សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្នុងយុទ្ធនាការបោះឆ្នោត អតីតសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ គង់ រ៉ៃយ៉ា នៅតែប្រឈមបញ្ហាស្រដៀងៗពីមុន

លោក គង់ រ៉ៃយ៉ា ថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅឃុំស្តៅ ខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (ខេមបូចា/ឃួន ណារីម)
លោក គង់ រ៉ៃយ៉ា ថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅឃុំស្តៅ ខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (ខេមបូចា/ឃួន ណារីម)

ស្រុកកងមាស នៃខេត្តកំពង់ចាម៖ សកម្មជននយោបាយ លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារចំនួន២ដងទាក់ទងនឹងបញ្ហានយោបាយរួចមកហើយនោះ  បង្ហាញជំហម៉ឺងម៉ាត់ពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះជាបេក្ខជន ប្រកួតនឹងមេឃុំបក្សប្រជាជនកម្ពុជា។ បេក្ខជនគណបក្សប្រជាជនកម្ពុជា ជាអតីតមេឃុំគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៧ មុនពេលដែលគណបក្សនេះត្រូវបានរំលាយ។

នៅ​ម៉ោង​ប្រហែល ៨ ព្រឹក​ថ្ងៃ​អាទិត្យ លោក រ៉ៃយ៉ា បាន​ដឹក​នាំ​យុទ្ធនា​ជួប​ជុំ​បេក្ខជន​មក​ពី​គណបក្ស​ភ្លើង​ទៀន​​ ដែល​ធ្វើ​ឡើង​ក្នុង​ឃុំ​ស្តៅ ខេត្ត​កំពង់​ចាម ដោយ​ជិះម៉ូតូ​សណ្តោងរ៉ឺម៉ក​កាត់​តាម​ដង​ផ្លូវ​នានា ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រមូល​សំឡេង​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៥ ខែ​មិថុនា​។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថាលោកឃោសនាដោយឈរលើ​គោល​នយោបាយ៧ចំណុចរបស់ គណបក្ស​ភ្លើង​ទៀន ដែលគោលនយោបាយទាំងនោះនិយាយពី​អភិបាល​កិច្ច​មូល​ដ្ឋាន​។​ គណបក្ស​​នេះ​​ក៏​​បាន​​ប្រើ​​ពាក្យ​ស្លោក​​ដែល​បាន​ពី​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដែល​ត្រូវ​បាន​រំលាយដោយ​តុលាការ​ គឺ «​​ប្តូរ​​មេ​ឃុំ​​​​បម្រើ​​បក្ស ដាក់​​​​មេ​ឃុំ​​បម្រើ​​រាស្រ្ត​»​​។​

លោក រ៉ៃយ៉ា មានប្រសាសន៍ថា​៖ «គោលនយោបាយ​ទាំង​ប្រាំពីរ​ចំណុច​គឺធ្វើឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់ពលរដ្ឋ» ដោយបន្ថែមថា៖ «ជា​ពិសេស​វា​ជា​សារ​ដែល​យើង​នឹង​ប្រគល់​អំណាច​ដល់​ប្រជាពលរដ្ឋ​។ សម្រាប់​​សេវា​​សាធារណៈ ប្រជា​ពលរដ្ឋ​​បារម្ភ​​ថា​​មេ​ឃុំ​​មាន​​និន្នាការ​​នយោបាយ ហើយ​​ខ្លះ​ទៀត​​បារម្ភ​​ថា​​មេ​ឃុំ​និង​​គិត​លុយ​​នៅ​ពេល​ផ្តល់​​សេវា​​»​។​

នៅ​ក្នុង​​ឃុំ​​ស្តៅ ​មាន​​គណបក្ស​​នយោបាយ​​ចំនួន​​បី​​ចូល​រួម​​ប្រកួត​ប្រជែង​​ក្នុង​​ការ​​បោះ​ឆ្នោត​។ ​គណបក្ស​ទាំង​នេះ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ឈរ​នៅ​លេខ​រៀង​ទី​១ លើ​សន្លឹក​ឆ្នោត ខណៈគណបក្ស​ភ្លើង​ទៀន នៅ​លេខ​២ និង​ចុង​ក្រោយ គឺ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​។​

គណបក្ស​​ប្រជាជន​​កម្ពុជា​​បាន​​ផ្សព្វ​ផ្សាយ​​គោល​នយោបាយ​​របស់​​ខ្លួន​​តាម​​ការិយាល័យ​​គណបក្ស​​របស់​ខ្លួន​ និង​​បាន​​ចែក​​ខិត​បណ្ណ​​ដល់​​សាធារណ​ជន។ មន្ត្រី​របស់​ខ្លួន​ក៏​បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដើម្បី​បង្ហាញប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​គូស​សន្លឹក​ឆ្នោត​​ជូន​គណបក្ស​ប្រជាជន​។​

សារ​របស់​គណបក្ស​កាន់​អំណាច​ភាគ​ច្រើន​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​។​

គណបក្ស​​ប្រជាជន​​កម្ពុជា​​ក៏​​បាន​​ដាក់​​ពាក្យ​បណ្តឹង​ក្នុង​​ឃុំ​​ជា​​ច្រើន​​ ដែលធ្វើឱ្យ​​គណបក្ស​​ប្រឆាំងចូលរួម​​​បោះឆ្នោតមិនដោយរលូន តាមរយៈ​ធ្វើ​​​ការ​​ចោទ​​ប្រកាន់​​ថាបក្សប្រឆាំង​​បាន​​រំលោភ​​ច្បាប់​​ផ្សេងៗ​​​ក្នុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។ នៅ​ក្នុង​ឃុំ​ស្តៅ ស្រុក​កង​មាស​​គឺ​ជា​កន្លែង​មួយ ដែល​គណបក្ស​កាន់​អំណាច ព្យាយាម​ដក​បេក្ខជន​មក​ពី​គណបក្ស​ភ្លើង​ទាន ចេញ​ពី​ការ​ឈរ​ឈ្មោះ​ក្នុង​ឃុំ​ទាំង​១១​នេះ។ ទោះ​ជា​នៅ​ទី​បំផុត​វា​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ក៏​ដោយ ក៏​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​បាន​ចោទ​ប្រកាន់​ថា​គណបក្ស​ប្រឆាំង​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដោយ​ធ្វើ​ការ​ចែក​ចាយ​លុយ​ដល់​បេក្ខជនឈរឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ។​

សមាជិក​គណបក្ស​ភ្លើង​ទៀន កំពុង​រៀប​ចំ​បិទបញ្ជីរាយនាមបេក្ខជន​ឃុំ​នៅ​ភូមិ​មួយ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​ខេត្ត​កំពង់​ចាម នា​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២។ ខេមបូចា/ ឃួន ណារីម

លោក រ៉ៃយ៉ា ប្រាប់​ ខេមបូចា​​​​ ថា លោក​​សាទរចំពោះ​​ការ​​បដិសេធ​​ពាក្យ​​បណ្តឹង​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតខេត្ត ។ ប៉ុន្តែជា​មួយ​គ្នា​នេះ លោក​ក៏​ត្រូវ​បង់​ប្រាក់​ចំនួន ៥​លាន​រៀល ឬ​ប្រហែល ១,២៥០ដុល្លារ សម្រាប់​បទ​ល្មើស​ដាច់​ដោយ​ឡែក​មួយ ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​លើ​ហ្វេស​ប៊ុក ដែល​លោក​ថា​លោក​បាន​ចែក​ជូន​ប្រាក់​ចំនួន ១០០​ដុល្លារ​ដល់​បេក្ខជន​ឃុំ ។ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​និយាយ​ថា លោក​រ៉ៃយ៉ា ត្រូវ​បាន​ផាក​ពិន័យ​ពី​បទ​ប្រមាថ​បេក្ខជន​ផ្សេង​ទៀត​។ លោក​រ៉ៃយ៉ា ​កំពុង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​រូប​លោក ដោយ​ពិពណ៌នា​ថា​វា «មិន​សម​ហេតុ​ផល​»​ ។

លោក​​បាន​​មាន​ប្រសាសន៍​​ថា​​៖ «​ខ្ញុំ​​គិត​​​ថា​​វា​​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោ​បាយ​»​។​

លោក រ៉ៃយ៉ា ជឿ​ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​រូប​លោក និង​បេក្ខជន​ផ្សេង​ទៀត ដោយ​សារ​តែ​ពួក​គេ​ព្រួយ​បារម្ភ​​ថា អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​នឹង​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ជា​ពិសេស​ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​ចំនួន ៧ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ១១ ក្នុង​ឆ្នាំ ២០១៧។

លោកស្រី យឹម សុធានី ប្រធាន​​គណៈ​កម្ម​ការ​ជាតិ​​រៀប​ចំ​ការ​​បោះ​ឆ្នោត​​ខេត្ត​កំពង់​ចាម​ បាន​បញ្ជាក់​ថា គណៈ​កម្មា​ធិការ​បាន​រក្សា​បេក្ខភាព​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ប៉ុន្តែ​លោក​ស្រី​ថា ការ​​ផាក​​​ពិន័យ​​លោក​ រ៉ៃយ៉ា គឺ​ដោយ​សារ​ករណី​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​

លោក​ស្រី​​បាន​​មានប្រសាសន៍​​ថា​​៖ «​គាត់​​ត្រូវ​​បាន​​ពិន័យ​​ដោយ​​សារ​​គាត់​​បាន​​ធ្វើ​​ការ​​ប្រមាថ​​ជា​​សាធារណៈ»​។

វា​​មិន​មែន​ជា​​លើក​ទី​មួយ​ទេ ដែល​សារ​នយោបាយ​របស់ លោករ៉ៃយ៉ា ធ្វើ​ឱ្យ​លោក​មាន​បញ្ហា​ជា​មួយ​មន្ត្រី​។​

លោក​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ជា​​លើក​​ដំបូង​​ក្នុង​​ឆ្នាំ ២០១៥​ នៅ​​ពេល​​លោក​​នៅ​​​​ជា​​និស្សិត​​សាកល​​វិទ្យាល័យ​​នៅ​​ឡើយ​​ជុំវិញ​​ការ​​បង្ហោះ​​តាម​បណ្តាញ​​សង្គម​ហ្វេសប៊ុក ដោយពេលនោះលោក​​បាន​​អំពាវ​នាវ​​ឱ្យ​​មាន «បដិវត្តន៍​​ពណ៌»។ ចំពោះ​​រឿង​​នោះ លោក​​ត្រូវ​​បាន​​រកឃើញថាមានទោស​​នៅ​​ឆ្នាំ ២០១៦ ហើយ​​ត្រូវ​​បាន​​កាត់​ទោស​​ឱ្យ​​ជាប់​​ពន្ធនាគារ​​រយៈពេល ១៨ ខែ​​ពី​​បទ​​ញុះ​ញង់​។​

លោក​​ត្រូវ​​បាន​​តុលាការ​​ផ្ដន្ទា​ទោស​​ជា​​លើក​​ទី​​២​​នៅ​​ខែ​​មិថុនា ឆ្នាំ​​២០២០ ហើយ​​ត្រូវ​​បាន​​តុលាការ​​សម្រេច​​ផ្ដន្ទា​ទោស​​រយៈពេល ២​​ឆ្នាំ ក្រោម​​ការ​​ចោទ​​ប្រកាន់​​ពី​​បទ​​ញុះញង់​​ចំពោះ​ការ​លក់​​អាវ​យឺត​​ដែល​​មាន​​រូប​ភាព​​នៃ​ការ​បាញ់​សម្លាប់​​អ្នក​​វិភាគ​​នយោបាយ លោក កែម ឡី។

នៅ​ក្នុង​ឃុំ​ស្តៅ លោក រ៉ៃយ៉ា បាន​ឈរ​ឈ្មោះ​ដើម្បី​ប្រកួត​ប្រជែង​នឹង​មេ​ឃុំ​ដែល​កំពុង​កាន់​អំណាច លោក​ ឡាយ សេងហុង អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្តូរ​មក​គាំទ្រ​គណបក្ស​ប្រជាជន បន្ទាប់​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​នៅឆ្នាំ ២០១៧។ គណបក្ស​​កាន់​​អំណាច​​បាន​​ក្តោប​​យក​​អាសនៈ​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទាំង​​អស់​​នៅ​​ទូទាំង​​ប្រទេស ប៉ុន្តែ​​បាន​​អនុញ្ញាត​​ឱ្យ​​លោក សេង ហុង បន្ត​​កាន់​​តំណែង។

ឥឡូវ​នេះ លោក​សេង​ហុង កំពុង​ធ្វើ​​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​សារ​ពី​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អភិបាល​កិច្ច​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​លោកសង្កត់ធ្ងន់ទៅលើផែន​ការ​ដំឡើង​ភ្លើង​ដោយ​ប្រើ​ប្រាស់​​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ និង​ផ្លូវ​បេតុង​ជាដើម។

លោក​សេង​ហុង បាន​មាន​ប្រសាសន៍​ថា៖ «សារ​របស់​យើង​គឺ​ក្នុង​ការ​ប្រាប់​ប្រជាជន​ឱ្យ​យល់​អំពី​គោល​នយោបាយ​គណបក្ស សមិទ្ធិផល​របស់​ឃុំ»។ លោក​បន្ថែម​ថា គណបក្ស​ប្រជាជន​តែងតែបាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​។​ លោក បន្តថា៖ «​ពួក​យើង​​បាន​​ធ្វើ​ឱ្យ​មាន​​ការ​​រីក​​ចម្រើន​​នា​​​ពេល​​កន្លង​​មក ហើយ​​យើង​​សន្យា​​ជា​​មួយ​​ប្រជា​ពលរដ្ឋ​ថា​​​យើង​​​នឹង​​បន្ត​​គោល​​នយោបាយ​​ទាំង​​នោះ​​សម្រាប់​​ឆ្នាំ ២០២១ ដល់​​ឆ្នាំ ​​​​២០២៧​»

បេក្ខជន​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា នៅ​​ឃុំ​​ស្តៅ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានខេមបូចា នា​​ខេត្ត​​កំពង់ចាម នៅ​ថ្ងៃ​ទី ២៩ ខែ ឧសភា ឆ្នាំ ២០២២។ ខេមបូចា / ឃួន ណារីម

លោក​សេង​ហុង​បាន​បន្ត​​ថា តាំងពីថ្ងៃឃោសនាមកមិនមានបញ្ហាប្រឈមអ្វីនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ ១០០ ភាគរយ [ពិតប្រាកដ] សម្រាប់​អាណត្តិ​នេះ ព្រោះ​ខ្ញុំ​ជា​មេ​ឃុំ​ដែល​មិន​រើស​អើង​ប្រជា​ពលរដ្ឋ ហើយ​យើង​បាន​ផ្តល់​សេវា​សាធារណៈ​ដល់​ទាំង​អស់​គ្នា​»​។​

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ នៅ​ឃុំ​ស្តៅ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១,១១២ សំឡេង ​ខណៈ​គណ​បក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ១,៦៧៦ សំឡេង។ គណបក្ស​​សង្គ្រោះ​​ជាតិ​​ទទួល​​បាន​​អាសនៈ​​ជាមេឃុំ​​​ចំនួន​​ប្រាំពីរ រួម​មាន ​​ឃុំ​​កង​តាណឹង ឃុំ​ខ្ចៅ ឃុំ​ពាមជីកង ឃុំព្រែក​គុយ ឃុំ​រកា​គង ឃុំ​សូរ​គង និង​ឃុំ​ស្តៅ។

នៅ​ក្នុង​​ឃុំ​​ខ្ចៅ អតីត​​បមេឃុំ​​គណបក្ស​សង្គ្រោះ​ជាតិ លោក មាស សំអុល បច្ចុប្បន្ន​ បានមកឈរ​ឈ្មោះ​ជា​បេក្ខភាព​គណបក្ស​ភ្លើង​ទៀន។

លោក​សំអុលថ្លែង​ថា​៖ «​ក្នុង​អាណត្តិ​នេះ ខ្ញុំ​នៅ​តែ​សង្ឃឹម​ឈ្នះ​ព្រោះ​ប្រជាជន​ចង់​ផ្លាស់​ប្តូរ ហើយ​ពួកគេ​ត្រូវ​ការ​លទ្ធិប្រជាធិបតេយ្យ​។ ខ្ញុំធ្លាប់បានបម្រើប្រជាជន ហើយបេះដូងរបស់ប្រជាជននៅតែគាំទ្រខ្ញុំ»។

លោក សំអុល បាន​ថ្លែង​ថា លោក​ចូល​កាន់​តំណែង​បាន​តែ​បី​ខែ​ប៉ុណ្ណោះ មុន​ពេល​ដែល​លោក​ត្រូវ​បានដកចេញដោយសារតែ​តុលាការ​កំពូលបាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​រំលាយ​នេះ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​​ហើយត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ ពី​បទ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌។ ទាំង​ការ​រំលាយ​ចោល និង​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​ កឹម សុខា ត្រូវ​បាន​គេ​មើល​ឃើញ​ជាទូទៅ​ថា​មាន​ហេតុផល​នយោបាយ។

បេក្ខជន​គណបក្ស​ភ្លើង​ទៀន លោក មាស សំអុល ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានខេមបូចា នៅ​ឃុំ​ខ្ចៅ ក្នុង​ខេត្ត​កំពង់ចាម នាថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២។ ខេមបូចា/ ឃួន ណារីម

លោក សំអុល បាន​ថ្លែង​ថា លោក​ខក​ចិត្ត​ដែល​ត្រូវ​បាន​គេ​ដកដំណែង ព្រោះ​វា​បាន​បំផ្លាញ​ឆន្ទៈរបស់​សាធារណៈជន​ដែល​បាន​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិធ្វើជាមេឃុំ។ ទោះបីជាយ៉ាងណាក្តី លោកថាលោកសប្បាយចិត្តក្នុងការត្រឡប់មកម្តងទៀត បើទោះបីជាគាត់មិនជឿជាក់ថា គណបក្សភ្លើងទៀន​ អាចជៀសផុតពីជោគវាសនាដូចគណបក្សសង្គ្រោះជាតិក៏ដោយ។

លោក សំអុល បាន​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​គិត​ថា​ពួកគេ​នឹង​រំលាយ​យើង​ម្ដង​ទៀត [​ប្រសិន​បើ​យើង​ឈ្នះ​] ​ព្រោះ​ពួកគេ​មិន​ចង់​ឃើញ​វត្តមាន​របស់​យើង​»​។

លោក​បាន​បន្ត​ថា​៖ «​វា​ហាក់​ដូច​ជាពួកគេ​កំពុង​ហូប​បាយ ហើយ​យើង​មក​យកចាន​បាយ​ពួកគេចេញ ដូច្នេះ​គេ​មិន​សប្បាយ​ចិត្ត​ជាមួយ​យើង​ទេ»។

លោក​ថា អ្នក​ភូមិ​មិន​សប្បាយ​ចិត្ត​នឹង​មេ​ឃុំ​បច្ចុប្បន្នដែល​មក​ពី​គណបក្ស​កាន់​អំណាចឡើយ ដោយ​និយាយ​ថា ​លោក​បាន​ឮ​ការ​ត្អូញត្អែរ​អំពី​បញ្ហា​ក្នុង​ការ​ផ្តល់​សេវា បក្ខពួក​និយម និង​ការ​រើសអើងនិន្នាការ​នយោបាយជាដើម។

អ្នក​ភូមិ​បើក​ម៉ូតូ​កាត់​មុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​កងតាណឹង ខេត្ត​កំពង់ចាម នាថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២។ ខេមបូចា/ ឃួន ណារីម

លោក ទេព នឿន អាយុ ៤១ ឆ្នាំ ជា​អ្នក​ភូមិ​បាន​ថ្លែង​ថា លោក​ចង់​បាន​មេ​ឃុំ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ខ្លួន ក៏ដូចជាដើម្បី​ទទួល​បាន​សេវា​សាធារណៈ​ល្អផងដែរ។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ចង់​មាន​មេឃុំ​ល្អ ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​យើង​អាច​ពឹង​ពាក់​បាន​»​។

ទោះ​ជា​យ៉ាង​ណា លោក នឿន ថ្លែង​ថា លោក​មិន​បាន​សិក្សាឱ្យ​បាន​ហ្មត់ចត់​ពី​លក្ខណៈ​សម្បត្តិ​បេក្ខជន​មក​ពី​គណបក្ស​នយោបាយ​នីមួយៗ និង​គោល​នយោបាយ​របស់​ពួក​គេឡើយ ដោយ​លោក​ថា​លោក​រវល់​នឹង​ការងារ​ជា​កម្មករ​កាត់ដេរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In commune campaign, formerly imprisoned activist Kung Raiya hits familiar challenges

493 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម