សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យោធាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នករស់នៅតំបន់ក្រហមនៅចុងសប្ដាហ៍នេះ

របាំងដែកដាក់លើស្ពានក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
របាំងដែកដាក់លើស្ពានក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋាភិបាល​នៅ​ថ្ងៃទី​១ ខែឧសភា ខាង​មុខ​​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដល់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់ក្រហម ដែល​ជា​តំបន់មាន​វិធានការ​តឹង​រឹង​ក្នុង​ពេល​បិទខ្ទប់ ដោយសារ​តែ​តំបន់​នេះមាន​កម្រិត​ឆ្លង​កូវីដ១៩​ខ្ពស់​។

លោក ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និងជានាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ត្រូវ​បាន​ចាត់តាំង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​។

លោក ឥត សារ៉ាត់ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ថា៖ «​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​ក្រហម​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែឧសភា»

លោក ឥត សារ៉ាត់ មានប្រសាសន៍ថា យុទ្ធនាការ​នេះ​នឹង​ដឹក​នាំ​ដោយ​ក្រសួង​ការពារជាតិ និង​មានជំនួយ​ពី​ក្រសួង​សុខាភិបាល ក្រសួង​ការ​ងារ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប៉ុន្តែ​លោក​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​​។​

​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល​មាន​ប្រ​សាសន៍​ថា​វ៉ាក់សាំង​ប្រភេទ​ ស៊ីណូហ្វាម (Sinopharm) ចំនួន​ ៤០ម៉ឺនដូស​បាន​មក​ដល់កម្ពុជា​កាលពី​យប់​ថ្ងៃពុធ និង​បាន​រៀបចំ​ទុក​សម្រាប់​ចាក់​ជូក​អ្នក​នៅ​តំបន់​ក្រហម​។

​លោកស្រី បញ្ជាក់ថា៖ «រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រូប​ខ្ញុំ បានពិភាក្សា[បញ្ហានេះ]​និង​បាន​សម្រេច​​ឲ្យគ្រូពេទ្យ​​របស់​ក្រសួង​ការពារ​ជាតិ​ជួយ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំងចំនួនបួនខណ្ឌ រួម​មាន​ខណ្ឌកំបូល ខណ្ឌពោធិ៍​សែន​ជ័យ ខណ្ឌមានជ័យ និង​ខណ្ឌដង្កោរ»

​លោកស្រីថា នៅ​ពេល​វ៉ាក់សាំង​បន្ទាប់​មក​ដល់ ក្រសួងសុខាភិបាល​នឹង​បើក​យុទ្ធនាការ​ចាក់វ៉ាក់​​​នៅតំបន់​ផ្សេង​ទៀត​​។

​លោកស្រី​បន្តថា៖ «​យើង​កំពុង​រៀប​តែត្រៀម​យុទ្ធនាការចាក់វ៉ាក់សាំង​​ទ្រង់​ទ្រាយ​ធំ​សម្រាប់​ខណ្ឌផ្សេងទៀតក្រៅពីខណ្ឌទាំង​បួននេះ»។

​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រ​សួង​ការងារ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មានអន្តរ​ក្រសួង​​កាលពី​ថ្ងៃពុធ​ នៅ​ក្រសួងយុត្តិធម៌​ថា ក្រសួង​កំពុង​សម្លឹង​មើល​លើ​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​តំបន់ក្រហម​ឡើង​វិញ ដែល​​តំបន់នេះ​សម្បូរ​រោងចក្រ​ជា​ងគេ​នៅ​រាជធានីភ្នំពេញ​។​

​លោក​បន្ថែមថា៖ «​ក្រ​សួង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួង​ការពារ​ជាតិ ដើម្បី​រៀបចំចាក់វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​ក្រហម ដែល​មាន​ទាំង​កម្មករ និង​ប្រ​ជា​ពល​រដ្ឋ​»។​

​នៅ​ថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរ​មូល​ដ្ឋាន​បាន​ពង្រឹង​ការ​គ្រប់​គ្រង​ប្រជា​ពល​រដ្ឋ​នៅខាង​​ក្នុង និងខាង​​ក្រៅ​តំបន់​ក្រហម ដោយ​បាន​ប្ដូរ​ពី​ការ​ប្រើ​របាំង​ដែក​ដាក់​នៅ​លើ​ផ្លូវ​មួយ​ចំនួន​មក​ជា​របាំង​ថ្ម​វិញ​។​

​លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ មាន​ប្រ​សាសន៍ថា​ ការ​បិទផ្លូវ​ជាប់​បែបនេះ​អាច​ជួយ​កាត់​បន្ថយ​ចំនួន​មន្ត្រី​នគរ​បាល​មក​ឈរ​ចាំ​យាម​នៅ​លើ​ដង​ផ្លូវ ដោយ​ថា​កង​កម្លាំង​បាន​យាម​កាម​​ប្រជា​ពល​រដ្ឋ​ទាំង​យប់ទាំង​ថ្ងៃ ហើយដូច្នេះ​ពួកគេអាចមានពេលផ្លាស់ប្តូរវេនគ្នាបាន។​

​លោក​បន្ថែម​ថាការ​កើន​ឡើង​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​​កូវីដ​១៩ សម្រាប់​អ្នក​រស់​នៅ​ក្នុង​តំបន់​ក្រហម ព្រមជាមួយនឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ការ​ទប់​ស្កាត់​បាន​ល្អរបស់​កងកម្លាំង នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ថា​វិធានការ​បិទ​ខ្ទប់​នឹង​អាច​បិទ​បញ្ចប់​នៅ​ពេលឆាប់ៗ​ខាង​មុខ​។ ខណៈពេល​ដែល​ទីក្រុង​ភ្នំពេញ​ត្រូវ​បិទខ្ទប់​នៅថ្ងៃទី​១៥ ខែមេសា តំបន់ក្រហម​ត្រូវ​បានបិទ​តាំង​ពីថ្ងៃទី១០ ខែមេសា ​បន្ទាប់​ពី​មានការ​ឆ្លង​ខ្លាំងក្នុង​ចំណោម​កម្មករ​រោងចក្រ​កាត់ដេរ​។

​លោក​បន្ត​ថា៖ «យើង​ធ្វើ​អ្វីៗ ព្រោះ​យើង​ចង់​ឲ្យ​តំបន់​នោះ​ធូរស្រាលឡើង​វិញ»។ លោក​ថា​នៅពេល​ដែល​​អត្រាឆ្លង​ធ្លាក់ចុះ​ តំបន់នោះអាចនឹងប្រែក្លាយទៅជាតំបន់​លឿង​ទុំ​​ ឬតំបន់​លឿង​វិញ​។ លោក​អំពាវនាវថា៖​«​ដូច្នេះសូម​ប្រ​ជា​ពល​រដ្ឋ​ស៊ូលំបាក​ក្នុង​រយៈពេល​ខ្លី ប្រសើរជាងលំបាក្នុង​រយៈពេល​វែង​»។​

អាជ្ញាធរពិនិត្យខ្សែបិទផ្លូវនៅក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អាជ្ញាធរពិនិត្យខ្សែបិទផ្លូវនៅក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

នៅ​ប្រ​ហែល​ជាម៉ោង​១០ និង​៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ គេឃើញ​មាន​កងកម្លាំង​ប្រហែល​១០​នាក់ មាន​ទាំង​កងរាជអាវុធហត្ថ និង​ប្រជាការពារភូមិផង បាន​ដក​របាំង​ដែក​បិទ​ផ្លូវ​ចេញ​នៅ​ព្រំ​ប្រទល់​សង្កាត់ចោម​ចៅ១ ជា​តំបន់​ក្រហម ហើយ​ជំនួស​វិញ​ដោយ​របាំង​ថ្ម​​​និងលូស៊ីម៉ង់។​

លោក ប៊ុន វិបុល កងរាជអាវុធហត្ថ​ម្នាក់​កំពុង​យាម​នៅ​លើ​ផ្លូវជិត​បន្ទាយ​ទ័ពអាកាស​ត្រង់ចំណុចព្រំប្រទល់​សង្កាត់ចោមចៅ១ បាន​ឲ្យ​ដឹងថា​ពួកលោក​ប្ដូរ​របាំង​បិទ​ផ្លូវ​បែបនេះ​ ព្រោះ​ពួក​លោក​ចង់​បន្ថយ​ចំនួន​អ្នក​យាម​នៅ​ចំណុចនោះ​។

លោក​បន្ថែមថា៖ «​យើង​ដាក់​វាដូច​នេះ ព្រោះ​យើង​មិ​នចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ចេញ​ ចូល​ច្រើន​នៅ​លើ​ផ្លូវនេះ…​យើង​ធ្វើ​អ្វី​ៗ​ទៅ​តាម​ថ្នាក់​លើ​របស់​យើង»។​

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព គាំទ្រ​ចំពោះ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​របស់​​របស់​រដ្ឋាភិបាល​សម្រាប់​ពល​រដ្ឋ​នៅ​តំបន់​ក្រហម។​​

លោកស្រី បន្ថែមថា៖ «​ខ្ញុំគាំទ្រ​ចំពោះ​ការ​ពង្រីង​វិសាលភាព​ការទទួលបាន​វ៉ាក់សាំង​ពី​សំណាក់​ប្រ​ជាពល​រដ្ឋ​នៅ​តំបន់​ក្រហម​ ប៉ុន្តែ​ខ្ញុំ​ស្នើ​ឲ្យ​[រដ្ឋាភិបាល] គួរ​តែ​រៀបចំឲ្យ​បាន​ច្បាស់​លាស់​ បង្ក​ភាព​ងាយ​ស្រួល​ដល់ប្រជា​ពល​រដ្ឋ​អាច​រក្សា​គម្លាត​សុវត្ថិភាព​បាន»

 កាលពី​ថ្ងៃសៅរ៍កន្លងទៅ​​មាន​ភាព​ច្របូក​ច្របល់កើតឡើង​​ពេល​ដែល​រដ្ឋាភិបាល​បញ្ជា​ឲ្យ​គ្រប់គ្នា​រស់​នៅ​ក្នុង​តំបន់ក្រហម​ត្រូវ​ធ្វើតេស្ត​កូវីដ១៩ ឬ​បើ​មិន​ទៅ​នឹង​ត្រូវ​ផាក​ពិន័យ​។ ប្រជា​ពល​រដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ច្រើន​នៅ​ទីតាំង​យកសំណាក​​ អាចបង្កជាហានីភ័យនៃការឆ្លង នាំឲ្យ​រដ្ឋាភិបាល​សម្រេចជា​ថ្មី កំណត់​តែ​អ្នក​ដែល​ត្រូវ​យក​សំណាក​ធ្វើតេស្ត​វិញ​។​

លោកស្រី សុភាព ក៏​លើក​ជាសំណួរ​ទាក់ទង​នឹង​ការ​ផ្លាស់​ប្ដូរ​របាំងបិទ​ផ្លូវ​នេះដែរ ដោយថា​របាំង​ថ្ម គឺធ្ងន់​ពិបាក​លើកចុះឡើងបើសិន​ជាមាន​បញ្ហា​បន្ទាន់​ណាមួយ​។

លោកស្រី​លើក​ឡើងថា៖​«ឧបមា​ថា​បើ​មាន​ករណីអគ្គិភ័យ ឬ​ប្រជា​ពល​រដ្ឋ​ត្រូវ​ចេញក្រៅបន្ទាន់ដោយសារ​បញ្ហា​សុខភាព តើអាជ្ញាធរ​អាច​ជួយ​អ្នក​ទាំង​នោះ​ទាន់ពេល​ ឬអត់ ប្រសិន​បើ​ពួកគាត់​បិទ​ផ្លូវក្នុង​ភូមិ​បែបនេះ? អាជ្ញាធរ​គួរ​តែ​ពិចារណា​ចំណុចនេះ​ឡើង​វិញ»។​

លោកស្រី​ បន្ថែមថា ប្រ​ជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ជា​ច្រើន​នាក់​បន្ត​រងគ្រោះ​ដោយ​ការ​ខ្វះស្បៀងអាហារ ព្រោះអ្នក​ទាំង​នោះបាត់​បង់​ប្រាក់ចំណូល ដោយ​លោក​ស្រី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ចែក​ស្បៀង ឬជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​ទាំង​នោះ​។

វ៉ាក់សាំង​ស៊ីណូហ្វាម ចំនួន​ ៤០ម៉ឺន​ដូស​ បាន​មក​ដល់​កម្ពុជា​កាលពី​យប់​ថ្ងៃពុធ ដែលជា​ជំនួយ​របស់​ចិន ដោយ​គិត​ទាំង​លើកនេះទៀត នេះជាជំនួយ​លើកទី​បី​ហើយ ដែល​កម្ពុជា​​ទទួល​បាន​ពីរដ្ឋាភិបាល​ចិន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោកស្រី យ៉ក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

គិត​មក​ដល់ពេល​នេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ១៩ សរុប​ចំនួន​ ៣,៧​លាន​ដូសពីប្រទេស​ចិន​តាម​រយៈ​ជំនួយ និង​ការ​បញ្ជាទិញ ក្នុង​នោះ​មាន​១,៧លាន​ដូស ជាវ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម និង​ពីរ​លាន​ដូស​ផ្សេង​ទៀត​ជា​ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac)។​

លោកស្រី យ៉ក់ សម្បត្តិ មានប្រសាសន៍ថា​វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់ មួយ​លាន​ដូស​ផ្សេង​ទៀត​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែឧសភា ខាងមុខ។​

ក្រ​សួង​សុខាភិបាល​នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​ឲ្យ​ដឹងថា​អ្នក​ឆ្លង​កូវីដ​១៩ ថ្មី​មាន​ចំនួន​៨៨០​ករណីជា​ការ​ឆ្លង​ក្នុង​សហគមន៍ទាំង​អស់ និង​ចំនួន​អ្នកស្លាប់​ឡើង​ដល់​៩១​នាក់ ។ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ក្នុង​សហគមន៍​ព្រឹត្តិការណ៍​២០ កុម្ភៈ មាន​ចំនូន​១២ ០៩០​ករណី នាំ​ឲ្យ​ចំនួន​ឆ្លងសរុប​មាន​ដល់​១២ ៦៤១​ករណី គិត​ចាប់​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​រាលដាល​កូវីដ១៩ តាំងពី​ដើម​ឆ្នាំ​២០២០​ មក​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Military to run red zone vaccination campaign starting next week

333 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម