សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលចង់ដកតំបន់គ្មានព្រៃនៅជម្រកសត្វព្រៃភ្នំតាម៉ៅចេញពីការព័ទ្ធរបង

របងលួសបន្លាព័ទ្ធជុំវិញសួនជម្រើសរុក្ខជាតិនៅភ្នំតាម៉ៅដែលគ្មានដើមឈើ នៅថ្ងៃ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣។ (Andrew Califf/ខេមបូចា)
របងលួសបន្លាព័ទ្ធជុំវិញសួនជម្រើសរុក្ខជាតិនៅភ្នំតាម៉ៅដែលគ្មានដើមឈើ នៅថ្ងៃ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣។ (Andrew Califf/ខេមបូចា)

អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង រដ្ឋ​បាល​ព្រៃឈើ ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​សង់​របង​ព័ទ្ធ​​ជុំវិញ​ជម្រក​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ ក្នុង​ខេត្ត​តាកែវ ដោយ​មាន​មន្ត្រី​រដ្ឋាភិបាល​ចង់​ដក​តំបន់​គ្មាន​ដើម​ឈើ​​​ចេញ​ពី​ជម្រក​សត្វ​ព្រៃ​​នេះ​ ដែល​ពេល​នេះ​ជា​សួន​ជម្រើស​រុក្ខ​ជាតិ​។

តំបន់​ភាគឦសាន​នៃ​ភ្នំតាម៉ៅ​ ត្រូវ​បាន​ឈូស​ឆាយ​ព្រៃ​​កាល​ពី​ឆ្នាំមុន ហើយ​​ទុក​សម្រាប់​អភិវឌ្ឍ​អចលន​ទ្រព្យ ដោយមាន​ផ្ទៃដី​ជិត ១ ៥០០ ហិកតា ត្រូវ​បាន​ឈូស​ឆាយ​អស់​ដើម​ឈើ​​​​​ត្រឹម​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ អន្តរាគមន៍ បន្ទាប់​ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​​ទទូច​សុំ​ឲ្យ​ការ​ពារ​ព្រៃ​ឈើ។

ព្រះ​រាជ​ក្រឹត្យ​​ចុះ​ហត្ថលេខា​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ​បាន​បង្កើត​​​​ដែន​​ជម្រក​សត្វ​ព្រៃ​​ភ្នំតាម៉ៅ​ និង​សួន​ជម្រើស​​រុក្ខ​ជាតិ​ ដែល​​ការ​ពារ​ផ្ទៃ​​ដី​ប្រមាណ ២​ពាន់​ហិកតា។ ការព្យាយា​មដាំដើមឈើឡើង​វិញត្រូវបានដឹកនាំ​ដោយអង្គភាពអង្គរក្សរបស់លោក​នាយករដ្ឋមន្ត្រី ដោយ​តំបន់​ដែល​អស់​ព្រៃ​ឈើ​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​សួន​ដាំ​ដើម​ឈើ​ឡើង​វិញ ឬ​សួន​ជម្រើស​រុក្ខ​ជាតិ។​

លោក Nick Marx នាយកផ្នែក​សង្គ្រោះ និង​ថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធ​សត្វ​ព្រៃ​ បាន​និយាយ​ថា នៅសប្តាហ៍នេះ អង្គការ​កំពុង​សង់​របង​​លួស​បន្លា​កម្ពស់៣ ម៉ែត្រ​នៅ​​ភ្នំតា​ម៉ៅ ដោយ​មាន​ការសាងសង់​ចាប់ផ្តើមពី​ជាយ​ភាគ​និរ​តីនៃ​តំបន់ការពារ និង​ឆ្ពោះ​ទៅ​ទិស​ខាងជើង។

លោក Marx បាន​​និយាយ​​ថា អង្គ​​ការ​នេះគ្រោងនឹងសង់​របង​ជុំវិញដែនជម្រកសត្វព្រៃទាំង​មូល​ និង​សួន​រុក្ខជាតិ​ ប៉ុន្តែ​បាន​ជួបការ​ជំទាស់​ពីរដ្ឋបាល​ព្រៃឈើ ដែលបានស្នើសុំឱ្យ​ធ្វើ​របង​មិន​ឲ្យ​ព័ទ្ធ​ចូល​តំបន់​គ្មាន​ព្រៃ​ឈើ​ទេ។

លោក Marx បាន​និយាយ​ថា៖ «យើងគិត​ថា វាមានសារៈសំខាន់ណាស់ក្នុងការធ្វើរបងព័ទ្ធ​តំបន់​ទាំង​មូល ហើយ​យើង​មិនចង់​បំបែ​កតំបន់​ដែល​គេ​ឈូស​ឆាយ​អស់​ព្រៃ​ចេញពីតំបន់​មាន​ព្រៃ​នោះទេ»។

លោក Marx បាន​បន្ថែមថា អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ​ ក៏មិន​ច្បាស់លាស់អំពី​ព្រំប្រទល់​ពិតប្រាកដ​នៃតំបន់នេះ​ដែរ ដោយសារ កូអរដោណេ UTM ដែលប្រើសម្រាប់កំណត់ព្រំប្រទល់​ដី​មិនទាន់ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅឡើយ។ ប៉ុន្តែ​ពួកគេ​នៅតែ​ចង់​ឲ្យសង់​របង​​ហ៊ុម​ព័ទ្ធ​​ជុំវិញ​​​ជម្រក​សត្វ​​ព្រៃ​ និង​​សួន​​រុក្ខ​​ជាតិ​​​ទាំង​មូល។

លោក​សង្ឃឹម​​ថា រដ្ឋបាល​ព្រៃឈើ​នឹង​ផ្តល់​​ហេតុ​ផល​​​ក្នុង​​ការ​កំណត់​ទីតាំង​​ដែល​ត្រូវ​សង់​​របងព័ទ្ធ​។ ប្រសិនបើ​​រដ្ឋបាល​ព្រៃ​ឈើ​​​ទទូច​​មិន​​រាប់​បញ្ចូល​សួន​រុក្ខ​ជាតិ​​នោះ លោក​សង្ឃឹម​ថា ពួកគេ​​នឹង​បញ្ចូល​​វត្តថ្មអន្ទងទៅ​ក្នុង​តំបន់​ការពារ​ដែរ​។​

នៅមុន​ការ​ឈូស​ឆាយ​​​ព្រៃឈើ មាន​ឯកសារទាំង​ឡាយ​​​បង្ហាញ​ថា ផ្នែក​មួយ​នៃតំបន់​ភ្នំតា​ម៉ៅ ត្រូវបាន​គ្រោង​អភិវឌ្ឍដោយក្រុមហ៊ុន​មួយរបស់​ឧកញ៉ា ឃុន សៀ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បាន​ប្រាប់ VOD ថា ដី​នោះ​ត្រូវបាន​លក់​ទៅឱ្យឧក​ញ៉ាម្នាក់ទៀត គឺលោក ឡេង ណាវ៉ាត្រា​។

ព្រះតេជគុណ កែម ព្រឿន គង់​នៅ​វត្តថ្មអន្ទង មានសង្ឃ​ដីកា​ថា ព្រះ​អង្គ​ព្រួយបារម្ភថា​តើវត្តនេះ​នឹងទទួល​បាន​បណ្ណកម្មសិទ្ធិ ឬឯកសារ ដើម្បី​កាន់កាប់ដី​វត្ត​ដោយ​ស្រប​ច្បាប់​ឬ​យ៉ាងណាទេ​។

ព្រះតេជគុណ ព្រឿង បន្ត​ថា៖ «វត្ត​នេះ​មាន​​ទំហំ​ដី​​ប្រហែល ៥ ហិកតា ប៉ុន្តែ​អត្មា​​មិន​​ដឹង​ថា​​នឹង​មាន​អ្វី​កើត​ឡើង​​​ទៀត​ទេ​។ អាត្មា​​សង្ឃឹម​​ថា អាជ្ញា​ធរ​នឹង​ផ្តល់​​ប្លង់​ដី​​ដល់​វត្ត​»

ព្រះសង្ឃ​វត្ត​ថ្ម​អន្ទង ព្រះតេជគុណ កែម ព្រឿន​ បារម្ភ​​ពី​អនាគត​​វត្ត​ដែល​គ្មាន​​ប័ណ្ណ​​កម្ម​សិទ្ធិ​ដី​​ធ្លី​​ផ្លូវ​ការ​​នៅ​​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣​។ (Andrew Califf/ខេមបូចា)

ការ​ឈូស​ឆាយ​​ព្រៃ​​ឈើ​​កាល​​ពី​ខែ​​កក្កដា ឆ្នាំ​មុន និង​​​ខែ​​សីហា​​កន្លង​ទៅ​​​កើត​ឡើង​ជាប់​នឹង​វត្ត​។ ព្រះសង្ឃនៅវត្ត​​នោះ​មាន​សង្ឃដីកា​​កាលពីឆ្នាំមុន​ថា ព្រះអង្គ​បានឃើញសត្វព្រៃរត់ចេញពី​កន្លែង​​ឈូសឆាយព្រៃ​ ដោយ​ព្រះ​តេជគុណ​ព្រឿន​មាន​សង្ឃដីកា​ថា ពេល​នេះ​គេ​កម្រឃើញសត្វព្រៃនៅក្នុងតំបន់នេះណាស់។

លោក កែវ អូម៉ាលីស ប្រធាន​​រដ្ឋបាលព្រៃឈើបាននិយាយ​ថា ដោយ​សារភ្នំតាម៉ៅជា​របស់​រដ្ឋាភិបាល អ៊ីចឹង​វាអាស្រ័យ​លើមន្ត្រីជា​អ្នកសម្រេចថាតើត្រូវ​សង់​របង​នៅ​ត្រង់​ណា​ ហើយ​មិនមែន​ជាការសម្រេចចិត្ត​​ដោយអង្គការ​​សម្ព័ន្ធសត្វព្រៃ​នោះទេ​។

លោក អូម៉ា​លីស​ បាន​និយាយ​​សំដៅ​ទៅ​លើ​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ​ថា «ប្រាប់ពួកគេទៅ​ថា វាជារបស់រដ្ឋ។ កន្លែងណាដែលយើង​សង់ [របង] វា​​នឹង​ធ្វើ​ទៅ​បាន​ វាមិនពាក់ព័ន្ធនឹងអង្គការនោះទេ»។

អ្នកយកព័ត៌មានខេមបូចា បានចុះទៅ​ដល់​តំបន់​ភ្នំតាម៉ៅក្នុង​សប្តាហ៍នេះ ហើយបា​នឃើញ​ដីដែល​ឈូស​ឆាយ​អស់​ព្រៃ​ដ៏​ធំល្វឹង​ល្វើយ​។ ដើមឈើ​តូចៗ​ពីរបី​ដើម​ដុះ​ចន្លោះ​ៗ​គ្នា​​នៅក្នុងសួនដែលមានលក្ខណៈដូចទី​វាល ដោយ​​មាន​​​កម្មករ​​ពីរបី​​នាក់​​កាត់​ជម្រះ​ស្មៅនៅក្នុងសួន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t Wants to Exclude Phnom Tamao Deforested Area from Fencing Efforts

217 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម