ស្រុកសណ្តាន់ នៃខេត្តកំពង់ធំ៖ លោក សុខ ហេង មេភូមិស្នងអន បានបង្ហាញដោយមោទនភាពរូបថតផ្ទះថ្មីរបស់លោកដែលបានសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២១ ហើយលោកបានដាក់វានៅលើអេក្រង់ទូរសព្ទ។ ប៉ុន្តែក្រុមហ៊ុន Late Cheng Mining Development ដែលជាក្រុមហ៊ុនរុករករ៉ែមាសដែលមានទំនាក់ទំនងជាមួយអង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពេលនេះគំរាមរុះរើផ្ទះរបស់លោក ហើយក៏បានទន្ទ្រានកាន់កាប់ដីស្រែរបស់អ្នកជិតខាងដែរ។
លោក ហេង បានបដិសេធសំណើររបស់ក្រុមហ៊ុន Late Cheng ដែលផ្តល់ប្រាក់ចំនួន១០០០ដុល្លារជាថ្នូរនឹងការរុះរើផ្ទះ ដោយលោកថាលោកនៅតែមានសិទ្ធិពេញលេញលើផ្ទះនេះ។
លោកហេង ដែលបានអះអាងថាគ្រួសារនិងអ្នកជិតខាងរបស់លោកបានចូលមករស់នៅតំបន់នេះមុនក្រុមហ៊ុនរយៈពេលយ៉ាងយូរមកហើយបានប្រាប់ថា៖ «ខ្ញុំបានបដិសេធ។ ពួកគេគ្មានសិទ្ធិរារាំងប្រជាជនរបស់ខ្ញុំ [មិនឱ្យរស់នៅទីនេះទេ] ។ ដរាបណាពួកគេ [ក្រុមហ៊ុន Late Cheng] ផ្តល់សំណងតិចតួច ខ្ញុំនឹងមិនទៅណាទេ»។
លោក ហេង និងគ្រួសារបានរស់នៅ និងធ្វើស្រែចម្ការលើផ្ទៃដីចំនួន ៥ ហិកតាក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្បែរតំបន់ទេសចរណ៍ភ្នំជី ជិត២០ឆ្នាំមកហើយ។
ទាំងលោក ហេង និងពលរដ្ឋប្រមាណ ១៥០គ្រួសារនៅតំបន់នោះ មិនមានបណ្ណកម្មសិទ្ធិដីដែលចេញដោយរដ្ឋាភិបាលសម្រាប់ដីលំនៅដ្ឋាន និងចម្ការរបស់ពួកគាត់ទេ។ ភូមិរបស់ពួកគាត់នៅតែមិនត្រូវបានគេទទួលស្គាល់ទេ ព្រោះវាស្ថិតនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃឡង់។ នេះបើតាមមេឃុំ សុចិត្រ លោក ប្រាក់ មិន។
ប៉ុន្តែឋានៈជាតំបន់អភិរក្សនេះមិនបានបញ្ឈប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីការផ្តល់សិទ្ធិធ្វើអាជីវកម្មដោយស្របច្បាប់កាលពីថ្ងៃទី ៣១ ខែសីហាដល់ក្រុមហ៊ុន Late Cheng ទេ។ ការជីកយករ៉ែអាចត្រូវបានអនុញ្ញាតនៅក្នុងតំបន់ការពារ ប្រសិនបើបទប្បញ្ញត្តិដូចជាការវាយតម្លៃផលប៉ះពាល់បរិស្ថានត្រូវបានអនុវត្ត។ ប្រតិបត្តិការរបស់ក្រុមហ៊ុននេះមានទំហំ៥៨០០ ហិកតា នេះបើយោងតាមផែនទីដែលបានមកពីការវាយតម្លៃផលប៉ះពាល់បរិស្ថានដែលខេមបូចាបានឃើញ ។
ក្រសួងរ៉ែ និងថាមពល កន្លងបានចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនមួយរុករករ៉ែលើផ្ទៃដី ១៥ ១០០ ហិកតា កាលពីខែមីនា ឆ្នាំ ២០២០ ដែលភាគច្រើនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃឡង់។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងរបស់ក្រុមហ៊ុន Late Cheng តម្លៃ១៣លានដុល្លារ ត្រូវបានគេរំពឹងថានឹងផលិតមាសបាន១៨០គីឡូក្រាមក្នុងមួយឆ្នាំ ដោយក្រុមហ៊ុននេះចាប់ផ្តើមប្រតិបត្តិការចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃក្រសួងរ៉ែ និងថាមពល ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានCambodianess ថាក្រុមហ៊ុន Late Cheng គ្រោងនឹងបង់ប្រាក់ដល់រដ្ឋាភិបាលចំនួន ២៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ជាសួយសារអាករ។ លោក ឌីប៉ូឡា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីខេមបូចាទេ។
ក្រុមហ៊ុនរុករករ៉ែមាសមួយទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Late Cheng គឺក្រុមហ៊ុន Cambodia K88 Industry Co. Ltd បានទទួលការអនុញ្ញាតឱ្យ «រុករករ៉ែលោហធាតុ» នៅឆ្នាំ ២០២០ នៅក្នុងតំបន់ដែលជាប់នឹងដីសម្បទានរបស់ក្រុមហ៊ុន Late Cheng ដែលមានផ្ទៃដីចំនួន៩៣៣៤ហិកតា។ ឯកសាររបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្រុមហ៊ុននេះដំណើរការដោយមានលោក ឈួន យូ ដែលកំពុងកាន់តួនាទីជាអគ្គនាយករងផ្នែកបរិក្ខារបច្ចេកទេសនៃក្រសួងការពារជាតិ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។
បើទោះបីជាដែនជម្រកសត្វព្រៃព្រៃឡង់គ្របដណ្តប់លើផ្ទៃដីព្រៃការពារចំនួន៤៣១ ៦៨៣ហិកតាក៏ដោយ តំបន់នេះត្រូវបានញាំញីដោយការកាប់ឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ។ យោងតាមទិន្នន័យពី Global Forest Watch បានឱ្យដឹងថា ព្រៃឈើប្រមាណ១១ ២០០ហិកតាត្រូវបានបាត់បង់ក្នុងឆ្នាំ២០២១ ដែលជាអត្រាខ្ពស់បំផុតក្នុងកំណត់ត្រា។ ដោយលើកឡើងពីការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលចំពោះការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ និងការធ្វើទុក្ខបុកម្នេញលើសកម្មជនក្នុងស្រុក ទីភ្នាក់ងារ USAID បានកាត់បន្ថយការផ្តល់មូលនិធិរបស់ខ្លួនដល់កម្មវិធីរដ្ឋាភិបាលដែលធ្វើការនៅក្នុងតំបន់នេះកាលពីខែមិថុនាឆ្នាំមុន។
អ្នកស្រី Courtney Work នរវិទ្យាផ្នែកទេសភាពព្រៃឈើ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ National Chengchi នៅតៃវ៉ាន់បាននិយាយថា ស្ទើរតែមិនមានសហគមន៍ណាមួយក្នុងឬជុំវិញព្រៃឡង់មានបណ្ណកម្មសិទ្ធិដីជាផ្លូវការទេ។ តំបន់ការពារព្រៃឡង់មិនទាន់ត្រូវបានកំណត់ដែនតំបន់នៅឡើយទេ ដែលអាចអនុញ្ញាតឱ្យសហគមន៍មួយចំនួនទទួលបានបណ្ណកម្មសិទ្ធិដីធ្លី។
អ្នកស្រីបន្ថែមថា នៅពេលដែលដីត្រូវបានផ្តល់ឱ្យក្រុមហ៊ុនមួយ អ្នកដែលរស់នៅក្នុងតំបន់ដីសម្បទាន តែងតែបាត់បង់ដីកសិកម្មរបស់ពួកគាត់ភ្លាមៗ ប៉ុន្តែជាទូទៅពួកគាត់អាចនៅសល់ផ្ទះសម្បែង ឬដីស្រែតូចៗ។’
អ្នកស្រី Work បានបន្តថា៖ «អសន្តិសុខក្នុងការកាន់កាប់ដីធ្លីនៅតែជាបញ្ហា ជាពិសេសសម្រាប់អ្នកភូមិក្នុងតំបន់ការពារ។ ក្រុមហ៊ុនតែងតែមានអាទិភាព»។
ការវាយតម្លៃផលប៉ះពាល់បរិស្ថានដែលមានភាពស្រពិចស្រពិល
ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ដោយសារតែក្រុមហ៊ុន Late Cheng ហាក់ចាប់ផ្តើមនូវប្រតិបត្តិការរបស់ខ្លួន អ្នកភូមិចំនួន២០គ្រួសារត្រូវបានរារាំងមិនឱ្យចូលទៅកាន់ដីស្រែចំការរបស់ពួកគាត់ និងចូលរួមក្នុងការជីកយករ៉ែមាសតាមលក្ខណៈប្រពៃណីរបស់ពួកគាត់ទេ។ នេះបើយោងតាមការអះអាងរបស់អ្នកភូមិស្នងអន។
ក្រុមអ្នកស្រុកនិយាយថា ក្រុមហ៊ុនក៏បានចាប់ផ្តើមឈូសឆាយ និងកាន់កាប់ដីជាច្រើនកន្លែង ដោយមិនបានចែករំលែកការវាយតម្លៃផលប៉ះពាល់បរិស្ថានជាសាធារណៈ ឬផ្តល់សំណងសមរម្យសម្រាប់ការបាត់បង់សម្បត្តិរបស់ពួកគាត់ទេ។
នៅហាងសាច់អាំងមួយនៅកាច់ជ្រុងពីច្រកចូលរបស់ក្រុមហ៊ុន Late Cheng លោកហេងបានចែករំលែករូបថតអាងមានផ្ទុកសារធាតុគីមីមួយពីទូរសព្ទរបស់លោក ដែលអាងទឹកនេះខណ្ឌដាច់ពីដីដោយតង់មួយប៉ុណ្ណោះ។ លោកហេង បាននិយាយថា វាជាអាងមួយក្នុងចំណោមអាងប្រហែល១០ដែលប្រើក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន Late Cheng ។
លោកថា លោកបារម្ភចំពោះសុខភាពសហគមន៍ ប្រសិនបើសារធាតុគីមីបំពុលទឹកក្រោមដីជុំវិញ។ ដំណើរការនៃការទាញយកមាសជាធម្មតាពាក់ព័ន្ធនឹងការបង្ហូរសារធាតុផ្សេងៗចេញពីរ៉ែដោយប្រើស្យានីតរាវ (liquid cyanide )ហើយអាចមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើរក្សាទុកមិនត្រឹមត្រូវ។ ក្នុងឆ្នាំ ២០១៨ ការបង្ហូរជាតិគីមីពីប្រតិបត្តិការរុករករ៉ែមាសនៅខេត្តក្រចេះ និងមណ្ឌលគិរី ត្រូវបានគេជឿថាជាដើមចមនៃការស្លាប់មនុស្សរាប់សិបនាក់ និងពុលរាប់រយនាក់ទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ថា ក្រុមហ៊ុន Late Cheng និងក្រុមហ៊ុន K88 បានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន-សង្គម ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់បន្ថែម ឬចែករំលែកលទ្ធផលនៃការវាយតម្លៃនោះទេ។ លោកអះអាងថា ក្រុមហ៊ុនទាំងពីរកំពុងប្រតិបត្តិការស្របច្បាប់នៅក្នុងដែនជម្រកការពារសត្វព្រៃនៅតំបន់ព្រៃឡង់។
លោកបានបន្តថា៖ «ក្នុងករណីមានផលប៉ះពាល់ណាមួយកើតចេញទ្បើងពីការអនុវត្តគម្រោង ពួកគេ [ក្រុមហ៊ុន] គួរធ្វើរបាយការណ៍ជាក់លាក់ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីដោះស្រាយបញ្ហានេះ»។
ផ្ទុយទៅវិញក្រុមហ៊ុនរុករករ៉ែមាសរបស់អូស្ត្រាលី Renaissance Minerals ដែលក៏បង្កដល់ជីវភាពរបស់អ្នកស្រុកដែល បានផ្សាយព័ត៌មានលម្អិតអំពីប្រតិបត្តិការ និងការវាយតម្លៃបរិស្ថាននៅលើគេហទំព័ររបស់ខ្លួន ខណៈប្រតិបត្តិការនិងការវាយតម្លៃពីផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុន Late Cheng និងK88 នៅតែមានភាពស្រពិចស្រពិល។
ផែនទីដែលខេមបូចាបានឃើញបញ្ជាក់អំពីប្រតិបត្តិការដែលបានគ្រោងទុកដោយក្រុមហ៊ុន Late Cheng បង្ហាញថាក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនដែលមានឈ្មោះថា Green Balance Environmental Consulting Co., Ltd. បានធ្វើការវាយតម្លៃ ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ផែនទីបង្ហាញថាក្រុមហ៊ុន Late Cheng ហាក់ដូចជាបានបែងចែកទីតាំងប្រតិបត្តិការរបស់ខ្លួនជាបីតំបន់៖ មួយស្ថិតនៅក្បែរភូមិស្នងអន មួយទៀតនៅតំបន់ដំណាក់ក្រសាំង និងទីបីនៅតំបន់ភ្នំជី។ រូបភាពផ្កាយរណបបង្ហាញពីសញ្ញានៃការជីកយករ៉ែនៅក្នុងតំបន់ទាំងនេះ ប៉ុន្តែប្រតិបត្តិការរបស់ក្រុមហ៊ុនហាក់ដូចជាពង្រីកទៅខាងក្រៅលើសពីតំបន់ទាំងនេះទៀតផង។
យោងតាមអនុក្រឹត្យឆ្នាំ២០០៩របស់រដ្ឋាភិបាល ក្រុមហ៊ុនត្រូវតែពិគ្រោះយោបល់ជាមួយ«អ្នកទទួលរងផលប៉ះពាល់ពីគម្រោង» នៅពេលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ប៉ុន្តែមេភូមិស្នងអន លោក ហេង និងគ្រួសារចំនួនបួនផ្សេងទៀតដែលរងផលប៉ះពាល់ដោយប្រតិបត្តិការរបស់ក្រុមហ៊ុន Late Cheng និយាយថារឿងនេះមិនដែលកើតឡើងទេ។
វិនិយោគិនដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាច
កាលពីខែវិច្ឆិកា នៅពេលដែលអ្នកសារព័ត៌មានខេមបូចា បានចុះទៅដល់តំបន់នោះ នគរបាលបានយាមផ្លូវដីសម្រាប់ចូលទៅតំបន់សម្បទានឱ្យក្រុមហ៊ុន K88 និង Late Cheng ដែលផ្លូវទាំងនោះត្រូវបានបិទដោយប៉ារាស់។ លោក ហេង បានឱ្យដឹងថានរគបាលទាំងនោះដឹកនាំដោយឧត្តមសេនីយ៍ទោ កែវ ធូ សមាជិកនៃអង្គភាពអង្គរក្ស ដែលជួយយាមប្រតិបត្តិការរបស់ក្រុមហ៊ុន។
មន្ត្រីនគរបាលដែលមានពាក់ឯកសណ្ឋាននៅប៉ុស្តិ៍ត្រួតពិនិត្យក្រុមហ៊ុន Late Cheng ដែលបដិសេធមិនផ្តល់ឈ្មោះ និងរារាំងអ្នកយកព័ត៌មានខេមបូចា បាននិយាយថា៖ «សហគមន៍មិនត្រូវបានអនុញ្ញាតឱ្យចូលដោយគ្មានការព្រមព្រៀងពីក្រុមហ៊ុននោះទេ»។ មន្ត្រីប៉ូលិសម្នាក់ដែលឈរជើងនៅជិតបុស្តិ៍ត្រួតពិនិត្យរបស់ក្រុមហ៊ុនK88 បាននិយាយថា លោកនឹងមានបញ្ហាប្រសិនបើអ្នកកាសែតចូលដោយគ្មានការអនុញ្ញាត។
ខណៈប្រធានអង្គភាពអង្គរក្ស លោក ហ៊ីង ប៊ុនហៀង មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានមានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុនណាមានអាជ្ញាបណ្ណប្រតិបត្តិការស្របច្បាប់ អាចស្នើសុំការពារសន្តិសុខបាន។
លោកបានបន្តថា៖ «នេះជាវិធានការមួយដែលយើងមានផែនការការពារអ្នកវិនិយោគគិនរបស់យើង។ វាមិនមែនជាបញ្ហាឯកជនទេ ប៉ុន្តែការពារអ្នកវិនិយោគគិនដែលមានប្រតិបត្តិការស្របច្បាប់ មានសំណើរត្រឹមត្រូវ»។
វិនិយោគិនរបស់ក្រុមហ៊ុនរុករករ៉ែមានទំនាក់ទំនងល្អជាពិសេស។
តាមព័ត៌មានដែលបង្ហោះលើគេហទំព័រក្រសួងពាណិជ្ជកម្មបង្ហាញថាក្រុមហ៊ុន Late Cheng ត្រូវបានគ្រប់គ្រងដោយជនជាតិចិនបួននាក់គឺ Dong Shuangyong, Feng Zhirong, Yin Guozhong និង Zhao Ying Ming និងភរិយាជនជាតិខ្មែររបស់ Zhao គឺ សឿន ពិសី។ យោងតាមអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា លោក Dong, Feng និង Yin សុទ្ធតែបានក្លាយជាពលរដ្ឋខ្មែរចូលសញ្ជាតិក្នុងឆ្នាំ ២០២០។
លោក Ying Ming និងនាយក K88 លោក Chun You មន្ត្រីក្រសួងការពារជាតិ ត្រូវបានភ្ជាប់ជាសហនាយកនៃក្រុមហ៊ុន Phnom Penh Zhe Long Mining Development Co., Ltd. និង Phnom Penh Zhe Long Construction Development Co. Ltd ។
តាមរយៈការបរិច្ចាគ លោក Zhao និងអ្នកស្រី ពិសី បានពង្រឹងទំនាក់ទំនងទៅកាន់ឥស្សរជនដែលកំពុងកាន់អំណាច និងយោធា និងមន្ត្រីអនុវត្តច្បាប់ក្នុងស្រុក។
ការបង្ហោះតាមហ្វេសប៊ុកបានបង្ហាញថាប្តីប្រពន្ធមួយគូរនេះក្នុងខែកញ្ញាបានថតរូបជាមួយប្រធានអង្គភាពអង្គរក្ស លោក ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី និងជាអ្នកស្នងមរតករបស់គណបក្សប្រជាជនកម្ពុជា។
លោក កេង វ៉ាន់នី ស្នងការរងនគរបាលខេត្តធំ បានសរសេរបន្ទាប់ពីប្តីប្រពន្ធមួយគូរនេះបានបរិច្ចាគប្រាក់៥០០ដុល្លាសម្រាប់សាងសង់អាគារធ្វើការរបស់លោកថា៖ «ខ្ញុំបាទសូមឲ្យទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាលោកZHAO YING MING និងភរិយា សឿន ពិសី ព្រមទាំងបុត្រឲ្យជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ»។
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Late Cheng ក៏បានបរិច្ចាគថវិកាចំនួន ៥០ ០០០ ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដែលគ្រប់គ្រងដោយអ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីរំលឹកខួបលើកទី ១៥៩ នៃទិវាពិភពលោកកាកបាទក្រហម។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបរិច្ចាគដោយផ្ទាល់ចំនួន៣០០០ដុល្លារដែរ។
ចាប់តាំងពីឆ្នាំ២០២១ មក ក្រុមហ៊ុន Late Cheng បានផ្តល់គ្រឿងបរិក្ខារពេទ្យដល់យោធាភូមិភាគទី៤ ខេត្តកំពង់ធំ និងបានរ៉ាប់រងលើថ្លៃសាងសង់អគារនគរបាលខេត្តកំពង់ធំ រួមទាំងអំណោយចំនួន១០ ០០០ ដុល្លារក្នុងខែមេសា។
ទាំងនាយកក្រុមហ៊ុនLate Cheng ឬក្រុមហ៊ុន K88 មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយពីអ្នកសារព័ត៌មានខេមបូចាទេ។
តើមានផលប៉ះពាល់លើគម្រោងរេដបូក (REDD+)ដែរឬទេ?
លោក អ៊ំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា(Conservation International Cambodia) មានប្រសាសន៍ថា អាជីវកម្មរុករករ៉ែមាសដូចក្រុមហ៊ុន Late Cheng និង K88 ក៏ជាកត្តាជំរុញការកាប់បំផ្លាញព្រៃឈើផងដែរ។
នោះបង្កើតជាសំណួរពីសក្តានុពលនៃផលប៉ះពាល់បណ្តាលមកពីអាជីវកម្មរ៉ែដែលមានលើផែនការពង្រីកគម្រោងអភិរក្សអន្តរជាតិ «កាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងការរិចរិលព្រៃឈើ» (REDD+) នៅក្នុងតំបន់នេះ។ REDD+ អនុញ្ញាតឱ្យក្រុមហ៊ុនបង់ប្រាក់ដើម្បីការពារព្រៃឈើជាមធ្យោបាយទូទាត់ការបំភាយកាបូនរបស់ពួកគេ ដោយគម្រោងនេះត្រូវបានផ្សព្វផ្សាយដោយអង្គការខ្លះថាជាមធ្យោបាយដើម្បីរកប្រាក់ពីការអភិរក្សរយៈពេលវែងនៃព្រៃឈើដែលនៅសេសសល់របស់កម្ពុជា។
អង្គការ Conservation International រួមជាមួយនឹងក្រសួងបរិស្ថាន និងសាជីវកម្ម Mitsui Banking របស់ប្រទេសជប៉ុន ស្វែងរកការអនុវត្តគម្រោង REDD+ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ដែលត្រូវបានរងផលប៉ះពាល់រួចហើយដោយការកាប់បំផ្លាញព្រៃឈើ ដែលបណ្តាលមកពីដីសម្បទានរ៉ែថ្មកំបោរថ្មីមួយ និងផែនការសម្រាប់ខ្សែបណ្តាញបញ្ជូនថាមពលអគ្គិសនី។
ខណៈពេលដែលប្រតិបត្តិការរបស់ក្រុមហ៊ុនរុករករ៉ែមាសមិនត្រួតស៊ីគ្នាជាមួយនឹងគម្រោង REDD+ បច្ចុប្បន្ននៅក្នុងផ្នែកខេត្តស្ទឹងត្រែងនៃដែនជម្រកសត្វព្រៃឡង់ គម្រោង REDD+ កំពុងពង្រីកទៅខេត្តក្រចេះ និងកំពង់ធំ ដែលជាតំបន់ព្រៃឡង់ដែលក្រុមហ៊ុន K88 និង Late Cheng កំពុងដំណើរការ។ លោក អ៊ំ សូនី បាននិយាយថា ព្រំប្រទល់ REDD+ មិនត្រូវបានបញ្ជាក់ទេថា «ទីតាំងគម្រោង និងសហគមន៍គោលដៅកំពុងត្រូវបានកំណត់អត្តសញ្ញាណ និងធ្វើឱ្យមានសុពលភាព»។
លោកបានបន្ថែមថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលដើម្បីកាត់បន្ថយផលប៉ះពាល់ដែលវាអាចមានលើគម្រោង [REDD+] និងបង្កើនអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេស ក៏ដូចជាសមតុល្យការអភិរក្ស និងលទ្ធផលនៃការអភិវឌ្ឍន៍។ ដោយសារវានៅតែស្ថិតក្នុងដំណាក់កាលរៀបចំ វាលឿនពេកក្នុងការនិយាយថាតើការជីកយករ៉ែនឹងប៉ះពាល់ដល់ទីតាំងគម្រោងយ៉ាងដូចម្តេច»។
ការចូលទៅដីស្រែចម្ការត្រូវបានរឹតត្បិត
អ្នកភូមិស្នងអនភាគច្រើនមកព្រៃឡង់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ឬដើមឆ្នាំ២០០០ ដោយស្វែងរកដីនិងឱកាសសេដ្ឋកិច្ច។ ពេលខ្លះការប៉ុនប៉ងជីកយករ៉ែមាសខ្នាតតូចជាច្រើនដែលអាចពាក់ព័ន្ធនឹងការធ្វើផែនការនិងការបូមយកមាសចេញឬការប្រើប្រាស់សារធាតុស្យានីតសម្រាប់ច្រោះ ក៏ដូចជាប្រតិបត្តិការរុករករ៉ែខ្នាតធំដែលមិនមានការគ្រប់គ្រង និងគ្មានអាជ្ញាប័ណ្ណបានរីកសាយភាយ។
ភ្នំពេញប៉ុស្តិ៍បានរាយការណ៍កាលពីឆ្នាំ២០១២ ថា ដើមឈើជាច្រើនបានងាប់ដោយសារការបំពុលពីការជីកយករ៉ែមាសនៅជុំវិញព្រៃឡង់ក្នុងខេត្តក្រចេះ និងកំពង់ធំ ខណៈដែលមន្ត្រីមូលដ្ឋានត្រូវបានសូកប៉ាន់ដើម្បីកុំឱ្យពួកគេចាប់អារម្មណ៍រឿងនេះ។ ប្រតិបត្តិការកាប់ឈើខុសច្បាប់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ ស្ថានភាពព្រៃឈើ។
ដោយស្វះស្វែងរកការទទួលស្គាល់ពីវត្តមានដ៏យូររបស់ពួកគេ សហគមន៍ស្នងអន បានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីក្លាយជាភូមិផ្លូវការក្នុងឆ្នាំ២០១៨ ។
ប៉ុន្តែអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលរបស់ក្រសួង លោក ប្រាក់ សំអឿន បានអះអាងថា ក្រសួងមិនទាន់ឃើញសំណើរនេះនៅឡើយទេ។
ប្រធានគណៈកម្មការវត្តស្នងអន លោក ប៉េស ពិសិដ្ឋ អាយុ ៦២ ឆ្នាំ ជាអតីតទាហានជាមួយកងកម្លាំងទ័ពព្រៃរបស់ សឺន សាន បាននិយាយថា ជាលទ្ធផលនៃប្រតិបត្តិការរបស់ Late Cheng លោកមិនអាចចូលប្រើប្រាស់ផ្ទៃដី ៤ ហិកតាដែលលោកបានដាំដុះបានទៀតទេ ចាប់តាំងពីបានមកដល់តំបន់នេះនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។ បន្ទាប់ពីចាកចេញពីជំរុំជនភៀសខ្លួន Site Two ។ អ្នកភូមិព្រួយបារម្ភព្រោះក្រុមហ៊ុនបានបិទមិនឱ្យចូលដីចម្ការនៅផ្លូវដីក្រហមដែលចូលព្រៃ។
លោក ពិសិដ្ឋ បានមានប្រសាសន៍ថា៖ «ផ្លូវនេះត្រូវបានអ្នកភូមិសាងសង់ ហើយនៅពេលដែលពួកគេ [ក្រុមហ៊ុន Late Cheng និង K88] មក ពួកគេចាប់ផ្តើមបិទផ្លូវ។ [អ្នកភូមិ] មិនត្រូវបានអនុញ្ញាតឱ្យចូល [តំបន់ក្រុមហ៊ុន] ទេ សូម្បីតែបុគ្គលិកក្រុមហ៊ុនក៏មិនអាចចេញមកស្នាក់នៅផ្ទះបានងាយស្រួលដែរ»។
អ្នកស្រី ឡាច អ៊ុន អាយុ៦០ឆ្នាំ និងប្តីឈ្មោះ សែន អន អាយុ៦១ឆ្នាំ ដែលជាអ្នកជិតខាងរបស់លោកពិសិដ្ឋបាននិយាយថា ពួកគាត់រស់នៅតំបន់នោះជិតបីទសវត្សរ៍មកហើយ ហើយត្រូវបានក្រុមហ៊ុន Late Cheng ប្រាប់ពួកគាត់ថា ពួកគាត់មិនអាចប្រើម៉ាស៊ីនច្រូតកាត់ ដើម្បីភ្ជួរដីទំហំ ៤ ហិកតាទៀតទេ។ ក្រុមហ៊ុនក៏បានហាមឃាត់ការជីករ៉ែលក្ខណៈគ្រួសារដែរ បើទោះបីជាគ្រួសារខ្លះអាចចុះកិច្ចសន្យាបន្តការជីករ៉ែរាក់ៗ ប៉ុន្តែ នៅពេលដែលក្រុមហ៊ុនស្នើសុំបញ្ឈប់ត្រូវតែឈប់តាមគោលការរបស់ក្រុមហ៊ុន។ នេះបើយោងកិច្ចសន្យាចំនួនពីរដែលខេមបូចាបានអាន ។
អ្នកស្រី អ៊ុន មានប្រសាសន៍ថា ៖ «ចាប់ពីឆ្នាំនេះទៅ យើងមិនត្រូវបានអនុញ្ញាតឱ្យដាំដំណាំទេ ប៉ុន្តែអាចដាំស្រូវបាន ហើយខ្ញុំមិនដឹងថាឆ្នាំក្រោយទេម៉េចវិញទៀតទេ។ ទោះបីខ្ញុំមានដីស្រែនៅទីនោះ [ក្នុងតំបន់ក្រុមហ៊ុន Late Cheng] ក៏ដោយ ពួកគេបានរឹតបន្តឹងយើងមិនឱ្យចូលទៅខាងក្នុងទេ»។
អ្នកស្រី អ៊ុន បានបន្ថែមថា ៖ «ប្រសិនបើយើងមិនអាចធ្វើស្រែបានទេ យើងនឹងទៅធ្វើការរើសគ្រាប់ស្វាយចន្ទី និងប្រមូលដំឡូងមី»។
អ្នកជិតខាងរបស់ពួកគេឈ្មោះ សំ សាម អាយុ៦១ឆ្នាំ បាននិយាយថាអ្នកស្រីបានមករស់នៅអចិន្ត្រៃយ៍ក្នុងឃុំសុចិត្រក្នុងទស្សវត្សរ៍ឆ្នាំ ២០០០ និងបានដាំដុះដំណាំលើផ្ទៃដី ១០ ហិកតា។ កាលពីពីរឆ្នាំមុន អេស្កាវ៉ាទ័រក្រុមហ៊ុន Late Cheng បានបំផ្លាញចោលអស់បីហិកតា។
អ្នកស្រីសាម បាននិយាយថា ៖ «ពេលគេកាន់កាប់ដីយើង គេឱ្យតែ ១០០ ដុល្លារ ហើយពេលយើងទៅឃាត់គេមិនស្តាប់ទេ។ គេហាមយើងមិនឱ្យដាំដំណាំធំៗដូចជាដើមស្វាយចន្ទីអីហ្នឹង»។
បើគ្មានប័ណ្ណកម្មសិទ្ធិដីដែលទទួលស្គាល់ដោយរដ្ឋទេ ប្រជាពលរដ្ឋនៅតំបន់នោះមានលទ្ធភាពផ្លូវច្បាប់តិចតួចក្នុងការទទួលបានដី និងចម្ការរបស់ពួកគាត់ដែលបាត់បង់។ មេភូមិក្រៅផ្លូវការ លោក ហេង បានសោកស្តាយចំពោះអ្វីដែលលោកចាត់ទុកការខ្វះការទទួលខុសត្រូវលើសកម្មភាពរបស់ក្រុមហ៊ុន។
លោកបានបន្តថា ៖ «ពួកគេ [ក្រុមហ៊ុន] បានប្រើអំណាចដើម្បីធ្វើអ្វីៗតាមអំពើចិត្ត គ្មាននរណាហ៊ានរារាំងពួកគេឡើយ។ ពួកគេបានកាប់ឆ្ការដី និងព្រៃឈើ គ្មាននរណាអាចរារាំងបានទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Protected Prey Lang Forest, Communities Pushed Out But Mining Companies Welcomed In