សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីតតំណាងរាស្រ្តគណបក្សកាន់អំណាចត្រូវបានជ្រើសតាំងជាប្រធានគ.ជ.បថ្មី

លោក ប្រាជ្ញ ចន្ទ ដែលត្រូវបានជ្រើសតាំងជាប្រធានថ្មីប្រចាំគ.ជ.ប បង្ហាញវត្តមាននៅអំឡុងពេលការផ្សាយផ្ទាល់ពីរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា។ខេមបូចា/ ព្រីង សំរាំង
លោក ប្រាជ្ញ ចន្ទ ដែលត្រូវបានជ្រើសតាំងជាប្រធានថ្មីប្រចាំគ.ជ.ប បង្ហាញវត្តមាននៅអំឡុងពេលការផ្សាយផ្ទាល់ពីរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា។ខេមបូចា/ ព្រីង សំរាំង

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋសភា​ជាតិបាន​បោះឆ្នោត​ជ្រើសតាំង​អតីត​អភិបាលខេត្ត​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​ថ្មី​ របស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ដើម្បី​ជំនួស​តំណែង​លោក ស៊ិក ប៊ុនហុក ដែល​សុំ​លាលែង​ពី​តំណែង​ដោយសារ​បញ្ហា​សុខភាព។

លោក ​ប្រាជ្ញ ចន្ទ វ័យ​ ៦៤​ឆ្នាំ ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​អំឡុងពេល​កិច្ចប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​មាន​សមាជិក​សភា​ ៨២​នាក់ ក្នុង​ចំណោម​សមាជិក​សរុប​ ១២៥​នាក់​ ដែលមាន​វត្តមាន។ លោក ប្រាជ្ញ ចន្ទ​ ​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួលពាក្យ​បណ្តឹង និង​ស៊ើបអង្កេត​​របស់​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា។ តំណាងរាស្រ្ត​ជើងចាស់​ប្រចាំ​គណបក្ស​ប្រជាជន​កម្ពុជា​​​រូប​នេះ​ត្រូវ​បាន​ជ្រើសតាំង​ពី​លើ​លោក កា លាន អតីត​មន្រ្តី​ជាន់ខ្ពស់​ ដែល​​ត្រូវ​បាន​រាយការណ៍​ថា បាន​ឈរ​ឈ្មោះ​ផង​ដែរ។

​លោក សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​ថា លោក ប្រាជ្ញ ចន្ទ ធ្លាប់​ជា​មន្រ្តី​ជាន់ខ្ពស់​នៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​បាត់ដំបង​នៅ​ក្នុង​ឆ្នាំ ២០០១។ ពី​ឆ្នាំ២០១៤ ដល់២០១៧ លោក​ប្រាជ្ញ ចន្ទ បាន​បម្រើការ​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​នឹង​បង្កើត​ថ្មី បន្ទាប់​មក​បាន​ចូលរួម​ក្នុង​រដ្ឋសភា ហើយ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មាការ​សិទ្ធិ​មនុស្ស ទទួលពាក្យ​បណ្តឹង និង​ការ​ស៊ើបអង្កេត​នៅ​​ឆ្នាំ ២០១៨។

លោក​មានប្រសាសន៍ថា៖ «ខ្ញុំ​យល់​ថា គាត់​ជា​អតីត​អភិបាលខេត្ត​ជា​ច្រើន​ជំនាន់​មក​ហើយ ដូច្នេះ​គាត់​យល់​ច្បាស់​ពី​ច្បាប់។ ជាពិសេស​ ខ្ញុំ​គិត​ថា មុន​ពេល​គាត់​ក្លាយ​ជា​អភិបាល​ខេត្ត សុទ្ធតែបាន​ឆ្លងការសិក្សា​នៅ​សាលាភូមិន្ទរដ្ឋបាលជាន់ខ្ពស់​ផង​ដែរ»។

លោក ឌឹម សុវណ្ណរុំ​ អ្នក​នាំពាក្យ​គ.ជ.ប  បាន​មានប្រសាសន៍​ថា តំណែង​ជា​ប្រធាន​ចាត់តាំងគឺ​​ស្រប​ជាមួយ​នឹង​ស្មារតី​របស់​គ.ជ.ប​ ដូចដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

​លោក​បាន​ថ្លែង​ថា៖ «ក្នុងពេលបំពេញបេសកកម្ម ត្រូវតំកល់ផលប្រយោជន៍ស្ថាប័ន គ.ជ.ប ឲ្យបានខ្ពស់ ដើម្បីជាតិនិងម្ចាស់ឆ្នោត និងជាមរតកសម្រាប់អ្នកជំនាន់ក្រោយបន្តវេន»។

លោក​ឡេង ប៉េងឡុង​ អ្នកនាំពាក្យ​រដ្ឋសភា​បាន​មានប្រសាសន៍​ថា បន្ទាប់​ពី​ការ​បោះឆ្នោត ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បាន​បញ្ជូន​លិខិត​ទៅ​កាន់​ព្រះ​មហាក្សត្រ​ បន្ទាប់​ពី​កិច្ចប្រជុំ​ ដោយ​ស្នើ​ឲ្យ​ព្រះអង្គ​ចេញព្រះរាជក្រឹត្យតែងតាំង ​​លោក​ ប្រាជ្ញ ចន្ទ ជា​ប្រធាន​គ.ជ.ប។ នៅ​ពេល​លោក​ប្រាជ្ញ ចន្ទ​ ទទួល​បាន​ព្រះរាជក្រឹត្យ​ លោក​នឹង​ស្បថ​ចូល​កាន់​តំណែង។ ខេមបូចា មិន​អាច​ទាក់ទង​សុំ​យោបល់​ពី​លោក​ប្រាជ្ញ ចន្ទ​បាន​នោះ​ទេ។ នា​ពេល​បច្ចុប្បន្ន ​កៅអី១២៥​​នៅ​ក្នុង​សភា កាន់កាប់ដោយសមាជិក​គណបក្ស​ប្រជាជន​កម្ពុជាទាំង បន្ទាប់​ពី​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ២០១៨ ក្រោយ​​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ឆ្នាំ២០១៧។

នៅថ្ងៃព្រហស្បតិ៍ដដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

បានឡាយព្រះហស្ថលេខាបញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក ពីប្រធានគ.ជ.ប និងបានតែងតាំង លោក ប្រាជ្ញ ចន្ទ ជំនួសវិញ។

​លោក អ៊ូ ច័ន្ទរ័ត្ន​ ស្ថាបនិក​​គណបក្ស​កែទម្រង់​កម្ពុជា បាន​មានប្រសាសន៍​ថា កាល​ពី​មុន​ នៅ​ពេល​ដែល​គណបក្ស​សង្រ្គោះជាតិ​នៅ​មាន​សំឡេង សមាជិក​ប្រាំបួន​នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ មាន​សមាជិក​បួន​នាក់​មក​ពី​គណបក្ស​សង្រ្គោះជាតិ​ បួន​នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​រូប ​មក​ពី​សង្គមស៊ីវិល។ តែ​ឥឡូវ​នេះ លោក​បាន​លើកឡើង​ថា គោលការណ៍​នេះ​លែង​ត្រូវ​បាន​ប្រើប្រាស់​ទៀត​ហើយ។

​លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ពួកគេ [សមាជិក​គ.ជ.ប] មក​ពី​គណបក្ស​នយោបាយ​ តិច​ឬ​ច្រើន​ពួកគេ​នៅ​តែ​រង​សម្ពាធ​ពី​អ្នកនយោបាយ។ ដូច្នេះ គេ[គណបក្ស​ប្រជាជន​កម្ពុជា] នឹង​មាន​ទំនោរទៅ​គណបក្ស​របស់​ពួកគេ»។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​បន្ថែម​​ថា លោក​ជឿ​ថា រដ្ឋាភិបាល​គួរ​តែ​ជ្រើសរើស​សមាជិក​គ.ជ.ប ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល សាស្រ្តាចារ្យ​សាកលវិទ្យាល័យ អ្នកជំនួញ និង​អ្នកសារព័ត៌មាន​ ដើម្បី​ធានា​នូវ​ឯករាជ្យភាព​របស់​ស្ថាប័ន​មួយ​នេះ។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ លោក គង់ ម៉ូនីកា បាន​មានប្រសាសន៍​ថា លោក​មិនមាន​ការ​ភ្ញាក់ផ្អើល​ដែល​រដ្ឋសភា​ ​មាន​គណបក្ស​តែ​មួយ​ ចាត់តាំង​អតីត​មន្រ្តី​ជាន់ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន​គ.ជ.ប ​នោះ​ទេ។

លោក​បាន​មានប្រសាសន៍​ថា៖ «សភា​បោះឆ្នោត​គាំទ្រ​លោក​ប្រាជ្ញ ចន្ទ​ ជា​ប្រធាន​គ.ជ.ប ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ហើយ​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​មាន​ការ​សោកស្តាយ។ គ.ជ.ប​ នៅ​តែ​មិនមានភាពឯករាជ្យ ហើយ​គ.ជ.ប ​នៅ​តែ​រង​ឥទ្ធិពល​ពី​គណបក្ស​កាន់​អំណាច ពីព្រោះ​សមាជិក​គ.ជ.ប ​ភាគច្រើន​គឺ​មក​ពី​គណបក្ស​កាន់​អំណាច​ បន្ទាប់​ពី​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ»

លោក​ម៉ូនីកា​ បាន​បន្ថែម​ថា យោង​ទៅ​តាម​បទពិសោធន៍​របស់​​ប្រទេស​ប្រជាធិបតេយ្យ ពួកគេ​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តាមរយៈ​ដំណើរការ​ប្រកប​ដោយ​តម្លាភាព​ និង​យក​សមាជិក​មក​ពី​សង្គមស៊ីវិល វិស័យ​ច្បាប់ មន្រ្តី​ស៊ីវិល​ចូល​និវត្តន៍ និង​អ្នក​ដទៃ​ទៀត​ដែល​មាន​បទពិសោធន៍ច្រើន​ខុសៗ​គ្នា។

លោក​បាន​បន្ថែម​ថា៖ «ដូច្នេះ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​របស់​ពួកគេ​មាន​ឯករាជ្យភាព​ជាង​ ហើយ​មិនមែន​ដូច​រូបមន្ត​គ.ជ.ប​នៅ​កម្ពុជា​ដែល​កំពុង​អនុវត្ត​នា​ពេល​ឥឡូវ​នេះ​​ទេ»

 លោក​ម៉ូនីកា​បាន​បន្ត​​ថា ទោះបីជា​កាល​ពីមុន ​នៅ​ពេល​ដែល​សមាជិក​គ.ជ.ប​មក​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ក៍គណៈកម្មាធិការ​នេះ​មិនទាន់​មាន​ឯករាជ្យភាព​ទាំងស្រុង​ផងដែរ។ លោក​សង្ឃឹម​ថា លោក​ប្រាជ្ញ ចន្ទ​ នឹង​ប្រើប្រាស់​តំណែង​ថ្មី​របស់​លោក​ដើម្បី​ធ្វើ​កំណែទម្រង់​បញ្ហា​មួយ​ចំនួន​ដែល​គណបក្ស​នយោបាយ​ផ្សេងៗ​កំពុង​ប្រឈម​មុខ​ដូចជា នីតិវិធី​ស្មុគស្មាញ​សម្រាប់​ការ​ដាក់ពាក្យ​សុំ​បេក្ខភាព​ជា​ដើម។

លោក កន សាវាង្ស​ អ្នកសម្របសម្រួល​​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ហៅ​កាត់​ថា ខុមហ្វ្រែល មានប្រសាសន៍​ថា គ.ជ.ប ​ត្រូវ​តែ​មាន​តុល្យភាព​ និង​ឯករាជ្យភាព​។ ស្រប​ពេល​ជំរុញ​ឲ្យ​មាន​ការ​រៀបចំ​ដូច​កាល​ពី​គ្រា​មុន​ដែល​យក​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ លោក​បាន​លើកឡើង​ថា ​ការ​តម្រូវ​ឲ្យ​សមាជិក​ គ.ជ.ប ​​លាលែង​ពី​តំណែង​បណ្តោះអាសន្ន​ពី​គណបក្ស​នយោបាយ​របស់​ពួកគេ​អាច​ជួយ​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព។

លោក​មានប្រសាសន៍​ថា៖ «ប្រសិនជា​ការ​ជ្រើសរើសនេះ​ [សម្រាប់​ប្រធាន​គ.ជ.ប] វាមិន​បាន​បង្ហាញ​ពីឯករាជ្យភាព​ឲ្យបាននៅ​ក្នុងដំណើរការនៃ​នីតិវិធីនេះទេ ការជ្រើសរើសអ្នកមកដឹកនាំ ក៍វា​ពិបាក​​បង្ហាញ​ពីឯករាជ្យភាព​ នៅក្នុងការ​មកកាន់តួនាទី​នេះ​ផង​ដែរ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former ruling party lawmaker selected as new NEC chairman

283 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម