ក្រោយបញ្ចប់ដំណើការបោះឆ្នោតនៅល្ងាចថ្ងៃអាទិត្យ លទ្ធផលក្រៅផ្លូវការបានបង្ហាញថាគណក្សប្រជាជនកម្ពុជាបាន១២០អាសនៈ ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រាំអាសនៈ ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថាសន្លឹកឆ្នោតមិនបានការមានជាង៤០ម៉ឺន ឬស្មើ៥,៣៧ភាគរយ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានបន្ទោសរឿងសន្លឹកឆ្នោតមិនបានការនេះថាភាគច្រើនកើតឡើងដោយសារក្រុមប្រឆាំង។
លោកមានប្រសាសស៍ថា៖ «សន្លឹកឆ្នោតមិនបានការនេះវាកើតចេញពីយុទ្ធនាការ [បំផ្លាញសន្លឹកឆ្នោត] បំផ្លាញដំណើរការបោះឆ្នោត ដែលធ្វើឡើងដោយក្រុមជ្រុលនិយមនៅក្រៅប្រទេស»។
ប៉ុន្តែលោកឲ្យដឹងដែរថា កាលពីការបោះឆ្នោតឆ្នាំ២០១៨ ក្រោយគណបក្សសង្គ្រោះជាតិត្រូវរំលាយ អត្រាសន្លឹកឆ្នោតមិនបានការមានរហូតដល់៩,៣ភាគរយ។
បើតាមទិន្ន័យសាធារណៈឈ្មោះកំណត់ត្រា បានរកឃើញថាសន្លឹកឆ្នោតមិនបានការនៅភ្នំពេញមានចំនួនច្រើនជាងគេមានរហូត៧,៥ភាគរយ ខណៈខេត្តកណ្ដាលនៅលំដាប់ទីពីរ គឺមាន៦,៩ភាគរយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃអាទិត្យថា៖ «មេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថាសន្លឹកឆ្នោតណាដែលគូសខ្វែង គឺជាសន្លឹកឆ្នោតគាំទ្រពួកគេ ដូច្នេះ តើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក និងអត្រាសន្លឹកឆ្នោតអត់បានការ ដូចជាការគូសខុសមានប៉ុន្មានសន្លឹក»។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ លោកស្រី មូរ សុខហួរ ដែលកំពុងរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក បានឲ្យដឹងតាមសារអ៊ីម៉ែលថាគណបក្សសង្គ្រោះជាតិមានភស្តុតាងច្បាស់លាស់ ដែលលោកស្រីមិនបានបង្ហាញ បញ្ជាក់ថាសន្លឹកឆ្នោតមិនបានការពិតប្រាកដមានរហូតដល់១៥ភាគរយ និងបានអំពាវនាវឲ្យគ.ជ.ប មានតម្លាភាពលើការរាប់សន្លឹកឆ្នោត។
លោកស្រីបានសរសេរថា៖ «សន្លឹកឆ្នោតមិនបានការបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈរបស់ម្ចាស់ឆ្នោត…សន្លឹកឆ្នោតទាំងនោះបានបង្ហាញពីការជំទាស់ទៅនឹងការបោះឆ្នោតក្លែងក្លាយ ឬអ្នកបោះឆ្នោតមើលមិនឃើញពីគណបក្សដែលពួកគាត់ពេញចិត្ត[នៅលើសន្លឹកឆ្នោត]»។
លោកស្រីបន្ថែមថា៖ «អ្នកបោះឆ្នោតនៅភ្នំពេញ និងខេត្តកណ្ដាល ភាគច្រើនជាអ្នកមានការអប់រំច្រើន ដែលនេះអាចជាបញ្ជាក់បានថាជាដើមហេតុនាំឲ្យមានអ្នកគូសសន្លឹកឆ្នោតខូចច្រើន»។
លោកស្រីបានបន្ថែមថា សកម្មជនគណបក្សប្រឆាំងកំពុងតែប្រមូលទម្រង់លទ្ធផលបោះឆ្នោតសាធារណៈពីការិយាល័យបោះឆ្នោតនានា ហើយបានកត់សម្គាល់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចងក្រងឯកសារទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ក្នុងចំណោមការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានច្រានចោលការរកឃើញរបស់ Human Rights Watch រួចមក គ.ជ.ប ក៏បានចេញលិខិតមួយកាលពីថ្ងៃទី២១ ខែកក្កដា ដោយទទួលស្គាល់វិញថាមានកំហុសក្នុងដំណើរការបោះឆ្នោត។
អ្នកឃ្លាំមើលការបោះឆ្នោតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថាអង្គការរបស់លោកកំពុងពិនិត្យរបាយការណ៍ក្នុងថ្ងៃបោះឆ្នោតនៅឡើយ ប៉ុន្តែថាបានរកឃើញភាពមិនប្រក្រតីមួយចំនួន។
លោកឲ្យដឹងថាភាពមិនប្រក្រតីដែលខុមហ្វ្រែលបានរកឃើញមានដូចជាអាជ្ញាធរមូលដ្ឋានមានវត្តមាននៅមណ្ឌលបោះឆ្នោត មានការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លង មេភូមិកត់ឈ្មោះអ្នកបោះឆ្នោតនៅទីតាំងមួយចំនួន និងមានមណ្ឌលបោះឆ្នោតមួយចំនួនមិនបានបង្ហាញទម្រង់លទ្ធផលបោះឆ្នោត១១០២ ជាដើម។
លោកបានមានប្រសាសន៍ថា៖ «ភាពមិនប្រក្រតីទាំងនោះមិនស្របតាមគោលការណ៍[គ.ជ.ប]»។
លោកបន្ថែមថា៖ «យើងមានរបាយការណ៍បឋម តែយើងមិនទាន់មានរបាយការណ៍លម្អិតទេ យើងមិនធ្វើសេចក្ដីសន្និដ្ឋានរួមទេ យើងគ្រាន់តែប្រមូលទុកជាឯកសារ»។
លោក ហង្ស ពុទ្ធា អះអាងថា «មិនមានបណ្ដឹង» នៅថ្ងៃបោះឆ្នោតទេ ទាក់ទងនឹងភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត ខណៈដែលគ.ជ.ប បានទទួលបណ្ដឹងចំនួន៣៥ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងខែកក្កដា កន្លងមកនេះ។ លោកថា គ.ជ.ប នឹងពិនិត្យលើបណ្ដឹងចំនួនប្រាំនៅសប្ដាហ៍ក្រោយ ដោយហេតុថាបណ្ដឹងទាំងនោះមិនអាចដោះស្រាយបាននៅកម្រិតគណៈកម្មការធិការរៀបចំការបោះឆ្នោតខេត្ត។
លោកឲ្យដឹងថា៖ «បណ្ដឹងភាគច្រើនគឺប្ដឹងដោយអ្នកគាំទ្រគណបក្សកាន់អំណាចប្រឆាំងនឹងក្រុមអ្នកដែលគេចោទថាមានចេតនាធ្វើឲ្យខូចសន្លឹកឆ្នោត»។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន មានប្រសាសន៍ថាសមត្ថកិច្ចចាត់វិធានការច្បាប់ដើម្បីការពារច្បាប់ប្រឆាំងអ្នកដែលធ្វើតាមការញុះញង់របស់ក្រុមប្រឆាំងរំខានដល់ដំណើរការបោះឆ្នោត។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋដែលគូសសន្លឹកឆ្នោតមិនមានកំហុសទេ ព្រោះជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែអ្នកញុះញង់ឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោត [ចោល] និងបំពានសិទ្ធិរបស់អ្នកផ្សេង ហើយប្រើវិធីរបស់ សម រង្ស៊ី គឺមានទោស»។
បើតាមលោក ហង្ស ពុទ្ធា លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែសីហា ខាងមុខ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NEC Claims More Than 400,000 of Ballots Spoiled, Blames Overseas Opposition