ពលរដ្ឋរាប់រយនាក់មកពី៧ភូមិនៅក្បែរតំបន់អង្គរ ស្ថិតនៅឃុំខ្នាត ស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើដោយចោទថាពួកគាត់សាងសង់ខុសច្បាប់ ខណៈពួកគាត់ព្រួយបារម្ភពីការបណ្ដេញចេញដោយបង្ខំ និងគ្មានទីជម្រក យោងតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរងគ្រោះផ្សេងទៀត លោក ធី ធាង អាយុ៣៦ឆ្នាំ រស់ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប បានប្រាប់ ខេមបូចា ថា សម្រាប់លោក និងពលរដ្ឋផ្សេងទៀត គឺជួបបញ្ហាលំបាកច្រើន ពីព្រោះតែខាងអាជ្ញាធរជាតិអប្សរាតម្រូវឱ្យពលរដ្ឋរើសំយ៉ាបផ្ទះចំនួន២ម៉ែត្រ ដូច្នេះពិបាកក្នុងការទុកដាក់របស់របរ។
លោកបន្ដថា មុននឹងមានការសាងសង់លោកបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានដែរ ហើយអាជ្ញាធរបានយល់ព្រម ទើបលោកសាងសង់ ប៉ុន្ដែបែរជាអាជ្ញាធរជាតិអប្សរាចុះមកឱ្យលោក និងពលរដ្ឋផ្សេងទៀតរុះរើចេញ ខណៈអាជ្ញាធរមូលដ្ឋានបែរមិនចេញមុខដោះស្រាយជូនប្រជាពលរដ្ឋ។
លោកបានឱ្យដឹងបន្តថា ក្រោយពីមានការតវ៉ាជាមួយអាជ្ញាធរលោកព្រួយបារម្ភពីការដាក់ពាក្យបណ្ដឹងទៅតុលាការដោយចោទលោកជាមេខ្លោងលើការប្រឆាំងនឹងអាជ្ញាធរ ជាពិសេសលោកខ្លាចបាត់បង់ការងាររបស់លោក។ លោកបានបញ្ជាក់ថា ពលរដ្ឋតវ៉ាមាន៧ភូមិ និងមានគ្នាប្រមាណ៧០០នាក់បានផ្ទុះការតវ៉ានឹងអាជ្ញាធរជាតិអប្សរា ដែលចុះទៅព្យាយាមរុះរើផ្ទះពួកគាត់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក ធាង បានបញ្ជាក់ថា៖ «ខ្ញុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានថា ខ្ញុំតយ៉ាក ហើយអាជ្ញាធរក៏ព្រម ខ្ញុំក៏ធ្វើ ស្រាប់តែអាជ្ញាធរជាតិអប្សរាចុះមករុះរើ។ មិនថាខ្ញុំទេបង ពលរដ្ឋផ្សេងទៀតក៏ដូចគ្នាគឺគេឱ្យរុះរើទាំងអស់។ ពលរដ្ឋតវ៉ាមាន៧ភូមិ មនុស្ស៧០០នាក់»។ លោកបន្តថា៖ «ខ្ញុំបារម្ភខ្លាចតែគេដាក់ពាក្យបណ្ដឹងទៅតុលាការទេបង បើចឹងមែនខ្ញុំបាត់បង់ការងារហើយ។ ខ្ញុំធ្វើការជាមន្ដ្រីឥណទាននៅស្ថាប័នមួយបង»។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ផ្ទះពលរដ្ឋចំនួន៧ភូមិស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប និងឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ចុះរុះរើផ្ទះ មានដូចជា ភូមិស្វាយ ភូមិប្រឡាយ ភូមិព្រៃចាស់ ភូមិព្រៃក្មេង ភូមិគោកដូង ភូមិព្រៃធ្លក ឃុំខ្នាត និងភូមិគោកស្នួល សង្កាត់ទឹកវិល ដែលមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសាររស់នៅ និងបានផ្ទុះការតវ៉ាជាមួយអាជ្ញាធរជាតិអប្សរា។
យោងតាមការបង្ហោះវីដេអូលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែតុលា មានប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាជាមួយអជ្ញាធរជាតិអប្សរា និងបណ្ដេញអាជ្ញាធរឱ្យចាកចេញពីភូមិរបស់ពួកគេ។
ហាក់មិនខុសគ្នាទេ លោក ធី សុគន្ធា អាយុ៥៣ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលត្រូវរងគ្រោះពីការបណ្ដេញរបស់អាជ្ញាធរជាតិអប្សរា បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនថា សម្រាប់រូបលោក និងពលរដ្ឋផ្សេងទៀត គឺតែងតែព្រួយបារម្ភពីការបណ្ដេញចេញ ជាពិសេសទៅតំបន់ផ្សេងអាចបាត់បង់ការងារ និងការរស់នៅមិនសមរម្យដូចកន្លែងចាស់។
លោកបន្ដថា កន្លងមកពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរទៅតំបន់រុនតាឯក និងពាក់ស្នែងកំពុងតែជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាគ្មានការងារធ្វើ ផ្ទះលិចទឹក និងរស់នៅឆ្ងាយពីកន្លែងរកស៊ី។ លោកឱ្យដឹងទៀតថា ទោះបីជាមានពលរដ្ឋខ្លះបានចាកចេញក៏ដោយ ប៉ុន្ដែការចាកចេញរបស់ពលរដ្ឋគឺមិនបានគោរពសិទ្ធិលំនៅឋាន និងសិទ្ធិមនុស្សទេ។ លោកថា មុននឹងឱ្យពលរដ្ឋរុះរើចេញអាជ្ញាធរគួរតែរៀបចំឱ្យមានកន្លែងរស់នៅសមរម្យ បង្កើតការងារដើម្បីឱ្យពលរដ្ឋមានប្រាក់ចំណូលដូចដើម។
លោក សុគន្ធា ថ្លែងថា៖ «ខ្ញុំព្រួយបារម្ភរាល់ថ្ងៃរឿងបណ្ដេញទាំងបង្ខំដោយគ្មានការដោះដូរដែលសមស្រប។ គ្មានពលរដ្ឋណាមិនចង់ចាកចេញទេបើរដ្ឋត្រូវការ ប៉ុន្ដែការដោះដូរវាមិនស៊ីគ្នា។ ខ្ញុំគិតថា បើអាជ្ញាធររៀបចំកន្លែងរស់នៅបានសមរម្យ មានទឹក មានភ្លើង មានការងារធ្វើអាចរកប្រាក់ចំណូលដូចដើម រឿងអីពួកខ្ញុំមិនចាកចេញ ជាក់ស្ដែងវាអត់ចឹង បានជាខ្ញុំដេកព្រួយបារម្ភ»។
លោក ធី សុគន្ធា ក៏បានលើកឡើងបន្ថែមថា អាជ្ញាធរជាតិអប្សរា មកយកដីពលរដ្ឋគ្រប់គ្រង មិនមែនពលរដ្ឋទៅយកដីអាជ្ញាធរជាតិអប្សរាមកគ្រប់គ្រងនោះទេ ហើយរាល់ការលើកឡើងរបស់អាជ្ញាធរគឺមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។ លោកថា លោកនឹងមិនព្រមចាកចេញនោះទេ ព្រោះលោកមិនរស់នៅដោយខុសច្បាប់ និងសំណង់មិនរៀបរយទេ គឺលោករស់នៅលើដីដូនតាលោក។
បើតាមការបញ្ជាក់ពីលោក ឡឹក ឡូន មេឃុំខ្នាត អាយុ៦៦ឆ្នាំ ថា ពិតជាមានការចុះរុះរើរបស់អាជ្ញាធរជាតិអប្សរានៅក្នុងឃុំលោកមែន។ លោកថា មូលហេតុចុះរុះរើដោយសារតែពលរដ្ឋលួចសាងសង់សំណង់ដែលអប្សរាហាមឃាត់ ទើបមានការចម្រូងចម្រាស់ ប៉ុន្តែមិនមានបញ្ហាធំដុំកើតឡើងនោះទេ។ លោកបន្តថា ចំណែកអាជ្ញាធរក៏មិនបានរុះរើដែរដោយសារមានពលរដ្ឋច្រើននាក់មកទប់ស្កាត់។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា ក្នុងឃុំរបស់លោកមានភូមិចំនួន១២ ហើយការប៉ះពាល់មានប្រមាណ៨៥% នៅសល់តែ១៥%ប៉ុណ្ណោះដែលមិនប៉ះពាល់។ លោកបន្ដថា កន្លងមកពលរដ្ឋតែងតែជូនដំណឹងមកសាលាឃុំមែន តែលោកថា ការសម្រេចលើអាជ្ញាធរជាតិអប្សរា។
លោកមេឃុំបន្ថែមថា៖ «បាទ ពិតមែន។ ពលរដ្ឋជិត៧០០នាក់នាំគ្នាមកតវ៉ា។ ខាងអប្សរាគេដកទៅវិញទៅ។ពលរដ្ឋគាត់ជូនដំណឹងមកឃុំមែន ប៉ុន្ដែការសម្រេចគឺខាងអាជ្ញាធរជាតិអប្សរាទេ ខ្ញុំគ្មានសិទ្ធិទេ គ្រាន់តែដឹងឮប៉ុណ្ណោះ»។

អ្នកយកព័ត៌មានខេមបូចា មិនសុំការអត្ថាធិប្បាយពីលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួកបានទេកាលពីថ្ងៃសុក្រ។
ជុំវិញរឿងចុះរុះរើរបស់អាជ្ញាធរជាតិអប្សរានេះដែរ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ ខេមបូចា ថា សកម្មភាពរបស់អាជ្ញាធរជាតិអប្សរាដែលបានចុះទៅភូមិគោកដូងកាលពីម្សិលម្ង៉ៃ គឺដើម្បីចុះរុះរើសំណង់ខុសច្បាប់ និងមិនមានការអនុញ្ញាតពីអាជ្ញាធរ។ លោកបន្ដថា ការចុះរុះរើរបស់អាជ្ញាធរនេះ ក៏មានការតវ៉ាពីពលរដ្ឋដែរ ប៉ុន្ដែគ្មានការប៉ះទង្គិចណាមួយនោះទេ។ លោកបន្ដទៀតថា សម្រាប់ពលរដ្ឋដែលបន្ដសាងសង់ដោយខុសច្បាប់ និងមិនបានសុំច្បាប់ពីអាជ្ញាធរគួរបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់ រង់ចាំឱ្យមានច្បាប់ត្រឹមត្រូវសិន។
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះបានលើកឡើងថា លោកទទួលស្គាល់សកម្មភាពរបស់អាជ្ញាធរជាតិអប្សរាមួយចំនួននៅមិនទាន់បានល្អនៅឡើយ ហើយលោកថា ខាងលោកនឹងព្យាយាមដោះស្រាយ និងសហការនឹងពលរដ្ឋឱ្យបានកាន់តែល្អ។
លោកថ្លែងថា៖ «យើងចុះរុះរើតែសំណង់ខុសច្បាប់ទេ។ រឿងបណ្ដេញពលរដ្ឋចេញ គឺមិនមានឡើយ។ ពលរដ្ឋគាត់ចេញសម្ដែងមតិអាហ្នឹងជារឿងត្រឹមត្រូវ។ ខ្ញុំសុំឱ្យពលរដ្ឋមេត្ដាកុំបន្ដសាងសង់សំណងខុសច្បាប់ទៀតអី។ ខ្ញុំទទួលស្គាល់ថាកន្លែងខ្លះយើងក៏នៅខ្វះខាតដែរ ប៉ុន្ដែយើងនឹងព្យាយាមដោះស្រាយ»។
លោកបានបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលកំពុងរស់នៅជុំវិញតំបន់អង្គរមានរាប់ម៉ឺនគ្រួសារ ហើយមានពលរដ្ឋខ្លះក៏បានដោះដូរទៅទីតាំងថ្មីរួចហើយ តាមការដោះស្រាយរបស់អាជ្ញាធរ។ យ៉ាងណា លោកមិនបានបញ្ជាក់ពីពលរដ្ឋដែលបន្ដសាងសង់សំណង់ខុសច្បាប់នៅជុំវិញតំបន់អង្គរបានទេ ដោយលោកថា ច្រើនពេកលោកមិនអាចផ្ដល់ទិន្នន័យជាក់លាក់មកកាន់ខេមបូចាបានទេ គ្រាន់តែលោកថា មានរាប់ម៉ឺនគ្រួសារ។ លោកថា សម្រាប់ពលរដ្ឋដែលសាងសង់ខុសច្បាប់ ខាងលោកបានជូនដំណឹងយ៉ាងតិច២ដង ដើម្បីឱ្យពលរដ្ឋរុះរើដោយស្មគ្រចិត្ដ មុននឹងអាជ្ញាធរជាតិអប្សរាចុះរុះរើ ប៉ុន្ដែពលរដ្ឋមិនព្រមរុះរើដោយខ្លួនឯង ទើបអាជ្ញាធរត្រូវចុះដោយផ្ទាល់។
លោក កុសល បន្ថែមថា៖ «ខ្ញុំមិនអាចឆ្លើយនឹងសំណួរប្អូនបានទេ គ្រាន់តែដឹងថាច្រើនគ្រួសារ។ មុននឹងចុះ យើងជូនដំណឹងពួកគាត់យ៉ាងតិច២ដងទើបយើងទៅ មិនមែនសុខៗយើងចុះទៅទេ»។
កាលពីពេលកន្លងទៅ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះធ្លាប់បានប្រាប់ខេមបូចា ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋនៅជុំវិញតំបន់អង្គរថា លោកសូមច្រានចោលការលើកឡើងកន្លងមករបស់អង្គការលើកលែងទោសអន្តរជាតិដែលថា កិច្ចប្រឹងប្រែងតាំងទីលំនៅថ្មីនេះគឺជា «ការបណ្តេញចេញដោយបង្ខំ» ហើយលោកមានប្រសាសន៍ថា ប្រជាជនបានផ្លាស់ប្តូរទីលំនៅដោយស្ម័គ្រចិត្ត។
លោកមានប្រសាសន៍ថា៖ «យើងបានអនុវត្តការងាររបស់យើងដោយរលូន និងគោរពតាមគោលការណ៍ [នៃគោលនយោបាយរបស់រដ្ឋាភិបាល] ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ យើងកំពុងធ្វើការយ៉ាងសកម្មលើបញ្ហា [ហេដ្ឋារចនាសម្ព័ន្ធ] ហើយប្រសិនបើលោកចង់ឃើញ [ទីតាំង] សូមមកមើលដោយខ្លួនឯង»។
លោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្ដសៀបរាម បានឱ្យដឹងថា លោកមិនបានដឹងនោះទេ ពាក់ព័ន្ធនឹងការចុះរុះរើរបស់អាជ្ញាធរជាតិអប្សរា ដោយលោកថា លោកបានមកបំពេញការងារនៅភ្នំពេញមួយរយៈហើយ ដូច្នេះលោកមិនអាចឆ្លើយនឹងសំណួរខេមបូចាបានទេ។
លោកថា៖ «ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំឡើងមកភ្នំពេញពីរបីថ្ងៃហើយ។ ខ្ញុំមិនអាចឆ្លើយបានទេ»។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ អង្គការយូណេស្កូបានស្នើឱ្យក្រសួងវប្បធម៌ ដែលគ្រប់គ្រងលើអាជ្ញាធរជាតិអប្សរាឱ្យ «ផ្ដល់ព័ត៌មានបន្ថែមលើបញ្ហាផ្លាស់ទីលំនៅប្រជាពលរដ្ឋ» នៅតំបន់អង្គរ។
អង្គការយូណេស្កូបន្ថែមថា ខ្លួននឹង «យកព័ត៌មានពាក់ព័ន្ធទាំងអស់» ដូចជា «របាយការណ៍ពីរដ្ឋាភិបាល» និង «ព័ត៌មានរបស់ភាគីទីបី» ដើម្បីផ្ដល់ជូនទៅកាន់គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលគណៈកម្មាធិការនេះមានតំណាងមកពីរប្រទេសចំនួន២១ ហើយនិងមានការរៀបចំកិច្ចប្រជុំមួយនៅខែកញ្ញា ខាងមុខដើម្បីពិនិត្យ វាយតម្លៃលើស្ថានភាពជាក់ស្ដែងនៅឧទ្យានអង្គរ។
អ្នកនាំពាក្យអង្គការយូណេស្កូ សរសេរបន្ថែមថា៖ «នៅក្រោមយន្តការអនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ រដ្ឋជាសមាជិកទាំងអស់នៃគណៈកម្មាធិការនឹងសិក្សាពីស្ថានភាព រួចនឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ»។
Joe Freeman នាយករងស្ដីទីប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់ផ្នែកទំនាក់ទំនង បង្ហាញកង្វល់របស់ខ្លួនតាមរយៈសារអេឡិចត្រូនិកធ្លាប់បានផ្ញើមកកាន់ខេមបូចាកន្លងទៅថា ការផ្លាស់ទីលំនៅជាលើកទីពីរនេះអាចនាំឱ្យមានប្រជាពលរដ្ឋកាន់តែច្រើនដែលមានបញ្ហាត្រូវដោះស្រាយដូចប្រជាពលរដ្ឋនៅតំបន់រុនតាំឯកដែរ។
លោកបន្តថា៖ «ប្រជាពលរដ្ឋជាច្រើនកំពុងជាប់បំណុល ពីព្រោះពួកគេមិនមានការងារធ្វើ ឬផ្ទះដែលមិនទាន់សាងសង់រួចពេលពួកគេទៅដល់កន្លែងថ្មីនោះ»។ លោកបន្ថែមថា៖ «បើតាមការស្រាវជ្រាវរបស់យើងបង្ហាញថារដ្ឋាភិបាលមិនបានមានវិធានការត្រឹមត្រូវក្នុងការការពារពលរដ្ឋពីការជម្លៀសដោយបង្ខំ ស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនោះទេ រួមមានដូចជាខ្វះការជូនដំណឹងជាមុន ហើយនឹងការប្រឹក្សាត្រឹមត្រូវជាមួយនឹងអ្នករងផលប៉ះពាល់ពីការបណ្ដេញចេញ និងនីតិវិធីដោះស្រាយបញ្ហាជាដើម»។
លោក ចាប ចម្រើន មន្ត្រីសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរៀបរាប់ថា លោកមិនទាន់បានចុះស៊ើបអង្កេតលើករណីអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះពលរដ្ឋនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប នៅឡើយទេ ដោយលោកថា ចាំមានការដាក់ពាក្យបណ្ដឹងពីពលរដ្ឋមកកាន់សមាគមលោកសិន ទើបលោកអាចចុះទៅបាន។
លោកថ្លែងថា៖ «ខ្ញុំអត់បានចុះទេ ខ្ញុំរវល់ ណាមួយពលរដ្ឋរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងទេ ដូច្នេះយើងអត់ទាន់បានទៅទេ»។
ចំណែកឯលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា ជាទូទៅពលរដ្ឋតែងតែរងគ្រោះរឿងដីធ្លីរបស់ខ្លួន មិនថា តំបន់អង្គរកំពុងតែមានជម្លោះនឹងទេ គឺស្ទើតែគ្រប់កន្លែងទៅហើយ។ យ៉ាងណាលោកបន្ដថា មុននឹងមានការចុះរុះរើអាជ្ញាធរគួរតែមានដំណោះស្រាយសមស្របជាមុនសិន ដើម្បីឱ្យពលរដ្ឋអាចទទួលយកបាន ប៉ុន្ដែជាក់ស្ដែងអាជ្ញាធរមិនបានយកច្បាប់ដែលមានចែងមកប្រើប្រាស់ទេ គឺថាសឹងតែគ្រប់ពេលចង់ធ្វើអ្វីមិនព្យាយាមស្វែងរកគោលនយោបាយឈ្នះៗ។
លោកបន្តថា លោកមានការព្រួយបារម្ភខ្លាចមានអំពើហិង្សាកើតឡើងរហូតមានរបួសសងខាង វាមិនចំណេញអីទេ។ លោកបានសង្កត់ធ្ងន់ថា សម្រាប់អាជ្ញាធរអប្សរាគួរតែសិក្សាឱ្យបានច្បាស់លាស់ និងពន្យល់ដល់ពលរដ្ឋថាអ្វីអាចធ្វើបាន អ្វីមិនអាចធ្វើបាន ហើយតំបន់កំពុងមានជម្លោះមិនមែនពួកគាត់ទើបតែរស់នៅទេគឺយូរមកហើយ។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថាវាជាទម្លាប់ទៅហើយ រឿងពេលមានបញ្ហាតែងមានការប៉ះទង្គិចគ្នាកើតឡើង។គួរតែស្វែងមធ្យោបាយក្នុងការជជែកណាមួយ កុំឱ្យមានអំពើហិង្សា។ ការសិក្សាឱ្យបានច្បាស់គឺជារឿងសំខាន់ បើមិនអឹចឹងទេអាជ្ញាធរចេះតែដើរចង្អុលថានេះជាដីរបស់អប្សរា ទាំងពលរដ្ឋមិនបានដឹង បញ្ហានៅតែបន្ដ»។
គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មកដល់ពេលនេះ មានពលរដ្ឋជាច្រើនគ្រួសាររស់នៅជុំវិញតំបន់អង្គរត្រូវបានអាជ្ញាធរជាតិអប្សរា តែងតែចុះរុះរើផ្ទះរបស់ពួកគាត់ ដោយអះអាងថា ពួកគាត់រស់នៅលើដីរបស់អាជ្ញាធរជាតិអប្សរាដែលជាតំបន់ត្រូវហាមឃាត់ ខណៈពលរដ្ឋបានលើកឡើងថា តំបន់ដែលពួកគាត់រស់នៅគឺច្រើនជំនាន់មកហើយ ដូច្នេះពួកគាត់មិនព្រមចាកចេញនោះទេ ដរាបណាខាងអាជ្ញាធរមិនព្រមរៀបចំទីតាំងឱ្យបានល្អប្រសើរដូចកន្លែងចាស់។ ហើយមានពលរដ្ឋប្រហែល១ម៉ឺនគ្រួសារដែលបានបណ្ដេញចេញដោយបង្ខំ នោះបើយោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
សេចក្ដីព្រៀងនៃសេចក្ដីសម្រេចសម្រាប់តំបន់អង្គររួមមានសំណើឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានបច្ចុប្បន្នភាពត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ឯកសារនេះក៏ស្នើសុំឱ្យរដ្ឋាភិបាលបន្តគ្រប់គ្រងតំបន់នោះ និង«បង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិកំណត់តំបន់» ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ដោយគិតគូរដល់សិទ្ធិរបស់សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅនេះ។ របាយការណ៍នោះដែរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៩០០០គ្រួសារត្រូវបានផ្លាស់ប្តូរទីលំនៅទៅតំបន់រុនតាឯក និងទីតាំងផ្លាស់ទីលំនៅទីពីរគឺស្ថិតនៅឃុំពាក់ស្នែង៕