថ្មីជាផ្លូវការសម្រាប់អតិថិជននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានលើកឡើងថា យន្តការដែលមានស្រាប់សម្រាប់ជួយអ្នកខ្ចីដែលរងផលប៉ះពាល់ គឺជាការរៀបចំរចនាសម្ព័ន្ធឥណទាន ដែលជាការកែសម្រួលកិច្ចសន្យាប្រាក់កម្ចីដើម ដើម្បីជួយសម្រាលបន្ទុកដល់អតិថិជនដែលមានបញ្ហាផ្នែកសេដ្ឋកិច្ច។
លោក តុងងី បានបញ្ជាក់ថា សមាគមកំពុងវាយតម្លៃពីផលប៉ះពាល់របស់ជនភៀសសឹក ថាគួរមានការអនុគ្រោះបន្តទៀត ឬអត់។ លោកបន្តថា៖ «យើងនឹងជជែកបន្ថែមទៀតជាមួយនិងធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពថាតើឥឡូវនេះផលប៉ះពាល់បែបហ្នឹង តើយើងគួរធ្វើម៉េចបន្តទៀត»។
ចំណែកឯលោក លោក សុខ ចាន់ វិញបានបញ្ជាក់ថា សមាគមកំពុងពិភាក្សាផ្ទៃក្នុងអំពីការការពារអតិថិជន ដោយកិច្ចប្រជុំពាក់ព័ន្ធគ្រោងធ្វើឡើងនៅចុងខែតុលានេះ។
លោកបន្ថែមថា៖ «ដូច្នេះរបៀបវារៈនៃកិច្ចការពារអតិថិជន និងក្របខណ្ឌបទប្បញ្ញត្តិ និងសេចក្តីណែនាំថ្មីៗរបស់និយ័តករ នឹងជជែកពិភាក្សានៅក្នុងកិច្ចប្រជុំផងដែរ»។
ធនាគារ អេស៊ីលីដា និង ធនាគារ អិលអូអិលស៊ី មិនអាចទាក់ទងសុំយោបល់តាមរយៈអ៊ីម៉ែលបានទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបង្វែរសំណួរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា (NBC)។ លោក គីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អភិបាលរងខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២០ ខែតុលា ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលស្មើនឹងជាង ៥០០នាក់ កំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក។
អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ១៨០០ គ្រួសារ ឬស្មើនឹងជាង ៦០០០នាក់ កំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក។ ក្នុងនោះមានជាង ១ ៦០០គ្រួសារបានស្វែងរកកន្លែងជ្រកកោននៅវត្តពោធិ៍៥០០០ដើម ដែលជាជំរំភៀសសឹកធំជាងគេក្នុងប្រទេស។
លោកបន្ថែមថា អ្នកដែលត្រឡប់មកផ្ទះវិញនឹងទទួលបានគ្រឿងឧបភោគបរិភោគដូចជា អង្ករ មី ទឹកត្រី និងគ្រឿងទេសពីអាជ្ញាធរ។ លោកបន្តថា ប្រសិនបើពួកគេត្រូវការបន្ថែមទៀត ពួកគេអាចស្នើសុំជំនួយពីអាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃនេះ លោក ចាន់បញ្ញា ថាពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភតាមកម្រិតជីវភាព ដោយបែងចែកជា បណ្ណក្រីក្រី១ និងក្រីក្រី២។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីចំនួនលុយដែលពលរដ្ឋត្រូវបាននៅឡើយ ដោយថារង់ចាំការប្រកាសរបស់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ «ក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ដោយសង្គ្រាម យើងនឹងមានការផ្តល់ជូនថវិកាតាមគ្រួសារនីមួយៗ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង យល់ថារដ្ឋាភិបាលគួរណែនាំស្ថាប័នផ្តល់ប្រាក់កម្ចីទាំងអស់ឱ្យបន្តអនុគ្រោះដល់ពលរដ្ឋភៀសសឹក ព្រោះបច្ចុប្បន្នពួកគេរស់នៅពឹងអាស្រ័យលើជំនួយរបស់រដ្ឋ និងសប្បុរសជននៅឡើយ។ លោកជំរុញឱ្យស្ថាប័នរដ្ឋពាក់ព័ន្ធអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ប្រសិនបើមានការទារលុយពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «បើមិនបន្ធូរបន្ថយ តើឱ្យពលរដ្ឋបង់សងយ៉ាងម៉េច បើពួកគាត់នៅភៀសខ្លួននៅឡើយ រកតែចំណូលប្រចាំថ្ងៃមិនមានផង ដោយពឹងតែជំនួយ។ ដូច្នេះបើទារលុយទៀត គាត់បានអីសង»។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ ជនភៀសសឹកជិត ១៧ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ជំរំសុវត្ថិភាពក្នុងខេត្តចំនួន៥ ជាប់ព្រំដែនថៃ ក្នុងអំឡុងជម្លោះដ៏ក្ដៅគគុកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងឈប់បាញ់នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរបានអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅប្រទេសវិញជាបណ្តើរៗ។
យ៉ាងណាក៏ដោយ យោធាថៃបានបើកការវាយប្រហារលើទីតាំងកងទ័ពកម្ពុជានៅតំបន់អានសេ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញា ដោយបង្ខំឱ្យអ្នកខ្លះរត់ត្រឡប់ទៅជំរំវិញ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Displaced and Jobless—Conflict-Affected People Plead for Forbearance Period Extension As Oct 31 Deadline Nears










