គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលជាផ្លូវការនូវការចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ដោយអះអាងថា គណបក្សប្រឆាំងឈានមុខគេមួយនេះមិនបានភ្ជាប់មកជាមួយនូវឯកសារចាំបាច់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ចេញផ្សាយកាលពីថ្ងៃចន្ទ។
គណបក្សភ្លើងទៀននឹងត្រូវបានអនុញ្ញាតឱ្យប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយការសម្រេចចុងក្រោយនឹងធ្វើឡើងនៅមុនដំណាច់ខែឧសភា។
គ.ជ.ប ដែលដឹកនាំដោយសមាជិកជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានលើកឡើងថា គណបក្សភ្លើងទៀនមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មកាលពីឆ្នាំ១៩៩៨។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរថា៖ «គណបក្សភ្លើងទៀនមិនបានបំពេញបន្ថែមចំណុចខ្វះខាត [ការចុះឈ្មោះគណបក្សឆ្នាំ១៩៩៨]»។
ប៉ុន្តែគណបក្សភ្លើងទៀនបានចូលរួមដោយជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុន ដោយទទួលបាន២២.២៥ភាគរយ នៃសំឡេងឆ្នោតធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងឆ្នោត៧៤.៣២ភាគរយដោយប្រើប្រាស់លិខិតចុះបញ្ជីថ្មីពីក្រសួងមហាផ្ទៃដែលបញ្ជាក់ថា គណបក្សនេះត្រូវបានទទួលស្គាល់ជានីតិបុគ្គល។
គណបក្សភ្លើងទៀនក៏បានដាក់ច្បាប់ចម្លងនៃការចុះបញ្ជីឆ្នាំ១៩៩៨ របស់ខ្លួនផងដែរ ដែលកាលពីមុនជាគណបក្ស សម រង្ស៊ី។ ឯកសារដើមត្រូវបានបាត់បង់អំឡុងពេលការឆ្មក់ចូលរបស់ប៉ូលិសកាលពីឆ្នាំ២០១៧ ទៅលើទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ដែលជាគណបក្សមុនបក្សភ្លើងទៀននិងជាបក្សដែលកើតចេញពីគណបក្ស សម រង្ស៊ី។
គិតត្រឹមថ្ងៃចន្ទនេះ គ.ជ.ប បានទទួលយកការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ រួមទាំងគណបក្សប្រជាជនផងដែរ នេះបើយោងតាមគេហទំព័ររបស់ គ.ជ.ប។ គណបក្សចំនួនប្រាំត្រូវបាន «ចេញលិខិតជូនដំណឹង ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត» នៅក្នុងការចុះបញ្ជីរបស់ពួកគេ នេះបើតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃចន្ទ។ មានតែការចុះបញ្ជីរបស់គណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលត្រូវបាន «បដិសេធ»។
យោងតាមច្បាប់ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមានពេលប្រាំថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ គ.ជ.ប ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលដឹកនាំដោយលោក អ៊ឹម ឈុនលឹម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីទទួលបានបណ្តឹងឧទ្ធរណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមានពេល១០ថ្ងៃ ដើម្បីធ្វើសេចក្តីសម្រេចចុងក្រោយ។
លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានថ្លែងថា គណបក្សនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ គ.ជ.ប។
លោក គឹមសួរ ភិរិទ្ធ មានប្រសាសន៍ថា៖ «យើងបានចុះឈ្មោះហើយយើងបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ [ឆ្នាំ២០២២] ហេតុអ្វីបានជាយើងជួបបញ្ហានេះ សម្រាប់ការបោះឆ្នោតជាតិ? លេសនេះយើងមិនអាចទទួលយកបានទេ»។
លោកបានបន្ថែមថា៖ «យើងខកចិត្ត។ យើងមិនដែលគិតថា នីតិវិធីមានភាពស្មុគស្មាញខ្លាំងបែបនេះទេ ព្រោះច្បាប់សំខាន់គ្រាន់តែតម្រូវឲ្យគណបក្សនយោបាយត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃប៉ុណ្ណោះ»។
មាត្រា២៧ នៃច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា បានចែងថាគណបក្សនយោបាយត្រូវផ្តល់ «សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយដែលចេញដោយក្រសួងមហាផ្ទៃមួយច្បាប់» ក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃចន្ទ។
កាលពីថ្ងៃសុក្រ លោក សុភ័គ បានប្រាប់ខេមបូចាថា ក្រសួងមហាផ្ទៃបានផ្តល់ឲ្យគណបក្សភ្លើងទៀននូវឯកសារឆ្នាំ១៩៩៨រួចហើយ។
លោកបានមានប្រសាសន៍ថា៖ «យើងបានឲ្យគាត់ហើយនៅពេលគាត់មកចុះបញ្ជី។ រឿងនេះមិនពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃទៀតទេ»។
លោកបានបន្ថែមថា៖ «ឯកសារដើមត្រូវបានផ្តល់ឱ្យរួចហើយ។ តើយើងអាចចម្លងដោយរបៀបណា? ខ្ញុំមិនយល់ទេ។ ប្រហែលជាពួកគាត់លាក់ឯកសារដើម ឬបញ្ចាំនៅធនាគារដូរយកប្រាក់»។
លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
លោក ពុទ្ធា បានប្រាប់ខេមបូចាកាលពីថ្ងៃសុក្រថា គ.ជ.ប ត្រូវអនុវត្តបទប្បញ្ញត្តិទាំងអស់ដោយយុត្តិធម៌៖ «គ្រប់ភាគីត្រូវរៀបចំឯកសារជាមុន»។
លោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា គ្មានគណបក្សប្រឆាំងណាក្រៅពីគណបក្សភ្លើងទៀន អាចមានសង្ឃឹមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតនោះទេ។
លោក មាស នី បានមានប្រសាសន៍ថា៖ «ការបដិសេធគណបក្សប្រឆាំងដ៏ធំនេះ ហើយមិនអនុញ្ញាតឲ្យគណបក្សនេះចូលរួមក្នុងការបោះឆ្នោត វានឹងប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។ អវត្តមានគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតខែកក្កដា នឹងប៉ះពាល់ដល់ភាពស្របច្បាប់របស់រដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោត»។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កំពុងឈរឈ្មោះជាតំណាងរាស្រ្ត ហើយត្រូវបានប្រកាសថា ជាអ្នកស្នងតំណែងពីឪពុករបស់លោកនៅក្នុងបក្សកាន់អំណាច ដែលទំនងនឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទៀត ក្រោយការបោះឆ្នោត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ខេមបូចាថា ការបដិសេធរបស់ គ.ជ.ប ក្នុងការចុះបញ្ជីគណបក្សភ្លើងទៀន គឺដោយសារតែការធ្វេសប្រហែសរបស់គណបក្សប្រឆាំងផ្ទាល់ និងអសមត្ថភាពក្នុងការអនុវត្តតាមច្បាប់។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «គ.ជ.ប បានធ្វើកិច្ចការត្រឹមត្រូវតាមច្បាប់ ព្រោះ គ.ជ.ប ជាស្ថាប័នដែលធានាដល់ច្បាប់ និងសណ្តាប់ធ្នាប់។ គណបក្សទាំងអស់ដែលចង់ចូលរួមការបោះឆ្នោតត្រូវតែបំពេញឯកសារទាំងអស់។ វាជាកំហុសរបស់គណបក្សភ្លើងទៀន»។
លោក គង់ មុនីកា អគ្គលេខាធិការស្តីទីគណបក្សភ្លើងទៀនកន្លងមកបានប្រាប់ខេមបូចាថា លោកមើលឃើញថា ការសម្រេចចិត្តរបស់ គ.ជ.ប «កំពុងដាក់សម្ពាធដោយចេតនា» លើគណបក្សភ្លើងទៀន។
បើទោះជា គ.ជ.ប ដឹកនាំដោយ ប្រាជ្ញ ចន្ទ និងក្រសួងមហាផ្ទៃ គ្រប់គ្រងដោយ លោក ស ខេង ដែលលោកទាំងពីរជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏លោក សុខ ឥសាន បានបដិសេធការលើកឡើងថា ការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ត្រូវបានច្រានចោលដោយហេតុផលនយោបាយ។
លោក សុខ ឥសាន សួរថា៖ «តើគាត់ [បក្សភ្លើងទៀន] និយាយថា វាជាសម្ពាធនយោបាយយ៉ាងដូចម្តេច?។ មិនមានឯកសារគ្រប់គ្រាន់ ដើម្បីដាក់តាមបែបបទត្រឹមត្រូវនៃគោលការណ៍ច្បាប់ ហើយគាត់ [គ.ជ.ប] បានបដិសេធការចុះបញ្ជី។ នេះគឺជាការងាររដ្ឋបាល និងបច្ចេកទេស មិនមែនជារឿងនយោបាយទេ»។
កាលពីថ្ងៃសៅរ៍ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានអំពាវនាវឲ្យអ្នកគាំទ្រប្រមូលផ្តុំគ្នា និង «តស៊ូមតិ» ដើម្បីឲ្យគណបក្សនេះទទួលបានការអនុញ្ញាតចូលរួមការបោះឆ្នោត ប៉ុន្តែលោក ហ៊ុន សែន បានព្រមានកាលពីចុងសប្តាហ៍ថា ការធ្វើបែបនេះនឹងនាំឲ្យមានការចាប់ខ្លួន និងវិធានការតាមផ្លូវច្បាប់ ហើយបានជំរុញឲ្យអាជ្ញាធរត្រៀមខ្លួនក្នុងការឆ្លើយតបចំពោះការតវ៉ាណាមួយ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមកុំញញើតជាមួយនឹងការប្រើប្រាស់នូវវិធានការច្បាប់ ដើម្បីឆ្លើយតបនឹងទង្វើដ៏គ្រោះថ្នាក់របស់គណបក្សភ្លើងទៀន។ សូមឲ្យពន្ធនាគាររៀបចំ ដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន ប្រសិនបើគេហ៊ានប្រព្រឹត្តបទល្មើស»៕
(រាយការណ៍បន្ថែមដោយ សុវណ្ណ ស្រីពេជ្រ)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NEC Rejects Candlelight Party’s Registration for July Elections