នៅក្នុងសិប្បកម្មឡឥដ្ឋមួយ ក្នុងខេត្តកណ្តាល សំណល់កាត់ដេររបស់រោងចក្រ ដែលជាក្រណាត់មិនត្រូវបានប្រើប្រាស់ក្រោយពីសេសសល់ពីការផលិតសម្លៀកបំពាក់ បានហៀរចេញពីថង់សំរាម ដែលគេតម្រៀបជាជួរតាមបណ្តោយឡឥដ្ឋ។ កុមារមួយក្រុម ដែលជាកម្មករឡឥដ្ឋ លេងជាមួយគំនរសំរាម ដែលមានស្លាកសញ្ញាពីម៉ាកសម្លៀកបំពាក់អន្តរជាតិល្បីៗដូចជា Adidas, Reebok និង Disney ជាដើម។
លោក ហេង ជាកម្មករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះពិត ព្រោះខ្លាចមានការគំរាមកំហែង និយាយថា សំណល់កាត់ដេរត្រូវបានប្រើប្រាស់ ដើម្បីដុតឡឥដ្ឋ ក៏ព្រោះតែតម្លៃក្នុងមួយឡានស្មើនឹង ១០០ដុល្លារតែប៉ុណ្ណោះ ដែលតម្លៃនេះថោកជាងការទិញឈើមកដុតរហូតដល់៧ទៅ៨ដងឯណោះ។
លោកហេង និយាយថា៖ «ឈ្ងៀម វាប៉ះពាល់ខ្លះ វាធ្វើលក្ខណៈថាដូចផ្តាសាយអីចឹងមកហើយវាខ្មៅៗតាមស្លេះតាមអីមក»។
ការដុតកម្ទេចក្រណាត់ ដែលចោលដោយរោងចក្រកាត់ដេរ គឺជាបញ្ហាប្រឈមដែលកើតមានជាបន្តបន្ទាប់នៅសិប្បកម្មឡឥដ្ឋ ក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការរំលោភបំពានផ្សេងទៀត ដូចជាការរំលោភបំពានលើពលកម្មកុមារ និងការបញ្ចាំខ្លួនដោះបំណុលជាដើម។ ការធ្លាក់ចុះនៃអាជីវកម្មសំណង់ក្នុងអំឡុងពេលជំងឺរាតត្បាតបានធ្វើឱ្យម្ចាស់រោងចក្រផលិតឥដ្ឋស្វែងរកមធ្យោបាយណាមួយ ដើម្បីកាត់បន្ថយការចំណាយ រួមទាំងការទិញដោយខុសច្បាប់ និងការប្រើប្រាស់សំណល់កាត់ដេរ ដើម្បីដុតឡឥដ្ឋ។
ទោះបីជាមានការចុះផ្សាយព័ត៌មាន និងការស្រាវជ្រាវឯករាជ្យក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ដែលបង្ហាញពីហានិភ័យនៃសិប្បកម្មឡឥដ្ឋ ដែលដុតកាកសំណល់សម្លៀកបំពាក់ក៏ដោយ ក៏ ខេមបូចា បានរកឃើញកាកសំណល់រោងចក្រដែលមានស្លាកយីហោពីម៉ាកល្បីៗ និងក្រុមហ៊ុនអន្តរជាតិជាង ៣៥ នៅឯសិប្បកម្មឡឥដ្ឋ គិតចាប់ពីចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំ ២០២៤ នៅទីតាំងខេត្តកណ្តាល និងខេត្តព្រៃវែង។ បន្ថែមពីលើនេះ អ្នកសារព័ត៌មាន ខេមបូចា បានរកឃើញឯកសារ ដែលមានឈ្មោះក្រុមហ៊ុនផលិតសម្លៀកបំពាក់ចំនួនប្រាំពីរ មានភ្ជាប់ឈ្មោះលើនិមិត្តសញ្ញាជាមួយក្រណាត់រោងចក្រ នៅក្នុងសិប្បកម្មឡឥដ្ឋ។ អ្នកយកព័ត៌មានបានចុះទៅមើលសិប្បកម្មឡឥដ្ឋចំនួន៩ និងបានសម្ភាសជាមួយកម្មករជាង១៥នាក់ ទាំងក្នុង និងក្រៅកន្លែងធ្វើការ ព្រមទាំងបានតាមដានដំណើរវិវឌ្ឍន៍របស់សំណល់ទាំងនោះពីរោងចក្រកាត់ដេរ ទៅកាន់អាជីវកម្មទិញក្រណាត់កាត់ដេរ រហូតដល់ឡឥដ្ឋទៀតផង។
ដំណើរពីរោងចក្រកាត់ដេរទៅកាន់ឡឥដ្ឋ
នៅឯឃ្លាំងស្តុកទំនិញតូចៗព័ទ្ធជុំវិញកន្លែងចាក់សំរាមមួយក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ មានកម្មករជាច្រើន កំពុងតែបែងចែកសំណល់តាមប្រភេទដូចជា ដបប្លាស្ទិក ក្រដាសកាតុង និងសំណល់សម្លៀកបំពាក់ជាដើម។
នៅក្នុងអាជីវកម្មបែងចែកកាកសំណល់រោងចក្រមួយកន្លែង កម្មករលើកថង់សំណល់ក្រណាត់រោងចក្រដាក់លើឡានដឹកទំនិញម្នាក់និយាយថា កាកសំណល់នេះបានមកពីរោងចក្រកាត់ដេរសម្លៀកបំពាក់ក្បែរនោះ ហើយខណៈពេលនោះដែរ មានអ្នកបើកបរម្នាក់សំដៅទៅឡឥដ្ឋ។ នៅដេប៉ូអេតចាយមួយទៀត អ្នករើសសំរាមម្នាក់និយាយថា អាជីវកម្មនេះទទួលទិញកាកសំណល់សំលៀកបំពាក់ជាច្រើនឡាន ដែលដឹកពីរោងចក្រកាត់ដេររៀងរាល់ថ្ងៃ ហើយបន្ទាប់មក សិប្បកម្មឡឥដ្ឋក្នុងខេត្តកំពង់ចាមជាអ្នកទិញបន្ត។
កម្មករម្នាក់នោះ និយាយថា៖ «[ដេប៉ូអេតចាយ] ទិញមកពីគេខាងរោងចក្រ។ ខ្ញុំអត់សូវស្គាល់ដែរព្រោះអីគាត់យកមកឱ្យខ្ញុំគិតតែពីខំច្រក»។
កាកសំណល់សម្លៀកបំពាក់ត្រូវបានបង្វែរទិសដៅនៅចំណុចជាច្រើន មុនទៅដល់កន្លែងចាក់សំរាម។ រោងចក្រខ្លះ លក់វាដោយផ្ទាល់ទៅកាន់អ្នកទិញកាកសំណល់អេតចាយ ដែលមានទ្រង់ទ្រាយធំ ហើយបន្ទាប់មកគេក៏លក់វាបន្តទៅសិប្បកម្មឡឥដ្ឋ ឬអ្នកបើកបរឡានដឹកទំនិញដែលគ្រោងនឹងលក់ដោយផ្ទាល់ទៅកាន់នៅសិប្បកម្មឡឥដ្ឋទាំងនោះ។ ក៏មានអាជីវកម្មខ្នាតតូចមួយចំនួន ដែលទទួលទិញក្រណាត់សេសសល់ពីរោងចក្រសម្រាប់ផលិតកន្ទេល និងអង្រឹង និងក្រោយមកក៏លក់សំណល់ ដែលគេមិនប្រើប្រាស់ទាំងនោះទៅឱ្យអ្នកប្រមូលទិញ ដែលនឹងលក់បន្តទៅឲ្យសិប្បកម្មឡឥដ្ឋ។
ក្រសួងបរិស្ថានមានភារកិច្ចត្រួតពិនិត្យការចោលកាកសំណល់គ្រោះថ្នាក់ ដែលរួមមានកាកសំណល់កាត់ដេរ និងអាចអនុវត្តការផាកពិន័យចំពោះការចោលកាកសំណល់មិនត្រឹមត្រូវ។
លោក ណារីម ជាកម្មករសិប្បកម្មឡឥដ្ឋ មានអាយុ៤០ឆ្នាំ មកធ្វើការនៅសិប្បកម្មឡឥដ្ឋខេត្តកណ្តាល តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ លោកបានសុំមិនបញ្ចេញឈ្មោះពិតទេ ព្រោះខ្លាចថៅកែស្ដីបន្ទោស។
រោងចក្រ ដែលលោកធ្វើការ បានដុតកាកសំណល់សម្លៀកបំពាក់ ចាប់តាំងពីគាត់ចាប់ផ្ដើមធ្វើការនៅទីនោះមកម្ល៉េះ ដែលការណ៏នេះបានធ្វើឲ្យរូបលោក និងកម្មករផ្សេងទៀតមានបញ្ហាផ្លូវដង្ហើម ឈឺបំពង់ក និងកើតជំងឺហឺតជាដើម។ លោកសង្ឈឹមថា រោងចក្រនឹងឈប់ប្រើប្រាស់កាកសំណល់កាត់ដេរទៀត ព្រោះលោកគ្មានលទ្ធភាពព្យាបាលបញ្ហាសុខភាពឡើយ។
លោក ណារីម និយាយថា៖ «ពពកផ្សែងខ្មៅភាយចេញពីបំពង់ផ្សែងនៅពេលដែលវាយនភណ្ឌត្រូវបានគេប្រើប្រាស់ដើម្បីដុត ខណៈដែរមានម្រែងភ្លើងខ្មៅហុយចុះមកជាបន្តបន្ទាប់។ ខ្ញុំខ្លាចថាកូនរបស់ខ្ញុំនឹងរងផលប៉ះពាល់ដោយផ្សែងពុល»។
លោកថា ថៅកែមិនបានបើកប្រាក់ខែឲ្យលោកទេ តាំងពីដើមខែកុម្ភៈមក ប៉ុន្តែគាត់ខ្លាចមិនហ៊ានតវ៉ា ព្រោះថៅកែសិប្បកម្ម ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ជាលទ្ធផល រូបលោក បានចងប្រាក់កម្ចីពីថៅកែរបស់ខ្លួនកាន់តែច្រើនថែមទៀត ដើម្បីចំណាយលើការរស់នៅរបស់គ្រួសារលោក។
លោកបានបន្តថា៖ «អ្នកក្រមិនមានវិធីការពារគ្រប់គ្រាន់ដើម្បីការពារកុំឲ្យវាបង្កបញ្ហាដល់សុខភាពទេ»។ ក្លិនពុលចេញពីកាកសំណល់ធ្វើឲ្យយើងពិបាកដកដង្ហើម។ វាបង្កឱ្យមានបរិយាកាសមានផ្សែង ដែលរារាំងការដកដង្ហើមរបស់យើង នៅពេលដែលយើងនៅក្បែរនោះ»។
កម្មករជំពាក់បំណុលគេរត់ចោលរោងចក្រ
ធ្វើដំណើរប្រមាណមួយម៉ោងកន្លះពីរោងចក្រកាត់ដេរក្នុងទីក្រុងភ្នំពេញ គឺដល់សិប្បកម្មឡឥដ្ឋមួយកន្លែងឈ្មោះ «តាំងសុង» ក្នុងខេត្តព្រៃវែង។ នៅជាប់នឹងមាត់ឡ យើងឃើញមានក្រណាត់ចម្រុះពណ៌បានលយចេញពីថង់ប្លាស្ទិកដូចជាស្ព្រាយបាញ់ក្នុងពិធីខួបកំណើតអីចឹងដែរ។
កម្មការិនីម្នាក់ក្នុងវ័យជាង២០ឆ្នាំ ដែលធ្វើការជាអ្នកលើកឥដ្ឋនៅសិប្បកម្មឡឥដ្ឋមួយកន្លែង អស់រយៈពេល៤ឆ្នាំមកហើយនេះ និយាយថា កញ្ញាបានខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន៣០០ដុល្លារ ដើម្បីទិញម៉ូតូមួយគ្រឿង ហើយកញ្ញាមិនច្បាស់ទេថា តើត្រូវចំណាយប៉ុន្មានដើម្បីសងគេវិញ។ កញ្ញាបន្តថា កញ្ញារកបានតែ៦ម៉ឺនរៀលប៉ុណ្ណោះ ប្រហែល១៥ដុល្លារពីការងារលើកឥដ្ឋមួយម៉ឺនដុំ ។
អាជីវកម្មនេះមិនបានផ្ដល់ប្រាក់ចំណេញទេតាំងពីមុនឆ្នាំ២០២០មក។ ម្ចាស់សិប្បកម្មឡឥដ្ឋលោក តាំង សុង អាយុ៥២ឆ្នាំ លើកឡើងថា សិប្បកម្មរបស់លោកអាចផលិតឥដ្ឋចេញបានប្រហែលជា មួយភាគបីនៃចំនួនឥដ្ឋ ដែលលោកធ្លាប់ផលិតបានតែប៉ុណ្ណោះ។ លោកក៏បានអះអាងផងដែរថា ពាក់កណ្តាលនៃកម្លាំងពលកម្មរបស់លោកចំនួន២០នាក់មុនជំងឺរាតត្បាតកូវីដ ដែលសុទ្ធតែជំពាក់បំណុលរូបលោក បាន«លួចលាក់»រត់ចេញពីសិប្បកម្មទាំងយប់។
លោក តាំង សុង អះអាងថា៖ «ម្ចាស់សិប្បកម្មឡឥដ្ឋត្រូវបានកម្មករបោកប្រាស់។ ពួកគេម្នាក់ៗជំពាក់ប្រាក់ប្រហែល ៣ ០០០ ដុល្លារ ឬ ៤ ០០០ ដុល្លារ។ ពេលអាជីវកម្មរបស់យើងមិនអាចរកប្រាក់ចំណេញបាន កម្មករបានកុហកយើង»។ «ពួកគេរត់ទៅបាត់ដោយមិនបានសងប្រាក់វិញទេ»។
ការបញ្ចាំខ្លួនដោះបំណុល ដែលកម្មករត្រូវបង្ខំឲ្យធ្វើការដើម្បីសងបំណុល គឺជាបញ្ហាប្រឈមទូទៅនៅសិប្បកម្មឡឥដ្ឋក្នុងប្រទេសកម្ពុជា។ ឧស្សាហកម្មនេះមានកម្មករប្រហែលមួយម៉ឺននាក់ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២០ របស់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា។ ខណៈដែលទំហំ និងទីតាំងមានកម្រិត ការស្រាវជ្រាវដែលធ្វើឡើងសម្រាប់របាយការណ៍ឆ្នាំ២០១៦ និង២០២០៣ របស់អង្គការ លីកាដូ បានរកឃើញថា កម្មករឡឥដ្ឋស្ទើរតែទាំងអស់ ដែលបានផ្ដល់បទសម្ភាសន៍ បានជំពាក់បំណុលថៅកែរបស់ពួកគេ។
បំណុលក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងពលកម្មកុមារផងដែរ ដោយសារគ្រួសារពួកគេអស់លទ្ធភាពក្នុងការស្វែងរកប្រាក់ ដើម្បីសងប្រាក់កម្ចីរបស់ពួកគេវិញ ខណៈពេលដែរពួកគេរកចំណូលបានតិចតួច។ រដ្ឋាភិបាលកម្ពុជា និងក្រសួងការងារបានអះអាងម្តងហើយម្តងទៀតថា មិនបានរកឃើញករណីពលកម្មកុមារ ឬការបញ្ចាំខ្លួនដោះបំណុលនោះទេ បន្ទាប់ពីមានការត្រួតពិនិត្យទូទាំងឧស្សាហកម្មកន្លងមក។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន និងអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ទូច ចាន់នី មិនបានឆ្លើយតបនឹងសំណួរដែលផ្ញើតាមតេឡេក្រាម ដោយ ខេមបូចា នោះទេ។
នៅពេលសួរថា តើកម្មកររបស់គាត់ម្នាក់ត្រូវចំណាយពេលប៉ុន្មាន ដើម្បីសងប្រាក់កម្ចីទៅកាន់គាត់វិញនោះ លោក តាំង សុង បាននិយាយថា នោះមិនមែនជាអ្វីដែលគាត់ចង់បាននោះទេ។
លោកថា៖ «ខ្ញុំមិនសង្ឃឹមថាគេនឹងសងបំណុលនោះទេ។ គ្រាន់តែទុកពេលឲ្យពួកគេធ្វើការ ហើយបានប្រាក់មកវិញខ្លះ។ ឥឡូវនេះ វាមិនមែនជាបញ្ហាទេ ដែលគេមិនសងប្រាក់ខ្ញុំវិញ តែទុកឲ្យពួកគេធ្វើការក្នុងស្ថានភាពបែបនេះទៅ»។
វិធានការកាត់បន្ថយការចំណាយមួយ ដែលលោក សុង បានអនុវត្តក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺការដុតឡឥដ្ឋដោយប្រើប្រាស់សំណល់កាត់ដេរ ព្រោះវាជាសម្ភារៈមានតម្លៃថោកជាង បើប្រៀបធៀបទៅនឹងការដុតដោយប្រើឈើ។ គាត់មានលេខទូរសព្ទរបស់អ្នកលក់កាកសំណល់កាត់ដេរម្នាក់ ដែលប្រមូលកាកសំណល់ពីភ្នំពេញ ហើយបើកឡានមួយម៉ោងកន្លះទៅសិប្បកម្មឡឥដ្ឋដើម្បីទម្លាក់ចោល។
លោកបាននិយាយថា៖ «នៅពេលណាដែលយើងត្រូវការ យើងហៅពួកគេៗមកហើយ»។
លោក សុង បានហាមមិនឲ្យអ្នកយកព័ត៌មាន ខេមបូចា ថតរូបក្មេងៗដែលមានវត្តមាននៅកន្លែងធ្វើការនោះឡើយ ដោយហេតុថា មានអង្គការមួយបានមកសិប្បកម្មរបស់លោក ហើយប្រាប់លោកថា ពលកម្មកុមារជាអំពើរខុសច្បាប់។ លោកបានពិភាក្សាដោយបើកចំហជាមួយអ្នកសារព័ត៌មានអំពីរបៀប ដែលសិប្បកម្មរបស់លោកប្រើប្រាស់កាកសំណល់កាត់ដេរ ហើយលោកបាននិយាយថា លោកមិនត្រូវបានមន្ត្រីក្រសួងបរិស្ថានមកចុះមកត្រួតពិនិត្យទេក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
បញ្ហានៅតែបន្តបន្ទាប់ពីការត្រួតពិនិត្យរបស់រដ្ឋាភិបាល
ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរបរិស្ថានខេត្តបានចុះទៅត្រួតពិនិត្យទីតាំងផ្សេងទៀតនៅជិតទីក្រុង ក្នុងខេត្តកណ្តាល នេះបើយោងតាមអ្នកគ្រប់គ្រងសិប្បកម្មម្នាក់ ក្នុងខេត្តកណ្តាល។ មន្ត្រីបរិស្ថានបានចុះមកនៅក្នុងខែវិច្ឆិកា ឬខែធ្នូ ហើយប្រាប់ពួកគេឱ្យបញ្ឈប់ការដុតកាកសំណល់សម្លៀកបំពាក់ ព្រោះវាប៉ះពាល់ដល់បរិស្ថាន។ ដំណើរចុះត្រួតពិនិត្យទាំងនេះស្របនឹងរបាយការណ៍ខែវិច្ឆិកា របស់អង្គការលីកាដូ ស្តីពីឧស្សាហកម្មឡឥដ្ឋ ដែលសារព័ត៌មានអន្តរជាតិក៏ចុះផ្សាយផងដែរ។
អ្នកគ្រប់គ្រងលើកឡើងថា៖ «ពេលយើងដុតក្រណាត់លាយនឹងឈើ យើងសន្សំប្រាក់បានខ្លះ។ ឈើមានតម្លៃថ្លៃ ហើយក្រណាត់ថោក។ ប៉ុន្តែវាប៉ះពាល់ដល់បរិស្ថាន»។
កាលពីខែកុម្ភៈ មានតែកម្ទេចក្រណាត់ និងស្លាកសម្លៀកបំពាក់ពីម៉ាកសញ្ញា Puma, Athleta និង Under Armour នៅរាយប៉ាយលើដី ក្នុងទីតាំងសិប្បកម្មឡឥដ្ឋមួយកន្លែងឈ្មោះ «សិប្បកម្មឡឥដ្ឋពេជ្រ» នៅខេត្តកណ្តាល ហើយអ្នកយកព័ត៌មាន ខេមបូចា មិនឃើញថង់ ឬគំនរកាកសំណល់សម្លៀកបំពាក់ទេ។
ប៉ុន្តែកម្មករឡឥដ្ឋម្នាក់បានប្រាប់ ខេមបូចា ថា រោងចក្របានចាប់ផ្តើមប្រើប្រាស់កាកសំណល់កាត់ដេរម្តងទៀតនៅក្នុងខែមីនា ដោយប៉ាន់ស្មានថាមានឡានដឹកទំនិញប្រហែល ១០ គ្រឿងបានមកក្នុងរយៈពេលមួយខែ។ នៅពេលដែរ ខេមបូចា បានចុះទៅពិនិត្យទីតាំងនោះជាលើកទីពីរក្នុងខែមេសា ថង់កាកសំណល់សម្លៀកបំពាក់ត្រូវបានដាក់ក្នុងកន្លែងបិទជិតនៅមួយចំហៀងនៃឡឥដ្ឋ ដែលយើងមើលមិនឃើញឡើយពីច្រកចូលទៅ។
តាំងពីមានមន្ត្រីបរិស្ថានចុះមកពិនិត្យឡឥដ្ឋ កម្មករបាននិយាយថា កាកសំណល់សម្លៀកបំពាក់លែងត្រូវបានគេដាក់គរដូចមុនទៀតហើយ។ ពេលរថយន្តដឹកក្រណាត់មកដល់ កាកសំណល់ទាំងនោះត្រូវបានគេនាំយកទៅកាន់ឡដុតភ្លាមៗ។
លោកបានបន្តថា៖ «បន្ទាប់ពីវាត្រូវបានគេប្រើប្រាស់អស់ហើយ នោះនឹងមានកាន់តែច្រើនឡើងថែមទៀត»។
ខេមបូចា បានហៅទូរសព្ទទៅលេខក្រុមហ៊ុន ដែលមានស្លាកសញ្ញាភ្ជាប់ជាមួយក្រណាត់រោងចក្រ នៅ«សិប្បកម្មឡឥដ្ឋពេជ្រ» ប៉ុន្តែអ្នកឆ្លើយបដិសេធមិនព្រមផ្តល់ព័ត៌មានពីលេខទំនាក់ទំនងរបស់ម្ចាស់ក្រុមហ៊ុនទេ ហើយបានបិទទូរសព្ទបាត់ទៅ។ នៅពេលទាក់ទងកាលពីខែមិថុនា អ្នកគ្រប់គ្រងបានទទួលស្គាល់ថាមានកាកសំណល់កាត់ដេរនៅរោងចក្រ នៅពេលដែលអ្នកសារព័ត៌មានចុះទៅមើលកាលពីខែមេសា ប៉ុន្តែបានបដិសេធថារោងចក្រមិនបានបន្តដុតកាកសំណល់សម្លៀកបំពាក់នោះទេ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផាល្លែត អ្នកនាំពាក្យក្រសួងលោក ខ្វៃ អាទិត្យា និងលោក ជួប ប៉ារីស មិនបានឆ្លើយតបនឹងសំណួរដែលផ្ញើតាមតេឡេក្រាម ជុំវិញការចុះត្រួតពិនិត្យឡឥដ្ឋថ្មីៗ ឬចំណាត់ការរបស់ក្រសួងដើម្បីរកដោះស្រាយទាក់ទិននឹងការប្រើប្រាស់កាកសំណល់កាត់ដេរនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់ ខេមបូចា ឲ្យសួរសំនួរទៅក្រសួងបរិស្ថាន និងក្រសួងការងារវិញ។
អ្នកនាំពាក្យក្រុមហ៊ុន Adidas លោក Stefan Pursche បានប្រាប់ ខេមបូចា ថា រដ្ឋាភិបាលកម្ពុជា «បានប្តេជ្ញាចិត្តអនុវត្តកិច្ចអន្តរាគមន៍តាមគោលដៅ និងកែលម្អលក្ខខណ្ឌបរិស្ថាន និងការងារនៅសិប្បកម្មឡឥដ្ឋ» បន្ទាប់ពីមានការអំពាវនាវពីម៉ាកយីហោឱ្យកែលម្អវិស័យនេះនៅឆ្នាំ២០២៣។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL)
និយាយថា អធិការកិច្ចរបស់រដ្ឋាភិបាល គឺមិនមានលក្ខណៈអ្វីប្លែកទេចំពោះករណីនេះ ដោយលោកបញ្ជាក់ថា ការត្រួតពិនិត្យកន្លងមករបស់ក្រសួងការងារមិនបានជួយសម្រួលដល់បញ្ហាពលកម្មកុមារក្នុងឧស្សាហកម្មនេះទេ។
លោកបានបន្តថា៖ «ការធ្វើដំណើរការតាមកាលៈទសៈបែបនេះ នឹងមិនជះឥទ្ធិពលដល់ការលើកកម្ពស់សិទ្ធិកម្មករជាមូលដ្ឋានឡើយ ទាក់ទងនឹងបញ្ហាសុខភាព និងសុវត្ថិភាពការងាររបស់ពួកគេ និងអ្វីដែលពួកគេកំពុងប្រឈម។ ត្រូវតែមានការត្រួតពិនិត្យជាប្រព័ន្ធ មិនមែនក្រសួងតែមួយទេ ដែលធ្វើអធិការកិច្ចក្នុងករណីនេះ»។
លោកបានបន្តថា ឧស្សាហកម្មត្រូវតែមានការគ្រប់គ្រងដោយមានការត្រួតពិនិត្យជាប្រចាំរបស់សិប្បកម្មរួមនឹងការអនុវត្តច្បាប់។ ប៉ុន្តែលោកថា វាតម្រូវឱ្យមានឆន្ទៈនយោបាយពីភាគីរដ្ឋាភិបាល ដែលព្រមទទួលយកសម្ពាធពីខាងក្រៅ និងការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយលើបញ្ហានេះ។
លោកលើកឡើងថា៖ «នៅទីបំផុត មានតែរដ្ឋាភិបាល [ដែល] ជាអ្នកនឹងធ្វើ។ ប៉ុន្តែ តើយើងអាចធ្វើឲ្យពួកគេទទួលខុសត្រូវដោយរបៀបណា? ខ្ញុំគិតថា វាជាបញ្ហានៃការដាក់សម្ពាធទៅកាន់រដ្ឋាភិបាល ឲ្យបានជាប់លាប់វិញទេ»។
រាយការណ៍បន្ថែម និងបកប្រែដោយ អ៊ឺង ស៊ា និង លី រូស្សឡាន។
ការរាយការណ៍សម្រាប់រឿងនេះត្រូវបានគាំទ្រដោយបណ្តាញសារព័ត៌មានផែនដីរបស់ Internews ។
បញ្ជីរាយឈ្មោះនៃកាកសំណល់ ដែលខេមបូចា បានរកឃើញនៅសិប្បកម្មឡឥដ្ឋ ក៏ដូចជាការឆ្លើយតបពីសមាគមឧស្សាហកម្ម ម៉ាកសម្លៀកបំពាក់ និងក្រុមហ៊ុន, ក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងអ្នកផលិតឥដ្ឋអាចរកបាននៅទីនេះ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment Waste From Walmart, Disney, Other Major Brands Continues to Fuel Cambodian Brick Kilns