សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ជនជាតិដើមភាគតិចជងត្រូវបានហាមឃាត់ធ្វើចម្ការលើទីតាំងដែលមិនទាន់កំណត់ព្រំប្រទល់ច្បាស់លាស់នៅតំបន់អារ៉ែង

មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុងកំពុងបង្ហាញទីតាំងផែនទីនៃអនុក្រឹត្យ ៣០ ទៅកាន់ក្រុមខ្មែរថាវរៈ និងតំណាងសហគមន៍ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣។ (រូបភាព៖ ខ្មែរថាវរៈ)
មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុងកំពុងបង្ហាញទីតាំងផែនទីនៃអនុក្រឹត្យ ៣០ ទៅកាន់ក្រុមខ្មែរថាវរៈ និងតំណាងសហគមន៍ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣។ (រូបភាព៖ ខ្មែរថាវរៈ)

លោក ព្រាវ ហ៊ុន ​ជា​កសិករ​ដាំ​ស្វាយ និង​ចេក​នៅ​តំបន់​អារ៉ែង​នៅ​ជួរ​ភ្នំក្រវាញ​ជាង​២៥​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​កាល​ពី​ប្រាំ​មួយ​ខែ​មុន​មន្ត្រី​ក្រ​សួង​បរិស្ថាន​បាន​ហាម​ឃាត់​លោក និង​ជនជាតិ​ដើម​ភាគតិច​ជង​ផ្សេង​ទៀត​ពីការ​ធ្វើ​ចម្ការ​នៅ​លើ​ដី​នោះ​តទៅទៀត ដោយ​ថា​រដ្ឋាភិបាល​បាន​រៀប​ចំ​តំបន់​នោះ​ទៅ​ជា​តំបន់​ការពារ​។​

លោក​បាននិយាយ​ថា៖ «ពួកគេ​មិន​ឲ្យ​យើង​ធ្វើ[ចម្ការ]​ទៀត​ទេ»។ លោក​បន្ត​ថា៖ «ខ្ញុំ​មិន​ច្បាស់​ថា​ហេតុ​អ្វី​បានជាពួកគេទុកឱ្យដីព្រៃចោល។ ដី​ចម្ការ​ត្រូវ​បានទុក​ចោល ពីព្រោះ​យើង​មិន​ហ៊ាន​ទៅ​ធ្វើទៀតទេ បើ​​គេ​ហាម​ឃាត់​ចឹងហើយ»។​​

លោក ហ៊ុន វ័យ​៥៥​ឆ្នាំ រស់​នៅ​ភូមិ​ជំនាប់​ ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង នៅ​​ឧទ្យានជាតិ​ភ្នំក្រវាញកណ្តាល ដែល​បច្ចុប្បន្ននេះ​​​ជាទីតាំងដែលកំពុង​ត្រូវបាន​រដ្ឋាភិបាល​​កំណត់​តំបន់​ និងធ្វើអនុប្រយោគជា​កម្មសិទ្ធិឯកជនរបស់រដ្ឋ​តាម​រយៈ​អនុក្រឹត្យលេខ​ ៣០​​។​

អនុក្រឹត្យ​នេះ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ កាលពី​ខែ​មីនា ឆ្នាំ​២០២១ ដែល អនុញ្ញាត​ឲ្យ​​មាន​ការ​ធ្វើ​អនុប្រយោគលើ​ដី​ក្នុង​ឧទ្យានជាតិ និង​មាន​តំបន់ការ​ពារ​​ប្រាំពីរ​ផ្សេង​ទៀត​ ដែល​មាន​ផ្ទៃ​ដី​សរុប ១២៦ ៩២៨​ហិកតា​នៅ​ក្នុង​ខេត្ត​កោះកុង​។​

ខេត្ត​កោះ​កុង​​រង​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ជា​ច្រើន​កន្លែង​ពី​ក្រុម​អ្នក​មាន​អំណាច ​ទោះ​បី​ជា​អនុក្រឹត្យ​នេះ​ហាក់​មាន​បំណង​ផ្ដល់​ប្លង់កម្មសិទ្ធិ និង​សិទ្ធិប្រើ​ប្រាស់​ដី​ធ្លី​ដល់​ប្រជា​សហគមន៍​​សម្រាប់​រស់នៅ​រយៈ​ពេលវែង និង​ធ្វើ​ចម្ការ​ក្នុង​តំបន់​ការពារ ដូច​ជា​លោក ហ៊ុន និង​ជន​ជាតិ​ដើម​ភាគតិច​ជង​ផ្សេង​ទៀត​។​

លោក ហ៊ុន បន្ត​ទៀត​ថា៖ «ប្រ​ជា​ពល​រដ្ឋ​ជួប​ការ​លំបាកពីព្រោះ​តែដី​ដែល​ធ្លាប់​ធ្វើ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត គឺ​លែង​​ឲ្យ​ប្រើ​ប្រាស់​ដូច​ពី​មុន​ទៀតហើយ»។ លោក ហ៊ុន មាន​ដី​​ធ្វើ​ចម្ការ​ប្រហែល​ជា​ពីរ​ហិកតា​។ មន្ត្រី​បាន​អនុញ្ញាត​ឲ្យ​លោក​ធ្វើចំការនៅលើដីប្រមាណកន្លះហិកតា​។ លោក​ឲ្យ​ដឹង​ថា៖ «​នៅ​មិន​ទាន់​មាន​ការ​បោះ​បង្គោល​ព្រំ​ដី​ច្បាស់​លាស់​នៅ​ឡើយទេ ហើយ​ដីទាំង​នោះ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​ឃុំ និង​ខេត្ត ដូច​នេះ​យើង​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​បានលើ​ដី​ទាំង​នោះ បើ​មិន​អីចឹង​យើង​នឹង​ប្រឈម​នឹង​ផ្លូវច្បាប់»។​

ទេសភាព​​​តំបន់​អារ៉ែង​មើល​ពី​កំពូល​ភ្នំម្រេច​កង្កែប​នៅ​ភាគ​ខាង​ត្បូង​ជួរភ្នំក្រវាញ​ ថត​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣។ រូបភាព៖ ស៊ើង​ និមល់

ចម្ការ​របស់​លោក ហ៊ុន គឺ​នៅជិត​តំបន់​ដែល​ចុះ​បញ្ជី​ក្នុង​គម្រោង REDD+ (រេដបូកជាគម្រោងកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ) ដែល​គ្រប់​គ្រង​ដោយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ និង​ក្រ​សួង​បរិស្ថាន និង​​នៅ​ក្នុង​តំបន់​ដែល​ទំនង​ជា​ត្រូវ​កំណត់​សម្រាប់​គម្រោង​ REDD+ ដែល​គ្រប់​គ្រង​ដោយ​អង្គការ​អភិរក្ស​អន្តរ​ជាតិ។​

លោក ហ៊ុន និង​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​ដាក់​​លិខិត​នៅ​ក្នុង​ប្រអប់​សំបុត្រ​ដែល​បាន​រៀបចំ​នៅ​ឃុំ​ជំនាប់ ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ និង​ក្រ​សួង​បរិស្ថាន ដែល​នេះ​ទំនង​ជា​ផ្នែក​នៃ​គម្រោង​រ៉េដបូក នៅ​តំបន់​ភ្នំក្រវាញកណ្ដាល​។​

អ៊ុំ សូនី នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​អភិរក្ស​អន្តរជាតិ​ (CI) មិន​បាន​ឆ្លើយ​តបទៅ​នឹង​សំណួររបស់​ខេមបូចា ទាក់ទង​នឹង​ថា​ហេតុ​អ្វី​បាន​ជា​កសិករ​​ដែល​បាន​រស់​នៅ​ក្នុង​តំបន់​រេដបូក និង​ដៃគូ ត្រូវ​ហាម​ឃាត់​មិនឲ្យ​ធ្វើ​ចម្ការ​លើ​ដី​ទាំង​នោះ​។​

នាយក​គ្រប់​គ្រង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​ លោក ឃឹម សុថន មាន​ប្រសាសន៍​ថា៖ «ការ​ហាម​ឃាត់​[ធ្វើចម្ការ] គឺ​ទាក់​ទឹង​ទៅ​នឹង​អនុក្រឹត្យ​លេខ​៣០ មិន​មែន​ដោយសារ​តែ​គម្រោង​រេដបូកនោះទេ»។​

លោ​ក​អះអាង​ថា ក្រ​សួង​បរិស្ថាន​គឺ​កំពុង​រៀបចំព្រំប្រទល់​តំបន់​ការពារថ្មី​តាម​រយៈ​អនុក្រឹត្យ​នេះ។​

លោក​ថា តំបន់​ការពារ​ត្រួត​លើ​​ផ្នែក​ខ្លះ​នៃ​ឃុំ​ជំនាប់ ដែល​ជា​ដី​ចម្ការ ប៉ុន្តែ​មន្ត្រី​នៅ​មិន​ច្បាស់​ថា​កន្លែង​ណាឲ្យ​ប្រាកដ​ដែរ។​

លោក សុថន ឲ្យ​ដឹង​ទៀត​ថា៖ ​«យើង​មិន​អនុញ្ញាតឲ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ចម្ការ​បន្ត​ពីព្រោះ​ពួកគេ​ត្រូវ​រង់​ចាំ​ឲ្យ​តំបន់​នោះ​មាន​ភាព​ច្បាស់​លាស់សិន ដើម្បី​ដឹង​ថា​កន្លែង​ណា​ជា​ដី​អាច​ធ្វើ​ចម្ការ​បាន»។ លោក​បញ្ជាក់ថា​ការហាមឃាត់​នេះ​បាន​កើត​ឡើង​ប្រហែល​ប្រាំមួយ​ខែ​មក​ហើយ។ លោក​បន្ថែម​ថា៖ «យើង​បាន​ប្រាប់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​ឈប់​ធ្វើ​ចម្ការ ពីព្រោះ​យើង​សង្ស័យ​ថា​វា​ស្ថិត​ក្នុង​តំបន់​ការពារ»។​

អ្នកស្រី Claire Baker-Munton ​អ្នក​នាំពាក្យ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ដែលប្រតិបត្តិ​ការ​​ជិត​តំបន់​ចុះ​បញ្ជី​គម្រោងរេដបូក បដិសេធអត្ថាធិប្បាយ​លើ​រឿង​នេះ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​មិន​មាន​យោបល់អ្វី​លើ​រឿង​នេះទេ អនុក្រឹត្យ​លេខ​៣០​គឺ​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋបាលខេត្ត»។​

រូបថត​ផែនទី​អនុក្រឹត្យ​លេខ​៣០ អនុប្រយោគដី​ ៣៣៧៥,៨​ហិកតា នៅ​ឧទ្យានជាតិ​ជួរភ្នំក្រវាញ​កណ្ដាល ជា​សម្បត្តិ​ឯកជនរបស់​រដ្ឋ។ ខេមបូចា/សឿង និមល់
អនុក្រឹត្យ​លេខ​៣០ អនុប្រយោគ​ដី​ ២៩០៥៩,៣៥ហិកតា នៅ​ខាង​ត្បូង​ឧទ្យាន​ជាតិ​ជួរភ្នំក្រវាញ​ជា​សម្បត្តិ​ឯកជនរបស់​រដ្ឋ។ ខេមបូចា/ស៊ើង និមល់

អតីត​តំណាង​សហគមន៍ជនជាតិដើមភាគតិច​ជង លោក វែន វន ឲ្យ​ដឹងថា​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ជង​នៅ​ក្នុង​តំបន់​នេះ​មិន​អាច​ទទួល​បាន​​ប្លង់​កម្មសិទ្ធិ​ដី​ចម្ការ​របស់​ខ្លួន​ទេ ប៉ុន្តែពួកគាត់​នឹង​ស្វែង​រក​សិទ្ធិ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីសហគមន៍ដើម្បី​ការពារ​ដី​ពួកគេ ​នៅ​ពេលអនុក្រឹត្យ​នោះរៀបចំបែង​ចែកព្រំប្រទល់​ដី​តំបន់​រួចរាល់​។​​

លោក សុខ វឿន មេឃុំ​ជំនាប់ មានប្រសាសន៍ថា​ប្រ​ជាពល​រដ្ឋ​ត្រូវ​បាន​ណែនាំ​​ឲ្យ​ទាក់ទង​មន្ត្រី​ឃុំពាក់ព័ន្ធ​នឹង​កង្វល់​របស់​ពួកគេ និង​ថា​កង្វល់ទាំង​នោះ​នឹង​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរបរិស្ថាន។ លោក​អះអាង​ថា​គិត​មក​ដល់ពេល​នេះ​នៅ​មិន​ទាន់​បានទទួល​បណ្ដឹង​ណា​មួយ​នៅ​ឡើយ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ពិត​ជាមានការ​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពល​រដ្ឋ​ធ្វើ​ចម្ការ​មែន​។​

ប៉ុន្តែ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង នៅ​ក្នុង​ឃុំ​ជំនាប់ ត្រូវ​បាន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​​ជួយ​រៀប​ចំ​ញត្តិ​ដាក់​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុង​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២២ ដើម្បី​បាន​ផែន​ទី​បញ្ជាក់​ច្បាស់​ថា​កន្លែង​ណា​ខ្លះ​ដែល​ពួកគេ​អាច​ធ្វើ​កសិកម្ម​បាន​​នៅ​ក្នុង​តំបន់​ការពារ​នោះ​។​

សមាជិក​ខ្មែរ​ថាវរៈ លោក ស្វាយ សំណាង និយាយ​ថា​ក្រុមរបស់​លោក​បាន​ធ្វើ​ដំណើរ​ម្ដង​ទៀត​ទៅ​តំបន់​អារ៉ែង​កាលពី​ដើមខែ​កុម្ភៈ ដើម្បី​ស្នើ​ដល់​មន្ត្រី​ក្រ​សួង​បរិស្ថាន​បង្ហាញ​ផែន​ទី​ក្នុង​អនុក្រឹត្យ​។​ លោក​ថា ផែនទី​ដែលបានកំណត់ថ្មីអាច​នឹង​ធ្វើឱ្យ​កសិករ​បាត់​បង់​ប្រាក់​ចំណូល បើ​សិន​ជា​ដី​ដាំ​ដំណាំ​របស់​ពួកគាត់​លែង​ត្រូវអនុញ្ញាត​ឲ្យ​ធ្វើ​កសិកម្ម​តទៅ​ទៀត​។​

ប្រធានមន្ទីរបរិស្ថាន​ខេត្ត​កោះកុង​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ។ យ៉ាង​ណា លោក សំណាង​ អះអាង​ថាមន្ត្រីបរិស្ថានថា​នឹង​ពិនិត្យ​ទីតាំង​ដី និង​បញ្ជូន​វា​ទៅ​កាន់​ថ្នាក់​លើ ដូច​នេះ​មន្ត្រី​ជំនាញ​អាច​នឹង​ចុះ​មក​ផ្ទាល់ និង​វាស់​វែង​ទី​តាំង​ក្នុង​តំបន់​នេះ​។​

លោកសំណាង​បន្ថែម​ថា៖ «​សម្រាប់​ខ្ញុំ​ វា​នៅ​តែ​មិន​ច្បាស់​លាស់​»។ លោកបន្តថា៖ «​យើង​នៅ​តែ​ជំរុញ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ឲ្យ​បង្ហាញ​ផែន​ទី​ច្បាស់​លាស់ ដូច​នេះជនជាតិ​ដើម​ភាគ​តិច​នឹង​អាច​ដឹង​ថា​តំបន់​ណា​ដែល​ជា​តំបន់​ការពារ និង​តំបន់​ណា​អាច​ធ្វើ​ចម្ការ​បាន​»។​

ង៉ែត ស៊ីណាប់ មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះ​កុង​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែផ្ដល់​ជំនួយ​ដល់​កសិករ​អំឡុង​ពេល​ដែល​ជីវភាព​របស់​ពួកគាត់​កំពុង​ជួប​បញ្ហា​។​

មន្ត្រី​ដដែល​​បន្ថែម​ថា៖ «ប្រ​ជា​ពល​រដ្ឋ​ជា​កូនៗ​របស់​រដ្ឋាភិបាល ដូច​នេះ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​មាន​បញ្ហា រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​ពួកគេ…​ពេល​ណា​មាន​បញ្ហា​ វា​ពិត​ជា​ប៉ះពាល់​ផល​ប្រយោជន៍​ប្រ​ជា​ពល​រដ្ឋ ដូច​នេះ​អាជ្ញាធរ​គួរ​តែពន្លឿន​កិច្ច​ការនេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន»។​

មន្ត្រី​មន្ទីរបរិស្ថាន​ខេត្តកោះកុង​កំពុងបង្ហាញ​ទីតាំង​ផែនទី​នៃ​អនុក្រឹត្យ ៣០ ទៅ​កាន់​ក្រុម​ខ្មែរ​ថាវរៈ និងតំណាងសហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​នៅ​តំបន់​អារ៉ែង​កាលពី​ដើមខែកុម្ភៈ ឆ្នាំ​២០២៣។ (រូបភាព៖ ខ្មែរថាវរៈ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Indigenous Community Banned From Farming Over Unclear Zoning in Areng Valley

631 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម