តំបន់ពីរនៅខេត្តសៀមរាបត្រូវបានប្រកាសជាតំបន់ក្រហមសម្រាប់រយៈពេលពីរសប្តាហ៍ដោយអាជ្ញាធរខេត្ត បន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ កាលពីសប្តាហ៍មុន។ មកទល់ពេលនេះ មនុស្សជាង ១៤០នាក់នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី០៤ ខែមិថុនាមក រួមមានមេឃុំ បុគ្គលិកធនាគារ និងមន្រ្តីនគរបាលមូលដ្ឋាន។ យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។
តំបន់បិទខ្ទប់ចំនួនពីររួមមានភូមិចំនួនបួននៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ក៏ដូចជា ឃុំកំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម។ ឃុំគោកធ្លកក្រោមក្នុងស្រុកជីក្រែង ត្រូវបានកំណត់ជាតំបន់លឿងទុំ ខណៈឃុំកំពង់ក្តី ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសជាតំបន់លឿង។ ការរឹតត្បិតផ្សេងៗនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី ២២ ខែមិថុនា។
បន្ទាប់ពីការប្រកាសនូវវិធានការថ្មីកាលពីយប់ថ្ងៃពុធ ពលរដ្ឋរស់នៅតំបន់ក្រហមត្រូវបានហាមឃាត់មិនឲ្យចាកចេញពីទីលំនៅនាពេលបច្ចុប្បន្ន។ ការធ្វើដំណើរចេញពីផ្ទះគឺ ត្រូវបានអនុញ្ញាតនៅក្នុងករណីបន្ទាន់ផ្នែកសុខភាព ការទៅធ្វើតេស្តរកជំងឺកូវីដ១៩ ឬការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទីពីរប៉ុណ្ណោះ។
អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ស្រុកកំពង់ឃ្លាំងត្រូវបានប្រកាសជាតំបន់ក្រហម ដោយសារមេឃុំ និងក្រុមប្រឹក្សាឃុំពីរនាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
លោកបានមានប្រសាសន៍ថា៖ «ដោយសារពួកគាត់ជាអ្នកផ្តល់សេវាសាធារណៈឲ្យពលរដ្ឋនៅក្នុងតំបន់នោះ ខ្ញុំគិតថា ពួកគាត់មានការប៉ះពាល់ផ្ទាល់ជាមួយនឹងពលរដ្ឋជាច្រើននាក់។ យើងសម្រេចធ្វើការបិទតំបន់នេះ ហើយប្រមូលសំណាកពីពលរដ្ឋទាំងអស់នៅក្នុងតំបន់បិទខ្ទប់»។
ឃុំគោកធ្លកក្រោមក្នុងស្រុកជីក្រែង និងឃុំដំដែកក្នុងស្រុកសូទ្រនិគមត្រូវបានកំណត់ជាតំបន់លឿងទុំ ដោយសារតែមន្រ្តីនគរបាលស្រុកសូទ្រនិគម និងបុគ្គលិកភោជនីយដ្ឋានពិភពធម្មជាតិ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
លោក ទៀ សីហា បានថ្លែងថា៖ «អធិការនគរបាលស្រុកសូទ្រនិគម និងមន្រ្តីប៉ូលិសប្រាំបួននាក់ទៀតបានឆ្លងជំងឺកូវីដ១៩» ដោយបន្ថែមថា មន្រ្តីប៉ូលិសទាំងនោះបានទៅទទួលទានអាហារនៅភោជនីយដ្ឋានពិភពធម្មជាតិ ក្នុងស្រុកជីក្រែង។
ការរឹតត្បិតថ្មីត្រូវបានសង្ឃឹមថា នឹងអាចពន្យឺតការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានការព្រួយបារម្ភថា វីរុសអាចឆ្លងរាតត្បាតទៅកាន់បណ្តាស្រុកដទៃទៀត។
លោក ទៀ សីហា បានមានប្រសាសន៍ថា៖ «យើងសូមអំពាវនាវទៅដល់អ្នកទាំងអស់ដែលបានទទួលទានអាហារនៅភោជនីយដ្ឋាននោះ និងអ្នកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩ ឲ្យទៅផ្តល់សំណាក»។ លោកអភិបាលបានបន្តថា ផ្អែកលើតួលេខដែលលោកទទួលបានកាលពីថ្ងៃពុធ មានមនុស្សរវាង ៣០០ ទៅ៤០០នាក់ ដែលបានទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីមានការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកធ្វើតេស្តវិជ្ជមានកូវីដ១៩។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ប្រសិនបើអ្នកពាក់ព័ន្ធទាំងអស់សហការជាមួយនឹងអាជ្ញាធររបស់យើង យើងអាចគ្រប់គ្រងស្ថានការណ៍នេះបាន»។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោក លី សំរិទ្ធ បានមានប្រសាសន៍ថា មនុស្សសរុបចំនួន ២៩៩នាក់ បានធ្វើតេស្តវិជ្ជមានពីជំងឺកូវីដ១៩ ចាប់តាំងពីការរាតត្បាតក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដោយមានអ្នកជាសះស្បើយ ១០៣នាក់ និងអ្នកស្លាប់បីនាក់មកទល់ពេលនេះ។
លោកបានបន្ថែមថា សេចក្តីសម្រេចរបស់អាជ្ញាធរខេត្តគឺ ជាផ្នែកដោយសារការស្លាប់បុរសម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩ ពីកូនប្រុស ដែលធ្វើការនៅធនាគារអេស៊ីលីដា ក្នុងស្រុកសូទ្រនិគម។
លោកមានប្រសាសន៍ថា៖ «មានអ្នកដែលបានប៉ះពាល់នឹង [បុគ្គលិកធនាគារ] ដោយសារតែគាត់បានទៅកន្លែងជាច្រើន។ នេះនៅតែជាស្ថានភាពស្មុគស្មាញមួយ ដូច្នេះយើងសម្រេចបិទខ្ទប់តំបន់នោះ»។
អភិបាលស្រុកសូទ្រនិគម លោក ម៉ក់ ប្រុស បានប្រាប់ខេមបូចា ថាមានប្រជាពលរដ្ឋជាង ៣.០០០គ្រួសាររស់នៅក្នុងឃុំកំពង់ឃ្លាំង ដែលកំពុងត្រូវបានបិទខ្ទប់។ លោកបានបន្ថែមថា មនុស្សសរុប ៦៣នាក់បានធ្វើតេស្តវិជ្ជមាននៅក្នុងឃុំចាប់តាំងពីថ្ងៃទី០៤ ខែមិថុនាមក និងថាមកទល់ពេលនេះ អាជ្ញាធរបានរកឃើញមនុស្ស ៩៦០នាក់ ដែលអាចប៉ះពាល់នឹងអ្នកកើតជំងឺកូវីដ១៩។ សាខាធនាគារ ABA និងធនាគារអេស៊ីលីដា នៅក្នុងឃុំនេះ ត្រូវបានបិទ បន្ទាប់ពីបុគ្គលិកមួយចំនួនបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
លោក ស វណ្ណារ៉ា អ្នកសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ការរឹតត្បិតនឹងមានផលអវិជ្ជមានមកលើវិស័យទេសចរណ៍ក្នុងស្រុក។
លោក វណ្ណារ៉ា មានប្រសាសន៍ថា៖ «ប្រសិនបើមានតំបន់ក្រហម វិស័យទេសចរណ៍នឹងរងផលប៉ះពាល់ខ្លាំង»។ លោកបានបន្ថែមថា សណ្ឋាគារ និងផ្ទះសំណាក់ប្រហែល ៩០ភាគរយបានបិទដោយសារការរាតត្បាតជំងឺ។
នៅក្រុងភ្នំពេញ ក៏ឃើញមានការកំណត់តំបន់រឹតត្បិតមួយចំនួនឡើងវិញផងដែរ។ កាលពីថ្ងៃពុធ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់តំបន់មួយចំនួនដូចជា ភូមិចោមចៅ៣ ក្នុងសង្កាត់ចោមចៅ២ ក៏ដូចជា ភូមិព្រៃព្រីងខាងជើង២ ភូមិត្រពាំងពោធិ៍ ភូមិជម្ពូវ័ន្ត២ នៃសង្កាត់ចោមចៅ២ នៅក្នុងខណ្ឌពោធិ៍សែនជ័យជាតំបន់លឿងទុំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ការរឹតត្បិតនឹងបន្តរហូតដល់ថ្ងៃទី២៣ ខែមិថុនា។
ពលរដ្ឋរស់នៅតំបន់លឿងទុំមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះ លើកលែងតែទៅទិញអាហារ និងរបស់របរសំខាន់តែប៉ុណ្ណោះ ឬអាចទៅធ្វើការ ប្រសិនបើមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤២៦ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣៦.៦៦៦នាក់ ចាប់តាំងពីការរាតត្បាតជំងឺកាលពីដើមឆ្នាំ ២០២០។ ភាគច្រើននៃករណីឆ្លងនេះត្រូវបានកំណត់ឡើងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ នៅពេលដែលមានការឆ្លងនៅក្នុងសហគមន៍។ ក្រសួងក៏បានបង្ហាញចំនួនអ្នកជាសះស្បើយចំនួន ២៩.៨០៧នាក់ និងអ្នកស្លាប់ ៣០០នាក់ផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Siem Reap announces new red zones after public officials test positive