តំណាងប្រជាពលរដ្ឋប្រាំនាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននាថ្ងៃសុក្រ ទី២៣ ខែមិថុនា ដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភយកដីកម្មសិទ្ធិឯកជនរបស់រដ្ឋ ដែលជួលឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ស្ថិតនៅភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ខណៈដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនតំណាង៥នាក់ខាងលើទៅតុលាការ ប្រជាពលរដ្ឋប្រមាណ១០០នាក់ ក្នុងចំណោមជាង២០០គ្រួសារ បានលើកគ្នាមកតវ៉ាមុខតុលាការដើម្បីដោះលែងតំណាងរបស់ខ្លួន។
តំណាងពលរដ្ឋម្នាក់លោក នុត ម៉ៅ បាននិយាយថា តំណាងពួកគាត់៥នាក់ខាងលើត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួននៅសាលាឃុំតាតោកនាព្រឹកថ្ងៃទី២២ ខែមិថុនា ខណៈដែលលោកមេឃុំកោះហៅពួកគាត់មកដោះស្រាយរឿងប្រជាជន២០០នាក់នាំគ្នាលើកស្លាកគណបក្សប្រជាជននៅមុខក្លោងទ្វារ ក្រុមហ៊ុន រ័ត្ន សម្បត្តិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋមិនដឹងថាសមត្ថកិច្ចបញ្ជូនតំណាងរបស់ខ្លួនប្រាំនាក់ ដែលមានឈ្មោះ ធុង យាង ភេទប្រុសអាយុ២៧ មាស ទូច អាយុ៣៧ឆ្នាំ ធុង ធាន អាយុ៣៤ឆ្នាំ ឈ្មោះ ហឿម ម៉ៃ អាយុ៤៤ និងឈ្មោះ ង៉ែត ចន្ថា មកកាន់តុលាការពាក់ព័ន្ធនឹងករណីអ្វីច្បាស់លាស់នោះទេ ។
លោកបញ្ជាក់ថា៖ «អាជ្ញាធរឆបោកឱ្យតំណាងរបស់ខ្ញុំទៅសាលាឃុំដើម្បីដោះស្រាយរឿងនាំគ្នាលើកស្លាកគណបក្សប្រជាជនមុខក្លោងទ្វារក្រុមហ៊ុន ស្រាប់តែសមត្ថកិច្ចចូលទៅឃាត់ខ្លួនពួកគាត់តែម្តង ពួកខ្ញុំបាត់តំណាងបានលើកគ្នាមកដើររកទើបដឹងថាគេបញ្ជូនមកតុលាការ»។
ពលរដ្ឋម្នាក់ទៀតលោក ស៊ីន លីដែន បានឱ្យដឹងថា ពួកគាត់ចង់ឱ្យតុលាការដោះលែងតំណាងរបស់ខ្លួន និងសុំឱ្យសម្តេចនាយករដ្ឋមន្រ្តីផ្តល់ដីធ្លីដល់ប្រជាពលរដ្ឋទាំងជាង២០០គ្រួសារ លើផ្ទៃដីជាង៥០០ហិកតា ដើម្បីបានរស់នៅអាស្រ័យផលស្របច្បាប់ផង។
លោក លីដែន បញ្ជាក់ថា៖ «ពួកខ្ញុំមិនត្រឡប់ទៅផ្ទះវិញនោះទេបើសិនជាតុលាការមិនដោះលែងតំណាងរបស់ខ្ញុំទាំងប្រាំនាក់ ពួកខ្ញុំសុខចិត្តដេកនៅមុខតុលាការលុះត្រាដោះលែងតំណាងរបស់ខ្ញុំទើបពួកខ្ញុំត្រឡប់ទៅភូមិវិញ»។
ថ្វីត្បិតតែតំណាងប្រជាពលរដ្ឋទាំង៥នាក់ តុលាការមិនទាន់ដោះលែង ខណៈសាកសួរអស់រយៈពេលពីរថ្ងៃ គឺថ្ងៃទី២២និង២៣ ខែមិថុនា ក្តី ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់បង្ខំចិត្តត្រឡប់ទៅភូមិវិញ ដោយសារទទួលព័ត៌មានថា អាជ្ញាធរស្រុក មេព្រៃ និងកម្លាំងសមត្ថកិច្ចបានប្រើគ្រឿងចក្រឈូសផ្ទះរបស់គាត់អស់ជាង១០ខ្នង ។
លោក នុត ម៉ៅ បាននិយាយថា៖ «ខណៈដែលពួកខ្ញុំឡើងមកតវ៉ាឱ្យតុលាការដោះលែងតំណាង៥នាក់ កម្លាំងមេព្រៃ និងសមត្ថកិច្ចបានទៅឈូសឆាយផ្ទះប្រជាពលរដ្ឋដែលឡើងមកតវ៉ា គ្មានអ្នកចាំផ្ទះអស់ចំនួន១២ខ្នងហើយចំណែកផ្ទះដែលមានមនុស្សនៅគេធ្វើកិច្ចសន្យាឱ្យរុះរើរយៈពេលបីថ្ងៃឱ្យអស់»។
ជុំវិញការឃុំខ្លួនប្រជាពលរដ្ឋទាំងប្រាំនាក់ខាងលើនេះលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងខ្លីថា ប្រជាពលរដ្ឋទាំង៥នាក់នេះត្រូវបានបញ្ជូនទៅឃុំខ្លួនអស់ហើយកាលពីល្ងាចថ្ងៃសុក្រនេះប៉ុន្តែពាក់ព័ន្ធនឹងសំណុំរឿងអ្វីនោះលោកបានរុញឱ្យសួរអ្នកនាំពាក្យ ដើម្បីទទួលបានព័ត៌មានច្បាស់។
ខេមបូចា មិនទាន់អាចទំនាក់ទំនងលោក ទុត វីនីត ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូង ខេត្តបាត់ដំបង បញ្ជាក់ជុំវិញការឃុំខ្លួនតំណាងពលរដ្ឋ៥នាក់ខាងលើនេះបាននោះទេ។
លោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីការលើកទី១ កោះហៅ តំណាងប្រជាពលរដ្ឋ ឱ្យចូលមកបំភ្លឺនៅព្រឹកថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលមានដើមបណ្តឹង គឺលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
ក្នុងដីការនេះបានប្តឹងចោទប្រកាន់តំណាងប្រជាពលរដ្ឋថា បានចូលរំលោភកាន់កាប់ និងប៉ះពាល់កម្មសិទ្ធិជាសម្បត្តិសាធារណៈ មានស្ថានទម្ងន់ទោសប្រឆាំងនឹងអ្នករាជការសាធារណៈ ប្រព្រឹត្តនៅភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូតខេត្តបាត់ដំបង ចម្លោះពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២២។
ខណៈពេលនោះប្រជាពលរដ្ឋបានលើកគ្នាទៅមុខតុលាការជាង១០០នាក់ និងចង់ចូលទៅក្នុងតុលាការទាំងអស់គ្នាជាមួយតំណាងរបស់ខ្លួនដើម្បីបំភ្លឺជាមួយគ្នា តែត្រូវមន្រ្តីតុលាការមិនយល់ព្រម ដូច្នេះពួកគាត់បានវិលត្រឡប់ទៅភូមិវិញដោយមិនបានចូលបំភ្លឺ។
បន្តមកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សាលាដំបូងខេត្តបាត់ដំបងបានចេញដីកាជាលើកទីពីរ ក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើ ឱ្យប្រជាពលរដ្ឋ៦នាក់ ចូលបង្ហាញខ្លួននៅសាលាដំបូង រាល់ម៉ោងធ្វើការពាក់ព័ន្ធនឹងករណីរំលោភយកដីកម្មសិទ្ធិឯកជនរបស់រដ្ឋនៅចំណុចភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត។ ដីកានេះមានអនុភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
លោក ម៉ែន រីម អធិការនគបាលស្រុកសំឡូតបានឱ្យដឹងថា កម្លាំងលោកបានឃាត់ខ្លួនតំណាងប្រជាពលរដ្ឋប្រាំនាក់ខាងលើក្នុងចំណោម៦នាក់ ដែលមានឈ្មោះក្នុងដីការបស់តុលាការក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់ឈ្មោះ មាស រស្មី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលមានឈ្មោះក្នុងដីកាដែរ បានទៅភ្នំពេញផុត មុនសមត្ថកិច្ចទៅដល់។
លោក ម៉ែន រីម ថ្លែងថា៖ «យើងឃាត់តាមដីកាទាក់ទងនឹងប្រជាពលរដ្ឋទៅរុករានដីឯកជនរបស់រដ្ឋក្នុងក្រុមហ៊ុន រ័ត្ន សម្បត្តិ ដែលរដ្ឋវិនិយោគឱ្យតែខ្ញុំមិនសូវច្បាស់ទេ ទាល់សួរខាងមន្ទីរកសិកម្មបានដឹងច្បាស់រឿងនេះ ហើយវាមិនពាក់ព័ន្ធនឹងការលើកស្លាកគណបក្សនោះទេ»។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋថា មានកម្លាំងសមត្ថកិច្ចប្រើគ្រឿងចក្រឈូសផ្ទះពលរដ្ឋជាង១០ខ្នង ខណៈដែលពួកគាត់ឡើងតវ៉ាឱ្យដោះលែងតំណាងរបស់ខ្លួននៅមុខសាលាដំបូងនោះ លោកអធិការបញ្ជាក់ថា ខាងមន្ទីរកសិកម្មចុះធ្វើកិច្ចសន្យាឱ្យពលរដ្ឋរុះរើផ្ទះចាកចេញពីដីរបស់រដ្ឋដែលវិនិយោគឱ្យក្រុមហ៊ុន។
ទាក់ទងការកំណត់ឱ្យពលរដ្ឋរុះរើផ្ទះចេញពីទីតាំងខាងលើនេះ លោក ឆាយ ណារ៉េត មន្រ្តីរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មដែលប្រជាពលរដ្ឋឃើញមានវត្តមាននៅទីនោះដែរ បានបដិសេធមិនធ្វើ អត្ថាធិប្បាយ ដោយលោករុញឱ្យទៅសួរលោកប្រធានមន្ទីរកសិកម្មទើបច្បាស់។
លោក ឆាយ ណារ៉េត បន្ថែមថា៖ «ខ្ញុំទៅជាមួយមេខ្ញុំ បងទាក់ទងទៅប្រធានមន្ទីរទើបច្បាស់ ព្រោះខ្ញុំកូនចៅគ្មានសិទ្ធិអីទេ»។
ខេមបូចា មិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា។
កាលពីថ្ងៃទី១៤ ខែមិថុនា សាលាដំបូងខេត្តបាត់ដំបងបានចេញដីការកោះក្នុងសំណុំរឿង ព្រហ្មទណ្ឌផ្សេងទៀតចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយតំណាងអយ្យការកោះហៅ ប្រជាពលរដ្ឋ៧រូបឱ្យចូលទៅកាន់តុលាការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ តាមពាក្យ បណ្តឹងរបស់ឈ្មោះ ម៉ិញ កញ្ញារ័ត្ន តំណាង ក្រុមហ៊ុន រ័ត្ន សម្បត្តិ ។
ប្រជាពលរដ្ឋទាំង៧រូបនេះរួមមាន ឈ្មោះ ហែម ម៉ៃ, ង៉ែត ចន្ថា, មាស ទូច, មាស រស្មី, ធុង យាង, ធន ធាន, សួន សុជាតិ និងបក្សពួកត្រូវចោទប្រកាន់ថា បានសាងសង់លំនៅឋាន និងកាប់ទន្រ្ទានដី ដំណាំរបស់ក្រុមហ៊ុន។
លោក ឈុត ម៉ៅ បានអះអាងថា ប្រជាពលរដ្ឋបានអាស្រ័យផលលើដីចំណុច ភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត តាំងពីឆ្នាំ១៩៩៣ តែក្រោយមកក្រុមហ៊ុន រ័ត្ន សម្បត្តិ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋហើយចូលមកឈូសឆាយនឹងដេញប្រជាជនចេញនៅឆ្នាំ២០១១។ លោកបន្តថា ក្រោយមក ដោយពលរដ្ឋទទួលដំណឹងតគ្នាថានៅឆ្នាំ២០១៧ទីតាំងដីនេះ ក្រុមហ៊ុនខាងលើបានដកចេញប្រគល់ឱ្យរដ្ឋគ្រប់គ្រងវិញ ទើបប្រជាពលរដ្ឋឃើញដីទំនេរបាននាំគ្នាវិលទៅអាស្រ័យផលលើទីតាំងនេះវិញ ខ្លះមកឆ្នាំ២០២១ ខ្លះ២០២២ និងខ្លះទៀតឆ្នាំ២០២៣ ដែលមានប្រជាពលរដ្ឋសរុប២២៩គ្រួសារលើផ្ទៃដី៥៥២ហិកតានាពេលបច្ចុប្បន្ន ។
លោកបានបញ្ជាក់ថា នៅថ្ងៃច័ន្ទទី២៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមន្ទីរកសិកម្មបានកំណត់ឱ្យ ប្រជាពលរដ្ឋរុះរើផ្ទះចេញពីទីតាំងដីដែលពួកគាត់កំពុងអាស្រ័យផលនេះ ហើយបើសិនជាមិនរុះរើចេញនោះទេ គេនឹងយកគ្រឿងចក្រមកឈូសឆាយហើយ។
លោក ឈុត ម៉ៅ លើកឡើងទៀត៖ «ពួកខ្ញុំប្តេជ្ញាមិនចាកចេញពីដីរបស់ពួកខ្ញុំនោះទេ ប្រជាជនប្តូរស្លាប់នៅទីនេះហើយ»។
ទោះបីយ៉ាងណា លោក អ៊ុន ខែម មេឃុំតាតោក បានឱ្យដឹងថា ទីតាំងដីខាងលើនេះជាដីរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចជួលទៅឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ដែលដំបូងចំនួនជាង ៥ ០០០ហិកតា តែក្រោយមកបានកាត់ឆ្វៀលឱ្យពលរដ្ឋដែលរស់នៅទីនោះនៅសល់តែជាង ២ ០០០ហិកតា ប្រហែល៤ទៅ៥ឆ្នាំមុន។
លោកបញ្ជាក់ថា ចំណែកប្រជាពលរដ្ឋជាង២០០គ្រួសារខាងលើនេះ បាននាំគ្នាមកសង់ផ្ទះនិង កាប់ទន្រ្ទានដីឯកជនរបស់រដ្ឋ ដែលជួលឱ្យក្រុមហ៊ុនខាងលើនេះ នៅឆ្នាំ២០២២នេះប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលរុករាននេះភាគច្រើនអ្នកចំណូលថ្មីដែលមកតាមគ្នាពីកន្លែងផ្សេងៗ ក្នុងនោះក៏មានប្រជាជនក្នុងភូមិប្រហែល៣០ភាគរយដែរដែលទៅសង់ផ្ទះនឹងកាប់រុករាននឹងគេដែរ ហើយពួកគាត់មិនគោរពអាជ្ញាធរនោះទេ។
លោក អ៊ុន ខែម បញ្ជាក់ថា៖ «តាមការពិនិត្យរបស់ខ្ញុំទីតាំងខាងលើនេះមិនមានដីរបស់ប្រជាពលរដ្ឋណានោះទេ ជាដីរបស់រដ្ឋដែលបានធ្វើផែនទីកំណត់ត្រឹមត្រូវ នឹងបានធ្វើការវិនិយោគជួលដីឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ជាង ២ ០០០ហិកតា»។
ខេមបូចា មិនអាចទំនាក់ទំនង តំណាងក្រុមហ៊ុន រ័ត្ន សម្បត្តិ ដើម្បីធ្វើការបំភ្លឺបាននៅឡើយទេ។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និងប៉ៃលិន បានថ្លែងថា ក្នុងនាមសង្គមស៊ីវិលបើសិនប្រជាពលរដ្ឋធ្លាប់អាស្រ័យផលពីមុនមក ហើយ ពេលនេះគាត់ខ្វះខាតដីមែនអាជ្ញាធរគួរពិចារណាផ្តល់ដីឱ្យប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផល បើសិនជាគាត់មិនធ្លាប់អាស្រ័យផល ហើយទើបចូលថ្មីៗនោះ គឺខាងសង្គមស៊ីវិលមិនគាំពារនោះទេ ។
លោក គង់ជិត បន្ថែមថា៖ «យើងស្នើសុំឱ្យអាជ្ញាធរខេត្តបង្កើតគណៈកម្មាការមួយចុះទៅស្រាវជ្រាវធ្វើជំរឿន ស្រង់ស្ថិតិប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ថាតើគាត់ពិតជារស់នៅមូលដ្ឋានហ្នឹងមែន រឺអត់ ហើយបើគាត់រស់នៅមូលដ្ឋា្ននហើយខ្វះដីមែន និងមិនមានអ្នកណានៅពីក្រោយខ្នង គួរពិចារណាផ្តល់ដីកសិកម្មឱ្យប្រជាពលរដ្ឋអាស្រ័យផលទៅ»៕