សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលបិទខ្ទប់ខេត្តជាប់ព្រំដែន និងប្រកាសវិធានការរឹតបន្តឹងថ្មីទូទាំងប្រទេស ដោយបារម្ភការរាលដាលវីរុសបំប្លែងថ្មី Delta

មន្ត្រីនគរបាលដាក់របាំងបិទផ្លូវអំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
មន្ត្រីនគរបាលដាក់របាំងបិទផ្លូវអំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទខ្ទប់​ខេត្តជាប់ព្រំ​ដែន​ថៃ​ចំនួន​ប្រាំបី ដើម្បី​ទប់​ស្កាត់ការឆ្លងរាលដាល​វីរុសកូវីដ១៩ បំប្លែង​ថ្មី Delta និង​បានដាក់​ចេញ​វិធានការ​រឹតបន្តឹង​លើ​ភោជនីដ្ឋាន រោងភាពយន្ត សារមន្ទីរ និង​កន្លែងកម្សាន្ត​នានា ក៏​ដូច​ជា​ដាក់​បំរាម​គោចរ ស្របពេល​ដែល​ករណី​ឆ្លង​នៅប្រទេស​ថៃ​កំពុង​ឡើង​ខ្ពស់​។​

កាលពី​យប់​ថ្ងៃពុធ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ខ្ទប់​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង ពោធិ៍សាត់ ព្រះវិហារ និង​ខេត្ត​សៀម​រាប សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១២ ខែសីហា​។

​ដូច​ទៅ​នឹង​វិធានការបិទ​ខ្ទប់​លើក​មុន​ដែរ កម្រិត​នៃ​ភាព​តឹង​រឹង​មាន​ផ្សេងៗ​គ្នា មាន​តំបន់​ក្រហម តំបន់លឿង និង​តំបន់​លឿង​ទុំ ត្រូវ​កំណត់​ដោយ​ផ្អែក​លើករណី​ឆ្លង​ក្នុង​តំបន់​នីមួយៗ។​

ក្នុង​សេចក្ដី​សម្រេច បាន​កំណត់​ថា​កន្លែង​ណា​មាន​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Delta ត្រូវ​ដាក់​ដោយ​ស្វ័យប្រវត្ត​ជា​តំបន់​ក្រហម ឬលឿងទុំ​។

បទបញ្ជា​នេះ ក៏​បាន​តម្រូវ​ឲ្យ​គណៈបញ្ជាការ​ខេត្ត​ទាំង​អស់​ត្រូវ​គ្រប់​គ្រង​ការធ្វើ​ដំណើរពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផង​ដែរ​។

​បន្ថែម​ពី​នេះ ក៏​បាន​ណែ​នាំ​ឲ្យ​អាជ្ញាធរ​គ្រប់ខេត្ត​ សម្របសម្រួល​ជាមួយ​អាជ្ញាធរថៃ​ឲ្យ​ជួយ​ថែទាំសុខភាពពល​ករ​ខ្មែរ​​ឆ្លង​កូវីដ១៩ មុន​នឹង​បញ្ជូន​ពួកគេ​ឲ្យ​មក​កម្ពុជា​វិញ ក៏​ដូច​ជា​សម្រប​សម្រួល​ឲ្យ​ពល​ករ​ដែលមាន​បំណង​​ត្រឡប់​មក​កម្ពុជា​វិញ ត្រូវ​ពន្យារ​ពេល​ការ​វិលត្រឡប់​សិន រហូត​វិធានការ​បិទ​ខ្ទប់​ត្រូវ​បាន​បញ្ចប់។

សេចក្ដី​សម្រេច​នេះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​កម្ពុជា ធ្វើ​ការ​ជា​បន្ទាន់​ជាមួយ​ភាគី​ថៃ ដើម្បី​បិទព្រំ​ដែន​បណ្ដោះអាសន្ន​លើ​គ្រប់​អ្នក​ធ្វើ​ដំណើរ លើក​លែង​តែ​ការ​ដឹកទំនិញ​ឆ្លង​កាត់​។ ខណៈ​ភាគីថៃ បាន​បិទព្រំដែន​យូរ​មក​ហើយ ភាគីកម្ពុជា​កន្លង​មក​នៅ​បន្ត​បើក​ សម្រាប់ទទួល​ពល​ករ​ខ្មែរ​ត្រឡប់​ពី​ថៃ​មកវិញ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាលកាលពីថ្ងៃទី២៧ ខែកក្កដា ករណី​ឆ្លង​កូវីដ១៩ បំប្លែងថ្មី Delta ចំនួន​៣៩ករណី គឺ​នៅ​ក្នុង​ខេត្តចំនួនប្រាំ​ខាង​លើ​។​

​លិខិត​ជូន​ដំណឹង​​មួយរបស់​ខេត្ត​បន្ទាយ​មានជ័យ ​ចុះហត្ថលេខា​ដោយលោក អភិបាល​ខេត្ត​ លោក អ៊ុំ រាត្រី បាន​លើក​ឡើងថា​ រដ្ឋបាល​ខេត្ត​បាន​បិទ​ច្រកព្រំ​ដែន​រវាង​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្តស្រះកែវ​ ប្រទេសថៃ ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា​។​

​លិខិតជូន​ដំណឹង​បានសរសេរថា៖ «សូម​ជម្រាប​មក​ដល់​អភិបាលខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រថៃ​អំពីការ​បិទព្រំដែន​ជា​បណ្ដោះ​អាសន្ន​ចាប់ពី​ម៉ោង​២៣:៥៩​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២១ រហូត​ដល់ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ សម្រាប់​ការ​ចេញ​ចូល​(កម្មករ អាជីវកម្ម និង​ពាណិជ្ជករ) លើក​លែង​តែ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ករណី​ពិសេស​ដែល​មាន​ការអនុញ្ញាត​ពីអាជ្ញាធរ​ពាក់​ព័តន្ធ ដូចជា​ករណីឈឺ​ត្រូវ​សង្គ្រោះបន្ទាន់»។

ដូច​គ្នា​ដែរ នៅ​ថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​មាន​ការ​ផ្អាក​ដំណើរ​ការជីវកម្ម​​កម្សាន្ត​ទូទាំង​ប្រទេសរួម​មាន​រមនីយដ្ឋាន សារមន្ទីរ រោងភាពយន្ត និងក្លឹម​ហាត់​ប្រាណ​។ សម្រាប់​ភោជនី​ដ្ឋាន​វិញ អនុញ្ញាត​ឲ្យ​នៅ​បើក​ដំណើ​រ​ការ​ជា​ធម្មតា ប៉ុន្តែ​សម្រាប់​តែ​ការ​វេចខ្ចប់​តែប៉ុណ្ណោះ​។​

រដ្ឋាភិបាល​ក៏បានប្រកាសពី​ការ​ដាក់​បំរាមគោចរ​ សម្រាប់​ទីក្រុង​ភ្នំពេញ ក៏ដូច​ជា​ខេត្ត​នានា ដោយ​គិត​ចាប់ពី​ម៉ោង​៩យប់ ដល់​ម៉ោង​៣ទាបភ្លឺ លើក​លែង​តែ​ករណី​បន្ទាន់​ណាមួយ​។​

រដ្ឋបាលរាជធានីភ្នំពេញ បាន​ចេញ​សេចក្ដីប្រកាស​មួយ​អំពី​ការ​ដាក់​បំរាម​គោចរ​ចំនួន ​១៤ថ្ងៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​ចាក​ចេញ​ពីផ្ទះ​នៅ​ចន្លោះម៉ោង ៩​យប់ ដល់​ម៉ោង ៣ទាប​ភ្លឺ​។​

លោក រឿន សុធី អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ចំនួន​ពល​ករ​ខ្មែរ​វិលត្រឡប់មកពី​ប្រទេស​ថៃមានការ​កើនឡើង​ក្នុង​ខែ​មិថុនានិងកក្កដា​នេះ ដោយ​ថា​មាន​ប្រហែល​៤០០​ ទៅ​ ៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​។

លោក​មាន​ប្រសាសន៍​ថា ចំនួន​អ្នក​វិជ្ជមានកូវីដ១៩ សរុប​ ១០៨៥៤​ករណី ក្នុង​នោះ​មាន​ជាង​ ៣៥០០​ករណី​ជា​ពល​ករ​ខ្មែរ​ត្រឡប់ពី​ប្រទេស​ថៃ គិត​តាំងពី​មាន​ព្រឹត្តិការណ៍​ ២០កុម្ភៈ និង​ថា​ជាង​ ៤០០០​នាក់​ផ្សេង​ទៀត​កំពុង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ខេត្ត​។​​

លោក​មានប្រសាសន៍ថា៖ «អ្នក​ឆ្លង​វីរុសកូវីដ១៩ បំប្លែង​ថ្មី Delta មានចំនួន​១៨​ករណី​ប៉ុណ្ណោះ ក្នុងខេត្ត​បន្ទាយមានជ័យ​ ដែលអ្នក​ទាំង​នោះ​ត្រឡប់​មកពី​ប្រទេស​ថៃ​ចាប់តាំងពីខែ​មេសា»។​

លោក​ឲ្យ​ដឹង​ដែរថា កាល​មុន​ខែ​មិថុនា អ្នក​ឆ្លង​កូវីដ១៩ ជា​អ្នក​នៅ​ក្នុង​សហគមន៍ ប៉ុន្តែ​ថា​គិត​តាំងពីខែមិថុនា មក​ករណី​ឆ្លង​ភាគ​ច្រើន​មាន​ទាក់ទង​នឹង​ពលករ​ខ្មែរ​ត្រឡប់​ពីប្រទេស​ថៃ​។​

លោក​​លើក​ឡើង​ថា៖ «​ការបិទ​ខ្ទប់​អាច​ជួយ​កាត់​បន្ថយ​ការឆ្លង​រាលដាល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ Delta ​ចូល​ក្នុង​សហគមន៍»។​

លោក​ សឿម ប៊ុនរិទ្ធ អភិបាលរង និង​ជាអ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​បាត់​ដំបង មាន​ប្រសាសន៍ថា ករណី​ឆ្លងភាគច្រើន​កើត​មាន​តែ​លើ​អ្នក​រស់នៅ​ក្នុង​សហគមន៍ និងលើ​​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្ត​ផ្សេង ខណៈ​ពល​ករ​ខ្មែរ​មិន​សូវ​មាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​វិញ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​ខេត្ត​បាត់​ដំបង​នោះទេ​។​

លោកឲ្យដឹង​ថា​៖​«កាលពី​ថ្ងៃពុធ មនុស្ស​ចំនួន​ ១២៥​នាក់ តេស្ត​វិជ្ជមានកូវីដ១៩ ក្នុង​នោះ​មាន​ពល​ករ​​ចំនួន​៣៨​នាក់​ផង​»។​

លោក​បន្ថែម​ថា ករណី​ឆ្លង​វីរុសកូវីដ១៩ បំប្លែង​ថ្មី​ Delta មាន​ចំនួន​ប្រាំបី​ករណី កើត​ឡើង​ក្នុង​ខែឧសភា និង​ខែ​មិថុនា ហើយ​អ្នក​ទាំង​នោះ ក៏បានជាសះស្បើយ​ហើយ​ដែរ​។

លោក ទូ សាវុធ អភិបាល​រង​ខេត្តកោះកុង បាន​ប្រាប់ខេមបូចា ថាតាំងពី​មានការ​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ១៩ ដំបូង​មក មាន​អ្នក​ឆ្លង​សរុប​ចំនួន​ ៣៩៧៨​ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ​២១​នាក់ គិត​មក​ដល់​ពេល​នេះ។​​

លោកមាន​ប្រសាសន៍ថា៖ «ជា​ទូទៅ ពល​ករ​នៅ​តែ​ត្រឡប់មកវិញជាបន្ត​បន្ទាប់ ប៉ុន្តែ​មាន​ចំនួន​តិច នៅ​ថ្ងៃខ្លះមានពីរ ឬបី ឬ​បួន​នាក់»។ លោក​ថា​នៅ​តាម​ច្រក​ព្រំ​ដែន មានការ​ត្រួត​ពិនិត្យ និង​រឹត​បន្តឹង​លើ​អ្នកធ្វើ​ដំណើរ ក៏ដូច​ជា​ពលករ​ដែល​ត្រូវ​ចូល​មក​ស្រុក​វិញ​។​

លោក​បានបន្ថែមថា៖ «​ពេល​ដែល​ពួកគេ​មក​ដល់ យើងធ្វើ​តេស្ត​រហ័សសិន បើ​ពួកគេ​មាន​វិជ្ជមាន យើង​នាំពួកគេ​ទៅ​កាន់​មណ្ឌល​ និង​មិន​ឲ្យ​ពួក​គេ​ទៅ​តាម​ស្រុកនិង​ភូមិទេ»។​

ប្រ​ជា​ពល​រដ្ឋ​​ដែល​ត្រូវ​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ១៩ ត្រូវបញ្ជូន​ទៅ​មណ្ឌលព្យាបាល​ក្នុង​សហគមន៍ ខណៈ​ពល​ករ​មកពី​ប្រទេស​ថៃ​ដែល​មាន​វិជ្ជមានកូវីដ១៩ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ដាច់ដោយឡែក​សម្រាប់​អ្នក​ទាំង​នោះ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុសបំប្លែងថ្មី Delta។

លោក នី​ សុខា ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសានស៍ថា វិធានការបិទខ្ទប់​ គឺ​ចាំបាច់ ដើម្បី​ការពារ​ការ​ឆ្លង​រាល​ដាល​បន្ថែម​ទៀត ប៉ុន្តែ​លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ធានា​ថា​ប្រជា​ពល​រដ្ឋ​មាន​អាហារ​គ្រប់គ្រាន់ ខណៈ​ការ​ប្រកប​ការងារ​ត្រូវ​កាត់​ផ្ដាច់​។

លោក​បន្ថែម​ថា៖ «​រដ្ឋាភិបាល​ត្រូវ​តែ​ផ្ដល់​ម្ហូប​អាហារ​ដល់​ប្រជពល​រដ្ឋ​ប្រចាំថ្ងៃ និង​ជា​ពិសេស​ត្រូវ​ជួយ​ដល់​អ្នក​ដែល​រក​មួយ​ថ្ងៃ​សម្រាប់​ហូបតែ​មួយ​ថ្ងៃ ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​»។​

ចំណែក​លោក មឿន តុលា ប្រ​ធានអង្គការ​សង់ត្រាល់ ប្រាប់ខេមបូចា ដែរថា​ការ​បិទ​ខ្ទប់នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ទទួល​ស្គាល់​របស់​រដ្ឋាភិបាល​លើ​ភាព​គ្រោះ​ថ្នាក់​របស់​វីរុស​បំប្លែង​ថ្មី Delta។

លោកមានប្រសាសន៍ថា៖​«ដោយសារ​តែ​ខ្លាច​ឆ្លង​កូវីដ១៩ និង​ការ​​បាត់​បង់​ការងារ​ដោយ​សារ​វិបត្តិកូវីដ១៩ ពល​ករ​ខ្មែរ​ជាច្រើន​បាន​ត្រឡប់ពីប្រទេសថៃវិញ។ ដូច​នេះ រដ្ឋាភិបាល​កម្ពុជា ជាពិសេស​អាជ្ញាធរ​ខេត្ត​តាមព្រំដែន គួរតែ​ពង្រីក​មណ្ឌល​ធ្វើចត្តាឡីស័ក និង​ជួយ​ផ្ដល់​ជំនួយ​ដល់​អ្នក​ទាំង​នោះ​ពេល​ជាប់​ធ្វើ​ចត្តាឡីស័ក​»។​

នៅថ្ងៃសុក្រនេះ ក្រសួង​សុខាភិបាល​ឲ្យ​ដឹងថាមានករណី​ឆ្លងកូវីដ១៩ ចំនួន​ ៦៦៨​ករណី​ថ្មី ក្នុង​នោះ​មាន​២៤០ ជា​ករណី​នាំចូល ដែលធ្វើឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​គិត​តាំងពី​ដើម​ឆ្នាំ​២០២០ មក​ឡើង​ដល់​ ៧៦៥៥៨​ករណី ក្នុង​នោះ​​ករណី​នាំចូល ១០២៨៩ករណី​។ ចំនួន​ករណី​ឆ្លង​ភាគច្រើន កើន​ឡើង​ក្រោយ​មាន​ព្រឹត្តិការណ៍​២០កុម្ភៈ ជាពេល​ដែល​ការផ្ទុះ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​កើត​មាន​ដំបូងនៅ​កម្ពុជា​។ ក្រសួងឲ្យ​ដឹង​ដែរថា អ្នក​ជាសះស្បើយ​មានជំនួន ៦៩១៩៨នាក់ និង​អ្នក​ស្លាប់​មានចំនួន ​១៣៧៥​នាក់​។​ (រាយការណ៍​បន្ថែម​ដោយ ជា សុខនី និង ង៉ាយ ណៃ​)​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t locks down border provinces, and announces new nationwide restrictions, amid fears of spreading Delta variant

346 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម