ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅរុនតាឯក ដែលមានមួយចំនួនធំបានផ្លាស់ពីតំបន់អង្គរ ដែលមានសេចក្ដីរាយការណ៍ថាជាការផ្លាស់ទៅដោយបង្ខំ កំពុងបន្តរស់នៅដោយលំបាកដោយសារទឹកជន់លិច បើទោះបីជាបានជូនដំណឹងទៅអាជ្ញាធរជាច្រើនដងហើយក៏ដោយ។
អ្នកភូមិរុនតាឯក លោក ចាន់ គា បានឲ្យដឹងថា៖ «ឲ្យតែពេលភ្លៀង ទឹកឡើងដល់ជង្គង់។ វាធ្វើឲ្យលិចផ្ទះ។ វាធ្វើឲ្យខ្ញុំបារម្ភអំពីសុវត្ថិភាពកូនៗ»។ លោកបន្ថែមថា៖ «ខ្ញុំចង់ស្នើ [ទៅអាជ្ញាធរ] ជួយចាក់បំពេញដី។ ខ្ញុំមិនមានលុយទេ ដូចនេះប្រហែលជាត្រូវរស់នៅបែបនេះរហូតហើយ»។
លោក ចាន់ គា ថាលោកបានចាកចេញពីតំបន់អង្គរមកកាន់រុនតាឯក ក៏ព្រោះតែលោកគ្មានជម្រើសល្អជាងនេះ។ លោកថាទីតាំងសព្វថ្ងៃជាតំបន់ទំនាប ហើយបើទោះបីជាការប្រព័ន្ធរំដោះទឹកកំពុងសាងសង់ក៏ដោយ លោកថា ទើបតែធ្វើបានត្រឹមតែ៣០ភាគរយ ទៅ៤០ភាគរយ ហើយថាពេលភ្លៀងធ្លាក់ម្ដងៗនាំឲ្យមានការជន់លិចជានិច្ច។
លោក គា មិនមានលទ្ធភាពក្នុងការជួសជុល ឬចាក់បំពេញដីនៅក្បែរផ្ទះទេ ដោយថាលោកមិនអាចរកប្រាក់បានគ្រប់គ្រាន់ទេនៅតំបន់រុនតាឯក ដោយថាវាមានចម្ងាយឆ្ងាយពីទីប្រជុំជន ជាងកាលពីលោករស់នៅតំបន់អង្គរ។
លោកបន្តថា៖ «ខ្ញុំមិនដឹងថាធ្វើ[ការងារ]អ្វីនៅទីនេះ។ មានតែអ្នកលក់ មិនមានអ្នកទិញ មិនមានចំណូល មិនមានការងារ មានតែអ្នកលក់។ គ្រប់គ្នាកំពុងជាប់បំណុល»។
លោក គា និងគ្រួសារ គឺស្ថិតក្នុងចំណោមគ្រួសារជាង២ ០០០ ផ្សេងទៀតដែលត្រូវផ្លាស់ពីតំបន់អង្គរកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ពីតំបន់អភិរក្សអង្គរមកកាន់ទីតាំងថ្មីនៅរុនតាឯក ក្នុងស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រ។ ក្រុមគ្រួសារទាំងនេះត្រូវគេផ្លាស់ចេញពីលំនៅដ្ឋានដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដោយអាជ្ញាធរអះអាងថាបានធ្វើឲ្យខូចខាតបរិស្ថាន និងអាចធ្វើឲ្យប៉ះពាល់លក្ខណៈសម្បត្តិរបស់អង្គរដែលជាបេតិកភណ្ឌរបស់ពិភពលោក។
អាជ្ញាធរបានអះអាងថាការផ្លាស់លំនៅរបស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើងដោយការស្ម័គ្រចិត្ត ខណៈការស៊ើបអង្កេតរបស់ខេមបូចា បានរកឃើញថាការផ្លាស់ទីនេះបានធ្វើឡើងដោយបង្ខំ។ របាយការណ៍របស់រដ្ឋាភិបាលស្ដីពីការអភិរក្សតំបន់អង្គរដែលបានផ្ញើទៅកាន់មជ្ឈមណ្ឌលបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ជាក់ថាការផ្លាស់ទីប្រជាពលរដ្ឋទៅរស់នៅនោះ គឺ «មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់» និងអាចទទួលប្រជាពលរដ្ឋជាច្រើនគ្រួសារឲ្យរស់នៅក្នុង «ស្ថានភាពសមរម្យ និងសុវត្ថិភាព»។
អ្នកស្រី ទៀង ស្រីពៅ វ័យ៣០ឆ្នាំ បានឲ្យដឹងថាអ្នកស្រីគ្មានជម្រើសអ្វីក្រៅពីនាំគ្រួសារមករស់នៅរុនតាឯកនោះទេ។ ផ្ទះអ្នកស្រីនៅក្នុងទីតាំងអភិវឌ្ឍន៍កំពុងសាងសង់នៅឡើយ ហើយថាការជន់លិចដោយសារប្រព័ន្ធរំដោះទឹកមិនទាន់កសាងរួចរាល់នេះបានរំខានដល់ដំណើរការសង់ផ្ទះរបស់អ្នកស្រី។
អ្នកស្រីឲ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ជាប់ជាប្រចាំ។ វាប៉ះពាល់ដល់ខ្ញុំ ពីព្រោះថាដីផ្ទះខ្ញុំទាប។ ពេលមានភ្លៀងធ្លាក់ គ្មានអ្នក [អាជ្ញាធរ] មកមើល[ប្រជាពលរដ្ឋ]ទេ ក្នុងតំបន់របស់ខ្ញុំ»។
អ្នកស្រីឲ្យដឹងដែរថា អ្នកស្រីបានស្នើដល់អាជ្ញាធរដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍ ឲ្យពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធលូបង្ហូរទឹកពេលភ្លៀងខ្លាំង និងចាក់ដីនៅតំបន់នោះផងដែរ។
អ្នកភូមិម្នាក់ទៀត គឺអ្នកស្រី ធូក ស្រីកី ដែលមានសមាជិកគ្រួសារចំនួនប្រាំពីរនាក់ បានឲ្យដឹងថា ដរាបណាប្រព័ន្ធរំដោះទឹកធ្វើមិនទាន់រួចរាល់ ផ្ទះរបស់អ្នកស្រីនឹងនៅតែបន្តលិចពេលមានភ្លៀងធ្លាក់។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំគិតថា បើសិនជាគេកសាងប្រព័ន្ធរំដោះទឹកសម្រាប់ពេលមានភ្លៀងខ្លាំងបានរួចរាល់ នោះវាមិនជន់លិចទៀតទេ»។
អ្នកស្រីចង់ឲ្យអាជ្ញាធរដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានឆាប់ ដែលបញ្ហាទាំងនោះមានដូចជា «ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ»។ អ្នកស្រីបន្ថែមថា អាជ្ញាធរចង់ឲ្យប្រជាពលរដ្ឋសាងសង់ផ្ទះឲ្យបានច្រើន ខណៈប្រជាពលរដ្ឋជាច្រើនផ្សេងទៀតមិនទាន់មានលទ្ធភាពសាងសង់នៅឡើយ។
អភិបាលស្រុកបន្ទាយស្រីទើបតែងតាំងថ្មី លោក រិន ឡូត មានប្រសាសន៍ថាទឹកដែលជន់លិចនោះបាន «ស្រកចុះបណ្ដើរៗហើយ» ហើយអាជ្ញាធរបានប្រើគ្រឿងចក្រជួយកាយរំដោះទឹកជាបណ្ដោះអាសន្នសិនដែរ។ ពេលសួរថាតើប្រព័ន្ធរំដោះទឹកបានសាងសង់បានប៉ុន្មានហើយ លោកថាមិនច្បាស់រឿងនេះទេ។
លោកឲ្យដឹងថា៖ «វាមានការលំបាកច្រើន ពីព្រោះពេលនេះជារដូវភ្លៀង។ ហេដ្ឋារចនាសម្ព័ន្ធគឺកំពុងសាងសង់ មិនទាន់បានបញ្ចប់នៅឡើយទេ ពិសេសផ្លូវនិងប្រព័ន្ធរំដោះទឹក។ ប្រជាពលរដ្ឋជួបការលំបាកខ្លះពេលមានភ្លៀងធ្លាក់»។
លោកឲ្យដឹងដែរថា អាជ្ញាធរបានតបណ្ដាញទឹកស្អាត និងអគ្គិសនីជូនប្រជាពលរដ្ឋហើយដែរ តែថានៅមិនទាន់បានគ្រប់គ្រួសារនៅឡើយ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ថាអាជ្ញាធរបានកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋមានទាំងផ្លូវ និងប្រព័ន្ធទឹកស្អាត ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងថាមានប្រជាពលរដ្ឋ២ ០០០គ្រួសារទៀតក៏មានគម្រោងផ្លាស់ទៅរស់នៅទីនោះដែរ។
លោកបន្ថែមថា៖ «ពួកគាត់សប្បាយចិត្តក្នុងការរស់នៅទីនោះ។ ទោះបីជាពួកគាត់ប្រឈមការលំបាកខ្លះៗ ក៏ពួកគាត់មានការសប្បាយចិត្តក្នុងការផ្លាស់ទៅទីនោះ»។ លោកបន្ថែមថា៖ «គោលនយោបាយរបស់យើង គឺធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានស្រួល។ យើងមិនដែលទុកពួកគាត់ចោលទេ។ យើងតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ និងធ្វើគ្រប់យ៉ាងដើម្បីពួកគាត់»។
លោកថា ជាធម្មតាកន្លែងថ្មីតែងមានជួបបញ្ហាខ្លះ ប៉ុន្តែថាការជន់លិចនៅតំបន់រុនតាឯកមិនមានជាបញ្ហាធំនោះទេសម្រាប់ប្រជាពលរដ្ឋ និងថាក្រុមវិស្វករកំពុងដោះស្រាយបញ្ហានេះ។
លោក ហ៊ី សាយ ប្រធានមន្ទីរដែនដីខេត្តសៀមរាប មានប្រសាសន៍ថាមន្ទីររបស់លោកមិនបានជាប់ពាក់ព័ន្ធផ្ទាល់នឹងការផ្លាស់លំនៅប្រជាពលរដ្ឋនៅរុនតាឯកនេះទេ និងថាគ្រាន់តែជួយសម្របសម្រួលរវាងភ្នាក់ងាររដ្ឋាភិបាលផ្សេងៗនៅក្នុងគម្រោងនេះប៉ុណ្ណោះ។
លោកឲ្យដឹងថា៖ «ក្រុមវិស្វករកំពុងខិតខំធ្វើការលើបញ្ហានេះ ហើយជាធម្មតាវាតែងមានការខ្វះចន្លោះ ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មី»។
លោក លី វណ្ណៈ ប្រធានរដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់ខេមបូចាថាប្រជាពលរដ្ឋនៅរុនតាឯកមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខេត្តទៀតទេ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលបានកាត់តំបន់នោះឲ្យទៅអាជ្ញាធរអប្សរា ដូចនេះវាមិនស្ថិតនៅក្រោមសមត្ថកិច្ចអាជ្ញាធរខេត្តទៀតទេ។ យើងបានត្រឹមសម្របសម្រួលរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ»។
លោក សឿង សារ៉ន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត មានប្រសាសន៍ថារដ្ឋាភិបាលគួរតែរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានរួចរាល់ ដើម្បីឲ្យប្រាកដថាអ្នកដែលត្រូវទៅរស់នៅទីនេះរស់នៅក្នុងបរិស្ថានល្អ។
លោកបន្ថែមថា៖ «ផ្អែកតាមគោលនយោបាយរបស់អង្គការសហប្រជាជាតិ ឬធនាគារអភិវឌ្ឍន៍អាស៊ី មុននឹងផ្លាស់លំនៅប្រជាពលរដ្ឋពីកន្លែងមួយទៅកន្លែងមួយ [រដ្ឋាភិបាល] ត្រូវច្បាស់ថាទីតាំងថ្មីមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវដែលប្រជាពលរដ្ឋអាចមានផ្សារ ឬសាលារៀន»។
អង្គការយូណេស្កូមិនបានឆ្លើយតបភា្លមៗចំពោះសំណើសុំអត្ថាធិប្បាយពីខាងខេមបូចាទេនៅថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Following Recent Flooding, Run Ta Ek Residents Urge Authorities Again to Complete Drainage System