សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំបន់ក្រហមនៅភ្នំពេញបន្តបិទខ្ទប់មួយសប្ដាហ៍ទៀត តែមានទំហំតូចជាងមុន

កម្មកររោងចក្រដើរចេញពីកន្លែងចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កម្មកររោងចក្រដើរចេញពីកន្លែងចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធររាជធានី​ភ្នំពេញ បាន​ប្រ​កាស​បន្ត​​បិទ​ខ្ទប់​មួយសប្តាហ៍ទៀតនៅតំបន់​មួយ​ចំនួន​ រួម​ទាំង​តំបន់​ខ្លះ​ត្រូវ​បាន​បិទខ្ទប់​ជាង​មួយ​ខែមក​ហើយ​។​

ក្នុង​សេចក្ដី​សម្រេច​មួយ​ចុះហត្ថលេខា​ដោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង​ នៅ​ថ្ងៃទី១២ ខែឧសភា បាន​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ការ​កំណត់​ទី​តាំង​តំបន់​លឿង​ក្នុង​ទី​ក្រុង ដែល​ជា​តំបន់​សុវត្ថិភាពក្នុង​ការ​បើក​ឲ្យ​មាន​ដំណើរ​ការ​ជាប្រក្រតីឡើង​វិញ​។​ ប៉ុន្តែ​នៅមាន​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌ​ទួលគោក មានជ័យ ឫស្សីកែវ និង​ពោធិ៍សែន​ជ័យ នៅត្រូវ​កំណត់​ជា​តំបន់​ក្រហម​នៅ​ឡើយ និង​ត្រូវ​ស្ថិត​ក្នុង​ការ​បិទខ្ទប់​រហូត​ដល់​ថ្ងៃទី១៩ ខែឧសភា។ ការ​សម្រេច​បន្ថែម​រយៈពេល​បិទ​ខ្ទប់​នេះ​ ធ្វើ​ឡើង​បន្ទាប់ពីទីក្រុង​ទាំង​មូល​បាន​បិទ​ខ្ទប់​ទាំង​ស្រុង​ពី​ថ្ងៃទី​១៥ ខែមេសា ដល់ថ្ងៃទី​៥​ ខែឧសភា។ តំបន់​ក្រហម​ខ្លះ ត្រូវ​បាន​បិទខ្ទប់​តាំងពី​ថ្ងៃទី​៩​ ខែមេសា។

អ្នក​ស្រី​ កែវ នួន វ័យ​៥២​ឆ្នាំ ជាកម្មករ​រោងចក្រ​រស់​នៅ​បន្ទប់ជួល​ក្នុង​ភូមិទ្រា៤ សង្កាត់​ស្ទឹង​មានជ័យ​៣ ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា អ្នក​ស្រី​បាន​ទទួល​អំណោយជា​ស្បៀងអាហារ​អំឡុង​ពេល​បិទខ្ទប់ក្នុង​រយៈមួយ​ខែមកនេះ​។ អ្នកស្រី បាន​ទទួល​អង្ករ​២៥​គីឡូក្រាម មីមួយកេស ទឹកត្រី និង​ត្រី​ខកំប៉ុង​មួយ​យួរពី​រាជរដ្ឋាភិបាល និង​បាន​អង្ករ​ចំនួន​៥គីឡូក្រាម មី១០​កញ្ចប់ និង​ត្រីខ​បួន​កំប៉ុង ពីអង្គការ​មិនមែន​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នក​ស្រីថា ស្បៀងទាំងនេះ​មិន​គ្រប់​គ្រាន់​នោះទេ​។

អ្នក​ស្រី​​បន្ថែមថា៖ «ពឹង​លើ​ជំនួយ​នេះ យើង​មិន​អាច​មាន​អាហារ​ហូបគ្រប់​គ្រាន់ទេ ពីព្រោះ​ខ្ញុំ​មាន​សមាជិក​ប្រាំនាក់​នៅក្នុង​បន្ទប់​សម្រាប់​រយៈពេល​មួយ​ខែ ប៉ុន្តែប្រសិន​បើគ្រួសារណា​មាន​សមាជិក​ម្នាក់ ឬ​ពីរ​នាក់​ វាអាចគ្រប់…​ឥឡូវនេះ​យើង​មិន​មាន​ប្រាក់​ដើម្បី​ទិញ​ម្ហូប​អាហារទេ ពីព្រោះ​យើង​មិន​បាន​ធ្វើ​ការ​រយៈពេល​មួយ​ខែមក​ហើយ​»។

អ្នក​ស្រី​​ឲ្យ​ដឹង​ដែរថា ទើប​បាន​ទទួល​វិក្កយបត្រ​ថ្លៃជួល​បន្ទប់ និង​ទឹក​ភ្លើង​ហើយ៖ «ប៉ុន្តែ​ខ្ញុំ​មិន​មាន​លុយ​សម្រាប់​បង់នោះទេ»។​

អ្នក​ស្រី បាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ជួយ​ផ្ដល់​ជំនួយ​ជា​ស្បៀង​អាហារបន្ថែម និង​ជួយ​គាំទ្រជា​ថវិកា​ខ្លះផង​​។

អ្នក​ស្រី​ត្អូញត្អែរថា៖ «​ខ្ញុំ​មាន​អារម្មណ៍ធុញថប់ ព្រោះ​នៅ​តែ​ក្នុង​បន្ទប់ ហើយ​យើង​មិន​មាន​អ្វីធ្វើ ហើយ​យើង​មិន​មាន​ចំណូលទៀត…បើសិនជា​អាជ្ញាធរ​បន្ត​បិទខ្ទប់មួយ​សប្ដាហ៍ទៀត យើង​នឹង​ជួប​ការ​លំបាកកាន់​ខ្លាំង»

​កញ្ញា អ៊ុន សុផាន់ណា វ័យ​២៣​ឆ្នាំ ធ្វើការនៅ​ហាងប្តូរ​ប្រាក់ និង​រស់​នៅ​ក្នុង​សង្កាត់ស្ទឹង​មានជ័យ​៣។ កញ្ញា បាន​ឲ្យ​ដឹងថា ខណៈពេល​ដែល​ខ្លួនអាច​រស់នៅ​បាន​ដោយ​ពឹង​ផ្អែក​លើ​ប្រាក់​សន្សំ កញ្ញា ជឿថា ការ​បន្ត​បិទខ្ទប់​មួយ​សប្ដាហ៍​ទៀត ​អ្នក​ជិត​ខាងដែលជាកម្មកររោងចក្រ ​កញ្ញា ជា​ច្រើន​ផ្សេង​ទៀត​អាច​នឹង​ជួប​ការ​លំបាក​។​

កញ្ញា លើក​ឡើងថា៖ «​ខ្ញុំ​គិតថា​បើសិនជា​អាជ្ញាធរ​បន្ត​បិទខ្ទប់​មួយ​សប្ដាហ៍​ទៀត ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​ក្រហម និង​ជាពិសេស​កម្មករ​រោងចក្រ​នឹងជួបការលំបាកច្រើន ពីព្រោះពួកគាត់​មិន​មាន​ប្រាក់​សម្រាប់ទិញ​ម្ហូប និង​បន្លែ»។​

កញ្ញា បន្ថែម​៖ «ទោះបីជា​ពេល​ខ្លះ​ខ្ញុំ​មានអារម្មណ៍ធុញថប់ ប៉ុន្តែខ្ញុំ​នៅ​តែ​គោរពតាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​ស្នាក់​នៅ​ក្នុងបន្ទប់​ដើម្បីជួយ​កាត់​បន្ថយការ​រីករាលដាលកូវីដ១៩»

រថយន្តយោធា ដឹកជំនួយស្បៀងអាហារសម្រាប់ចែកជូនអ្នករស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភាព ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

នៅ​ថ្ងៃអង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា​លើកម្មវិធីជំនួយ​គាំទ្រ​ដល់​គ្រួសារ​មាន​ប្រាក់ចំណូលទាប ដែល​បាន​រង​ការ​លំបាក​អំឡុងពេល និង​ក្រោយ​ពេល​បិទខ្ទប់​។ កម្មវិធី​ជំនួយ​នេះ ក៏​នឹង​ជួយ​ដល់​ក្រុម​គ្រួសារ​ប្រឈម​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​​បន្ទាប់ពីមាន​អ្នក​​ស្លាប់ ឬ​ឆ្លង​កូវីដ១៩​។​

កម្មវិធីជំនួយ​នេះ​ផ្ដោត​សំខាន់​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​ជួបការ​លំបាក​ក្នុងពេល​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​ ត្រូវ​បិទខ្ទប់ និង​ខេត្ត​ព្រះសីហនុ រួម​ទាំង​ក្រុម​គ្រួសារ​អ្នក​បើករថយន្ត កម្មករសំណង់ អ្នក​លក់​ដូរតាមផ្លូវ  អ្នក​រើស​សំរាម និងអ្នក​បម្រើ​ការ​ក្នុង​សេវាកម្សាន្ត​។ ការ​កំណត់​អត្តសញ្ញាណ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​មូល​ដ្ឋាន និង​គាំទ្រ​ដោយ​ក្រុម​ស្ម័គ្រ​ចិត្ត សម្របសម្រួល​ដោយ​ក្រសួង​ផែន​ការ​។ ​

បើតាម​សេចក្ដី​សម្រេច​​នេះឲ្យដឹងថា គ្រួសារ​ដែល​នឹង​ត្រូវ​ទទួលបាន​ជំនួយ​នេះ គឺ​ផ្អែក​លើ​ទំហំគ្រួសារ​នីមួយៗ​។ ចំពោះ​បុគ្គល​ម្នាក់​អាច​ទទួល​បាន​ជំនួយជា​សាច់​ប្រាក់​មួយ​លើក​​ សរុប​១៥៦ ០០០​រៀល សម្រាប់​ថ្លៃអាហារ ទឹក ភ្លើង និង​បន្ទប់​ជួល។ ចំណែក​គ្រួសារ​មាន​គ្នា​ពីរ ឬ​បី​នាក់ អាច​ទទួល​បាន​សាច់​ប្រាក់​ចំនួន​២៤៣ ៧០០​រៀល ហើយ​គ្រួសារ​មាន​សមាជិក​បួន​នាក់ ឬច្រើន​ជាង​នេះ​នឹង​ទទួល​បាន​ប្រាក់​ចំនួន៣១១ ០០០​រៀល មួយ​លើកគត់​ដូចគ្នា។

ដូច​គ្នាដែរ​ សម្រាប់​កម្មករ​កាត់ដេរ សម្លៀកបំពាក់ ដេរស្បែក​ជើង​ និងការបូប អាច​ទទួល​បាន​ជំនួយ​​មួយ​លើកគត់​ចំនួន​១៦០ ០០០​រៀល តាម​រយៈយន្តការ​មាន​ស្រាប់​របស់​ក្រ​សួង​ការងារ។ សម្រាប់អ្នក​មាន​បណ្ណក្រីក្រ នឹង​ទទួលបានជំនួយ​ប្រចាំ​ខែ​។  ​

ចំពោះគ្រួសារ​មាន​សមាជិក​ស្លាប់​ដោយសារ​កូវីដ១៩  រដ្ឋាភិបាល​នឹង​ផ្តល់ជំនួយ​ជា​សាច់ប្រាក់​ចំនួន​ ៣០០ ០០០​រៀល និង​បូក​បន្ថែម​​ថ្លៃទឹក និង​ភ្លើង​ សម្រាប់​រយៈពេល​ប្រាំខែ។ ចំណែក​ គ្រួសារមាន​សមាជិក​ឆ្លង​កូវីដ១៩ នឹង​ទទួល​ជំនួយ​ដូច​ការ​ផ្ដល់​ជូន​អ្នក​ងាយ​រង​គ្រោះ​ផ្សេង​ទៀត ដូច​ដែល​បាន​បញ្ជាក់​ខាង​​លើ​ដែរ​។​

លោក កើត ឆែ អភិបាល​រង​រាជធានីភ្នំពេញ មាន​ប្រសាសន៍ថា ការ​កំណត់​គោល​ដៅ​តំបន់​បិទខ្ទប់ បានធ្វើឲ្យមានការកំណត់តំបន់ដែលឆ្លងកាន់តែច្បាស់ ខណៈពេល​ដែល​តំបន់​ផ្សេង​ទៀត​ក្នុងទីក្រុង​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ជា​ប្រក្រតី​។ លោក បន្ត​ថា​រដ្ឋាភិបាល​បាន​ផ្ដល់ជា​ស្បៀង​អាហារ យ៉ាង​ហោច​ណាស់ម្ដង​ទៅគ្រប់​គ្រួសារដែល​ត្រូវ​ការ​ចាំ​បាច់​នៅ​ក្នុង​តំបន់ក្រហម និង​បន្ត​ចែក​ទៀត​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​។​

លោក​ឲ្យ​ដឹងថា៖ «​បើ​បងប្អូនជួប​បញ្ហាខ្វះស្បៀង សូម​ផ្ដល់ព័ត៌មាន​ទៅ​កាន់អាជ្ញាធរ​ដែល​នៅ​ជិត​ផ្ទះ​របស់​ខ្លួន»

លោក​បន្ថែម​ថា សាលារាជធានី​ក៏​នឹង​រៀបចំកិច្ច​ប្រជុំ​នៅ​ថ្ងៃព្រហស្បតិ៍ ដើម្បី​ពិភាក្សា​រកវិធី​ល្អ​មួយ​ដើម្បី​អនុវត្ត​ផែនការ​ផ្ដល់ជំនួយ​សាច់ប្រាក់​។​

លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​ផ្ដល់ជំនួយ​ឲ្យ​បាន​ឆាប់រហ័ស និង​​លោក​សង្ឃឹមថា​ការ​បង្រួម​នៃ​តំបន់​ក្រហម កាន់តែធ្វើ​ឲ្យ​អាជ្ញាធរ​ងាយ​ស្រួលគ្រប់គ្រងជាងមុន​។​

លោក​បន្ថែមថា៖ «ខ្ញុំ​គិតថា​នៅពេលដែល​តំបន់​ក្រហម និង​លឿងទុំ​បង្រួម​ឲ្យ​នៅតូចជាងមុន រដ្ឋាភិបាល គួរ​តែមានភាព​ងាយ​ស្រួល​ក្នុង​ការគ្រប់គ្រង ដូច​នេះ​ពួកគាត់​នឹង​ផ្ដល់​សេវា​បាន​ឆាប់​រហ័ស»។

នៅថ្ងៃពុធនេះ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថាចំនួន​អ្នក​ឆ្លងកូវីដ១៩ មាន​៤៧២ករណី​បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​ឡើង​ដល់​២០ ៦៩៥​ករណី គិត​តាំង​ពី​ដើម​ឆ្នាំ​២០២០ មក។ ក្រសួង​ឲ្យ​ដឹង​ដែរថា ចំនួន​អ្នក​ជា​សះស្បើយ​មាន​៨ ៥៣៩ករណី និង​អ្នក​ស្លាប់​មាន​ចំនួន​​១៣៦​នាក់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Another week of lockdowns for some Phnom Penh red zones, but area shrinks

507 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម