សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការបញ្ចប់សវនាការនៅថ្ងៃដំបូងមុនម៉ោងកំណត់ ដោយសារលោក ថាច់ សេដ្ឋា មេដឹកនាំគណបក្សភ្លើងទៀនមានអារម្មណ៍មិនល្អ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ដំបូង​​លើសំណុំរឿង​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​​ភ្លើងទៀន​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចេញ​មូលប្បទាន​ប័ត​​គ្មាន​សាច់​ប្រាក់​មុន​ម៉ោង​កំណត់​ ដោយ​សារ​​តែលោក​ ថាច់ សេដ្ឋា មាន​​ «អារម្មណ៍​មិន​ល្អ»។

លោកស្រី ឈុន ដាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​មាន​ប្រសាសន៍កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ជនជាប់ចោទ​​មើល​ទៅហាក់ដូចជា​​មិន​មាន​សុខភាព​ល្អទេ បើ​​តាម​ចម្លើយ​របស់​គាត់​។ សវនា​ការនេះ​គួរ​ត្រូវ​បាន​ពន្យារ​ទៅ​ពេល​ក្រោយ​»។

ការសម្រេចរបស់ចៅក្រមបានធ្វើឡើង បន្ទាប់ពីមានការ​ឆ្លើយ​ឆ្លង​គ្នា​ដ៏តានតឹងដែលក្នុងនោះ លោក​ព្រះរាជអាជ្ញារង​ ប្លង់​ សុផល បានសាកសួរលោក សេដ្ឋា អំពីមូលប្បទានប័ត​គ្មាន​សាច់ប្រាក់ ដែលតាម​ចោទថា លោក​បានចេញទៅ​ឱ្យ​លោក ហៃ វ៉ាន់រិន ម្ចាស់ហាងបញ្ចាំ។

លោក ថាច់ សេដ្ឋា បានឆ្លើយ​តប​ទៅកាន់ព្រះរាជអាជ្ញារង​រូបនេះ​ថា៖ «ខ្ញុំហ៊ានហៅគាត់ [វ៉ាន់រិន] មកស្បថ [ថាខ្ញុំបានចេញមូលប្បទានប័ត្រទាំងនេះ] ហើយខ្ញុំសុខចិត្ត​ជាប់គុកបន្តទៀត»។

លោក ថាច់ សេដ្ឋា​ ត្រូវបានចាប់ខ្លួនកាលពីខែមករា ដែល​តាម​ចោទ​ថា បានចេញ​មូលប្បទាន​ប័ត​គ្មាន​សាច់ប្រាក់​ចំនួនប្រាំសន្លឹក​កាល​ពី​ឆ្នាំ២០១៩​ និងពីបទខកខានមិន​បាន​បង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ​កាល​ពី​ឆ្នាំ២០២១បន្ទាប់ពីលោក ហៃ វ៉ាន់រិន ដាក់ពាក្យបណ្តឹង​​ព្រហ្មទណ្ឌ។ មេ​ដឹក​នាំ​គណបក្ស​​ភ្លើង​ទៀន​​បាន​និយាយ​ថា ការ​ចាប់​ខ្លួន​នេះ​ គឺ​ជារឿង​​នយោបាយ

ករណី​នេះ​កើតឡើង​​តាំង​​ពី​ឆ្នាំ២០១៦ ពេល​ដែល​លោក ថាច់ សេដ្ឋា ទទួល​ប្រាក់​​កម្ចី១៨.០០០ដុល្លារ​ពី​ហាង​បញ្ចាំ រិន ឆាយ ដោយ​បាន​យក​​បណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដាក់​បញ្ចាំ​។

មេធាវីតំណាងឱ្យម្ចាស់ហាងបញ្ចាំបានអះអាងថា មូលប្បទានប័ត្រមួយចំនួនដែល​លោក​បានចេញ គឺមាន​ការ​ក្លែង​បន្លំ​​ ដោយសារតែមិនមានប្រាក់​គ្រប់គ្រាន់​នៅក្នុងគណនីរបស់គាត់។ មេធាវីរបស់លោក ថាច់ សេដ្ឋា ច្រានចោលការលើកឡើងនេះ ដោយនិយាយថា មូលប្បទានប័ត្រត្រូវបានបញ្ចាំ​ត្រឹមត្រូវ និងបានដោះស្រាយនៅក្នុងសំណុំរឿងតុលាការ​មុនរួច​ហើយ​។

ការចោទប្រកាន់នេះ គឺផ្អែកលើមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញ​​ដូរ​បាន និងប្រតិបត្តិការទូទាត់សងប្រាក់​។ ការ​បំពាន​​ច្បាប់នេះ ​អាច​ត្រូវបាន​ផ្ដន្ទាទោស​​ជា​អតិ​ប្បមរា ​ដោយ​ពិន័យ​ជា​ប្រាក់១០លាន​រៀល (២.៤៣៧ដុល្លារ) និង​ជាប់​ពន្ធនាគាររយៈ​ពេល​៥ឆ្នាំ។

លោក ថាច់ សេដ្ឋា បាននិយាយនៅក្នុងតុលាការកាលពីថ្ងៃពុធថា៖ «ខ្ញុំមិនអាចទទួល​យកការចោទប្រកាន់នេះ​បានទេ ពីព្រោះខ្ញុំមិនដែលចេញសែកនៅ​ក្នុងឆ្នាំ ២០១៩​ទេ​»។

រថយន្ត​របស់​នគរបាល​​ដឹក​លោក ថាច់ សេដ្ឋា និង​អ្នក​ទោស​ផ្សេង​ទៀត​មក​​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣។ (ខេមបូចា/ ព្រីង សំរាំង​)

អំឡុង​សវនាការរយៈពេលពីរម៉ោង លោក ថាច់ សេដ្ឋា បានទទួល​ស្គាល់​ថា បាន​ធ្វើកិច្ចសន្យាខ្ចីប្រាក់ចំនួនពីរលើក​ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៦។ លោក​បាននិ​យា​យ​​ថា លោក​បានទទួលប្រាក់ចំនួន១៨.០០០ដុល្លារពីហាងបញ្ចាំ រិន ឆាយ ហើយបានប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ​អចលនទ្រព្យ​ជា​​វត្ថុបញ្ចាំ​។

លោក​ធ្លាប់​ចុះហត្ថលេខាលើមូលប្បទានប័ត្រ​នៅឆ្នាំ២០១៦​ ដើម្បីប្រើប្រាស់សម្រាប់​ការសងប្រាក់កម្ចី ប៉ុន្តែបាននិយាយថា បានទុកចំហ​កន្លែង​ដាក់ទឹកប្រាក់ និងកាលបរិច្ឆេទ​។ លោក​បន្ត​ថា មូលប្បទានប័ត្រទាំង​នេះ​​គឺ​ទុក​​ប្រើ​សម្រាប់​ការ​បង់​រំលស់​ប្រចាំខែ​ប្រហែល១០០០ដុល្លារ។

ប៉ុន្តែ​បន្ទាប់ពី​តុលាការ​កំពូល​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​ឆ្នាំ​២០១៧ លោក​​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា។ ដោយសារលោក​ប្រ​ឈមនឹងបញ្ហាហិរញ្ញវត្ថុ ព្រោះ​គ្មានប្រាក់ខែសមាជិកព្រឹទ្ធសភា លោក​បានសុំឱ្យម្ចាស់ហាងបញ្ចាំឈប់ប្រើមូលប្បទានប័ត្រ ហើយជំនួសមកវិញដោយលោក​នឹងសងប្រាក់កម្ចីជាសាច់ប្រាក់ដោយឡែក​វិញ​។

លោក ថាច់ សេដ្ឋា បាន​ប្រាប់​តុលាការ​ថា​៖ «ខ្ញុំ​មិន​ដែល​ចេញ​មូលប្បទានប័ត្រ​ទាំង​ប្រាំ​នេះ ​ក្រោយ​ឆ្នាំ​២០១៦ទេ​​។​ វា​ជា​សែក​ក្លែងក្លាយ​ ព្រោះ​ខ្ញុំ​មិន​បាន​សរសេរ​ចំ​នួន​​ទឹក​លុយ​និង​កាលបរិច្ឆេទទេ​​។ ខ្ញុំឯកភាពថា វាជាមូលប្បទានប័ត្ររបស់ខ្ញុំ និងហត្ថលេខារបស់ខ្ញុំ ប៉ុន្តែកាលបរិច្ឆេទមិនមែនខ្ញុំ​សរសេរ​ទេ»។

លោក សេដ្ឋា បាន​និយាយ​ថា លោក​មិន​អាច​ចាំ​ថា ​លោកបាន​​ផ្តល់​មូលប្បទានប័ត្រ​​ចំនួន​ប៉ុន្មានសន្លឹក​ទៅ​ឲ្យ​ហាងបញ្ចាំ​នេះ​ទេ។

ចៅ​ក្រម ឈុន ដាវី បាន​មាន​ប្រសាសន៍​នៅក្នុងតុលាការកាលពីថ្ងៃពុធថា សែក​គ្មាន​សាច់ប្រាក់​ទាំង​ប្រាំនេះ ត្រូវបានចេញចាប់ពីខែមិថុនាដល់ខែតុលាឆ្នាំ២០១៩​ ដែល​មូលប្បទានប័ត្រនីមួយៗមានទឹកប្រាក់​៤.២៣០.២០០ រៀល ប្រហែល១០០០​ដុល្លារ។

លោក ជូ​ង ជូងី មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា បានស្នើឱ្យតុលាការផ្តល់​​សែកច្បាប់​ដើម​​ទាំង​ប្រាំនេះ​ ដែលជាភស្តុតាងសំខាន់ប្រើប្រាស់​ក្នុងការចោទ​ប្រកាន់កូនក្តីរបស់លោក​ពី​បទ​ព្រហ្ម​ទណ្ឌ​ និងឃុំខ្លួនគាត់នៅ​ពន្ធនាគាររយៈពេលប្រាំពីរខែមក​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «សែក​កូពី​​មិន​អាច​ប្រើ​ជា​ភស្តុតាង ​ដើម្បី​ចោទ​ប្រ​កាន់​​កូន​ក្តី​របស់​ខ្ញុំ​បាន​ទេ។ ប្រសិន​បើ​មិន​មាន​សែក​ច្បាប់​​ដើម​ទេ នោះ​មាន​ន័យ​ថា ​គ្មាន​ភស្តុតាង»។

លោកស្រី ធីម សុភាព មេធាវីតំណាងឱ្យម្ចាស់ហាងបញ្ចាំ រិន ឆាយ មានប្រសា​សន៍ថា ធនាគារ FTB បានបញ្ជាក់ថា មូលប្បទានប័ត្រចំនួន៥សន្លឹកនេះ ត្រូវ​​បា​ន​ចេញដោយលោក ថាច់ សេដ្ឋា នៅពេលដែលគណនីរបស់គាត់មិនមានថវិកាគ្រប់គ្រាន់។

ធនាគារ FTB មិន​បាន​ឆ្លើយ​តប​​ភ្លាមៗ​ទៅនឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​តាម​អ៊ីម៉ែល​ ​ជុំវិញ​​ការ​អះអាង​​របស់មេធាវី ធីម ​សុភាព និង​សំណុំ​រឿង​នេះ​ទេ​។ 

លោក គឹមសួរ ភិ​រិទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀនមាន​ប្រសាសន៍​ថា ពលរដ្ឋ​មិន​​គួរ​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​មូលប្បទាន​ប័ត្រ​ឡើយ​។

លោកបានមានប្រសាសន៍ថា៖ «តិចឬច្រើន នយោបាយពាក់ព័ន្ធ​នៅទីនេះ ពីព្រោះគាត់ [សេដ្ឋា] ជាអ្នកនយោបាយដែលបានរិះគន់រដ្ឋាភិបាលលើប្រធានបទទាក់​ទង​នឹង​បញ្ហាសង្គម និងកិច្ចការព្រំដែន»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមិនបានលើកទូរសព្ទ ឬ​ឆ្លើយ​​តបសំណើ​សុំការអត្ថាធិប្បាយតាម​តេឡេក្រាម​ពីខេមបូចា​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ First Day of Candlelight Leader Thach Setha Trial Cut Short Due to His “Bad Mood”

205 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម