លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលរាល់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់ក្រុមហ៊ុនឯកជននាព្រឹកថ្ងៃទី៧ ខែសីហានេះ បន្ទាប់ពីមានការរិះគន់ពីមហាជននិងសង្គមស៊ីវិលអំពីការឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅដែលរដ្ឋប្រគល់ឱ្យក្រុមហ៊ុនឯកជនឈូសឆាយដើម្បីអភិវឌ្ឍ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា ក្រោយមានការសំណូមពរពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល ឱ្យរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាល សម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍន៍នៅព្រៃតំបន់ភ្នំតាម៉ៅ ដោយរក្សាទុកដី និងព្រៃជុំវិញជាតំបន់ការពារ និងអភិរក្សដោយក្រសួងកសិកម្ម។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណែកក្រុមហ៊ុនទាំងអស់ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ និងបានឈូសឆាយព្រៃត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ។
លោកហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំសូមចេញបញ្ជា រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ»។
មុនពេលដែលរដ្ឋាភិបាលចេញសេចក្ដីប្រកាសលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅនេះ គេឃើញអ្នកជំនួញលោក ឡេង ណាវ៉ាត្រា ក៏បានចេញសេចក្ដីប្រកាសស្នើឱ្យរដ្ឋាភិបាលសម្រេចលុបចោល សជណ ទាំងអស់ដែលរដ្ឋាភិបាលបានសម្រេចកន្លងមក។
ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឆ្លើយតបតាមបណ្ដាញសង្គមថា ថ្វីបើលោកជាអភិបាលខេត្តមែនពិត តែរាល់ការចាត់ចែងទាំងឡាយជាសិទ្ធិរបស់ក្រសូងកសិកម្ម ខេត្តមិនមានសិទ្ធិនោះទេ។
លោកបន្ថែមថា ចំពោះបញ្ហាព្រៃឈើនៅតំបន់ភ្នំតាម៉ៅ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តឡើយ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម។
លោក ភា ថ្លែងថា៖ «សូមបងប្អូនជនរួមជាតិទាំងអស់កុំមានការយល់ច្រឡំមកលើរូបខ្ញុំ ខ្ញុំសូមជម្រាបជូនថាបញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តតាកែវនោះទេ»។
មុនពេលមានការសម្រេចបែបនេះ មានប្រជាជនខ្មែរជាច្រើននាក់បានសម្ដែងការមិនពេញចិត្ត ចំពោះគម្រោងអភិវឌ្ឍន៍នេះ ដោយពួកគេបានបង្ហោះសារនៅលើបណ្ដាញសង្គមស្នើសុំរដ្ឋាភិបាលជួយសង្រ្គោះភ្នំតាម៉ៅ និងយុវជនខ្លះទៀតធ្វើពហិការមិនគាំទ្រជំនួយឧកញ៉ាដែលកាន់កាប់គម្រោងអភិវឌ្ឍន៍ទាំងនោះ។
ព្រះចៅអធិការវត្តអាស្រមថ្មអន្ទោង ព្រះតេជគុណ សុទ ផល្លី មានសង្ឃដីការថា ព្រះអង្គមានការសប្បាយរីករាយចំពោះការឈ្វេងយល់ និងយល់ពីតម្លៃធម្មជាតិ និងបានបញ្ឈប់គម្រោងអភិវឌ្ឍន៍នេះ។
ទន្ទឹមនឹងនេះ ព្រះអង្គនៅតែសម្ដែងការសោកស្ដាយចំពោះដើមឈើមានតម្លៃរាប់រយដើម ដែលបានកាប់បំផ្លាញនិងដឹកចេញទៅដោយមេព្រៃទាំងកណ្ដាលថ្ងៃត្រង់ ដែលភាគច្រើនជាដើមធ្នង់ធំៗ។ ខណៈសត្វព្រៃមួយចំនួនក៏ត្រូវបានបាញ់សម្លាប់ និងបាត់ជម្រក។
ព្រះអង្គមានសង្ឃដីថា៖ «និយាយទៅវាអត់ទំនង មិនសមរម្យ យើងឈូសហើយដំាវិញម៉េច គេដាំ៣០ឆ្នាំមិនស្រួលឯណា។ សត្វព្រៃនិយាយវាដឹងវាយំ ព្រឹកមិញហ្នឹងក្រុមឈូសឆាយហ្នឹងបាញ់សត្វប្រើសមួយក្បាលដាក់ឡានបាត់ហើយ»។
លោក នីក ម៉ាក នាយកកម្មវិធីសង្រ្គោះនិងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា លោកមានសេចក្ដីរីករាយចំពោះចំណាត់ការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ឡេង ណាវ៉ាត្រា ដែលបានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍ និងដោះដូរដីទាំងអស់នៅតំបន់ភ្នំតាម៉ៅ ទុកជាតំបន់អភិរក្សសត្វព្រៃ។
លោក ម៉ាក បន្ថែមថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ហ៊ុន សែន និងលោក ឡេង ណាវ៉ាត្រា ដែលបានធ្វើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងមនុស្សធម៌ ក្នុងការអភិរក្សព្រៃភ្នំតាម៉ៅ ដែលឥឡូវនេះអាចក្លាយជាទីតាំងឧទ្យានដ៏មានតម្លៃសម្រាប់ការអភិរក្សសត្វព្រៃកម្ពុជា និងជាកេរដំណែលសម្រាប់រដ្ឋាភិបាល»។
ចំណែកសារព័ត៌មានបរទេសឈ្មោះថា Southeast Asia Globe បានចុះផ្សាយថា ក្រុមហ៊ុនដែលទទួលបានដីព្រៃប្រមាណ ១ ៥០០ហិកតាពីរដ្ឋាភិបាល គឺមានក្រុមហ៊ុនធំៗចំនួន៣ដែលជាប់ពាក់ព័ន្ធការទទួលបានដីព្រៃប្រមាណ ១ ៥០០ហិកតា នៅតំបន់ភ្នំតាម៉ៅពីរដ្ឋាភិបាល រួមមាន ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ជារបស់លោកឧកញ៉ា ឃុន សៀ ក្រុមហ៊ុន ឆាយណា ប៉ោយប៉ែត សែថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City) ជារបស់លោក ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development)
គួរជម្រាបជូនថា ដីព្រៃតំបន់ភ្នំតាម៉ៅរាប់រយហិកតាត្រូវបានឈូសឆាយយ៉ាងឆាប់រហ័សចាប់តាំងពីថ្ងៃទី១មកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុនឯកជនដែលប្រើប្រាស់គ្រឿងចក្រប្រមាណ៣០គ្រឿងកាប់ឆ្ការយ៉ាងសកម្ម និងមានកងកម្លាំងយាមកាមយ៉ាងតឹងរ៉ឹង។
បើតាមលោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) យល់ឃើញថា ជារឿងគួរឱ្យសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការលុបចោលគម្រោងដោះដូរ និងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ។ តែលោកក៏មានការសោកស្ដាយចំពោះការកាប់បំផ្លាញឈើមានតម្លៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលមានឈើប្រណិតដាំរាប់ឆ្នាំទម្រាំលូតលាស់បានដូចសព្វថ្ងៃ។
លោក គីមហុង បន្តថា លោកទទូចឱ្យលោក ឡេង ណាវ៉ាត្រា ទទួលខុសត្រូវទាំងស្រុងចំពោះការឈូសឆាយបំផ្លាញព្រៃធម្មជាតិ និងដាំដើមឈើថែរក្សាឱ្យបានដូចដើមឡើងវិញ។
លោក គីមហុង ឱ្យដឹងថា៖ «យើងទទូចឱ្យបុគ្គល ឡេង ណាវ៉ាត្រា ត្រូវតែដាំដើមឈើឡើងវិញ សងនូវដើមឈើដែលបានបាត់បង់ ព្រោះបុគ្គលនេះនិងក្រុមហ៊ុនរបស់ខ្លួនគឺជាអ្នកឈូសឆាយ យើងខាតបង់ដើមឈើអស់រាប់ម៉ឺនម៉ែត្រគីប ពិសេសឈើប្រណិតដែលដឹកចេញប៉ុន្មានថ្ងៃនេះ»។
លោកបានបញ្ជាក់ថា ចំពោះពេលអនាគតទៅ រាល់គម្រោងទាំងអស់របស់រដ្ឋ រដ្ឋាភិបាល និងគណបក្សកាន់អំណាចគួរតែប្រកាសទៅដល់ប្រជាជនឱ្យបានដឹងពីគម្រោង និងសិក្សាពីទំហំប៉ះពាល់ ដើម្បីសម្រេចឱ្យបានត្រឹមត្រូវមុននឹងធ្វើការអភិវឌ្ឍកុំឱ្យមានកំហុសដូចករណីដីព្រៃតំបន់ភ្នំតាម៉ៅ និងតំបន់ផ្សេង។
លោក គីមហុង បានបន្ថែមថា ថ្វីត្បិតតែជោគជ័យក្នុងការការពារភ្នំតាម៉ៅក៏ពិតមែន ប៉ុន្តែនៅមានព្រៃ ធម្មជាតិនៅតំបន់ផ្សេងទៀត ដូចជាព្រៃឡង់ ព្រៃព្រះរកា ព្រៃមេត្តាធម្មជាតិ និងតំបន់ផ្សេងទៀត កំពុងរង់ចាំចំណាត់ការ ការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនដើម្បីសង្រ្គោះតំបន់ទាំងនោះដូចព្រៃតំបន់ភ្នំតាម៉ៅដែរ។ លោករំពឹងថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ការពារតំបន់ធម្មជាតិ និងធនធាននៅស្រុកខ្មែរនៅតំបន់ផ្សេងឱ្យដូចភ្នំតាម៉ៅ៕