សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ព្រែក​ជីក​ហ្វូណន​កំពុង​ដំណើរ​ការទៅ​មុខ​ ក្រោយ​ចិន​ផ្ដល់ជំនួយ​បន្ថែម ប៉ុន្តែ​សំណង​សម្រាប់​ប្រជា​ពល​រដ្ឋ​នៅ​មិនទាន់ច្បាស់លាស់

ការ​ដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ក្នុង​ខេត្ត​តាកែវ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៦។ ខេមបូចា/ព្រីង សំរាំង)
ការ​ដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ក្នុង​ខេត្ត​តាកែវ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៦។ ខេមបូចា/ព្រីង សំរាំង)

ពី​រឆ្នាំ​ក្រោយ​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែល​ត្រូវ​ជីកព្រែក​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ដោយសារតែ​ការ​សងសំណង​នៅពន្យារពេល និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ជីវភាព​ប្រចាំ​ថ្ងៃ​ បើ​ទោះ​បី​ជា​ចិន​ទើប​បាន​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន​​ដល់​គម្រោង​​១,២​ពាន់​លាន​ដុល្លារនេះ​ក៏​ដោយ​។​​

កាល​ពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤ ប្រជា​ពល​រដ្ឋរាប់ពាន់​នាក់​បាន​ចូល​រួម​អបអរ​​ពិធីបើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​មួយ​នេះ​នៅ​ក្នុង​ឃុំ​ព្រែក​តាកែវ ក្នុង​ខេត្ត​កណ្ដាល​។ រដ្ឋាភិបាល​បាន​ហៅ​គម្រោង​ព្រែក​ជីក​នេះថា​ជាការ​កែប្រែ​មុខមាត់​ថ្មី​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​របស់កម្ពុជា​ដែល​បាន​តភ្ជាប់​ពី​ទន្លេមេគង្គ​ទៅ​កាន់​ឈូង​សមុទ្រ​ថៃ​។​ តាំង​ពី​ពេល​នោះ​មក​ ដំណើរ​ការ​សាងសង់​ត្រូវ​បានធ្វើ​ឡើង​តិចតួច ខណៈ​ដែល​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​បាន​បញ្ចប់​ការ​បោះបង្គោល​ព្រំ​ដី​របស់​ព្រែក​បាន​រួច​រាល់​។​​

​សម្រាប់​រយៈពេល​​ពីរ​ឆ្នាំ​មក​នេះ ព័ត៌មាន​លម្អិត​​ទាក់ទង​នឹង​ដំណើរការ​ប្រភព​ហិរញ្ញវត្ថុ​របស់​​គម្រោង​មាន​តិច​តួច ធ្វើ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​លើ​ប្រ​ភព​ធនធាន​សម្រាប់​គាំទ្រ​គម្រោង​ដ៏​ធំបំផុត​របស់​ជាតិ​មួយ​នេះ​។ ប៉ុន្តែ​អ្វីៗ​បាន​ប្រែ​ប្រួល​នៅ​ដើម​ខែ​កក្កដា កន្លង​មក​នេះ ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាសថា ​ភាគី​ចិន​បាន​ផ្ដល់​កម្ចីសម្បទាន និង​កញ្ចប់​ជំនួយ​ដល់​គម្រោង​មួយ​នេះ ដែល​ការណ៍​នេះ​បាន​បញ្ជាក់​ពី​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​​តាំង​ពី​គម្រោង​ចាប់​ផ្ដើម​មក​។​

បើ​ទោះ​បី​ជាមានការបញ្ជាក់​ពីមន្ត្រី និង​ការ​ប្រកាស​ពី​ប្រភព​ជំនួយ​ហើយ​ក្ដី ផល​ប៉ះពាល់​របស់​គម្រោង​ព្រែកជីក​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​តាម​បណ្ដោយ​ផ្លូវព្រែក​កំពុង​ជួប​បញ្ហា​ជីវភាព​។ តាម​រយៈ​ការ​សម្ភាស​ជា​មួយ​ប្រជាពល​រដ្ឋ​ដែល​រង​ផលប៉ះពាល់បាន​រក​ឃើញ​ថា​មាន​ប្រជា​ពល​រដ្ឋ​ខ្លះ​បាន​ទទួល​សំណង​រួច​រាល់ ខណៈ​ខ្លះ​ទៀត​មិន​ទាន់​បាន​នៅ​ឡើយ និង​មាន​មួយ​ចំនួន​ទៀត​បាន​ខក​ខាន​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​អស់ជា​ច្រើន​រដូវ ហើយ​ក៏​មាន​​អ្នក​ខ្លះ​ទៀត​កំពុង​រង់ចាំ​ពេល​វេលា​ច្បាស់​លាស់​ក្នុង​ការ​រើ​លំ​នៅ​ឋាន​ចេញ​ផង​ដែរ​។​

ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ និយាយ​ដោយ​សុំមិនបញ្ចេញ​ឈ្មោះព្រោះ​បារម្ភ​ពី​សុវត្ថិភាព​បាន​ឲ្យ​ដឹង​ថា៖ «​គេ​​ប្រាប់​យើង​ថាការសាងសង់​ចាប់​ផ្ដើម​នៅខែ​វិច្ឆិកា [២០២៥]។ ពេល​នោះ​ជា​ខែដែល​យើង​ត្រូវ​ធ្វើ​ស្រូវ ហើយ​ពួកគេ​ហាម​មិន​ឲ្យ​យើង​ធ្វើ​។ យើង​មិនហ៊ា​ន​ធ្វើស្រែ​នៅ​លើ​ដី​នោះ​ទេ។ មក​ដល់​ពេល​នេះ​វា​កន្លង​ទៅ​ជា​ច្រើន​ខែ​ហើយ​ ​យើង​នៅ​តែមិន​អាច​ទៅ​ធ្វើ​ស្រែ​លើ​ដី​ទាំង​នោះ​បាន​ ហើយ​យើង​ក៏​មិន​ទាន់​បាន​ទទួល​សំណង​ដែរ»​។

ពល​រដ្ឋ​ដដែល​ឲ្យ​ដឹងថា ​​ដីស្រែចំនួន​១,៥ហិកតា និង​ដី​លំនៅ​ឋាន​​របស់​លោក​ទាំងស្រុងរង​ផល​ប៉ះពាល់​ពី​គម្រោង​មួយ​នេះ​។ លោក​បញ្ជាក់​ថា ​កន្លង​មក​​តាម​រយៈ​ដីស្រែ​ទាំង​នេះ​លោក​អាច​ធ្វើ​ស្រូវ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​បាន​ពេញ​មួយ​ឆ្នាំ​។ ប៉ុន្តែ​ពេល​នេះ​លោក​ថា​មិន​អាច​ចូលធ្វើ​ស្រែ​លើដី​នោះ​បាន​ទៀត​ទេ ដែល​នាំឲ្យ​គ្រួសារ​លោក​ត្រូវ​បង្ខំចិត្ត​ទិញ​ស្រូវ​មក​ផ្គត់​ផ្គង់គ្រួសារ​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​កាន់តែមាន​បន្ទុក​ធ្ងន់​លើ​ផ្នែក​ហិរញ្ញវត្ថុ​។​

ខណៈ​ដែល​ប្រជា​ពល​រដ្ឋ​រង​ផល​ប៉ះពាល់​មួយ​ចំនួន​បាន​ទទួល​សំណង​រួច​ហើយ លោក​ថា​លោក​កំពុង​រង់ចាំ​សំណង​នេះដែរ និង​សង្ឃឹម​ថា​សំណង​សម្រាប់គ្រួសារ​លោក​នឹង​ទទួល​បាន​ឆាប់ៗ ហើយ​អាច​ផ្លាស់ទី​លំនៅ​ចេញ​បាន​។ ជាមួយ​គ្នា​នេះ​ លោក​ក៏​មិន​ចង់​ឃើញ​គម្រោង​នេះ​ដំណើរ​ការ​ដែរ​។​

បុរស​ម្នាក់​កំពុង​ជិះម៉ូតូ​តាម​ផ្លូវ​ព្រែក​មួយ​កន្លែង​ដែល​នឹង​ត្រូវ​ពង្រីក​​ក្លាយ​ជា​ព្រែកជីក​ហ្វូណនតេជោ នៅ​ក្នុង​ខេត្ត​តាកែវ ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត​​រស់​នៅ​ភូមិ​ជាមួយ​គ្នា​បាន​ប្រាប់សារព័ត៌មានខេមបូចាថា លោក​បាន​ទទួល​សំណង​រួច​រាល់​ហើយ​សម្រាប់​ដីស្រែ​ប្រាំបីហិកតា​ ប៉ុន្តែ​ថា​សំណង​លើ​ដី​លំនៅ​ឋាន​នៅ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​។ លោក​ថា​ការ​ផ្ដល់​សំណង​ផ្អែក​ទៅ​លើ​ទីតាំង​របស់​ដី​។ ដី​លំនៅ​ឋាន​របស់​លោក​ត្រូវ​បាន​វាយ​តម្លៃ​ថាមាន​តម្លៃ​៥២​ដុល្លារ​ក្នុង​មួយម៉ែត្រការ៉េ​។​

លោក​ឲ្យ​ដឹងថា​៖ «​សំណង​សរុប​ដែល​ខ្ញុំ​ទទូល​បាន​គឺ​ជាង​២០ម៉ឺនដុល្លារ។ គិត​មក​ដល់​ពេល​នេះ​ខ្ញុំ​ទើប​ទទួល​បាន​ប្រហែល​១០ម៉ឺន​ដុល្លារ»។​

​បើ​ទោះបី​ជា​បាន​ទទួល​សំណង​ខ្លះ​ហើយ​ក៏​ដោយ លោក​ថា​មិន​សូវ​ពេញ​ចិត្ត​នឹង​ចំនួន​ទឹក​ប្រាក់​សំណង​នេះទេ​។ លោក​ឲ្យ​ដឹង​ថា ​ដី​ស្រែ​របស់​លោក​ក្នុង​មួយ​ឆ្នាំ​អាច​រក​ប្រាក់​បាន​ប្រហែល​២ម៉ឺន​ដុល្លារ ហើយ​ដី​ផ្ទះ​របស់​លោក​ក៏​អាច​បើក​អាជីវកម្ម​នៅ​តាម​ផ្លូវ​ធំបាន​ទៀត​ផង​ ដែល​នេះ​ធ្វើ​ឲ្យ​លោក​​គិត​ថា​សំណង​មិន​សម​នឹង​អ្វី​ដែល​លោក​បាត់​បង់​នោះទេ​។​

ព្រែកជីក​ហ្វូណន​តេជោ​លាត​សន្ធឹង​​កាត់​ខេត្ត​កណ្ដាល តាកែវ កំពត និង​កែប​។ ការ​សិក្សា​ថ្មី​មួយ​របស់​អង្គការ NGO Forum បាន​រក​ឃើញ​ថា​គម្រោង​នេះ​អាច​ប៉ះពាល់​ប្រជា​ពល​រដ្ឋ​២ ៣០៥​គ្រួសារ​។ ក្នុង​ពិធី​បើក​ការដ្ឋាន​ចំណុច​ទី​ពីរ​នៃ​ព្រែក​នេះ​ក្នុង​ខេត្ត​តាកែវ​កាលពីខែ​មេសា​ រដ្ឋាភិបាល​បានបញ្ជាក់ថា​​ទឹក​ប្រាក់​ចំនួន​២១៧​លាន​ដុល្លារ​​បាន​ត្រៀម​សម្រាប់​សំណង​លើ​ដី​ដែល​រងផល​ប៉ះពាល់ និង​ផល​ប៉ះពាល់​ផ្សេង​ទៀត​នៅ​តាមបណ្ដោយ​ព្រែកជីក​នេះ​។​ 

មេ​ឃុំ​អង្គរបុរី លោក ហែម ឃិត បាន​ប្រាប់សារព័ត៌មានខេមបូចាថា​​​ ព័ត៌មាន​លម្អិត​ពី​ទំហំដី​​របស់​ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​ រួម​ទាំង​ដីស្រែ និង​ដី​ផ្ទះ ត្រូវ​បាន​មន្ត្រី​​របស់​ព្រែកជីក​ហ្វូណន​តេជោ​បាន​បញ្ជូន​ទៅ​គណៈកម្មការសំណង​រួចរាល់​ហើយ ប៉ុន្តែ​លោក​មិន​ដឹងថា​ហេតុអ្វី​បាន​ជា​មាន​ប្រជា​ពល​រដ្ឋ​ខ្លះបាន​ទទួល​សំណង និង​នៅ​មាន​ខ្លះ​ទៀត​មិន​ទាន់​បាន​ទទួល​បែបនេះ។​

អ្នក​ភូមិ​ម្នាក់ទៀត​រស់​នៅ​ភូមិត្រើយ​ឃ្លោក ឃុំ​ដូង​ខ្ពស់ ស្រុក​បុរីជលសារ ខេត្ត​តាកែវ លោក អ៊ុក សំអាត បាន​ឲ្យ​ដឹង​ថា ​លោក​ពេញ​ចិត្ត​នឹង​សំណង​ដែលទទួល​បាន ដោយ​ថា​ក្រុម​ហ៊ុន​បាន​ផ្ដល់​សំណង​ដល់​លោកដោយ «គិត​គ្រប់​យ៉ាងដែល​មាន​នៅ​លើ​ដី​ស្រែ រួមទាំង​ដើម​ឈើ»។ លោក​បាន​ទទួល​សំណង​​២ម៉ឺន​ដុល្លារ​។​

លោ​ក​ឲ្យ​ដឹងថា៖ «​ក្រោយ​ពី​បាន​ទទួល​សំណង វា​ធ្វើ​ឲ្យ​ខ្ញុំ​ស្ងប់​ចិត្ត»។ បុរសវ័យ​៤០​ឆ្នាំ​ដដែល​បាន​បន្ត​ថា៖ «​ពីមុន​គ្រប់​គ្នា​មាន​ការព្រួយបារម្ភ ព្រោះថា [យើង]មិន​ដឹងថា​ពេល​ណា​បាន​ទទួល​សំណង ឬ​មិន​ដឹង​ថា​សំណង​គ្រប់​គ្រាន់​ឬអត់»។​

លោក​ អ៊ុក សំ​អាត បាន​ទទួល​សំណង​កាល​ពី​ខែមីនា មុន​ការ​បើក​ការ​ដ្ឋាន​ចំណុច​ទី​២​ក្នុង​ខេត្ត​តាកែវ​ កាលពី​ខែមេសា​។ យ៉ាងណា​លោក​ថា អ្នក​ភូមិ​ខ្លះ​នៅ​ក្នុង​ស្រុក​របស់​លោក ជាពិសេស​អ្នក​មាន​ផល​ប៉ះពាល់​ដល់​ដីលំនៅឋាន នៅ​បន្ត​រង់ចាំ​សំណង​នៅ​ឡើយ​។​

លោក សំអាត មិន​ដឹងថា ​ហេតុអ្វី​ការ​ផ្ដល់​សំណង​ត្រូវ​ពន្យារ​ពេល​សម្រាប់​អ្នក​ភូមិ​មួយ​ចំនួន​ទេ ប៉ុន្តែ​លោក​យល់ថា​អាច​ទាក់ទង​នឹង​ក្រុម​ហ៊ុនដែល​​ចូល​រួម​ក្នុង​ការ​សាងសង់​​។ ក្រុម​ហ៊ុន​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ភូមិ​របស់​លោក​គឺជា​ក្រុម​ហ៊ុន​ចិន ដោយ​ឡែក​ការដ្ឋាន​នៅ​ជិត​ភូមិ​របស់​លោក​ប្រហែល​ជា​ដឹក​នាំ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​។​

លោក អ៊ុក សំអាត អ្នក​ភូមិ​រស់​នៅ​ស្រុក​បុរីជលសារ ខេត្ត​តាកែវ កំពុង​ចង្អុល​បង្ហាញ​ដី​ស្រែ​ដែល​រងផលប៉ះពាល់​ពីព្រែកជីក​ហ្វូណន​តេជោ។ រូបភាពថតនៅថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៦។ (ខេមបូចា/ព្រីង សំរាំង)​

ក្រុម​ហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចូល​រួម​ក្នុង​គម្រោង​ព្រែកជីក​នេះ ព្រមទាំងមានក្រុម​ហ៊ុន​ម៉ៅការ​ធ្វើ​ការ​នៅ​ចំណុច​ផ្សេង​ៗគ្នាជា​ច្រើន​។ លោកបន្ត​ថា ​ការ​ដ្ឋាន​នៅ​មូល​ដ្ឋាន​របស់​លោកមាន​ដំណើរ​ការ​សាង​សង់​ទៅ​មុខ​បណ្ដើរៗ​ហើយ រួម​ទាំង​ការ​កាយ​ព្រែក​ផង​ដែរ។​​

បើ​តាម​រដ្ឋាភិបាល ក្រុម​ហ៊ុន​ក្នុង​ស្រុក​មាន​ភាគហ៊ុន​៥១​ភាគរយ​ក្នុង​គម្រោង​ដែល​មាន​ទំហំទុន​វិនិយោគ​១,២ពាន់​លាន​ដុល្លារ​នេះ ខណៈ​ក្រុម​ហ៊ុន​ចិន​មាន​ភាគ​ហ៊ុន​៤៩​ភាគរយ។​​

កាល​ពី​ខែមុន លោក ស៊ុន ចាន់ថុល អនុប្រធានទី​១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​ចិន​បាន​អនុម័ត​កម្ចី​២០០​លាន​ដុល្លារ​សម្រាប់គាំទ្រ​គម្រោង​ព្រែកជីក ព្រម​ទាំង​បាន​ផ្ដល់​ជំនួយ​២០០​លាន​ដុល្លារ​ផ្សេង​ទៀត​ផង​ដែរ​។ លោ​ក​ឲ្យ​ដឹង​ដែរ​ថា ​ថ្នាក់​ដឹក​នាំ​ចិន​ក៏​នឹង​ផ្ដល់​​កម្ចី​១ពាន់​លាន​ដុល្លារ​ដល់​ក្រុម​ហ៊ុន​នានា​ដើម្បី​ចំណាយ​លើ​ការ​សាង​សង់ព្រែក​ជីក​ហ្វូណន​​តេជោ​នេះ​។​

ខេមបូចា បាន​ស្វែង​រក​ព័ត៌មាន​បញ្ចាក់​ពី​អ្នក​នាំពាក្យ​ក្រ​សួង​សេដ្ឋកិច្ច អ្នកនាំពាក្យ​ក្រសួង​សាធារណការ ក៏​ដូច​ជា​លោក ហេង សុធី អ្នក​នាំពាក្យ​គម្រោង​ព្រែកជីកហ្វូណនតេជោ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​កម្ចី​១ពាន់​លាន​ដុល្លារ​នេះ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​ឡើយ​គិត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។​

ម្ចាស់​ភាគហ៊ុន​ធំក្នុង​គម្រោងព្រែកជីកហ្វូណនតេជោ គឺ​ក្រុមហ៊ុន​ OCIC  និង​កំពង់​ផែ​ស្វយ័តក្រុង​ភ្នំពេញ និង​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​បដិសេធធ្វើ​អត្ថាធិប្បាយ​ និង​បាន​បង្វែរសំណួរ​​ទៅ​កាន់​ក្រុម​ប្រឹក្សា​អភិវឌ្ឈន៍​កម្ពុជា​វិញ​។​

​លោក អំ សំអាត នាយក​កិច្ចការទូទៅ​របស់អង្គការ​លីកា​ដូ មានប្រសាសន៍​ថា​ អាជ្ញាធរគួ​រតែ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​ដល់ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​​ទាំង​អំពី​ព័ត៌មាន​គម្រោង និង​នីតិវិធី​សំណង ដើម្បី​កាត់​បន្ថយ​ក្ដីកង្វល់​។​

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ផ្ដល់​សំណង​ដោយ​ផ្អែក​លើ​ការ​សិក្សា​ដែល​បាន​ធ្វើ​រួច​ហើយ​ពី​សំណាក់​គណៈកម្មាធិការអន្តរក្រសួង។ លោកបន្ថែម​ថា ​ការ​ពន្យារ​ពេល​ផ្ដល់សំណង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មានការ​ព្រួយ​បារម្ភ និង​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​គម្រោង​មានការវិវត្ត​យឺតយ៉ាវ​។​

សារព័ត៌មានខេមបូចា មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូចចិន​ប្រចាំ​កម្ពុជា​បាន​នោះទេ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Funan Techo Canal Moves Ahead With Chinese Financing, But Compensation Lags

ព័ត៌មានថ្មី

អត្ថបទពេញនិយម