សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ខណៈជំងឺកូវីដ១៩ បន្តកើនឡើង

អាជ្ញាធរបិទផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកណ្តាលអំឡុងពេលបិទខ្ទប់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង
អាជ្ញាធរបិទផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកណ្តាលអំឡុងពេលបិទខ្ទប់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង

កាល​ពី​ថ្ងៃ​អាទិត្យ រដ្ឋាភិបាល​បាន​ប្រកាស​ដក​បម្រាម​​លើ​ការ​ធ្វើដំណើរ​ឆ្លង​ខេត្ត​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឡើង​វិញ ប៉ុន្តែ​ការ​ដាក់​កំហិត​នៅ​មាន​បន្ត​នៅក្នុងតំបន់បិទខ្ទប់។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​សេចក្តីសម្រេច​​មួយ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ដោយ​ដកចេញ​​បម្រាម​លើ​ការ​ធ្វើដំណើរ និង​បើក​រមណីយដ្ឋាន​នៅ​ទូទាំងប្រទេស​ឡើងវិញ​ បន្ទាប់​ពី​ការ​​ដាក់​បម្រាម​អស់រយៈពេល ២០​ថ្ងៃ។ យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​ចេញកាល​ពី​អាទិត្យ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កើន​ដល់ ៧៤​នាក់ ហើយ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ ៩៩៧៥​នាក់ ចាប់តាំង​ពី​កម្ពុជា​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ដំបូង​ កាល​ពី​ឆ្នាំ​មុន។ សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​​មាន​ចំនួន ៦១៦​ករណី ដោយមាន​ ៥៤៦​ករណី​នៅ​ក្រុង​ភ្នំពេញ។ ​

កាល​ពី​ថ្ងៃ​ទី០៦ ខែ​មេសា លោក​ ហ៊ុន សែន បាន​ចេញ​សេចក្តីសម្រេច​បិទ​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​​និង​ក្រុង​ចាប់​ពី​ថ្ងៃ​ទី០៧ ដល់​ថ្ងៃ​ទី២០ ខែ​មេសា ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​ជំងឺ​អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ​

តំបន់ទេសចរណ៍ ​និង​រមណីយដ្ឋាន​ផ្សេងៗ ​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​នៅ​អំឡុងពេល​នោះ ហើយ​រដ្ឋបាល​ថ្នាក់​ខេត្ត​ត្រូវ​បាន​ផ្តល់​សិទ្ធិ​អំណាច​ដើម្បី​ដាក់​បម្រាម​លើ​ការ​ធ្វើដំណើរ​រវាង​ឃុំ​និង​ស្រុក​រៀងៗ​ខ្លួន។

បន្ទាប់​ពី​ការ​ផ្អាក​អស់រយៈពេល​ពីរ​សប្តាហ៍ រដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​​មួយ​ទៀត​ដើម្បី​បន្ត​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍ ដោយ​មិនមាន​កាល​កំណត់​បញ្ចប់​ជាក់លាក់។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​សម្រេច​ដក​បម្រាម​ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​ឡើង​វិញ និង​ថានេះ​ជា​ទង្វើ​សមស្រប​ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​អាច​ការពារ​ការ​រីករាលដាល​ជំងឺ​កូវីដ១៩​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​បាន។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា៖ «យើង​បាន​ដក​បម្រាម​ ពីព្រោះ​យើង​អាច​គ្រប់គ្រង​ស្ថានភាព​នៅ​តាម​ខេត្ត​បាន។ ជីវភាព​របស់​ពលរដ្ឋ​នឹង​វិល​ត្រឡប់​មក​ធម្មតា​វិញ​ បន្ទាប់​ពី​មាន​ការ​ដក​បម្រាម»

​លោក​បាន​បន្ត​ថា៖ «វា​ពិត​ជា​ប៉ះពាល់​ [ជីវភាពប្រជាជន] អំឡុងពេល​​ការ​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ ប៉ុន្តែ​អាយុ​ជីវិត​របស់​ពលរដ្ឋ​ជា​រឿង​សំខាន់»

លោក​ផៃ ស៊ីផាន ​បាន​លើកឡើង​បន្ត​ទៀត​ថា ឥឡូវ​នេះ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ប៉ុន្តែ​មិនអាច​​ចូល​និង​ចេញ​ពី​ក្រុង​ភ្នំពេញ​ ក្រុង​តាខ្មៅ​ និង​ក្រុង​ព្រះសីហនុ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​បិទខ្ទប់​បាន​នោះ​ទេ។

លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីប្រកាស​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ លោក​បាន​បញ្ជា​ឲ្យ​មន្រ្តី​ប៉ូលិស​ដកចេញ​នូវ​បារ៉ាស់​ដែល​បាន​ដាក់​នៅ​តាម​ផ្លូវជាតិ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​បញ្ជាឲ្យ​ដក​ចេញ​នូវ​បម្រាម បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​សម្តេច​តេជោ [ហ៊ុន សែន]»

​លោក​បាន​បន្ត​ថា៖ «សេចក្តីសម្រេច​នេះ​នឹង​ជួយ​សម្រួល​ដល់​​ពលរដ្ឋ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ជួយ​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ»

លោក ង៉ែត ជូ អ្នក​វិភាគសេដ្ឋកិច្ច​ឯករាជ្យ បាន​មានប្រសាសន៍ លោក​ជឿ​ថាការ​បញ្ចប់​ការ​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​នឹង​ជួយ​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ដូចជា អ្នក​ដឹកជញ្ជូន​អីវ៉ាន់​ជា​ដើម ប៉ុន្តែ​ការណ៍​នេះ​នឹងមិន​​ជួយ​ជំរុញ​សេដ្ឋកិច្ច​​បាន​ទាំង​មូល​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «វា​អាច​ជួយ​ផ្នែក​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច ប៉ុន្តែ​​មិនបាន​ ១០០ភាគរយ​នោះ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ងើបរើ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ពីព្រោះ​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​គឺ​ មក​ពី​ក្រុង​ភ្នំពេញ»

អាជ្ញាធរ​បិទ​ផ្លូវ​ជាតិ​លេខ​៣​ ពី​ក្រុង​ភ្នំពេញ​មក​ខេត្ត​កណ្តាល អំឡុងពេល​ការ​បិទ​ខ្ទប់ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង សំរាំង
អាជ្ញាធរ​បិទ​ផ្លូវ​ជាតិ​លេខ​៣​ ពី​ក្រុង​ភ្នំពេញ​មក​ខេត្ត​កណ្តាល អំឡុងពេល​ការ​បិទ​ខ្ទប់ កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០២១។ ខេមបូចា/ ព្រីង សំរាំង

យោង​ទៅ​តាម​ខ្សែអាត់​សំឡេង​ដែល​បាន​បែកធ្លាយ និង​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​ព័ត៌មាន​ Fresh News លោក​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​មានប្រសាសន៍ថា ក្រុង​សីហនុ​នឹង​ស្ថិត​នៅ​បន្ត​ក្រោម​ការ​បិទខ្ទប់ ប៉ុន្តែ​អាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​រវាង​ខេត្ត​កំពត និង​កោះកុង ដែល​ផ្លូវ​នេះ​ឆ្លង​កាត់​តាម​ខេត្ត​ព្រះវិហារ។

លោក​បាន​ថ្លែង​ថា៖ «ក្រុង​សីហនុទាំង​មូល​​នឹង​ត្រូវ​បិទ​ទាំងស្រុង»

​លោកស្រី ឱ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ បានមានប្រសសន៍តាមតេឡាក្រាមថា លោកស្រី​ជំរុញ​ឲ្យ​សាធារណជន​ស្នាក់​នៅ​ផ្ទះ​ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោកស្រី​បាន​ថ្លែង​ថា៖ «ការ​បិទ​ខ្ទប់​មិនមែន​ជា​ការ​បង្ខាំង​នោះ​ទេ ហើយ​ជា​វិធានការ​បណ្តោះអាសន្ន​ ដោយ​មាន​កាល​កំណត់​ត្រឹមត្រូវ»។ លោកស្រី​បាន​បន្ថែម​ថា គ្រប់គ្នា​ត្រូវ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​ពេល​ចេញ​ពី​ការ​បិទខ្ទប់ ហើយ​ត្រូវ​បន្ត​ការ​ប្រយ័ត្នប្រយែង បើ​មិន​ដូច្នេះ​ទេ ការ​រើបឡើង​វិញ​នៃ​ជំងឺ​កូវីដ១៩ នឹង​អាច​បង្ក​ជា​ការ​វិនាស។

លោកស្រី​បាន​ថ្លែង​ថា៖​  «ប្រសិន​បើ​យើង​មិនចង់​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​បិទខ្ទប់​សារជាថ្មី​នោះ​ទេ គ្រប់គ្នា​ត្រូ​វ​ការ​ត្រៀម​កែប្រែ​ទម្លាប់​រស់​នៅ​ទៅ​តាម​ស្ថានភាព​ថ្មី។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​អ្នកទាំងអស់​គ្នា​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវីដ១៩។ សូមអរគុណ​ចំពោះ​ការ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩»

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​​កាល​ពី​ថ្ងៃ​អាទិត្យ អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​និយាយ​ថា ខណៈ​កម្ពុជា​បាន​ឃើញ​ការ​កើនឡើង​ករណី​ឆ្លង​នៅ​ក្នុង​រយៈពេល​ពីរសប្តាហ៍​កន្លង​មក​នេះ «ក្តី​សង្ឃឹម​នៅ​មិន​ទាន់​បាត់បង់​នោះ​ទេ»

លោកស្រី​វេជ្ជបណ្ឌិត លី អៃឡាន តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាង​លើ​​ថា៖ «យើង​ដឹង​ថា វា​មិនទាន់​យឺតពេល​ទេ​ក្នុង​ការបង្វែរ​ស្ថានការណ៍​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​។ យើង​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច ដរាបណា​កម្ពុជា​រួម​គ្នា​ធ្វើ​សកម្មភាព​ជា​ធ្លុងមួយ ជា​ប្រជាជាតិ និង​​សង្គម​តែ​មួយ​ដែល​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដោយ​សាមគ្គីភាព»

សេចក្តីប្រកាស​ព័ត៌មាន​ក៏​បាន​សរសើរ​ «ការ​ដឹកនាំ​ដ៏​រឹង​មាំ​នៅ​កម្ពុជា» ដែល​បាន​ធ្វើ​ «​សេចក្តីសម្រេច និង​សកម្មភាព​ដោយ​លំបាក» ប៉ុន្តែ​បាន​ព្រមាន​ថា សកម្មភាព​ជា​ច្រើន​ទៀត​គឺ​ត្រូវការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ។ សេចក្តីប្រកាស​ព័ត៌មាន​បាន​ដាក់​ព្រាង​ចេញ​នូវ​ចំណាត់ការ​ផ្សេងៗ​ដែល​វិស័យ​កាត់ដេរ ធុរកិច្ច ភោជនីយដ្ឋាន និង​ទីផ្សារ​អាច​ប្រកាន់​យក​ដើម្បី​កាត់បន្ថយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដូចជា ការ​ធានា​នូវ​ការ​រក្សា​គម្លាត​ក្នុង​សង្គម ការ​ពាក់ម៉ាស ការ​កំណត់​តាមដាន និង​ធ្វើ​តេស្ត ហើយ​ជំរុញ​ឲ្យ​សាធារណជន​​បន្ត​មាន​ការ​ប្រុងប្រយ័ត្ន។

សេចក្តីប្រកាស​ព័ត៌មាន​ដដែលបាន​លើកឡើង​ថា៖ «សុខភាព​ជា​សមូហភាព​របស់​យើង​ពឹងផ្អែក​លើ​អាកប្បកិរិយា​របស់​បុគ្គល​ម្នាក់ៗ​ជាង​ពេលណាៗ​ទាំងអស់។ ការ​សម្រេច​ចិត្ត​ទ្រង់ទ្រាយ​តូច​ប្រចាំ​ថ្ងៃ​ ធ្វើ​ឡើង​ជា​លក្ខណៈ​បុគ្គល ដូចជា ការ​សម្រេច​ថា កន្លែង​ណា​គួរ​ ឬ​មិន​គួរ​ទៅ​ទិញ​ទំនិញ នៅ​ពេល​ណា​គួរ​ទៅ​ធ្វើ​ការ​ ហាក់ដូចជាមិនមាន​គ្រោះថ្នាក់ និង​ធំដុំ​អ្វី​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​សកម្មភាព​តូចៗ​ទាំងនេះ​ច្រើន​ប្រមូលផ្តុំ​គ្នា​ទូទាំង​ប្រទេស​ នោះ​វា​ទៅ​ជា​បណ្តុំ​នៃ​សេចក្តី​សម្រេច​ចិត្ត​ដែល​អាច​កំណត់​អំពី​ជោគជ័យ ឬ​បរាជ័យ​របស់​ប្រទេស​មួយ​ក្នុង​ការ​ត្រួតត្រា​ដើម្បី​បញ្ឈប់​ការ​ចម្លង​នៃ​វីរុស​មួយ​នេះ​បាន»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government lifts travelling ban between provinces even as COVID-19 outbreak continues

294 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម