សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

វិស័យធនាគារនៅតែរឹងមាំ ទោះជាអតិថិជនសងយឺតមានចំនួនកើនឡើង

បុរសម្នាក់កំពុងជិះម៉ូតូកាត់មុខសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)
បុរសម្នាក់កំពុងជិះម៉ូតូកាត់មុខសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

វិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែអះអាងពីភាពរឹងមាំ បើទោះជាអតិថិជនបង់សងយឺតកើនឡើងដល់ជិត៨ភាគរយ និងការផ្តល់កម្ចីថយចុះដល់៤៨ភាគរយក៏ដោយ ចំណែក​​អតិថិជនមួយចំនួនថា កំពុងច្របូក​ច្របល់ផ្លូវចិត្តវេទនាស្ទើរស្លាប់ព្រោះចំណូលធ្លាក់​ចុះគ្មានលុយសងបំណុល។

អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា លោក សុខ ចាន់ ឱ្យដឹងថា របាយការណ៍ចុងក្រោយគិតត្រឹមខែឧសភាឆ្នាំ២០២៤ អតិថិជនដែលសងប្រាក់កម្ចីត្រឡប់យឺតកើនឡើងដល់៧,៧ភាគរយ។

លោក សុខ ចាន់ ថ្លែងថា៖ «គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤នេះ ការបង់សងត្រឡប់វិញយឺតលើសពី ៣០ថ្ងៃ បានកើនឡើងដល់ប្រមាណ ៧,៧%។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)»

របាយការណ៍នេះក៏បញ្ជាក់ទៀតថា ស្ថាប័ននេះ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកចំនួន១៩៥ស្ថាប័ន ដែលមានអតិថិជនជិត​៥លាននាក់(៤,៩៨លាន) ហើយចំនួនទឹកប្រាក់ដែលជំពាក់បំណុលប្រមាណ៥៨ពាន់លានដុល្លារ(២៣២ ៣៩៣ ៣៩៤ លានរៀល)​។

អតិថិជនដែលជំពាក់បំណុលមួយចំនួនឱ្យដឹងថា ទន្ទឹមនឹងការបាត់បង់ចំណូល បុគ្គលិកធនាគារ​​នៅតែដាក់សម្ពាធឱ្យបង់សង ទើបពួកគេបង្ខំចិត្តទៅយកកម្ចីឯកជននាំឱ្យមានបំណុលកាន់តែធ្ងន់ធ្ងរ។

អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជាបានពន្យល់ថា ចំនួននៃការបង់សងយឺតនេះមិនមែន​មាន​ន័យថា ជាកម្ចីដែលខូចនោះទេ គឺគ្រាន់​តែ​ជាកម្ចីដែលបង់សងយឺតជាងរយៈពេល៣០ថ្ងៃតែប៉ុណ្ណោះ។ លោកបន្តថា ចំនួននៃការបង់សងយឺតនេះកើនឡើង ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ហើយវិស័យនេះនៅតែរឹងមាំដដែល។

លោក សុខ ចាន់ អះអាងថា៖ «បើទោះបីជាអត្រាបង់សងត្រឡប់វិញយឺតបានកើនបន្តិចក្តី ប៉ុន្តែ​វិស័យធនាគារ និងហិរញ្ញវត្ថុ នៅបន្តមានភាពរឹងមាំ ធន់ និងមានភាពស្ថិរភាព និងបន្ត​ផ្តល់​ឥណទានជាធម្មតាដល់ប្រជាពលរដ្ឋ និងអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីទទួលបានប្រភពទុនផ្លូវការក្នុងការស្ដារ និងពង្រីកអាជីវកម្មរបស់ពួកគាត់»

អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ចាត់ទុកចំនួនអ្នកបង់សងយឺតដល់​​ជិត៨ភាគរយនេះ គឺជាសញ្ញាមិនល្អដែលបង្ហាញពីការលំបាករបស់ប្រជាពលរដ្ឋថយចុះចំណូល។ ប៉ុន្តែលោក តុងងី បញ្ជាក់ថា ស្ថានភាពស្ថាប័នផ្តល់កម្ចីនៅតែស្ថិតនៅក្នុងស្ថានភាពល្អបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ។

លោក កាំង តុងងី បញ្ជាក់ថា៖«បើសិនជាយើងមើលជារូបភាពធំដោយសារបរិបទសេដ្ឋកិច្ចកម្ពុជា យើងរងវិបត្តិផ្ទួនៗ ពោលតាំង​ពី​កូវីដ​មក មានសង្គ្រាមអីអូសបន្លាយមក អ៊ីចឹងជាលក្ខណៈសត្យានុម័តវាត្រូវតែជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយើងហើយ។ [អតិថិជន​ដែលបង់សងយឺត] ៧ភាគរយអាចថាជាកម្រិតមួយខ្ពស់គួរសម ក៏ប៉ុន្តែបើសិនយើង​មើលប្រទេសក្នុងតំបន់ ប្រទេសនៅជុំវិញយើងហ្នឹងគឺថា៧ភាគរយគឺកម្រិតនៅទាបជាងគេនៅឡើយទេ»

ប្រធាននាយកប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា លោក អ៊ិន ចាន់នី បញ្ជាក់ថា លោកមិនអាចផ្តល់ព័ត៌មានពីចំណុចខ្លាំង និងការលំបាករបស់ធនាគារក្នុងស្ថានភាពអ្នកបង់សងយឺតកើនឡើង​ជិត៨ភាគរយនេះបានទេ ដោយរបាយការណ៍នេះត្រូវផ្ញើទៅស្ថាប័នរបស់រដ្ឋាភិបាលជាមុនសិន។

ខេមបូចា បានទាក់ទងទៅធនាគារមួយចំនួនទៀត ដូចជា ABA  Wing និងLOLC ជាដើម ក៏មិនទទួលបានចម្លើយដូចករណីធនាគារអេស៊ីលីដាដែរ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះជាង៤៨ភាគរយ ស្មើនឹងទឹកប្រាក់៦,២ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ (ខេមបូចា/ បញ្ញា ឆព័ណ្ណ)

ទន្ទឹមនឹងខាងស្ថាប័នផ្តល់កម្ចីបញ្ជាក់ពីភាពរឹងមាំនេះ ប្រជាពលរដ្ឋជាអតិថិជនមួយចំនួនអះ​អាង​ថា ពួកគេកំពុងតែរងទុក្ខលំបាកខ្លាំងដោយសារតែចំណូលថយចុះ តែខាងធនាគារនៅតែរឹតបន្តឹងទារប្រាក់។

អ្នកស្រី ស៊ូ ញ៉េន រស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ  បានខ្ចីលុយពីធនាគារ៣ម៉ឺនដុល្លារដើម្បីរៀបចំរោង និងភ្ជាប់ប្រព័ន្ធដាំបន្លែលើទឹកតាមបច្ចេកទេសថ្មី។ ប៉ុន្តែអ្នកស្រីថា បញ្ហាភ្លើងអគ្គិសនីមិនគ្រប់គ្រាន់ សត្វល្អិតបំផ្លាញ និងបន្លែលក់បានតម្លៃទាបបានធ្វើឱ្យរូបគាត់​ខាតបង់បន្តបន្ទាប់២ឆ្នាំមកហើយ។

ស្ត្រីវ័យ៦០ឆ្នាំរូបនេះឱ្យដឹងថា ក្នុង១ខែត្រូវបង់សងធនាគារវិញជាង១ពាន់ដុល្លារធ្វើឱ្យរូបគាត់វេទនាខ្លាំងណាស់ ហើយត្រូវបង្ខំចិត្តទៅខ្ចីលុយពីវិស័យឯកជនមកថែមទៀត។

អ្នកស្រី ស៊ូ ញ៉េន ថ្លែងថា៖«ឥឡូវខ្ញុំបង់អត់ទៀងទាត់ទេ បើរកអត់បាន។ ខ្ញុំបង់រាល់ខែ ប៉ុន្តែចេះតែរត់ទៅណេះរត់ទៅណោះរកអីណេះ​រកអីណោះឆក់ពីឯកជនខ្លះបន្ថែមដើម្បីយកមកបង់សងធនាគារដែលចេះតែធ្ងន់ទៅៗ ចឹងហើយបានថារាល់ថ្ងៃនេះខ្ញុំលំបាកខ្លាំងណាស់»

អ្នកស្រី ស៊ូ ញ៉េន ឱ្យដឹងទៀតថា បញ្ហាលំបាកនេះមិនមែនមានតែរូបគាត់ទេ គឺពលរដ្ឋនៅតំបន់​នោះកំពុងជួបបញ្ហានេះស្ទើរគ្រប់គ្នា ខណៈអ្នកខ្លះរងការជេរស្តីពីបុគ្គលិកធនាគារទៀតផង​។

អ្នកស្រី ស៊ូ ញ៉េន បន្ថែមថា៖«ដូចគ្នាទាំងអស់នៅក្នុងតំបន់ខ្ញុំនេះ ជំពាក់បំណុលធនាគារ ហើយអ្នកខ្លះសូមពន្យារ អ្នកខ្លះអត់បង់ អត់មានលុយបង់ ចឹងទៅក៏ខាងធនាគារជេរស្តីចឹង​ទៅ»

តំណាងសហគមន៍សាមគ្គីមានជ័យ ភូមិមានជ័យ ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀងលោក ស៊ិន សាម៉េត ឱ្យដឹងថា ពលរដ្ឋនៅតំបន់របស់លោកជាង៩០ភាគរយកំពុងជួបការលំបាកក្នុងការរកលុយសងបំណុល។ លោកបន្តថា ក្នុង១ភូមិៗមានពលរដ្ឋប្រមាណ​៤​ទៅ​៥​គ្រួសារអស់ទ្រព្យសម្បត្តិទាំងស្រុងដោយត្រូវលក់ផ្ទះលក់ដីសងបំណុល។

លោក ស៊ិន សាម៉េត ថ្លែងថា៖«អ្នកពិបាកហ្នឹងក្នុងមួយភូមិមាន៤គ្រួសារ៥គ្រួសារដែលអស់រលីងអស់ដីអស់ធ្លី វាមិនទូទៅទេ ក្នុងមួយភូមិមាន៤គ្រួសារ ៥គ្រួសារចឹងដែលអស់ដី»

រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំលោក ថា លីដា ឱ្យដឹងថា កសិករនៅតំបន់របស់លោកនៅឆ្នាំនេះខាតបង់កាន់តែខ្លាំងដោយសារស្រូវ និងដំណាំរួមផ្សំផ្សេងទៀតសុទ្ធតែត្រូវដាំដុះលើសពី​មួយដងដោយសារតែសត្វល្អិតបំផ្លាញ។ លោកបន្តថា បញ្ហានេះធ្វើឱ្យកសិករនៅក្នុងសហគមន៍​លោកជាង២០០គ្រួសារ(ស្មើនឹងប្រមាណ១ពាន់នាក់)លំបាកកាន់តែខ្លាំងក្នុងការរកប្រាក់សងបំណុលធ្វើឱ្យមនុស្សពេញកម្លាំងភាគច្រើនធ្វើចំណាកស្រុក។

លោកបន្ថែមថា៖«អ៊ីចឹងហើយបានពួកគាត់ភាគច្រើនចំណាកស្រុកចេញទៅធ្វើការតាមតំបន់គោលដៅដែលគាត់ត្រូវទៅហ្នឹង ហើយមួយចំនួនទៀតក៏មានការងារធ្វើនៅក្នុងភូមិហ្នឹង គាត់ទៅស៊ីឈ្នួលជាកម្មកររបស់ក្រុមហ៊ុនចិន។ ជាក់ស្តែងនៅក្នុងសហគមន៍ខ្ញុំតែមួយអ្នកចំណាកស្រុកមានចំនួនប្រមាណជា៧០ភាគរយនៃអ្នកពេញកម្លាំងធ្វើការ»

អ្នកស្រី យឹម សុផាន កសិករនៅក្នុងខេត្តព្រះវិហារ ឱ្យដឹងថា ស្រូវ និងដំណាំផ្សេងទៀតមិនបានផលបន្តបន្ទាប់ ធ្វើឱ្យបំណុលរបស់គាត់ជិត១ម៉ឺនដុល្លារមិនបានបង់សងទៅធនាគារ២ឆ្នាំហើយ។ អ្នកស្រីបន្តថា កូនស្រីម្នាក់រៀននៅអនុវិទ្យាល័យ និងកូនប្រុសម្នាក់រៀននៅវិទ្យាល័យបានឈប់រៀនហើយដោយសារបញ្ហាបំណុលនេះ។

ស្ត្រីជនជាតិដើមកួយវ័យ៦៣ឆ្នាំរូបនេះ បញ្ជាក់ថា បច្ចុប្បន្នគាត់ស្មុគស្មាញលំបាកដោយសារបំណុលពេកលែងខ្លាចហើយទោះត្រូវគេយកទៅដាក់ពន្ធនាគារ ឬ សម្លាប់ក៏ដោយ។

អ្នកស្រី យឹម សុផាន ថ្លែងថា៖«ខ្ញុំវេទនាណាស់ហើយ អាណាជំពាក់បំណុលគេ គេទារពីមុខពីក្រោយ អាណាខ្លួនក៏ឈឺ វាចង់តែនឹងផឹកថ្នាំស្មារទោសឱ្យលាចាកលោកឱ្យបាត់ៗទៅ បើវាវេទនាពេកយ៉ាងនេះ ហើយមួយណាដីធ្លីក៏ត្រូវគេយកអស់»

បញ្ហាលំបាកដែលមិនមានលទ្ធភាពសងបំណុលនេះមិនមែនតែនៅក្នុងស្រទាប់កសិករទេគឺអ្នកនៅរាជធានីភ្នំពេញ នៅទីប្រជុំជន អ្នកធ្វើការងារក្រុមហ៊ុន និងអាជីវករផ្សេងៗទៀតក៏លើកឡើងពីបញ្ហានេះដែរ។ អ្នកខ្លះលើកឡើងពីផលលំបាកតាមបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូចា  ហើយខ្លះទៀតបានថតវីដេអូបង្ហាញលើបណ្តាញសង្គមរបស់ពួកគេបន្តបន្ទាប់បង្ហាញពីកន្លែងលក់ដូរមិនមានភ្ញៀវជាដើម។

អ្នកលក់ដូរ៖«បងប្អូននេះទិដ្ឋភាពនៅផ្សារលើកំពង់ឆ្នាំងអត់ចាញ់គ្នាពីផ្សារផ្សេងៗទេ ចង់និយាយថាមានឃើញតែអ្នកលក់ទេ អ្នកទិញ គឺអត់មានទេ។ ចប់ហើយមើលឃើញពីនេះធ្លុះដល់មុខផ្សារ»

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ ដោយសារលោកស្រី មិនលើកទូរសព្ទ និងមិនឆ្លើយសារតាមតេឡេក្រាមទេ។

ធនាគារជាតិនៃកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

​​ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ក៏មិនឆ្លើយតបបញ្ហាពលរដ្ឋបាត់បង់ចំណូល មិនមានលទ្ធភាពបង់សងបំណុលកើនឡើងនេះដែរ។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកបានទៅបំពេញការងារ​ជួបពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តនានាឃើញពលរដ្ឋច្រើនណាស់ដែលកំពុងជួបការលំបាកខ្លាំងលើបញ្ហាថយចុះចំណូល ហើយមិនមានប្រាក់សងធនាគារ។ លោកជំរុញទៅ​រដ្ឋា​ភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវមានវិធានការដើម្បីដោះស្រាយបញ្ហានេះឱ្យបានទាន់ពេល។

លោក រ៉ុង ឈុន ថ្លែងថា៖ «ដោយជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលត្រូវមានដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈប្រទេសជាតិជួបវិបត្តិសេដ្ឋកិច្ច ហើយប្រជាពលរដ្ឋក៏បាត់បង់នូវប្រាក់ចំណូលប្រចាំខែប្រចាំឆ្នាំរបស់គាត់ ចឹងគួរតែត្រូវធ្វើម៉េចមានវិធានការជាមួយធនាគារ»។​

សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរលោក គង់ ម៉ូនីកា  លើកឡើងថា ស្ថានភាពជីវភាពពលរដ្ឋកំពុងជួបការលំបាកច្រើនក្នុងការបង់សងបំណុលទៅធនាគារ បើទោះ​ជារបាយការណ៍នានាថា សេដ្ឋកិច្ចកើនឡើងក៏ដោយ។ លោកបន្តថា រូបលោក និងសមាជិក​ព្រឹទ្ធសភា២រូបទៀតពីគណបក្សឆន្ទៈខ្មែរនឹងបន្តផ្តល់យោបល់ដល់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានេះ។

លោក គង់ ម៉ូនីកា មានប្រសាសន៍ថា៖«យើងមានគោលបំណងក្នុងការជួយផ្តល់នូវមតិយោបល់ជាហូរហែទៅដល់រាជរដ្ឋាភិបាល ដើម្បីធ្វើការលើកកម្ពស់ជីវភាព និងលើកកម្ពស់នូវវិស័យសេដ្ឋកិច្ចរបស់យើង។ យើងមានលោកប្រធានបណ្ឌិត សុក ហាច ដែលជាសេដ្ឋវិទូមួយរូបដែលមានជំនាញសេដ្ឋកិច្ចច្បាស់លាស់ ហើយយើងនឹងជំរុញតាមរយៈការផ្តល់ជាអនុសាសន៍ផ្សេងៗនៅក្នុងស្ថាប័នព្រឹទ្ធសភាទៅដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាល»

សមាជិករដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បញ្ជាក់ថា គណបក្សរបស់លោកកំពុងតែមានការព្រួយបារម្ភពីបញ្ហាពលរដ្ឋមិនមានលទ្ធភាពបង់សងបំណុលនេះ។

លោក ញឿន រ៉ាដែន បញ្ជាក់ថា៖«មិនថាតែខ្ញុំទេ គណបក្ស ហើយអ្នកសេដ្ឋកិច្ចទាំងមូលក៏ព្រួយបារម្ភដែរ បើមានទិន្នន័យតួលេខនេះឡើង។ យើងនឹងបន្តតាមដានពិនិត្យមើលមើល៍ករណីនេះ បើសិនជាមានរបាយការណ៍ណាមួយជាក់លាក់ យើងនឹងខិតខំស្វែងរកដំណោះស្រាយ ជាពិសេសយើងនឹងជជែកក្នុងក្របខណ្ឌណាមួយដែលអាចធ្វើទៅបាន»។​

នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយលោក​ ចាន់ សុផល មានប្រសាសន៍ថារយៈពេល៤ទៅ៥ឆ្នាំមុនស្ថាប័នផ្តល់កម្ចីបានបញ្ចេញសាច់ប្រាក់ច្រើន ប៉ុន្តែនៅឆ្នាំ២០២៣ និង២០២៤ ការផ្តល់កម្ចីហាក់មានការប្រយ័ត្នខ្លាំង។ លោកបន្តថា ក្នុងស្ថានភាពដែលស្ថាប័នផ្តល់កម្ចីរឹតបន្តឹងការផ្តល់កម្ចីនេះ ធ្វើឱ្យអតិថិជនកាន់តែមានការលំបាកក្នុងការបង្វិលសាច់ប្រាក់។

ជាដំណោះស្រាយបញ្ហានេះលោក ចាន់ សុផល ផ្តល់យោបល់ថា រដ្ឋអាចរកសាច់ប្រាក់បន្ថែមដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចសាធារណៈដំណើរការល្អឡើងវិញ។

លោក ចាន់ សុផល ផ្តល់យោបល់ថា៖«មានតែការជំរុញប្រើជាគោលនយោបាយ ឬជាឧបករណ៍គោលនយោបាយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ហើយជាទូទៅហ្នឹង គឺមានតែធ្វើយ៉ាងណាទាក់ទាញឱ្យបានកម្ចីក្នុងវិស័យសាធារណៈដែលនៅមានលម្ហសម្រាប់ខ្ចីបានទៀត»

លោក សុផល បន្ថែមទៀតថា៖«ខ្ញុំយល់ថា វិស័យសាធារណៈ ឬក៏រដ្ឋាភិបាលហ្នឹងគួរតែខ្ចីប្រាក់​ពីបរទេស ដើម្បីយកមកវិនិយោគក្នុងស្រុកជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ចកើនឡើង ការវិនិយោគឯកជនកាន់តែមានអំណោយផលជោគជ័យថែមទៀត ទាក់ទាញវិនិយោគឯកជនពីប្រទេសក្រៅបានទាល់តែមានលក្ខណៈអំណោយផលក្នុងស្រុកកើនច្រើន»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា ពលរដ្ឋដែលលោកបានជួប​​នៅតាមតំបន់ផ្សេងៗនោះមានចំនួនកាន់តែច្រើនដែលមិនអាចបង់ប្រាក់សងទៅធនាគារបានទាន់ពេល។ លោកជំរុញឱ្យរដ្ឋាភិបាលប្រញាប់ដោះស្រាយបញ្ហានេះ ព្រោះថាបើទោះជា​វិស័យ​ធនាគារជាវិស័យឯកជនក៏អ្នកទទួលខុសត្រូវចុងក្រោយជារដ្ឋាភិបាលដដែល។

លោក មាស នី បារម្ភថា បើពលរដ្ឋធ្វើតាមគ្នាដោយមិនបង់ប្រាក់សងទៅធនាគារមានគ្នាច្រើននោះបញ្ហាកាន់តែធំ។

លោក មាស នី បញ្ជាក់ថា៖«នៅខាងស្រុកមោងឫស្សី ខេត្តបាត់ដំបង មានបញ្ហាមួយកើតឡើងដែរតាមរយៈការខ្ចីមិនសងហ្នឹង ដល់ពេលអ្នកមួយនោះឃើញគេមិនសង គាត់ក៏មិនសងដូចគ្នា។ ហើយនេះជាប្រពៃណីមួយរបស់ខ្មែរយើងថាបើគេអាចធ្វើអីបាន អញក៏ធ្វើអាហ្នឹងបានដែរ  នេះជាគ្រោះថ្នាក់ធំមួយរបស់ស្ថាប័នផ្តល់ប្រាក់កម្ចី។ យើងដឹងហើយថាស្ថាប័ន​ផ្តល់ប្រាក់កម្ចីក៏ជាសរសៃឈាមធំមួយរបស់សេដ្ឋកិច្ចជាតិដែរ ចឹងបើសិនជារដ្ឋាភិបាលមិនយកចិត្តទុកដាក់ទេ តែកាលណាសរសៃឈាមហ្នឹងដាច់ បានន័យថាខួរក្បាលក៏ពិបាករស់ដែរ មនុស្សក៏ពិបាករស់បានន័យថារដ្ឋាភិបាលក៏ពិបាក សេដ្ឋកិច្ចក៏មានភាពដុនដាបដែរ»

នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណផ្នែកទី២ ត្រង់ចំណុចមុំទី៥ រដ្ឋាភិបាលបានបញ្ជាក់ពីយុទ្ធសាស្ត្រពង្រឹងវិស័យធនាគារ។

យុទ្ធសាស្ត្របញ្ចកោណ៖«គោលដៅជាយុទ្ធសាស្ត្រ គឺការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យ​ហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យកាន់តែមានស័ក្តិសិទ្ធភាព ភាពធន់នឹងវិបត្តិ បរិយាបន្ន ពិពិធភាព និងភាពទំនើប តាមរយៈការបន្តអភិវឌ្ឍក្របខណ្ឌគតិយុត្ត ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ ពង្រឹងសមត្ថភាពស្ថាប័ន និងអក្ខរកម្មហិរញ្ញវត្ថុ និងលើកស្ទួយឌីជីថលូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ »

នៅក្នុងពិធីមួយនៅចុងឆ្នាំ២០២៣​លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យធនាគារបង្កើតយន្តការបន្ធូរបន្ថយដល់វិស័យឯកជនក៏ដូចជាប្រជាពលរដ្ឋទូទៅដែលជួបការលំបាកក្នុងការបង់សងបំណុល។ ទោះយ៉ាងណាលោកបញ្ជាក់ជំហរការពារផលប្រយោជន៍ទាំងអតិថិជន និងខាងស្ថាប័នផ្តល់កម្ចី។

លោក ហ៊ុន ម៉ាណែត ថ្លែងថា«គិតគួរវិធានការយ៉ាងណាដើម្បីជួយសម្រាលបន្តទៅដល់បងប្អូនប្រជាពលរដ្ឋ ទៅដល់អាជីវកម្មដែលជាអ្នកខ្ចីទុន ទៅដល់ប្រជាពលរដ្ឋដែលទិញផ្ទះ ទៅដល់ប្រជាពលរដ្ឋដែលត្រូវការកម្ចីផ្សេងៗ ចឹងយើងជួយគ្នាក្នុងការលំបាក។ ពិតណាស់យើងត្រូវការប្រុងប្រយ័ត្ន ព្រោះមិនចង់ឱ្យរលំទាំងភ្នែនទេ ប៉ុន្តែយើងក៏ត្រូវធ្វើការប្រុងប្រយ័ត្ន និងជួយសម្រួលយ៉ាងណា តឹងពេកក៏ដាច់ខ្សែ ធូរពេកក៏វាមានបញ្ហា»

បញ្ហានេះលោក កាំង តុងងី ពន្យល់ថា ស្ថាប័នផ្តល់កម្ចីជាផ្នែកសំខាន់មួយដែលត្រូវរឹតបន្តឹងមិនអាចធូររលុងបានទេ។ លោកបន្តថា វិធានការបន្ធូរបន្ថយបានបិទបញ្ចប់តាំងពីក្រោយអំឡុងពេលកូវីដ។

ទោះយ៉ាងណា លោក កាំង តុងងី  អំពាវនាវឱ្យអតិថិជនដែលជួបការលំបាកខ្លាំងត្រូវពិភាក្សាជាមួយស្ថាប័នផ្តល់កម្ចីផ្ទាល់ដើម្បីរកដំណោះស្រាយ ជៀសវាងការទៅខ្ចីពីបុគ្គលឯកជនក្នុងការប្រាក់ខ្ពស់ នាំឱ្យស្ថានភាពបំណុលកាន់តែស្មុគស្មាញ។ ចំពោះបុគ្គលិកស្ថាប័នផ្តល់កម្ចីដែលគំរាមកំហែង និងចរចាសម្រួលការបង់សងមិនត្រូវគ្នាលោក តុងងី លើកទឹកចិត្តឱ្យអតិថិជន​ដាក់បណ្តឹងបន្ត។

លោក កាំង តុងងី ជំរុញថា៖ «ប្រសិនបើអតិថិជនគាត់ពិតជារងផលប៉ះពាល់មែនគាត់ធ្វើការជជែកគ្នាជាមួយគ្រឹះស្ថានហើយនៅតែមិនមានភាពដែលអាចយោគយល់គ្នាបាន ដោះស្រាយ​គ្នាបាន អតិថិជនគាត់អាចប្តឹងមកកាន់សមាគមធនាគារនៅកម្ពុជា ឬក៏សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ដើម្បីយើងធ្វើការពិនិត្យលើករណីនេះជូនបាន ដោយគាត់ប្តឹងមកតាមរយៈលេខ​០១៥៣៦៥២២២ នេះជាលេខ​ហតឡាញ​សម្រាប់វិស័យធនគារ និងមីក្រូហិរញ្ញវត្ថុទាំងមូលដែលយើងនឹងមានក្រុមការងារចាំទទួលបណ្តឹង និងពិនិត្យមើល និងអន្តរាគមន៍»

422 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម