សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរព្រមានប្តឹងក្រុមកូដករណាហ្គាវើលដ៍ពីការប្រើប្រាស់ហិង្សា ខណៈកូដករជាស្ត្រីបានសន្លប់និងរបួស

ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមកូដករណាហ្គាវើលដ៍កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២។ រូបភាពដោយអង្គការ លីកាដូ
ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមកូដករណាហ្គាវើលដ៍កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២។ រូបភាពដោយអង្គការ លីកាដូ

ក្រុមកូដករណាហ្គាវើលដ៍មានការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី១១ ខែសីហានេះ។ ព្រឹត្តិការណ៍​នេះ ក្រុមកូដករអះអាងថា​អាជ្ញាធរបានប្រើហិង្សាលើកូដករជាស្រ្តី​រហូត​មានអ្នក​សន្លប់ និងបែកខ្ទង់ច្រមុះ។ ចំណែកអាជ្ញាធរវិញព្រមានប្ដឹងក្រុមកូដករទៅតុលាការថាបាន​ប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

បើតាមកូដករដែលរងបួលពីអាជ្ញាធររហូតបែកខ្ទង់ច្រមុះ គឺកញ្ញា ស៊ឹង ស្រីនិច បានបញ្ជាក់​ប្រាប់ខេមបូចាថា ជារឿងអយុត្តិធម៌បំផុតដែលក្រុមកូដករស្រ្តីត្រូវបានសមត្ថកិច្ចមានតួនាទី​បម្រើប្រជាពលរដ្ឋវាយដំស្រស់ៗបែបនេះ​។ កញ្ញាថា មានការសោកស្ដាយដែលអាជ្ញាធរធ្វើ​ទង្វើបែបនេះមកលើក្រុមអ្នកតវ៉ា។ រហូតមកដល់ពេលនេះ កញ្ញាប្រាប់ថាស្នាមរបួសរបស់ខ្លួន​មានសភាពហើម និងឈឺចាប់ខ្លាំង។

កញ្ញា ស្រីនិច ថ្លែងថា៖ «ជារឿងអយុត្តិធម៌ខ្លាំងតែម្ដងម្សិលមិញ [ថ្ងៃទី១១ ខែសីហា] ពួកខ្ញុំ​ស្នើសុំឱ្យអាជ្ញាធរបើកប៉ារាស់ដើម្បីឈរនៅមុខណាហ្គា តែពួកគាត់អត់ព្រមក៏មានទៅមានមក របួសខ្ញុំហ្នឹងប៉ូលិសវាយ យកដៃវាយមួយទំហឹងហ្មង៎»។

កូដកររូបនេះបន្ថែមថា ជារឿងដែលហួសចិត្តដែលអាជ្ញាធរចោទកូដករជាស្រ្តីថាសម្ដែង ហើយ​ថែមទាំងត្រៀមប្ដឹងកូដករទៀតនោះទាំងអ្នកដែលរងគ្រោះពិតប្រាកដគឺជាកូដករ។

កញ្ញាបន្តថា៖ «បើពួកគាត់ចង់ប្ដឹងបកឱ្យគាត់បង្ហាញភស្ដុតាងតាមអ្វីដែលគាត់មានមក ហើយ​ខ្ញុំ​ក៏បង្ហាញភស្ដុតាងដែលខ្ញុំមានដូចគ្នា។ សកម្មភាពទាំងអស់ពួកខ្ញុំមិនបានសម្ដែងទេ គឺគាត់​តម្រូវម៉េចត្រូវតែវាយកូដករឱ្យបាន»។

យ៉ាងណាមិញ កូដករស្រ្តីរូបនេះ អះអាងថា នេះមិនមែនជាលើកទីមួយឡើយ ដែលអាជ្ញាធរ​បាន​វាយ​មកលើរូបខ្លួន និងអ្នកតវ៉ាស្រ្តីផ្សេងទៀត។ កញ្ញាចាត់ទុកថា ការចោទមកលើ​កូដករ​ថាបានវាយសមត្ថកិច្ចជារឿងមិនសមទំនង ព្រោះកូដករមិនមានអាវុធក្នុងដៃទេ។

កញ្គា ស្រីនិច បន្ថែមថា៖ «សូម្បីតែខ្ញុំមិនមែនលើកទីមួយដែលត្រូវគេវាយទេ បង! បីបួនដង​ហើយ កាលពីថ្ងៃទី២៧ខែមុន គាត់អូសមកវាយហើយយកអេកូម​ពីចង្កេះមកវាយ​កូដករគ្នា​ខ្ញុំទៀត»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានធ្វើការព្រមាន​ទៅដល់ក្រុមបាតុកម្មខុសច្បាប់ថា ចំពោះព្រឹត្តិការណ៍កាលពីថ្ងៃទី១១ សីហា អាជ្ញាធរនឹង​ចង​ក្រង​សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសជនដៃដល់ ចំពោះសកម្មភាព​បំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ ការប្រើអំពើហិង្សាមកលើសមត្ថកិច្ច។

លោក មាសភក្ដី អះអាងថា៖‍ «ជាក់ស្តែង នៅវេលាម៉ោង១៥:១៥នាទី ពួកគេបានរៀបចំ​បង្កើត​ឱ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ (ថាបានប្រើអំពើ​ហិង្សា​លើបាតុករ) ដោយធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ចុះកំហឹង បន្តការជេរប្រមាថ​មក​លើ​មន្ត្រីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញប៉ារាស់ ធ្វើឱ្យ ខូចខាតជិត ២០ផ្ទាំង ប៉ុន្តែពួកគេបានប្រើហិង្សាថែមទៀតមកលើសមត្ថកិច្ចរហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួ។

លោក មាសភក្តី បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា រូបភាពដែលមាន គឺជាការរៀបចំ​ផែនការ​របស់ក្រុមមនុស្សមួយក្ដាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្តែងក្នុងន័យ​បង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបន្តសកម្មភាព​អាណាធិបតេយ្យយ៉ាងគឃ្លើនជាដដែលៗ។

លោកថ្លែងថា៖ «ដូចផែនការដែលបានគ្រោងទុក ក្រុមអគតិមួយក្តាប់តូចបានធ្វើការបង្ហោះ ចែកចាយនូវរូបភាពដែលបានចងក្រងទុកជាមុន ក្នុងន័យទម្លាក់កំហុសមកលើសមត្ថកិច្ច»។

អ្នកនាំពាក្យរូបនេះបន្ថែមថា ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច លោកមិនចង់ឃើញក្រុមកូដករ​ធ្វើកិច្ចការណាដែលល្មើសច្បាប់ ឬល្មើសនឹងបំរាមផ្សេងៗនោះទេ ហើយលោកនៅតែ​អំពាវនាវ​ឱ្យក្រុមកូដករបញ្ឈប់នូវសកម្មភាពដែលខ្លួនធ្លាប់បានធ្វើខុស។

អាជ្ញាធររារាំងក្រុមកូដករមិនឱ្យដើរទៅក្បែររបងក្រុមហ៊ុនណាហ្គាវើលដ៍ រហូតមានការប៉ះ​ទង្គិចគ្នា​ដែលឱ្យកូដកររបួសនិងសន្លប់ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ រូបភាពដោយអង្គការ លីកាដូ

ចំណែកអ្នកស្រី យ៉ាង សុភ័ណ្ឌ  ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បានថ្លែងថា ជារឿងដែល​អាម៉ាស ដែលអាជ្ញាធររដ្ឋចោទប្រកាន់កូដករស្រ្តីថាបានប្រើហិង្សា​មកលើសមត្ថកិច្ច​ដោយគ្មាន​មូលដ្ឋានច្បាស់លាស់ ព្រោះជាកូដករប្រើប្រាស់សិទ្ធិធ្វើកូដកម្មមកដោយដៃទទេ គ្មានអាវុធ​ក្នុង​ដៃឡើយ។

អ្នកស្រី សុភ័ណ្ឌ ឱ្យដឹងថា៖ «ខ្ញុំឃើញក្រុមកូដករគាត់មកដៃទទេ ហើយសួរថាគាត់ទៅ​ប្រើ​ហិង្សា​លើសមត្ថកិច្ចយ៉ាងម៉េច ហើយរៀបចំយ៉ាងម៉េច មានតែការរៀបចំរវាងអាជ្ញាធររដ្ឋ និង​ក្រុមហ៊ុនឱ្យកម្មករធ្វើកូដកម្មនៅទីតាំងមួយដែលមិនមែនជិតបរិវេណក្រុមហ៊ុនណាហ្គាវើលដ៍»។

អ្នកស្រីបន្តថា ចំណុចដែលអយុត្តិធម៌សម្រាប់កូដករ គឺមិនទាន់ទទួលបានដំណោះស្រាយ​តាមផ្លូវច្បាប់ហើយ ថែមទាំងរងការលាបព័ណ៌ និងចោទប្រកាន់ពីសំណាក់អាជ្ញាធរទៅវិញ។

អ្នកស្រីបន្ថែមថា៖ «អាងតែអាជ្ញាធររដ្ឋ ចេះតែដើរចោទគេផ្ដេសផ្ដាសអ៊ីចឹងទៅ? សួរថាអាជ្ញាធរ​រដ្ឋ ដែលទទួលស្គាល់ខ្លួនឯងថាបានធ្វើខុសអត់? ឬក៏ចេះតែដើរចោទគេទេ?»។

នាយិកានៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងលើទំព័រហ្វេសប៊ុកខ្លួនថា អ្វីដែលកម្ពុជាចង់លុបបំបាត់អំពើហិង្សាមកលើស្រ្តី និងកុមារ ប៉ុន្តែអ្វីដែលអ្នកស្រីកត់សម្គាល់​រាល់ពេលជួបជុំរបស់កូដករ តែងរងការរឹតត្បិតនិងករណីខ្លះមានប្រើហិង្សាបង្ករបួសស្នាម​ដល់​ស្ត្រីកូដករជាច្រើនទៅវិញ។

អ្នកស្រីបញ្ជាក់ថា៖ «ការចេញមុខការពាររាល់ទម្រង់ហិង្សាលើស្ត្រី​ គឺជារឿងខុសឆ្គង​ ខណៈ​កម្ពុជា​ចង់លុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ​ ហើយយើងប្រកាសថាកម្ពុជាជា​ប្រទេស​សន្តិភាពឬស្រលាញ់សន្តិភាពនោះ។ ក្នុងវិវាទការងារនេះ​ ក្រសួងពាក់ព័ន្ធត្រូវតម្កល់​ទាំង​ប្រយោជន៍ក្រុមហ៊ុននិងបុគ្គលិក​​ មិនមែនលម្អៀងលើភាគីដែលមាន​អំណាចឬធនធាន​ឡើយ»។

យ៉ាងណាមិញ អ្នកស្រី សុភាព ចង់ឃើញលោកនាយរដ្ឋមន្រ្តីហ៊ុន សែន ដោះស្រាយបញ្ហា​វិវាទ​ណាហ្គាវើលដ៍ ត្បិតថាមានតែលោកនាយករដ្ឋមន្រ្តីទេ ដែលអាចរកយុត្តិធម៌​ជូនកូដករស្រ្តី​ដែលរងហិង្សាពីអាជ្ញាធររដ្ឋ។

សូមជម្រាបជូនថា បញ្ហាវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចាប់ផ្ដើមឡើង​នៅ​ចុង​​ឆ្នាំ២០២១ ដោយក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្រោមហេតុផល​ថា​រងវិបត្តិកូវីដ១៩ធ្ងន់ធ្ងរ។

ទន្ទឹមនឹងការចេញតវ៉ាកន្លងមក ថ្នាក់ដឹកនាំសហជីព និងសមាជិក​ចំនួន​១៥នាក់​ហើយ ដែលរងបទចោទប្រកាន់ពីតុលាការ ប៉ុន្តែពួកគេត្រូវបានតុលាការ​សម្រេច​ឱ្យ​នៅក្រៅឃុំ។ ប៉ុន្តែក្រុមកូដករអះអាងថា ការបញ្ឈប់កូដករដែលជាថ្នាក់ដឹកនាំសហជីព និងសមាជិក​សហជីព ព្រោះក្រុមហ៊ុននេះចង់បំបាត់សហជីពឯករាជ្យចេញពីកន្លែងការងារតែប៉ុណ្ណោះ។

រហូតមកទល់ពេលនេះក្រសួងការងារអះអាងថា មានកូដករចំនួន១៤០នាក់ប៉ុណ្ណោះ ដែល​មិនព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ខណៈ​បុគ្គលិកចំនួន២៣៣ផ្សេងទៀត យល់ព្រមទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន៕

517 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម