UPDATES:
ម៉ោង ៤:៥០ រសៀល៖ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃថា ក្រោយការចូលជាធរមាននូវបទឈប់បាញ់ជាបន្ទាន់៧២ម៉ោងរវាងកងកម្លាំងកម្ពុជា និងថៃនៅម៉ោង១២:០០ រសៀលថ្ងៃអង្គារនេះ ដោយគិតត្រឹមម៉ោង ៤:០០រសៀល សភាពការណ៍នៅតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់។
ម៉ោង ៤:២៨ រសៀល៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយក្នុងសន្និសិទសារព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែធ្នូ នេះថា ភាគីថៃកំពុងពិចារណាក្នុងការបញ្ជូនទាហានខ្មែរទាំង១៨នាក់ដែលខ្លួនបានចាប់ឲ្យត្រឡប់មកកម្ពុជាវិញ។ ការពិចារណាឡើងវិញនេះ ដោយសារភាគីថៃចោទកម្ពុជាថាបានបង្ហោះដ្រូនរំលោភចូលទឹកដីនៃប្រទេសខ្លួន។
ការចោទប្រកាន់នេះ ដោយថៃបានលើកឡើងថា កម្ពុជាបានរំលោភនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីបទឈប់បាញ់ត្រង់ចំនុចទី៦ ដែលនិយាយថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬ ទីតាំងរបស់ភាគីម្ខាងទៀត គិតចាប់ពីពេលមានបទឈប់បាញ់ ហើយភាគីទាំងពីរឯកភាពគ្នាមិនធ្វើ ការសាងសង់ ឬ ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬ លេណដ្ឋានផ្សេងៗ នៅហួសពីទីតាំងរបស់ខ្លួនឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះបានបន្ថែម ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរកំពុងជជែកពិភាក្សាគ្នា ខណៈសម្រាប់ជំហានជាបន្តបន្ទាប់ទៀត លោកថានឹងមិនអាចសម្រេចទេ បើមិនទាន់មានការបោសសំអាតមីន។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃចន្ទ បានបដិសេធចោលទាំងស្រុង ហើយបានអះអាងថាខ្លួនតែងតែគោរពបទឈប់បាញ់។
សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងរយៈពេល៧២ម៉ោងនៃការអនុវត្តបទឈប់បាញ់ ដែលចាប់ផ្តើមពីម៉ោង១២:០០ថ្ងៃត្រង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីប្រទេសទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់រយៈពេល៧២ម៉ោង។
ប៉ុន្តែកងទ័ពកម្ពុជា១៨នាក់ដែលទាហានថៃចាប់ខ្លួនដែលរំពឹងថាវិលត្រឡប់មកកម្ពុជាវិញក្រោយបទឈប់បាញ់៧២ម៉ោង មិនទាន់មានដំណឹងថាត្រូវបានបញ្ជូនមកនោះទេ ខណៈជនភៀសសឹកប្រមាណជិត ១ម៉ឺន៥ពាន់នាក់បានវិលត្រឡប់ទៅភូមិឋានជាបណ្តើរៗ។
យោងតាមអ្នកនាំពាក្យ ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដែលបាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពនៅព្រឹកថ្ងៃទី៣០ ធ្នូ ថា ស្ថានភាពនៅព្រំដែនមានសភាពស្ងប់ស្ងាត់ ដោយកម្ពុជាបានបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់កាលពីថ្ងៃទី២៦ ខែតុលា និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មការធិការកិច្ចការព្រំដែនទូទៅកម្ពុជាថៃដែលចុះហត្ថលេខាកាលទីថ្ងៃទី២៧ ខែធ្នូ។
ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មការធិការកិច្ចការព្រំដែនទូទៅកម្ពុជាថៃ ក្នុងចំនុចទី១១ ក្រោយរយៈពេល ៧២ម៉ោង នៃបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ កងទ័ពកម្ពុជាទាំង១៨នាក់ដែលទាហានថៃចាប់ខ្លួនក្រោយបទឈប់បាញ់លើកទី១ កាលពីថ្ងៃទី២៨ ខែកក្កដា នឹងរំពឹងថាត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។
គិតត្រឹមម៉ោង ១២:១៦នាទីរសៀលនេះ អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ បានបញ្ជាក់ថា អាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីការដោះលែងកងទ័ពទាំង១៨រូបនោះទេ។ គិតត្រឹមថ្ងៃទី៣០ ខែធ្នូនេះ គឺ១៥៤ថ្ងៃហើយដែលកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
យ៉ាងណាមិញ ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ ព័ត៌មានថៃបានរាយការណ៍ថា កងទ័ពថៃបានចោទប្រកាន់កម្ពុជាថាបានបង្ហោះដ្រូនគ្មានមនុស្សបើកចំនួន ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ។ ទន្ទឹមគ្នានេះ ថៃក៏បានបន្តចោទកម្ពុជាបានរាយមីននៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ នៅប៉ែកនៃខេត្ត កោះកុង និងខេត្តត្រាតរបស់ថៃផងដែរ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ ដោយច្រានចោលចំពោះការចោទប្រកាន់នេះទាំងស្រុង។
ជាមួយគ្នានេះ ក្រសួងការពារជាតិបានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ នៅក្នុងប្រទេសកម្ពុជា ជាពិសេសបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃទាំង៧ខេត្ត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងកងទ័ព។ ក្រសួងបានបន្ថែមថាចំពោះជនណាដែលប្រើប្រាស់ដ្រូនដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនឹងត្រូវទទួលទោសតាមច្បាប់ ហើយក្នុងករណីចាំបាច់អង្គភាពទ័ពនឹងឆ្លើយតបដោយប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន។
តែយ៉ាងណាក៏ដោយ ក្រោយពីមានបទឈប់បាញ់លើកទី២នេះ ដោយគិតពីម៉ោង១រសៀល ដល់ ម៉ោង ៦ល្ងាច ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹក ១៤,៩៦៣នាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់មានចំនួន ៥៩៦,៩២៦នាក់ នៅបន្តស្នាក់នៅតាមជមរំភៀសសឹក។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
ក្រសួងក៏បានដោយដឹងដែរថា ផ្ទះចំនួន ១៦០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ។ ដូច្នេះ សម្រាប់កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បានកំពុងបន្តពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពដើម្បីធានាការវិលទៅរកភាពប្រក្រតី។
ខណៈជនភៀសសឹកមួយចំនួនបានវិលត្រឡប់ទៅលំនៅឋានវិញ តែសេវាសាធារណៈជាមូលដ្ឋានដូចជា មន្ទីរពេទ្យ សាលារៀន រដ្ឋបាលស្រុក ឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលភាគច្រើននៅក្នុងខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងកោះកុង នៅបន្តបិទផ្អាក។ តែចំពោះបណ្តាស្រុកនៃខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ គឺគ្រប់សេវាសាធារណៈជាមូលដ្ឋានបានចាប់ផ្តើមបើកដំណើរការឡើងវិញហើយ។
គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី ២៩ មានពលរដ្ឋស្លាប់ចំនួន ៣២នាក់ និងរបួស ៩៤នាក់។
អ្នកវិភាគសង្គម និងនយោបាយ កញ្ញា លី ស្រីស្រស់ បានប្រាប់សារព័ត៌មានខេមបូចា ទោះបីជាមានបទឈប់បាញ់រយៈពេល៧២ម៉ោងហើយក្តី តែហានិភ័យក្នុងការប្រយុទ្ធគ្នានៅតែខ្ពស់។
កញ្ញាបាននិយាយថា៖ «បទឈប់បាញ់មានលក្ខណៈផុយស្រួយមែនទែន ព្រោះក្នុងកិច្ចព្រមព្រៀងកូឡាឡាំពួរដែលមានប្រធានាធិបតេយ្យ ដូណាល់ ត្រាំ ជាសាក្សីហើយ តែក្រោយមកនៅតែមានការរំលោភបទឈប់បាញ់ដោយថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាយ៉ាងខ្លាំង»។
កញ្ញាបានបន្ថែមថា៖ «ក្នុងកម្រិតដែលមានមេដឹកនាំពិភពជាសាក្សី ហើយថៃនៅរំលោភ[បទឈប់បាញ់]បាន ដូច្នេះ៧២ម៉ោងនេះមិនសង្ឃឹមថាមានសន្តិភាពទេ ដោយថៃបន្តចោទកម្ពុជាថាបានបង្ហោះដ្រូន និងដាក់មីន។ លេសបែបនេះ ជាលេសដែលថៃនឹងអាចបន្តវៃកម្ពុជា»៕





