សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពីរឆ្នាំកន្លងទៅ កូដករណាហ្គាវើលដ៍នៅមិនទាន់ទទួលបានយុត្តិធម៌

ក្រុមកូដករណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខកាស៊ីណូណាហ្គាវើលដ៍កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អំឡុងខួបពីរឆ្នាំ នៃការធ្វើកូដកម្មរបស់ពួកគេ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ក្រុមកូដករណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខកាស៊ីណូណាហ្គាវើលដ៍កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អំឡុងខួបពីរឆ្នាំ នៃការធ្វើកូដកម្មរបស់ពួកគេ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​កូដករ​កាស៊ីណូណាហ្គាវើលដ៍​បាន​តស៊ូ​ ដើម្បី​ទទួល​បាន​យុត្តិធម៌​​ក្នុង​ជម្លោះ​ការងារ​ដែល​អូស​បន្លាយ​យូរ​មក​ហើយ។ ប៉ុន្តែការ​ងារ​តស៊ូមតិរបស់​ពួកគេ​នៅគ្រានោះ ជួបតែភាពអយុត្តិធម៌ រួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលគេប្រឌិតឡើង​ ការ​ចាប់ខ្លួន អំពើហិង្សា និងការបៀតបៀន​លើ​កូដករ​ជា​ស្ត្រីភេទ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ពួក​គេសង្ឃឹមថា នឹង​ទទួល​បាន​ដំណោះស្រាយ​។

នៅថ្ងៃច័ន្ទ វេលាម៉ោង២រសៀល កម្មករប្រមាណ៣០នាក់ បានប្រមូលផ្តុំគ្នានៅមុខកាស៊ីណូ ទី​ដែល​ពួកគេធ្លាប់ធ្វើការ ដោយកាន់បដា ឧបករណ៍បំពងសំឡេង​ និងមីក្រូហ្វូន ខណៈកំពុង​វាយ​ស្គរ និងច្រៀងចម្រៀងសហជីព ដើម្បីរំលឹកខួប២​ឆ្នាំ​ នៃកូដកម្មរបស់ពួកគេ និងដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហា។ ពួកគេ​សង្ឃឹម​ថា ​រដ្ឋាភិបាលអាណត្តិ​ថ្មី​នឹង​ដោះស្រាយ​ជម្លោះ​ចំពេល​មាន​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ។

កញ្ញា ពៅ រស្មី ជាបុគ្គលិក​ហាត់ការនៅកាស៊ីណូ បានប្រាប់ខេមបូចាថា នាងនឹងមិនភ្លេច «ការឈឺ​ចាប់» នេះបានទេ ដោយ​មើល​ឃើញការចាប់ខ្លួនមេដឹកនាំសហជីព អំពើហិង្សា និងការ​បៀត​បៀន​មកលើកូដករជាស្ត្រីភេទ​ហើយ​ស្ត្រីមួយចំនួនតូចដែលបានរលូតកូន។ នាងបាននិយាយ​ថា ក្រសួង​ពាក់ព័ន្ធ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ទេ ផ្ទុយ​ទៅ​វិញ​កូដករ​​ត្រូវ​បាន​គេ​លាប​ពណ៌​ ដោយ​ចោទ​ថា​ ពួកគេ​ចាប់​ផ្តើមធ្វើ​បដិវត្តន៍​ពណ៌។

កញ្ញា រស្មី បានរំលឹកថា៖ «ខ្ញុំ​នឹង​មិន​ភ្លេច​ភាព​អយុត្តិធម៌​ដែល​អាជ្ញាធរ​បាន​ព្យាយាម​បង្ក្រាប​នោះ​ទេ។ តាមពិត​គាត់ [អាជ្ញាធរ] មក​ការពារ​ថៅកែ​ណាហ្គាវើលដ៍។ កូដករ​ខ្លះ​មាន​របួស​លើ​មុខ ចំណែក​អ្នក​​ខ្លះទៀត​​រលូត​កូន»។ ខ្ញុំ​សង្ឃឹម​ថា ​ថៅកែ​ថ្មី​របស់​ណាហ្គា​នឹង​ដោះស្រាយ​​ចំណុច​ទាំង​៩​ ហើយ​ក្រសួង​ពាក់ព័ន្ធ​នឹង​អនុវត្ត​ច្បាប់ ព្រោះ​យើង​សម​នឹង​ទទួល​បាន​យុត្តិធម៌»

ចំណុចទាំងប្រាំបួន ដែលរាប់បញ្ចូលទាំងសំណងអត្ថប្រយោជន៍ និងការដកពាក្យ«ហាត់ការ​»​សម្រាប់ការងារពេញម៉ោង ត្រូវបានដាក់​ចេញដោយសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក​កម្មករ​​ខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) ក្នុងឆ្នាំ២០២១។

កញ្ញា​បាន​និយាយ​ថា ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​បាន​អូស​បន្លាយ​ជា​បន្ត​បន្ទាប់​ ដែល​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​កូដករ។ កូដករជាច្រើនប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដោយ​សារ​​​ពួកគេមិនមានការងារពេញម៉ោង ឬប្រាក់ឈ្នួលទៀងទាត់ ហើយត្រូវ​ទទួល​បន្ទុក​គ្រួសារ។ បច្ចុប្បន្ន ពួកគេខ្លះធ្វើការជាអ្នករត់តុ ឬអ្នក​មើលសត្វចិញ្ចឹម​ឲ្យ​គេ​ ដើម្បីរក​ប្រាក់​ចិញ្ចឹម​ជីវិត ខណៈ​បន្តការងារតស៊ូមតិ ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងរកដំណោះស្រាយប្រកបដោយការ​យោគយល់។

កញ្ញា រស្មី បានបញ្ជាក់ថា៖ «យើងហាក់បីដូចជាកំពុងតស៊ូប្រជែង​នឹងពេលវេលា។ យើងមាន​សម្ពាធ​សេដ្ឋកិច្ច។ យើងមើលថែសត្វចិញ្ចឹមឲ្យ​គេ លាងចាន សម្អាតផ្ទះ និងការងារមួយ​ចំនួន​ទៀត ដើម្បី​រកប្រាក់ ខណៈពេលដែលបន្តធ្វើកូដកម្ម រហូតដល់មាន​ដំណោះស្រាយ​ពិតប្រាកដ​មួយ​។ ខ្ញុំ​មិន​ចង់​ឃើញ​ក្រសួង​អនុវត្ត​ស្តង់ដារ​ពីរមក​លើ​យើង​ទេ ព្រោះ​អ្នក​ដែល​តវ៉ា ​គឺ​ជា​ពលរដ្ឋ​​ខ្មែរ ហើយ​អ្វី​ដែល​យើង​ទាមទារ​ គឺ​ស្រប​តាម​ច្បាប់​ការងារ»

កញ្ញាបានបន្តថា ចំណុចនៃការតស៊ូរបស់ពួកគេ គឺចង់ឃើញកម្មករដែលត្រូវបានបញ្ឈប់​ពី​ការងារបានចូលបម្រើការងារវិញ និងដើម្បីឲ្យ​ក្រុមហ៊ុនណាហ្គាវើលដ៍ទទួល​ស្គាល់​សហជីព LRSU​។ ពួកគេ​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព LRSU ពី​ពន្ធនាគារ ព្រម​ទាំង​ទម្លាក់​បទ​ចោទ​លើ​​កូដករ​ផ្សេង​ទៀត។

កញ្ញា រស្មី បានបន្ថែមថា៖ «កូដកម្ម​មិន​មែន​សំដៅ​តែលើ​ប្រាក់​ទេ ​គឺ​ដោយ​សារ​​ការ​រើសអើង​ប្រឆាំង​នឹង​សហជីព​ឯករាជ្យ។ យើងចង់ឱ្យ LRSU មានវត្តមាននៅណាហ្គាវើលដ៍»

កូដករម្នាក់ទៀតឈ្មោះ ខេង វិចិត្រ អាយុ៣៤ឆ្នាំ ដែលបម្រើការងារជាអ្នកចែកបៀរ​ជិត១០ឆ្នាំ​នៅណាហ្គាវើលដ៍ បាននិយាយថា ការពន្យារពេលក្នុងការដោះស្រាយវិវាទការងារ​ជូនកម្មករ​បានប៉ះពាល់យ៉ាងខ្លាំងដល់ពួកគេ ខណៈដែលពួកគេរង់ចាំដំណោះស្រាយតាមច្បាប់។ «ឥឡូវ​នេះ យើង​ធ្វើ​ការ​ក្រៅ​ម៉ោង​ជា​អ្នក​រត់​តុ កម្មករ​សំណង់ ឬ​ជាអ្នកមើលហាង ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ខណៈ​បន្ត​ធ្វើ​កូដកម្ម»។

ក្នុង​នាម​ជា​កម្មករ​ ពួកគេ​ទាមទារចង់បាន​យុត្តិធម៌ មិន​មែន​លុយ​ទេ ដោយ​ក្រើន​រំឭក​អាជ្ញាធរ​ថា ពួក​គេ​ជា​កម្មករ​ខ្មែរ គួរ​តែ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

លោក វិចិត្រ បាន​និយាយ​ថា៖ «ពីមុនមានមនុស្សរាប់ពាន់នាក់ចេញ​ធ្វើកូដកម្ម ប៉ុន្តែឥឡូវនេះ​មានមនុស្សតិចតួច​ ដោយសារការ​ធ្លាក់​ចុះសេដ្ឋកិច្ច»ដោយបន្ថែមថា ពួកគេខិតខំ​រក​បាន​មួយ​ថ្ងៃ​សម្រាប់មួយថ្ងៃប៉ុណ្ណោះ ដោយ​ធ្វើ​ការងារតូចតាច​ៗ ដើម្បីរកប្រាក់ចំណូល។

ដូច្នេះហើយ លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងដោះស្រាយវិវាទការងាររបស់កូដ​ករ​ ហើយអាចត្រឡប់​ចូលធ្វើការវិញ និងបន្តការតស៊ូមតិលើ​សិទ្ធិការងារ ដែលលោកយល់ថា ជាបញ្ហាបន្ទាន់ និងស្របតាមច្បាប់។

លោក​បាន​និយាយថា​ ៖«ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​រក​ឃើញ​ដំណោះស្រាយ​សម​រម្យ​សម្រាប់​យើង​។ ខ្ញុំតស៊ូរហូតមកដល់សព្វថ្ងៃនេះ ដោយសារខ្ញុំចង់បានសេរីភាពសម្រាប់ខ្លួនខ្ញុំ សហការីរបស់​ខ្ញុំ​ និងប្រជាជនកម្ពុជាទាំងអស់។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​បាន​ការ​គោរព មាន​សិទ្ធិ​នៅ​កន្លែង​ធ្វើការ លក្ខខណ្ឌ​ការងារ​ល្អ និង​សេចក្តី​ថ្លៃថ្នូរ»។

កូដករកាន់បដា និងច្រៀងចម្រៀងសហជីព នៅមុខកាស៊ីណូណាហ្គាវើលដ៍ កាល​ពី​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរំលឹកខួបពីរឆ្នាំនៃការតស៊ូ ដើម្បីសិទ្ធិការងារ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ ខេមបូចា ថា មាន​ការ​ខិតខំប្រឹងប្រែង ដើម្បីសម្រុះសម្រួលកូដកម្មរបស់ណាហ្គាវើលដ៍ស្របតាម​យុត្តាធិការ និងតួនាទីរបស់ពួកគេនៅក្នុងច្បាប់ការងារ ដោយប្រើយន្តការដោះស្រាយវិវាទ។ ក្រសួង​បានសម្រុះសម្រួលពីរដង ហើយឥឡូវនេះបានបញ្ជូនសំណុំរឿងនេះទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។

យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមហ៊ុន​ណាហ្គាវើលដ៍ «បាន​ផ្ទេរ​ប្រាក់​បំណាច់ការងារ​ទៅគណនីរបស់អតីតបុគ្គលិកចំនួន៣៧៣នាក់ ជាយូរ​មកហើយ»។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ការ​តវ៉ា​របស់​កូដករ​​ណាហ្គាវើល​ដ៍ស្ថិត​ក្រោម​គណៈកម្មាធិការ​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម។ គណៈកម្មការ​ដោះស្រាយ​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​បាន​សម្រុះសម្រួល​ចំនួន ២៧ករណី ប៉ុន្តែ​ភាគី​ទាំង​សងខាង​មិន​អាច​ដោះស្រាយ​ជម្លោះ​បាន​ទេ»។

គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អតីតនិយោជិត២៨៧នាក់ក្នុងចំណោមអតីត​បុគ្គលិក​៣៧៣​នាក់​បានទទួលយកប្រាក់បំណាច់ការងារ និងការបញ្ចប់កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រៅពី​​អតីតបុគ្គលិក​៨៦នាក់ដែលនៅសល់និង​បដិសេធ​សំណង ដោយសារពួកគេ​ចង់បាន​ការងារនៅក្នុងកាស៊ីណូមកវិញ ប៉ុន្តែបានរកការ​ងារ​ក្រៅម៉ោងបណ្តោះអាសន្ន ហើយមាន​មនុស្ស​​ប្រមាណ២០នាក់ប៉ុណ្ណោះ នៅតែបន្តធ្វើកូដកម្មយ៉ាងសកម្ម។

ទោះបីជា​យ៉ាងណាក៏ដោយ លោក កត្តា អន ជឿជាក់ថា ប្រសិនបើកូដករ និងក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ចង់ដោះស្រាយវិវាទ ពួកគេអាចស្នើសុំ «គណៈកម្មាធិការដោះស្រាយ​កូដកម្ម និងបាតុកម្ម» ក្នុង​ក្រុម​របស់ខ្លួន ដើម្បីបើកការសម្របសម្រួលឡើងវិញ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គណៈកម្មាធិការ​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​មិន​ទាន់​ទទួល​បាន​សំណើ​ថ្មី​ណា​មួយ​ទេ។

នៅក្នុងអ៊ីមែលផ្ញើមកកាន់ ខេមបូចា លោក ហ្វីល រ៉ូបឺតសិន នាយករងអង្គការឃ្លាំមើលសិទ្ធិ​មនុស្ស​ប្រចាំតំបន់អាស៊ី បានសង្កត់ធ្ងន់ថា បញ្ហាចម្បងនោះគឺថា អ្នកគ្រប់គ្រងក្រុមហ៊ុន​ណាហ្គាវើលដ៍ «មិនដែលចូលរួមក្នុងការចរចាដោយស្មោះត្រង់​ជាមួយសហជីពនោះទេ» ហើយថា រដ្ឋាភិបាល «មិនបានធ្វើអ្វី ដើម្បីបង្ខំពួកគេឱ្យធ្វើដូច្នេះទេ»

ផ្ទុយទៅវិញ អ្នកគ្រប់គ្រងក្រុមហ៊ុន​ណាហ្គាវើលដ៍ពឹងផ្អែកលើ «ដៃគូ» របស់ពួកគេនៅក្នុង​រដ្ឋាភិបាល ដើម្បី«ប្រើល្បិចបង្ខិតបង្ខំ»​ដើម្បីបញ្ចប់កូដកម្ម។ លោក​បាន​ចោទ​​ប្រកាន់​ថា កលល្បិច​ទាំង​នេះ​រួម​មាន​ការ​បំភិត​បំភ័យ ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​ឃុំ​ខ្លួន​កម្មករ​ដែល​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​​ឲ្យ​ទទួល​យក​ចូលធ្វើ​ការ​​វិញ​។

លោក រ៉ូបឺត​សិន​ មាន​ប្រសាសន៍​ថា៖ «កម្មករ និងសហជីពរបស់ពួកគេគួរតែទទួលបាន​សិទ្ធិ​សេរីភាពក្នុងការប្រមូល​ផ្តុំ ការតវ៉ា និងកូដកម្ម ផ្ទុយទៅវិញ មន្ត្រីរដ្ឋាភិបាល​បានវាយ​ប្រហារ​ពួកគេ និងចាប់​មេដឹកនាំរបស់ពួកគេដាក់ពន្ធនាគារ។ ដូច្នេះ រាល់​ការស្តីបន្ទោសចំពោះការ​បរាជ័យ​ក្នុងការដោះស្រាយវិវាទនេះ គឺធ្លាក់​ទៅ​លើភាគី​អ្នក​គ្រប់គ្រងក្រុមហ៊ុន​ណាហ្គាវើលដ៍ ហើយ​រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ ដែលបានបង្ហាញថា មាន​ភាព​លម្អៀង​ខ្លាំង​ក្នុងជម្លោះការងារនេះ»។​

លោក រ៉ូបឺតសិន​ មិនរំពឹងថា រដ្ឋាភិបាលថ្មីនឹងដោះស្រាយកូដកម្មដែលកំពុងបន្តនោះទេ ខណៈ​ដែលយុទ្ធសាស្ត្ររបស់ណាហ្គាវើលដ៍គឺ «ប្រើល្បិចកលពន្យារពេលវេលា»និង «រង់ចាំ​រហូត​ដល់​កម្មករដែលធ្វើកូដកម្មអស់កម្លាំងធុញទ្រាន់​ ហើយបោះបង់ការតស៊ូរបស់ពួកគេ»

លោក​មានប្រសាសន៍​ថា៖ «ដូច្នេះ​ យើង​មិន​រំពឹង​ថា​ រដ្ឋាភិបាល​នឹង​ផ្លាស់ប្តូរ​ជំហរ​លម្អៀង​របស់​ខ្លួន​​​ចំពោះកូដកម្ម​របស់​កម្មករ​នោះ​ទេ​»

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ណាហ្គាវើលដ៍ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ហិង្សា​ដោយ​ក្រុម​បុរស​​ស្លៀក​ពាក់​ស៊ីវិល​​នៅ​មុខ​ស្ថានទូត​អូស្ត្រាលី កាល​ពី​ខែ​មករា ឆ្នាំ​២០២២ និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​រួម​នឹង​សមាជិក​សហជីព​ដទៃ​ទៀត។

បន្ទាប់ពីត្រូវ​ឃុំខ្លួននៅមណ្ឌលកែប្រែ ម២ អស់រយៈពេលពីរខែ កញ្ញា ស៊ីថរ ត្រូវបានដោះលែង​ឱ្យ​នៅក្រៅឃុំបណ្តោះ​អាសន្ន​ក្នុងខែមីនា ឆ្នាំ២០២២។ ប៉ុន្តែនាងត្រូវបានប៉ូលីសអន្តោប្រវេសន៍​ចាប់ខ្លួនម្តងទៀត ខណៈពេលនាងត្រលប់មកពីចូល​រួម​សន្និ​សីទ​សិទ្ធិការងារនៅ​ប្រទេស​អូស្ត្រាលី ដែល​តាម​ចោទ​ថា បាន​រំលោភលើលក្ខខណ្ឌនៃការដោះលែងនៅក្រៅឃុំបណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណែកនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា កញ្ញា ស៊ីថរ ស្ថិតក្នុងចំណោមអ្នកទទួល​ពានអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំចំនួន១០រូប​។

បីខែក្រោយមក នៅថ្ងៃទី២៥ ខែ​ឧសភា លោកស្រី សឿង ចរិយា ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេចផ្តន្ទាទោសកញ្ញា ឈឹម​ ស៊ីថរ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ តាម​មាត្រា ៤៩៤និង ៤៩៥នៃក្រមព្រហ្មទណ្ឌ ពីបទ «ញុះញង់បង្ក​ឱ្យមានភាពវឹកវរក្នុងសង្គម»
លោក រ៉ូបឺតសិន​ បានរកឃើញថា ការចោទប្រកាន់ពីបទ​ព្រហ្មទណ្ឌលើ ស៊ីថរ គឺជា «រឿង​កំប្លែង​បែប​នយោបាយ» និងប្រើដើម្បីបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការយក​ «ប្រព័ន្ធ​តុលាការ» ធ្វើ​ជា​អាវុធ​ប្រឆាំងនឹងនាង និងមេដឹកនាំសហជីពផ្សេងទៀត។

លោក​បាន​ចោទ​ប្រកាន់​ថា​៖ «វា​បញ្ជាក់​ថា ​របៀប​ដែល​ការ​ផ្តល់​សច្ចាប័ន​របស់​កម្ពុជា​​លើ​អនុសញ្ញា​​ស្នូលនានា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ [ILO] គឺ​ជា​ល្បិចកល​​ឃោរឃៅ ហើយ​ថា​ ក្រសួង​ការងារ និង​រដ្ឋាភិបាល​មិន​ដែល​មាន​បំណង​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​នោះ​ឡើយ»។

លោក អំ សំអាត ប្រធាន​ចាត់ការទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​ភាព​ជាប់គាំង​ក្នុង​វិវាទ​ការងារ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​។ លោកបាន​គូសបញ្ជាក់ថា ទោះ​បី​ជា​យ៉ាង​ណា ដំណោះ​ស្រាយ​នេះ​មិន​អាច​​កើត​ឡើង​ដោយ​ហេតុផល​ពីរ​យ៉ាង​។ ទីមួយគឺទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្រសិន​បើ​សហជីព​ LRSU ត្រូវបានអនុញ្ញាតឱ្យមានវត្តមាន​នៅក្នុងក្រុមហ៊ុន និងទីពីរ គឺការ​លាបពណ៌​កូដករ​ ដែល​ធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ជាជាងដោះស្រាយជម្លោះនេះ ដោយប្រើច្បាប់ការងារ និងច្បាប់សហជីព។

ដូច្នេះហើយ លោក សំអាត ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពិចារណា​ដោះស្រាយ​​វិវាទ​នេះ ព្រោះ​​ការ​អូសបន្លាយ​នឹង​ប៉ះពាល់​ដល់​ជីវភាព​កម្មករ។ លើសពីនេះ ប្រសិនបើវិវាទមិនត្រូវ​បាន​ដោះស្រាយទេ កម្មករ​អាច​នឹង​មិន​មាន​សហជីព​នៅ​កន្លែង​ធ្វើការ ​ដែល​នាំ​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​មិន​ល្អ ផ្ទុយ​ពី​អនុសញ្ញា​របស់​អង្គការ ILO។ លើស​ពី​នេះ លោក​ថា ការ​ដែល​មិន​​មាន​ដំណោះស្រាយ​នឹង​នាំ​ឱ្យ​មាន​ការ​យល់​ឃើញ​អវិជ្ជមាន​ចំពោះ​​រដ្ឋាភិបាល​ពី​សហគមន៍​អន្តរជាតិ។

លោក សំអាត បានបន្ថែមថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែអន្តរាគមន៍ និងបញ្ចប់បញ្ហានេះ​ទុកជាគំរូមួយ [ក្នុងការដោះស្រាយវិវាទការងារ]​» ដោយបន្ថែមថា ការបរាជ័យក្នុងការដោះ​ស្រាយ​ជម្លោះនេះ នឹងប៉ះពាល់ដល់វិស័យផ្សេងទៀត ខណៈដែលអ្នកវិនិយោគអាចរារែក ដោយសារកង្វះ​ការ​យកចិត្ត​ទុកដាក់​ការ​ពារ​កម្មករ ឬការអនុវត្តច្បាប់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ “I Have Seen Injustice” – Two Years Gone, NagaWorld Strikers Soldier On To Regain What Was Taken From Them

172 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម