ទោះបីជាជំងឺកូវីដ-១៩ បានឆក់យកចំណាប់អារម្មណ៍របស់ពិភពលោកអស់ពេលជិតពីរឆ្នាំមកហើយមែន តែជំងឺឆ្លងតាមផ្លូវដង្ហើមកាចសាហាវមួយទៀតដែលគេស្គាល់ច្រើនមកហើយនោះ នៅតែបន្តកើតមាននៅលើពិភពលោក។
អត្រារកឃើញករណីកើតជំងឺរបេងនៅលើពិភពលោកបានធ្លាក់ចុះ ខណៈដែលជំងឺកូវីដ-១៩ បានធ្វើឲ្យមានការបិទខ្ទប់ និងការឆ្លើយតបផ្នែកប្រព័ន្ធសុខាភិបាលផ្សេងៗទៀត។ ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ(CDC) ឲ្យដឹងថាជំងឺរបេងនៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ដោយថាជំងឺបង្កដោយបាក់តេរីទៅកាន់សួតមួយនេះបានឆ្លងទៅមនុស្សប្រហែល ១,៥លាននាក់ក្នុងមួយឆ្នាំៗ។
សមាជិកគ្រួសារដែលរស់នៅជាមួយអ្នកមានជំងឺរបេងត្រូវប្រើប្រាស់ថ្នាំដើម្បីការពារការឆ្លងជំងឺ នេះ។ អ្នកភូមិមួយចំនួនបានប្រាប់ខេមបូចាថា ផលរំខានរបស់ថ្នាំធ្វើឲ្យអ្នកទាំងនោះពិបាកទ្រាំ នាំឲ្យមនុស្សជាច្រើនបានបោះបង់ការលេបថ្នាំនេះ ដែលតាមពិតទៅថ្នាំអាចជួយការពារពីការធ្លាក់ខ្លួនឈឺ និងគំរាមកំហែងដល់អាយុជីវិត។
ការណ៍នេះមិនបានធ្វើឲ្យអ្នកទាំងនោះប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែបានក្លាយជាឧបសគ្គរបស់កម្ពុជាក្នុងដំណើរការយុទ្ធនាការបញ្ចប់ជំងឺរបេងត្រឹមឆ្នាំ២០៣០។
អ្នកស្រី គីមហួយ វ័យ ៤៩ឆ្នាំ រស់នៅស្រុកលើកដែក ខេត្តកណ្ដាល មានម្ដាយវ័យ ៧០ឆ្នាំ កើតជំងឺរបេងកាលពីឆ្នាំទៅ និងតម្រូវឲ្យសមាជិកគ្រួសារបួននាក់ផ្សេងទៀតត្រូវប្រើថ្នាំការពារជំងឺ នេះ។ អ្នកទាំងបូនត្រូវលេបថ្នាំអំឡុងពេលម្ដាយនិងយាយរបស់ពួកគេនៅមានជំងឺមិនទាន់ជា ប៉ុន្តែអ្នកទាំងនោះលេបថ្នាំបានជាង ១០ថ្ងៃក៏ឈប់។
អ្នកស្រី ឲ្យដឹងថា៖ «ពេលយើងប្រើថ្នាំ វាបានធ្វើទុក្ខយ៉ាងខ្លាំង បង្កឲ្យខ្ញុំឈឺក្បាលខ្លាំង វិលមុខ ក្ដៅខ្លួន និងរងាញាក់ ហើយខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់[ដើម្បីដោះស្រាយបញ្ហានេះ]…គ្រួសាររបស់ខ្ញុំ និងខ្ញុំមិនអាចទ្រាំបាន ដូចនេះខ្ញុំក៏ឈប់ប្រើវា»។
ជំនួសមកវិញ អ្នកស្រី ថា គ្រួសារបានរស់នៅដាច់ដោយឡែកពីអ្នកជំងឺ ក្នុងអំឡុងពេលទទួលការព្យាបាល ទាំងការគេង ការហូបចុកនៅកន្លែងផ្សេងគ្នា និងរបស់របរប្រើប្រាស់ក៏ផ្សេងគ្នាដែរ។
អ្នកស្រីឲ្យដឹងដែរថា កាលពីពីរខែកន្លងទៅម្ដាយអ្នកស្រីបានតេស្តអវិជ្ជមានជំងឺរបេង។
អ្នកស្រី គីមហួយ ជឿជាក់ថាគ្រូសារអ្នកស្រីបានអនុវត្តត្រឹមត្រូវតាមវិធានការណ៍សុខាភិបាល ប៉ុន្តែអ្នកជំនាញនៅតែអះអាងថា ករណីដូចអ្នកស្រី ដែលបានបោះបង់ការប្រើប្រាស់ថ្នាំការពារជំងឺឆាប់ពេក គឺជាឧទាហរណ៍មួយមិនល្អសម្រាប់អ្នកដែលត្រូវប្រើប្រាស់ថ្នាំបង្ការរបេងផ្សេងទៀតនៅកម្ពុជា។
ទាំងមន្ត្រីថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្តដែលធ្វើការលើជំងឺរបេងបានផ្ដល់នូវមតិផ្សេងៗ ទាក់ទងនឹងចំណេះដឹងជាកម្រិតមធ្យមរបស់ប្រជាពលរដ្ឋលើជំងឺរបេង។ ប៉ុន្តែ អ្នកដែលបានផ្ដល់បទសម្ភាសន៍ឲ្យខេមបូចា លើកឡើងថាចំនួនអ្នកតេស្តវិជ្ជមានជំងឺរបេងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចន្លោះឆ្នាំ២០២០ និង២០២១ នេះ ដែលនេះអាចមកពីមានករណីឆ្លងរាលដាកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
បើតាមទិន្ន័យរបស់កម្មវិធីជាតិកម្ចាត់រោគរបេង របស់មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ករណីឆ្លងជំងឺរបេងនៅកម្ពុជាមានចំនូន ២៧៤ករណី ក្នុងចំណោមមនុស្ស ១០០ ០០០នាក់ នេះមានន័យថាប្រជាពលរដ្ឋប្រហែល ៤៦ ០០០នាក់ឆ្លងជំងឺរបេងក្នុងមួយឆ្នាំៗ។
នៅទូទាំងពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC បានប៉ាន់ប្រមាណថា អ្នកឆ្លងរោគរបេងមានចំនួន ១,៧ ពាន់លាននាក់ក្នុងឆ្នាំ២០១៨។ ដោយសារតែជំងឺនេះនៅតែបន្តឆ្លង គឺអាចដែរថាមានករណីថ្មីច្រើនទៀតកើតមានតែមិនបានធ្វើរោគវិនិច្ឆយ ក្នុងពេលមានវិបត្តិកូវីដ-១៩ នេះ។
លោក ផាន វុធ អនុប្រធានកម្មវិធីរោគរបេងប្រចាំខេត្តកណ្ដាល មានប្រសាសន៍ថា មន្ត្រីសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺរបេងថ្មីចំនួន ២ ៦៤៤ករណី ក្នុងឆ្នាំ២០២០។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ លោកថា មន្ត្រីសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺរបេងត្រឹម ១ ០៩៤ករណី។
លោក បន្ថែមថា ត្រឹមតែអ្នកជំងឺម្នាក់អាចចម្លងដល់មនុស្សជាច្រើននាក់ ពិសេសបើអ្នកជំងឺ និងសមាជិកគ្រួសាររបស់ពួកគេមិនបានទទួលការព្យាបាលត្រឹមត្រូវ។
លោក លើកឡើងថា៖ «ជាទូទៅ [អ្នកកើតជំងឺរបេង] អ្នកជំងឺម្នាក់អាចចម្លងទៅមនុស្សរហូតដល់១៥នាក់ផ្សេងទៀតក្នុងមួយឆ្នាំ»។
លោក បញ្ជាក់ទៀតថា ថ្នាំការពារជំងឺរបេងមានបីប្រភេទផ្សេងគ្នា និងមានការប្រើប្រាស់តាមពេលវេលាក្នុងការព្យាបាលផ្សេងគ្នាដែរ។ អ្នកជំងឺខ្លះ ប្រើថ្នាំលេបមួយសប្ដាហ៍ម្ដង សម្រាប់រយៈពេលបីខែ ដែលលោកថា អាចមានអ្នកជំងឺខ្លះត្អូញត្អែពីផលរំខាន។ លោកបន្ថែមថា វិធីព្យាបាលផ្សេងទៀតមានដូចជាការប្រើប្រាស់ថ្នាំប្រចាំថ្ងៃ ទាំងក្នុងរយៈពេលបីខែ ឬប្រាំមួយខែ។
លោកអះអាងថា៖ «មានសមាជិកគ្រួសារតិចតួច ដែលមិនចង់ប្រើប្រាស់ថ្នាំការពារនេះ ប៉ុន្តែគ្រួសារជាច្រើនផ្សេងទៀតបានប្រើវា ពីព្រោះពួកគេយល់ដឹងច្រើនពីជំងឺរបេង»។ ដោយបន្ថែមថា៖ «ខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅផ្ទះជាមួយអ្នកកើតជំងឺរបេងសកម្ម សូមមកទទួលសេវាព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ»។
មន្ត្រីសុខភាពនៅតាមមូលដ្ឋានប្រាប់ខេមបូចា ថា ពូកគាត់មានអារម្មណ៍ថាមានប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងតិចតួចពីជំងឺរបេង និងអ្វីដែលពួកគាត់ត្រូវធ្វើដើម្បីបង្ការការឆ្លងរោគរបេងពីសមាជិកដែលធ្លាក់ខ្លួនឈឺ។
អ្នកស្រី ម៉ន សីលា អ្នកសម្របសម្រួលផ្នែកសុខភាពសាធារណៈរបស់អង្គការ KHANA ក្នុងស្រុកលើកដែក មានប្រសាសន៍ថា អ្នកស្រីដឹងថាមានគ្រួសារអ្នកជំងឺរបេងចំនួនពីរបានឈប់ប្រើប្រាស់ថ្នាំការពារជំងឺរបេង ដោយសារតែមានផលរំខានខ្លាំងពេក។
អ្នកស្រី បន្ថែមថា៖ «ពេទ្យនៅមណ្ឌលសុខភាព និងបណ្ដាញអង្គការរបស់ខ្ញុំបានចុះទៅពន្យល់ និងណែនាំពួកគាត់ពីរបីដង ប៉ុន្តែពួកគាត់នៅតែមិនព្រមប្រើវា»។ ដោយអ្នកស្រីឲ្យដឹងទៀតថា៖ «ពួកគាត់[និយាយថា] ពួកគាត់អត់ឈឺអីផង ពួកគាត់ប្រាប់យើងថាពួកគាត់មានសុខភាពល្អធម្មតា»។
អ្នកស្រីពន្យល់ថា ការគិតបែបនេះធ្វើឲ្យសមាជិកទាំងនោះប្រឈមនឹងការឆ្លងជំងឺរបេង និងថាការផ្សព្វផ្សាយអំពីថ្នាំបង្ការជំងឺរបេងនៅតាមភូមិមួយចំនួននៅមិនទាន់បានល្អគ្រប់គ្រាន់នៅឡើយ។
អ្នកស្រី ពេញ វាណ្ណាត អ្នកសម្របសម្រួលអង្គការ KHANA ប្រចាំស្រុកស្អាង ខេត្តកណ្តាល មានប្រសាសន៍ថា សមាជិកគ្រួសាររបស់អ្នកជំងឺរបេងមួយចំនួនមិនព្រមទទួលថ្នាំបង្ការទេ។
អ្នកស្រី ឲ្យដឹងថា ក្នុងចំណោមអ្នកតេស្តវិជ្ជមានជំងឺរបេង ២០៣នាក់នៅក្នុងតំបន់របស់អ្នកស្រី មាន ៤៣នាក់ជាអ្នកជំងឺបេកាវិជ្ជមាន(BK+)។ អ្វីដែលសំខាន់នោះ អ្នកស្រីថា អ្នកជំងឺបេកាវិជ្ជមានទាំង៤៣នាក់ បានរស់នៅជាមួយមនុស្សសរុបចំនួន ៥១៦នាក់ ហើយមានតែមនុស្ស ២៩៨នាក់បានប្រើថ្នាំបង្ការជំងឺរបេង និងមានប្រាំនាក់ក្នុងចំណោមនេះបានឈប់ប្រើថ្នាំភ្លាមៗ បន្ទាប់ពីបានប្រើមួយរយៈខ្លី។
លោក សារឿន សូវៀត គ្រូពេទ្យទទួលបន្ទុកផ្នែករោគរបេងនៅមណ្ឌលសុខភាពស្អាងភ្នំ បានលើកឡើងថា លោកបានឃើញចំនួនអ្នកឆ្លងជំងឺរបេងមកទទួលការព្យាបាលក្នុងឆ្នាំនេះធ្លាក់ចុះគួរឲ្យកត់សម្គាល់។
លោកមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ មានអ្នកជំងឺរបេងចំនួន ៧៩នាក់បានមកទទួលការព្យាបាលនៅមណ្ឌលសុខភាព ប៉ុន្តែថានៅ១១ខែ ក្នុងឆ្នាំនេះមានត្រឹម ២៥នាក់មកទទួលការព្យាបាល។ លោកជឿថា ចំនួនខុសគ្នានេះ អាចមកពីផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោកបន្តថា មណ្ឌលសុខភាពបានចាប់ផ្ដើមផ្ដល់ថ្នាំការពារជំងឺរបេងនេះនៅចុងឆ្នាំ២០២០ និងថាក្នុងរយៈពេលខ្លីនេះ បានផ្តល់សេវាថ្នាំបង្ការរបេងដល់មនុស្សបាន ៤០នាក់។ ប៉ុន្តែថា សម្រាប់ឆ្នាំនេះ គិតមកដល់ពេលនេះ មណ្ឌលសុខភាពស្អាងភ្នំ បានផ្ដល់ថ្នាំបង្ការជំងឺរបេងបានត្រឹម ៥០នាក់ប៉ុណ្ណោះ។
លោកឲ្យដឹងថា៖ «មានគ្រួសារមួយមានសមាជិក ប្រាំនាក់បានបោះបង់ការប្រើប្រាស់ថ្នាំបង្ការជំងឺរបេង ពីព្រោះពួកគាត់មានយល់ដឹងតិចតួច និងពួកគាត់ថា ពួកគាត់មិនមានជំងឺអីផង ដូចនេះពួកគាត់មិនត្រូវការប្រើថ្នាំទេ»។ ដោយលោកគ្រូពេទ្យ បន្ថែមថា៖ «ទោះបីជាយ៉ាងនេះ យើងបានពន្យល់ និងណែនាំពួកគាត់ជាច្រើនដង តែពួកគាត់នៅតែមិនព្រមទទួលការប្រើប្រាស់ថ្នាំការពារ»។
ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋអំពីជំងឺរបេង លោកថា ក្នុងមួយខែលោកចុះអប់រំប្រជាពលរដ្ឋចំនួនបីដង។ ក្រោយពីមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងឆ្នាំនេះ លោកថា លោកបានកាត់បន្ថយចុះត្រឹមតែពីរដងក្នុងមួយខែ។
លោក បានទទូចឲ្យមន្ត្រីថា្នក់លើផ្ដល់ថវិកាបន្ថែមទៀតសម្រាប់កម្មវិធីកម្ចាត់រោគរបេង។ លោកបន្ថែមថា៖ «យើងមិនមានថវិកាគ្រប់គ្រាន់សម្រាប់ការផ្សព្វផ្សាយអំពីជំងឺរបេង[អប់រំ] ដល់ពលរដ្ឋតាមមូលដ្ឋាន និងការផ្គត់ផ្គង់សម្រាប់អ្នកជំងឺរបេង»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ For families of TB patients, vital preventive treatment can be a burden