សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីតសមាជិកបក្សប្រឆាំងលាលែងពីបក្សកាន់អំណាច ហើយភៀសខ្លួនចេញពីកម្ពុជា

លោក គង់ រ៉ៃយ៉ា ថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅឃុំស្តៅ ខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (ខេមបូចា/ឃួន ណារីម)
លោក គង់ រ៉ៃយ៉ា ថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅឃុំស្តៅ ខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (ខេមបូចា/ឃួន ណារីម)

អតីតសមាជិកគណបក្សភ្លើងទៀន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច កាលពីខែមិថុនានោះ បានភៀសខ្លួនចេញពីប្រ​ទេសកម្ពុជាកាលពីដើមខែនេះ ដោយសារការភ័យខ្លាច និងការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីលោក​បានសម្រេចចិត្តចាកចេញពីគណបក្សកាន់អំណាច។

លោក គង់ រ៉ៃយ៉ា បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ហើយបាន​និយាយថា លោកកំពុងដាក់ពាក្យសុំឋានៈជាជនភៀសខ្លួនពី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ (UNHCR) ដើម្បី​ទទួល​បាន​សិទ្ធិជ្រកកោននយោបាយ។ កាល​ពី​ថ្ងៃ​អង្គារ លោក​បានដាក់ពាក្យ​​លាលែង​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​និង​ពី​មុខ​តំណែង​ជា​ទីប្រឹក្សា​ក្រសួង​អប់រំ ដែល​លោក​បាន​ទទួល​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា បន្ទាប់​ពី​ចុះ​ចូលគណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែ​មុន

លោក គង់ រ៉ៃយ៉ា ​​ប្រាប់ខេមបូចាតាម​រយៈSignalពី​បរទេស​ថា៖ «​ខ្ញុំ​បានចុះចូល​​គណបក្ស​ប្រជាជន​កម្ពុជាដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន» ។

លោក ហ៊ុន សែន គំរាម​ចាប់​សមាជិក និង​សកម្មជន​គណបក្ស​​ភ្លើងទៀន​ ដែល​សម្រេច​ចិត្ត​តវ៉ា​ប្រឆាំង​នឹង​ការបដិសេធ​មិន​ឲ្យ​គណបក្ស​​ភ្លើងទៀនចូល​រួម​ប្រកួត​ប្រជែង​នៅក្នុងការ​បោះឆ្នោត​ជាតិ​។

លោក រ៉ៃយ៉ា បាននិយាយថា លោកមានការព្រួយបារម្ភខ្លាំង​ចំពោះ​សុវត្ថិភាពរបស់លោកចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះតាម​ឡេ​​ក្រាមកាលពីថ្ងៃទី១៥ឧសភា​នូវ​រូបភាពនិងវីដេអូនៃការសន្ទនាឯកជន​​ក្នុង​ក្រុមតេឡេក្រាម​​របស់គណបក្ស​ភ្លើងទៀន​​។

រូបភាពទាំងនេះ​បានបង្ហាញពីការពិភាក្សាអំពីថា តើពួកគេគួរតែតវ៉ាចំពោះការសម្រេចចិត្តរបស់ គ.ជ.ប ក្នុងការដកសិទ្ធិគណបក្សភ្លើងទៀនមិន​ឲ្យ​ចូល​រួម​ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដានេះឬយ៉ាងណា​។ គេអាច​មើល​ឃើញ​ឈ្មោះរបស់លោក គង់​ រ៉ៃយ៉ា រួមជាមួយនឹងឈ្មោះ​អ្នកផ្សេងទៀត។

នៅពេលដែលលោក រ៉ៃយ៉ា ចូលរួមជាមួយគណបក្សកាន់អំណាច លោកបាននិយាយថា ក្រុមការងារគណបក្ស​នេះ​តែងតែជំរុញលោកឱ្យបញ្ចេញវីដេអូឃ្លីបវាយប្រហារមេដឹកនាំគណបក្សប្រឆាំង ប៉ុន្តែលោកបានបដិសេធ។

លោក រ៉ៃយ៉ា និយាយ​ថា៖ «ខ្ញុំមិនអាចបង្ខំខ្លួនឯងឱ្យធ្វើការងារដែលខ្ញុំមិនពេញចិត្តនោះទេ ដូច្នេះខ្ញុំបានសម្រេចចិត្តចាកចេញពីគណបក្សប្រជាជនកម្ពុជា»។

នៅក្នុងលិខិតលាលែងរបស់លោក រ៉ៃយ៉ា ផ្ញើជូនលោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និង​​បានបង្ហោះនៅលើគណនីហ្វេសប៊ុក របស់លោកផ្ទាល់ លោក​ រ៉ៃយ៉ា បានសរសេរថា៖ «ខ្ញុំបាទសុំ​លាឈប់​ពីតួនាទី​ជា​សមា​ជិកគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយសារ​ខ្ញុំមាន​ធុរៈផ្ទាល់ខ្លួន មិនអាចបំពេញការងារជូន​គណបក្សតទៅ​ទៀតបាន​» ។

ដោយឡែក​ពាក់ព័ន្ធនឹង​តួនាទីជាទីប្រឹក្សាអម​ក្រសួងអប់រំវិញ​ លោក រ៉ៃយ៉ា​ បាន​និយាយថា៖ «តាំងពីខ្ញុំត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមក ខ្ញុំមិនដែលទៅធ្វើការ ឬទទួលបានប្រាក់ខែទេ ព្រោះខ្ញុំគ្មានការងារធ្វើ ហើយខ្ញុំគ្រាន់តែអង្គុយទទួល​ប្រាក់ខែប៉ុណ្ណោះ» ។

មន្ត្រីគណបក្សភ្លើងទៀនបួនរូប​​ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនពីបទញុះ​ញង់​ប្រជា​ពលរដ្ឋធ្វើ​ឱ្យខូចសន្លឹកឆ្នោត​នៅថ្ងៃបោះឆ្នោត។ កាល​ពី​ដើម​ខែ​នេះ សកម្មជន​គណបក្ស​​ភ្លើងទៀន​ម្នាក់​ទៀត​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ដែល​តាម​ចោទ​ថា ដោយសារ​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។

លោក ថុល សំណាង អាយុ៣៤ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ នេះ​បើ​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។ មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ម្នាក់​បាន​និយាយ​ថា ​លោក​​ សំណាង ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​សកម្មភាព​នយោបាយ​របស់​គាត់។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជារាជធានីភ្នំពេញ​មាន​ប្រសាសន៍​ថា វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​មាន​ប្រសាសន៍ថា៖ «វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ​ក្នុង​របបប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ​ដែល​ប្រជាពលរដ្ឋ​​ចាកចេញ​ពី​បក្ស​មួយ​ទៅ​បក្ស​មួយទៀត​​» ។

នៅពេលសួរនាំ​អំពីការអះអាងរបស់លោក រ៉ៃយ៉ា ដែលថា សមាជិកគណបក្សប្រជាជនបានស្នើឱ្យគាត់ផ្សព្វផ្សាយវីដេអូឃ្លីបដែលវាយប្រហារទៅលើ​មេដឹកនាំគណបក្សប្រឆាំង លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំមិនដែលឮថា មាននរណាម្នាក់ស្នើឱ្យគាត់ធ្វើដូច្នេះទេ» ។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ។

លោក រ៉ៃយ៉ា ពីមុនគឺ​ជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជាឥតសំចៃមាត់​។ លោក​ត្រូវបាន​កាត់ទោសពីបទញុះញង់កាលលោក​ជានិស្សិតសាកលវិទ្យាល័យមួយ​ក្នុងឆ្នាំ២០១៥ បន្ទាប់ពីលោក​បានអំពាវនាវតាម​ហ្វេសប៊ុក​ឱ្យមាន «បដិវត្តន៍ពណ៌» ។ លោក​ត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រោយមកត្រូវបានកាត់ទោសពីបទញុះញង់នៅឆ្នាំ២០២០។ គាត់បានគេចផុតពីការជាប់ពន្ធនាគាររយៈពេល២ឆ្នាំដោយបាន​ភៀសខ្លួនទៅប្រទេសថៃ

មន្ត្រីនិងអ្នកគាំទ្រគណបក្ស​ភ្លើងទៀន​ផ្សេងទៀតដែល​បាន​ចូលរួមជាមួយគណបក្សប្រជាជនដែលកំពុងកាន់អំណាចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រួមមានលោក ស ឡុងដេត លី ចាន់វត្តី និងលោកស្រី​ យក់​ នាង។

សេចក្តី​រាយ​ការ​ណ៍របស់​បណ្តាញ​ផ្សព្វផ្សាយព័ត៌មាន​ដែលគាំទ្ររដ្ឋាភិបាលនៅឆ្នាំនេះបានអះអាងថា មាន​សមាជិកគណបក្ស​ភ្លើងទៀន​ជាង៦,០០០នាក់​បានចាកចេញពីគណបក្សនេះ នេះ​បើយោងតាមការវិភាគរបស់​មូលដ្ឋានទិន្នន័យអនឡាញ Kamnotra។

លោក គឹមសួរ ភិរិទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​​ភ្លើងទៀន​​បាន​មាន​ប្រសាសន៍​ថា លោក រ៉ៃយ៉ា មិន​មែន​ជា​សមាជិករបស់​គណបក្ស​ភ្លើងទៀន​ទៀត​​ទេ ព្រោះ​លោក​បាន​លាលែង​ពី​គណបក្ស​កាល​ពី​​ថ្ងៃ​ទី១៦ ខែ​មិថុនា

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​ [​ហេតុ​អ្វី​បាន​ជា រ៉ៃយ៉ា ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ] វា​ជា​សិទ្ធិ​របស់​គាត់ ព្រោះ​គាត់​បាន​ចាក​ចេញ​ពីគណបក្ស​​​ភ្លើង​ទៀន​រួច​ហើយ» ។

លោកមាន​ប្រសាសន៍​ថា សមាជិក និង​សកម្មជន​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ចុះចូល​​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​សារ​ពួកគេ​​ទទួល​ការ​គំរាម​កំហែង ឬ​ដោយសារ​ពួកគេ​ចង់​បាន​តំណែង​ក្នុងជួរ​​រដ្ឋាភិបាល។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមានប្រសាសន៍ថា៖ «គ្មានការបង្ខិតបង្ខំ និងការបំភិតបំភ័យ»  ប្រជាពលរដ្ឋឱ្យចូលរួមជាមួយគណបក្សប្រជាជនទេ​។

លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា គាត់គឺ​ជាជនឆ្លៀតឱកាស ពីព្រោះគាត់ព្យាយាមគេចចេញពីបញ្ហា គាត់ចុះចូល​ ហើយឥឡូវនេះ គាត់បានចាក​ចេញ ដូច្នេះមនុស្សនេះមិនអាចជឿទុកចិត្តបានទេ​» ។

លោក ហ្វីល រ៉ូបឺតសិន នាយករងប្រចាំតំបន់​អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យ​ដឹង​តាមអ៊ីមែលថា ការភៀសខ្លួន​របស់​លោក គង់ រ៉ៃយ៉ា ពីប្រទេសកម្ពុជា «បង្ហាញថា ភាគច្រើន​នៃ​ការ​ចុះចូល​របស់​សមាជិក​គណបក្សភ្លើងទៀន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺដោយ​ការ​បង្ខិតបង្ខំ ហើយកើតឡើងបន្ទាប់ពីមាន​យុទ្ធនាការនៃការធ្វើ​ទុក្ខបុកម្នេញទ្រង់ទ្រាយ​ធំ​ និងការ​គាបសង្កត់​ពីអាជ្ញាធរមក​លើ​ថ្នាក់​ដឹកនាំ ​ឬសកម្មជនគណបក្សភ្លើងទៀន​» ៕

(រាយការណ៍បន្ថែមដោយ Leila Goldstein)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former Opposition Party Member Quits Ruling CPP and Flees Cambodia

324 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម