ស្របពេលដែលការរីករាលដាលកូវីដ១៩ នៅបន្តកើនឡើង រដ្ឋាភិបាលកម្ពុជាបានចេញវិធានការរឹតបន្តឹងជាបន្តបន្ទាប់ដើម្បីបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខណៈប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុងបានត្អូញត្អែថាខ្លួនកំពុងពិបាកក្នុងការរកអាហារសម្រាប់ទទួលទានឲ្យបានគ្រប់គ្រាន់។
ក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សបានលើកឡើងថា ប្រជាពលរដ្ឋ អង្គការ ស្ថាប័ន ក្រុមហ៊ុន និងអាជ្ញាធរអនុវត្តច្បាប់ខ្លួនឯងផ្ទាល់ ក៏មិនត្រូវបានទុកពេលឲ្យសមស្របដើម្បីត្រៀមខ្លួនមុនពេលមានវិធានការបិទខ្ទប់នេះដែរ។ វិធានការបិទខ្ទប់ត្រូវចាប់ផ្ដើមនៅពាក់កណ្ដាលយប់ឈានចូលថ្ងៃទី១៥ ខែមេសា ខណៈសេចក្ដីជូនដំណឹងពីការបិទខ្ទប់នេះចេញតែប៉ុន្មានម៉ោងមុនវិធានការនេះចូលជាធរមានប៉ុណ្ណោះ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែជូនដំណឹងមុនឲ្យបានយូរបន្តិច និងរៀបចំវិធានការជួយដល់ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលរកចំណូលមួយថ្ងៃសម្រាប់តែមួយថ្ងៃ។
លោកលើកឡើងថា៖ «ពួកគាត់រកបានមួយពោះរស់មួយគែ ដូចនេះពួកគាត់ត្រូវបង្ខំចិត្តចេញក្រៅដើម្បីរកប្រាក់ ហើយរឿងដែលធ្ងន់ធ្ងរជាងនេះទៀតនោះគឺពួកគេក៏ជាប់បំណុល ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។ ដោយបន្ថែមថា៖ «ពួកគេគិតថាបើពួកគាត់នៅផ្ទះ គាត់នឹងប្រឈមបញ្ហាវិបត្តសេដ្ឋកិច្ចគ្រួសារ ដូចនេះ រដ្ឋាភិបាលត្រូវមានវិធានការឆ្លើយតបដោយមានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការអ្នកដែលងាយរងគ្រោះ»។
លោកបន្តថា ខណៈក្រុមគ្រួសារមានអ្នកវិជ្ជមានកូវីដ១៩ និងសមាជិកផ្សេងទៀតត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក គឺជាអ្នកត្រូវជួយជាអាទិភាពទីមួយ សម្រាប់អ្នកប្រកបរបរក្នុងវិស័យក្រៅប្រព័ន្ធគួរតែស្ថិតក្នុងអាទិភាពទីពីរ។
លោកបន្ថែមថា៖ «យើងត្រូវមានយន្តការតាមដាន និងប្រព័ន្ធវាយតម្លៃលើលទ្ធផល[ការបិទខ្ទប់] ដើម្បីរកមើលថាអ្វីជាឧបសគ្គ។ យើងត្រូវមាននីតិវិធីមួយសមស្រប ដែលមានការចូលរួមផ្តល់យោបល់ និងពិភាក្សាគ្រប់ជ្រុងជ្រោយ [ក្នុងន័យ] អនុវត្ត[ការបិទខ្ទប់]ឲ្យមានប្រសិទ្ធភាព»។
កាលពីចុងសប្ដាហ៍មុន រដ្ឋាភិបាលបានចេញគោលការណ៍ណែនាំកាន់តែតឹងរឹងបន្ថែមទៀតសម្រាប់ការបិទខ្ទប់នេះ ដោយបានកម្រិតក្រុមហ៊ុន ស្ថាប័ន ឲ្យមានបុគ្គលិកធ្វើការត្រឹម២ភាគរយ ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរ ផ្អាកការចាក់វ៉ាក់សាំងដូសទី២ ហាមសកម្មភាពកីឡា ក្រៅផ្ទះ និងបានលុបចោលការលើកលែកក្នុងការធ្វើដំណើររបស់បុគ្គលិកអង្គការអន្តរជាតិ។
នៅថ្ងៃចន្ទ រដ្ឋាភិបាលក៏បានកំណត់សង្កាត់ និងភូមិមួយចំនួនក្នុងរាជធានីភ្នំពេញជា «តំបន់ក្រហម» ដែលប្រឈមនឹងការរឹតបន្តឹងកាន់តែខ្លាំង។ រាល់អាជីវកម្មទាំងអស់នៅក្នុងតំបន់នោះត្រូវបញ្ជាឲ្យបិទ ហើយថារដ្ឋាភិបាលកំពុងរៀបចំស្បៀងអាហារសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងតំបន់។ សារាចរណែនាំចុងក្រោយនេះ បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្មរៀបចំសម្រួលការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជនក្នុងតំបន់ក្រហមតាមប្រព័ន្ធអនឡាញ ដោយត្រូវដឹកជញ្ជូនដល់មុខផ្ទះប្រជាជន។
ចំណែកសាលារាធានីភ្នំពេញវិញ កាលពីថ្ងៃអាទិត្យបានដាក់ចេញវិធានការពិន័យ ចំពោះអ្នកបំពានបំរាមពេលបិទខ្ទប់ពី២លានរៀលទៅ៤លានរៀល។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លើកឡើងថា បន្ទាប់ពីមានវិធានការកាន់តែតឹងរឹងអំឡុងពេលបិទខ្ទប់រយៈពេលប្រាំថ្ងៃដំបូងនេះ ចំនួនមនុស្សចេញធ្វើដំណើរតាមផ្លូវបានធ្លាក់ចុះ ខណៈប្រជាពលរដ្ឋកាន់តែយល់ដឹង ហើយរដ្ឋាភិបាលបង្កើនការផ្ដល់ជំនួយដល់ប្រជាពលរដ្ឋក្រីក្រហើយដែរ។
លោកបញ្ជាក់ថា៖ «ជំនួយជាច្រើនត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ។ យើងបានចុះទៅចែកជូនពួកគាត់ដោយផ្ទាល់ដល់ទីកន្លែង ដូចនេះវាបានកាត់បន្ថយចំនួនមនុស្សចេញក្រៅផ្ទះ ហើយយើងអនុញ្ញាតឲ្យមានការដឹកជញ្ជូនម្ហូបអាហារចូលក្នុងតំបន់ពួកគាត់ផងដែរ»។
លោកបន្ថែមថា៖ «យើងសង្ឃឹមថាចំនួនប្រជាពលរដ្ឋចេញក្រៅនឹងត្រូវកាត់បន្ថយឲ្យនៅតិចបំផុត ប៉ុន្តែអាជ្ញាធរក៏នឹងបន្តការរឹតបន្តឹងដែរ»។
បើតាមលោក ស ថេត មានមនុស្សចំនួនប្រាំពីរនាក់ហើយត្រូវបានបញ្ជូនទៅតុលាការ ដោយសារតែបានបំពានវិធានការបិទខ្ទប់នេះ។ លោក បញ្ជាក់ដែរថា ថ្វីបើមានប្រជាពលរដ្ឋច្រើនបានបំពាននឹងការហាមឃាត់ធ្វើដំណើរនេះ តែថាអ្នកទាំងនោះត្រឹមទទួលការអប់រំ និងដោះលែងវិញ ហើយជនជាតិចិនចំនួនប្រាំមួយនាក់ដែលបានធ្វើដំណើរពីខេត្តកំពត ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក។
បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា មនុស្សប្រាំមួយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ដោយសារបានរៀបចំជប់លៀងផឹកស៊ី បំពាននឹងវិធានការបិទខ្ទប់។
មនុស្សបួននាក់ រួមទាំងអ្នកបើកបរត្រូវបានចាប់ខ្លួននៅខេត្តរតនគិរីកាលពីថ្ងៃទី១៧ ខែមេសា បន្ទាប់ពីបានធ្វើដំណើរពីភ្នំពេញ ដោយបានលាក់ខ្លួនក្នុងរថយន្តសង្គ្រោះបន្ទាន់ ហើយអ្នកទាំងនោះនឹងត្រូវបញ្ជូនទៅតុលាការបន្ទាប់ពីធ្វើចត្តាឡីស័ក១៤ថ្ងៃរួច។
នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការអនុវត្តវិធានការបិទខ្ទប់នេះហាក់លឿនពេក និងមិនបានទុកពេលគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋបានត្រៀមខ្លួន ដែលជាហេតុនាំឲ្យមានការចោទប្រកាន់ប្រជាពលរដ្ឋថាបំពាននឹងវិធានការ។ ពាក្យចចាមអារ៉ាមកើតមានមុនពេលមានសេចក្ដីប្រកាសជាផ្លូវការ បាននាំឲ្យមានការកកកុញប្រជាពលរដ្ឋនៅតាមផ្សារ និងហាងលក់ទំនិញ ដែលវាប្រឈមនឹងគ្រោះថ្នាក់នៃការឆ្លង។
លោកស្រីបន្ថែមថា៖ «រដ្ឋាភិបាលត្រូវតែធ្វើឲ្យច្បាស់ថាពលរដ្ឋទាំងអស់បានទទួលព័ត៌មាន និងយល់ព័ត៌មានទាក់ទងនឹងវិបត្តកូវីដ១៩ និងវិធានការបិទខ្ទប់ថ្មីៗនេះដែរ»។ លោកស្រីថា សម្រាប់ជំនួយសង្គ្រោះ ត្រូវតែធ្វើឲ្យបានលឿន សម្រាប់អ្នកដែលរងប៉ះពាល់ធ្ងន់ធ្ងរដោយសារតែចំណូលពួកគាត់មានបញ្ហា។
លោកស្រីបញ្ជាក់ថា៖ «រាល់សិទ្ធិទាំងអស់ រួមទាំងសិទ្ធិទទួលបានអាហារគ្រប់គ្រាន់ផង ត្រូវតែមានការជូនដំណឹង និងគោលការណ៍សម្រាប់ការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងវិបត្តិកូវីដ១៩នេះ ប្រសិនជាខ្លួនចង់បានលទ្ធផលល្អប្រសើរលើការប្រឆាំងនឹងកូវីដ១៩ រួមទាំងការរក្សាសេចក្ដីថ្លៃថ្នូររបស់មនុស្សផង»។
នៅថ្ងៃចន្ទ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន៦២៤ករណីថែមទៀត។ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ ១៩ ដល់ ៧ ០១៣ករណី និងមានអ្នកស្លាប់ចំនួន៤៥នាក់ ដែលតួលេខនេះធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងលំដាប់លេខប្រាំពីរលើចំនួនអ្នកឆ្លង និងលេខប្រាំមួយលើចំនួនអ្នកស្លាប់ក្នុងតំបន់អាស៊ាន។
លោក ហេង សិរីវិសាល អ្នករត់កង់បីម្នាក់នៅភ្នំពេញ បានឲ្យដឹងថាលោកទើបទទួលបានជំនួយអង្ករប្រាំគីឡូក្រាម និងត្រីខមួយយួរពីសប្បុរសជន។
លោកបន្ថែមថា៖ «ខ្ញុំឮថារដ្ឋាភិបាលបែងចែកអង្ករ១០តោនសម្រាប់ខណ្ឌនីមួយៗដើម្បីចែកជូនប្រជាពលរដ្ឋ ហើយខ្ញុំបានស្នើសំអាជ្ញាធរខ្លះ ប៉ុន្តែពួកគាត់ថាជំនួយនេះសម្រាប់តែប្រជាពលរដ្ឋដែលមានលំនៅស្ថានជាក់លាក់ ហើយសម្រាប់ខ្ញុំ គឺខ្ញុំដេកលើតុកៗ ចតតាមផ្លូវមុខសណ្ឋាគារ ឬអាគារអាផាតមិន»។
លោក សិរីវិសាល ជាអ្នកមកពីខេត្តតាកែវ លោកថាលោកបានខ្ចីលុយពីធនាគារចំនួន៣ ០០០ដុល្លារទិញកង់បី និងត្រូវបង់ទៅធនាគារវិញ១៥០ដុល្លារក្នុងមួយខែ។ ដោយសារតែមានការបិទខ្ទប់ លោកថាលោកមិនមានអ្នកជិះទៀតទេ។
លោកបន្ថែមថា៖ «ឥលូវនេះខ្ញុំមិនត្រឹមតែប្រឈមនឹងបញ្ហាខ្វះអាហារហូបចុកប្រចាំថ្ងៃទេ បញ្ហាធំមួយទៀតគឺបំណុលធនាគារ ពួកគេមិនបានលើកលែងអ្វីទេ ទោះខ្ញុំមិនអាចរកប្រាក់បានក៏ដោយ…ពួកគេបានទូរសព្ទមកខ្ញុំរាល់ថ្ងៃ ឲ្យខ្ញុំរកប្រាក់សងពួកគេ ប៉ុន្តែឲ្យខ្ញុំរកប្រាក់បានយ៉ាងម៉េច បើទីក្រុងបិទខ្ទប់ហើយនោះ?»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s first lockdown sees challenges as number of infections keeps rising