យ៉ាងហោចណាស់កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៤នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចកំពុងស្វែងរកនាំខ្លួនឱ្យចូលបំភ្លឺទាក់ទិននឹងករណីរារាំងពីវិធានការសុខាភិបាល។ ចំណែកកូដករចំនួន៣នាក់ទៀត កំពុងឃុំខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញនៅឡើយ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបង្ហោះតាមរយៈទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី៥ បានឱ្យដឹងថា ការចាប់ខ្លួនបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺតាមដីការបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយយោងលើមាត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា កូដករដែលកំពុងស្វែងរកចំនួន៤នាក់នោះ រួមមានឈ្មោះ ខេង ចិន្តា ឈ្មោះ អ៊ុក សុភ័ក្រម៉ូលីកា ឈ្មោះ ម៉េង កាក់នីកា និងឈ្មោះ អេង ស្រីបូ។ ចំណែកអ្នកដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៥ មានចំនួនយ៦នាក់ ក្នុងនោះមានស្ត្រី៣នាក់ និងបុរស៣នាក់ ប៉ុន្តែស្ត្រី៣នាក់ត្រូវបានដោះលែងវិញ ដោយឡែកបុរស៣នាក់ រួមមាន លោក ជួប ចាន់ណាត ឈ្មោះ សេង វណ្ណរិទ្ធ និងឈ្មោះ សៅ សម្បត្តិ កំពុងសាកសួរនៅស្នងការរាជធានីភ្នំពេញនៅឡើយ។
ចំណែកសាលារាជធានីភ្នំពេញ ក៏បានព្រមានទៅក្រុមកូដករ ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំធ្វើកូដកម្ម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រង ឬប្រភេទផ្សេងទៀតចូលទៅក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ។
សាលារាជធានីភ្នំពេញបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ»។
បន្ថែមពីនេះ ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោស ដោយមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន៣៣នាក់ ក្នុងចំណោមកូដករដែលបានធ្វើតេស្តចំនួន៥៤៦នាក់នៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមទំព័រហ្វេសប៊ុករបស់សហជីពណាហ្គាវើលដ៍កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឱ្យចូលខ្លួនបំភ្លឺករណីរារាំងពីវិធានការសុខាភិបាល លើកូដកម្មចំនួន៤នាក់ដែលជាសកម្មជនសហជីព និងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏ ១.កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ២.អ្នកនាង អេង ស្រីបូ ៣.កញ្ញា ម៉េង កាន់នីកា ៤.អ្នកស្រី ខេង ចន្តា បានទទួលដីកាបញ្ជាឲ្យ ចូលខ្លួនក្រោមហេតុផល រារាំងដល់ការអនុវត្តវិធានការ។
ខណៈពេលដែល មានការចោទប្រកាន់បែបនេះ កញ្ញា ម៉េង កាន់នីកា និង អ្នកស្រី ខេង ចន្ថា កំពុងតែនៅកន្លែងធ្វើតេស្តដើម្បីយក សំណាកនៅឯកោះពេជ្រចំពោះ កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា កំពុងធ្វើចត្តាឡីស័កព្រោះបានយកសំណាកកាលពីថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២ រួចហើយនៅកោះពេជ្រដែលជាទីតាំងកំណត់របស់ក្រសួងសុខា ភិបាល។ រីឯ អ្នកនាង អេង ស្រីបូ វិញមានធុរៈផ្ទាល់ខ្លួនជាមួយនឹង ក្រុមគ្រួសារហើយមិនដែលបានចូលរួមជាមួយក្រុមកូដករតាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ ក្រោយពីការចាប់ខ្លួនគាត់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
ទំព័រហ្វេសប៊ុករបស់សហជីពណាហ្គាវើលដ៍ឲឱ្យដឹងថា៖ «ចំពោះការកោះហៅរបស់អយ្យការអមសាលាដំបូង យើងជាកូដករមិនរុញរាស្ទាក់ស្ទើរ ក្នុង ការចូលខ្លួនបំភ្លឺឡើយ តែរហូតមកដល់ពេលនេះ យើងខ្ញុំនៅមិនទាន់បានទទួលការ ទាក់ទង ទូរស័ព្ទជាផ្លូវការណាមួយឡើយ មានតែសេចក្តីប្រកាសដែល ធ្វើការផុសនៅ លើផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប៉ុណ្ណោះ»។
ទំព័រហ្វេសប៊ុកបន្តថា៖ «យើងខ្ញុំជាកូដករស្នើសុំឲ្យអយ្យការអមសាលាដំបូង មេត្តាចាត់បញ្ជូនមន្ត្រីធ្វើការកោះហៅ ដោយវិជ្ជាជីវៈ មានការទាក់ទងមកកូដករដែលត្រូវចូលខ្លួនដោយផ្លូវការ និងមានកាលបរិច្ឆេទ ពេលវេលាដែលបានកំណត់»។
យ៉ាងណាមិញ បន្ទាប់ពីមានការចាប់ខ្លួនកូដករជាបន្តបន្ទាប់ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបកស្រាយថា ការចេញដីកាចាប់ខ្លួននោះថាពួកគេពាក់ព័ន្ធនឹងការរារាំងមិនឱ្យពិនិត្យរកសំណាកនោះមិនពិតទេ ដោយពួកគេ និងអ្នកដែលបានចាប់ខ្លួនបានសហការគ្រប់រឿង ស្របពេលដែលក្រសួងសុខាភិបាលបានទុកពេលធ្វើតេស្ត ៣ថ្ងៃ។
សហជីពបានអះអាងថា៖ «យើងខ្ញុំក៏ទៅធ្វើតេស្តតាម តែបែរជាមិនមានពេទ្យមកពិនិត្យពេលដែលកូដករទៅដល់វិញនោះទេ។ វិវាទការងាររវាងកម្មករនិយោជិត ជាមួយក្រុមហ៊ុនណាហ្គាវើលដ៏កាន់តែមកដល់ពេលនេះ ១១នាក់ត្រូវបានចាប់ខ្លួន»។
ក្រុមសហជីពបានបញ្ជាក់ថា ការចាប់ខ្លួននឹងការចោទប្រកាន់ទាំងឡាយ គឺបង្ហាញរូបភាពមិនល្អ ប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់សច្ចាប័នដល់អនុសញ្ញាស្នូលអង្គការពលកម្មអន្តរជាតិស្តីពីសេរីភាពសមាគម និងការចរចារួមលេខ៨៧ និង៩៨ រួមទាំង រំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ អង្គការសង្គមស៊ីវិលមកពី១៣៤ស្ថាប័ន នឹងដាក់លិខិតចំហចំនួន៣លិខិត ស្នើអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ណាហ្គាវើលដ៍ និងស្នើដោះលែង និងទម្លាក់ការចោទប្រកាន់លើថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំង៨រូប ជាបន្ទាន់។
បើតាមលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងាររបស់សង់ត្រាល់ បានឱ្យដឹងថា អង្គការសង្គមស៊ីវិល សមាគម និងសហជីពដែលធ្វើសកម្មភាពដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិការងាររបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាមួយចំនួននឹងធ្វើការជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ ដើម្បីដាក់លិខិតចំហជូនទៅស្ថាប័នសភាជាតិ និងក្រសួងពាក់ព័ន្ធ ក្នុងគោលបំណងទាមទារឱ្យមានការដោះលែងជាបន្ទាន់ និងទម្លាក់ចោលនូវការចោទប្រកាន់ដោយឥតលក្ខខណ្ឌនូវមេដឹកនាំនិងតំណាងសហជីពទាំង៨រូបដែលតុលាការកំពុងឃុំខ្លួន។
លោកបញ្ជាក់ថា៖ «ខ្លឹមសារនៅក្នុងលិខិតចំហគឺមានគោលបំណងបង្ហាញជូនដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជនអំពីការការវិភាគស៊ីជម្រៅលើការរើសអើង និងរំលោភលើសិទ្ធិការងារពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៍ទៅលើបុគ្គលិកនិយោជិត (សរុបចំនួន ៣៦៥ នាក់) ដែលភាគច្រើនជាស្រ្តី និងភាពស្របច្បាប់នៃកូដកម្មរបស់បុគ្គលិកនិយោជិតដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិនានាដែលទទួលស្គាល់ដោយកម្ពុជា»។
ថ្វីបើយ៉ាងនេះក្ដី កន្លងមក លោក ស ខេង បានរំពឹងយ៉ាងមុតមាំថាវិវាទការងារវាងបុគ្គលិកណាហ្គាវើលដ៍ ជាមួយក្រុមហ៊ុន នឹងបញ្ចប់ទៅនៅពេលឆាប់ៗ ដោយសន្តិវិធី និងទៅតាមច្បាប់ដែលបានចែងជាជាងការមិនងាកមកចរចារកដំណោះស្រាយ។
លោក ស ខេង ធ្លាប់បានមានប្រសាសន៍ថា វិវាទការងារនេះ គណៈកម្មការ ដោះស្រាយវិវាទការងារ ដែលមានក្រសួងការងារជាអ្នកនាំមុខ និងអាជ្ញាធរពាក់ព័ន្ធ គួរបន្ត អត់ធ្មត់ ហើយប្រកាន់នូវជំហរសម្របសម្រួល ទាំងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ ភាគីបុគ្គលិក និងភាគីអាជ្ញារកណ្ដាលជាសមត្ថកិច្ច ដើម្បីរកដំណោះស្រាយជាមួយគ្នា។
លោក ស ខេង មានប្រសាសន៍ថា៖ «ភាគី៣ដែលមានការពាក់ព័ន្ធក្នុងរឿងនេះ ខិតខំរកវិធីឱ្យបានឆាប់កាលណាល្អកាលហ្នឹង ហើយបើសិនបែរខ្នងដាក់គ្នារហូត គឺដោះអាម៉េចក៏មិនចប់ដែរ បើអាចថាបន្តិចម្ដងៗយើងងាកមុខរកគ្នាទៅប្រហែលជាអាចរកឃើញដំណោះស្រាយ តែបើថាមិនបែរមុខដាក់គ្នាទេ អាហ្នឹងមិនដឹងថាឆ្នាំណាអាចរកឃើញដំណោះស្រាយទេ»។
លោក ស ខេង បន្តថ្លែងថា សម្ដេចលើកទឹកចិត្ត និងតែងតែផ្ដល់នូវយោបល់ដើម្បីទៅអាជ្ញាធរក្រុង ក៏ដូចជាឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ឱ្យសមត្ថកិច្ច និងនគរបាល ខិតខំ និងសម្របសម្រួលឱ្យភាគីទាំងពីរអាចនិយាយជាមួយគ្នា និងរកដំណោះស្រាយ។
គួរជម្រាបជូនថា កូដករដែលជាសមាជិកសហជីពដែលត្រូវបានចាប់ខ្លួន០៦នាក់ នាយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នោះ តែត្រូវបានសមត្ថកិច្ចដោះលែងស្ត្រីចំនួន៣នាក់មកវិញ គឹលោកស្រី អ៊ុក សោភ័ណ អ្នកនាង ទូច ដាណែត និងអ្នកនាង ឯម គន្ធា។ បច្ចុប្បន្ន តំណាងសហជីព និងសមាជិកចំនួន១១នាក់ហើយ ដែលជាប់ឃុំខ្លួន ក្រោមបទចោទពីរផ្សេងគ្នា៕