របាយការណ៍ថ្មីមួយចេញផ្សាយដោយគម្រោងការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA) ស្តីពីការឃ្លាំមើលព្រៃឈើបានបង្ហាញថា កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន ១២០ ៨២៩ហិកតានៅក្នុងឆ្នាំ២០២៣ ដែលជិតពាក់កណ្តាលនៃការបាត់បង់នេះកើតឡើងនៅក្នុងតំបន់ការពារ។ ក្រសួងបរិស្ថានបានច្រានចោលការរកឃើញនៃរបាយការណ៍នេះ។
យោងតាមរបាយការណ៍ឃ្លាំមើលដែលចេញលើកទី៤ ដោយCEEJA ការបាត់បង់នេះស្មើនឹង ១,៤ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ ជារួម ៤០ភាគរយនៃការបាត់បង់គម្របព្រៃឈើសរុប ដែលស្មើនឹង ៤៨ ៧៤៧ហិកតា បានកើតឡើងនៅក្នុងតំបន់ការពាររបស់ប្រទេស។ ការបាត់បង់គម្របព្រៃឈើបានកើនឡើង ១៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាភាគរយមួយដែលឆ្លុះបញ្ចាំងថាការកើនឡើងនេះកើតឡើងនៅទូទាំងតំបន់ការពារ និងជម្រកសត្វព្រៃផ្សេងៗក្នុងប្រទេសកម្ពុជា។
ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៣ កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន ២,៨៣ លានហិកតា ដែលស្មើនឹងការថយចុះ ៣២ភាគរយនៃគម្របព្រៃឈើដែលមានកាលពីឆ្នាំ២០០០។
គម្រោងការចូលរួមរបស់ពលរដ្ឋដើម្បីយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)ត្រូវបានអនុវត្តន៍ដោយសម្ព័ន្ធអង្គការ និងស្ថាប័ននានារួមាន Danmission, មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បណ្តាញយុវជនកម្ពុជា អង្គការស្ពានសន្តិភាព អង្គការពន្លកខ្មែរ និងសាកលវិទ្យាល័យ Copenhagen (UCPH)នៃប្រទេសដាណឺម៉ាក។
របាយការណ៍បានបង្ហាញថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ តែមួយបានបាត់បង់គម្របព្រៃឈើជាង ៩,៥៣២ ហិកតានៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យការបាត់បង់សរុបនៅក្នុងដែនជម្រកនេះឡើងដល់ ៨៥,៨៦៤ ហិកតាចាប់តាំងពីឆ្នាំ២០១១។
នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា គម្របព្រៃឈើចំនួន ៥៧៥ហិកតាត្រូវបានកាប់ឆ្ការក្នុងឆ្នាំ២០២៣ ដែលកើនឡើងជិត ៣៥ភាគរយ ធៀបនឹងឆ្នាំមុន។ ចាប់តាំងពីឆ្នាំ២០១៨ ដែនជម្រកសត្វព្រៃព្រះរកា បានបាត់បង់គម្របព្រៃឈើសរុប ៥,៤២០ហិកតា ដែលជាងពាក់កណ្តាល (៥៤ភាគរយ) បានកើតឡើងក្នុងអំឡុងពេលនោះ។

ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន ដែលត្រូវបានគេស្គាល់ថាជាព្រៃសហគមន៍ព្រះសង្ឃ បានបាត់បង់គម្របព្រៃឈើចំនួន ៤២ហិកតានៅក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង ៥០ភាគរយ ធៀបនឹងឆ្នាំមុន។ ចាប់តាំងពីឆ្នាំ២០០១ សង្ឃរុក្ខបានបាត់បង់គម្របព្រៃឈើសរុប ៥៥៦ហិកតា។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានច្រានចោលរបាយការណ៍នេះ ដោយលើកឡើងថា វាត្រូវបានធ្វើឡើងដោយគ្មានព័ត៌មានពីអ្នកជំនាញរបស់ក្រសួង និង «មិនឆ្លុះបញ្ចាំងការពិត» នៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា ក្រសួងកំពុងគ្រប់គ្រងធនធានធម្មជាតិតាមរយៈការពង្រឹងសមត្ថភាពរបស់ឧទ្យានុរក្ស និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជាដ្រូន និងផែនទីពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ផលប៉ះពាល់លើធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាពិសេសនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ឧទ្យានុរក្សមកពីមន្ទីរបរិស្ថានខេត្តក៏បានល្បាតតំបន់នេះជាទៀងទាត់ផងដែរ។
លោក អាទិត្យា មានប្រសាសន៍ថា៖ «រូបភាពផ្កាយរណបបង្ហាញយ៉ាងច្បាស់ពីការកាប់បំផ្លាញព្រៃឈើ ប្រសិនបើមាន ហើយមន្ត្រីបាននឹងកំពុងអន្តរាគមន៍នៅតំបន់នោះ។ ក្រសួងបានអនុវត្តយ៉ាងតឹងរឹងដោយដាក់សំណុំរឿង និងបញ្ជូនពួកគេទៅតុលាការដោយគ្មានករណីលើកលែងនោះទេ»។
លោក ឃុត សឿម សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ដែលមានមូលដ្ឋាននៅខេត្តព្រះវិហារ បានប្រាប់ខេមបូចាថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់គម្របព្រៃឈើបន្ថែមទៀត។ លោក សឿម បានចោទប្រកាន់ថា ការបាត់បង់គម្របព្រៃឈើនេះបណ្តាលមកពីឧក្រិដ្ឋកម្មទ្រង់ទ្រាយធំដោយ «ក្រុមហ៊ុនអ្នកមានអំណាច»។ ការល្បាតរបស់ក្រុមសហគមន៍ត្រូវបានហាមឃាត់ជាញឹកញាប់ដោយអាជ្ញាធរមូលដ្ឋាន ទោះបីជាសហគមន៍បានដាក់សំណើរសុំក៏ដោយ។
លោកបានបង្ហាញក្តីបារម្ភថា សហគមន៍មូលដ្ឋានដែលពឹងផ្អែកអនុផលព្រៃឈើតាមរដូវនឹងជួបការលំបាក ដែលរួមមានផលប៉ះពាល់លើប្រាក់ចំណូលគ្រួសារប្រសិនបើព្រៃឈើត្រូវបាត់បង់ ព្រមទាំងការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិចថែមទៀតផង។
លោក សឿម បានលើកឡើងថា៖ «ខ្ញុំព្រួយបារម្ភអំពីថ្ងៃអនាគត។ ប្រសិនបើបាត់បង់ព្រៃឈើអស់ វានឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលនៅក្បែរព្រៃឡង់ ហើយប៉ះពាល់ជីវភាពពលរដ្ឋដែលអាស្រ័យពីធនធានធម្មជាតិ។ ម្យ៉ាង បាត់បង់ទៅលើទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចដែលគេយកព្រៃឈើជាការគោរព ឬជាការជួបជុំគ្នា ឬពង្រឹងជំនឿរបស់ពួកគេ។ ភាពសាមគ្គីគ្នា ជានិមិត្តសញ្ញាមួយសម្រាប់ជនជាតិដើមភាគតិចកួយ»។
លោក ម៉ើ ចាន់ដារ៉ា នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បាននិយាយថា របាយការណ៍បានបង្ហាញថា ការបាត់បង់គម្របព្រៃឈើបានកើនឡើងជារៀងរាល់ឆ្នាំនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា និងសង្ឃរុក្ខវ័ន។
លោកបានលើកឡើងថា បណ្តាញសហគមន៍មិនអាចធ្វើការឃ្លាំមើល និងល្បាតដោយសេរីបានទេ ដោយសារការកើនឡើងនៃការកាប់ឈើខុសច្បាប់។ លោកបានកត់សម្គាល់ថា ការការពារព្រៃឈើដែលដឹកនាំដោយសហគមន៍ពិតជាមានប្រសិទ្ធភាព ហើយបណ្តាញទាំងនេះគួរតែត្រូវបានទទួលស្គាល់ និងផ្តល់សិទ្ធិអំណាច។
លោក ចាន់ដារ៉ា បានបន្ថែមថា៖ «ឃើញថាមានការបដិសេធជាញឹកញាប់ពីក្រសួងបរិស្ថានអំពីរបាយការណ៍នេះ។ ពួកគេគួរតែគិតអំពីការសហការជាមួយអ្នកពាក់ព័ន្ធដើម្បីការពារដែនជម្រកសត្វព្រៃ និងហាមឃាត់ការកាប់ឈើខុសច្បាប់។ ពួកគេគួរតែទៅមើលព្រៃឈើដើម្បីស្វែងរកការពិត ហើយប្រៀបធៀបវាជាមួយនឹងរបាយការណ៍របស់សាកលវិទ្យាល័យ Copenhagen»។

លោក បានជំរុញឱ្យក្រសួងស៊ើបអង្កេតថា តើមានការកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃដែរឬទេ ជាជាងគ្រាន់តែច្រានចោលរបាយការណ៍ដែលធ្វើឡើងដោយសហគមន៍ ឬអ្នកជំនាញ។
របាយការណ៍បានបង្ហាញថា សកម្មភាពកាប់ឈើខុសច្បាប់ដែលបន្តកើតឡើងបានបំផ្លាញព្រៃក្នុងតំបន់ការពារជាងមួយលានហិកតា។ នៅឆ្នាំ២០២៣ ព័ត៌មានស៊ើបអង្កេតរបស់សារព័ត៌មាន Mongabay បានបង្ហាញថា សម្បទានរបស់ក្រុមហ៊ុន Think Biotech បានបង្កើតផ្លូវកាប់ឈើថ្មីៗដែលលាតសន្ធឹងចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ រួមទាំងផ្លូវប្រវែង ១២ គីឡូម៉ែត្រ និងផ្លូវ ៣គីឡូម៉ែត្រទៀតដែលភ្ជាប់ទៅនឹងផ្លូវធំជាងនេះ។
របាយការណ៍នេះក៏បានលើកឡើងអំពីទីតាំងរុករករ៉ែមាសគ្មានអាជ្ញាប័ណ្ណដោយក្រុមហ៊ុន Late Cheng Mining Development នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។ ការរុករកនេះត្រូវបានគេចោទប្រកាន់ថាប្រើប្រាស់សារធាតុស៊ីយ៉ានីត ហើយបានធ្វើឱ្យមានការកាប់ព្រៃឈើ និងការសាងសង់ផ្លូវ ដែលបង្កហានិភ័យដល់ប្រភេទសត្វជិតផុតពូជ។
ទោះបីជាមានការឯកភាពលើបម្រាមផ្តល់អាជ្ញាប័ណ្ណរុករករ៉ែថ្មីក៏ដោយ អាជ្ញាប័ណ្ណដែលមានស្រាប់នៅតែត្រូវបានអនុញ្ញាតឱ្យបន្ត។
នៅខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាលបានលុបចោលអនុក្រឹត្យមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រស៊ីម៉ង់ត៍លើផ្ទៃដី ៩៩ ហិកតានៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។
បន្ថែមលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការរក្សាគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ លោក ចាន់ដារ៉ា បានជំរុញឱ្យរដ្ឋាភិបាលគិតគូរថែមទៀតពីជីវចម្រុះ ជីវភាពរបស់សហគមន៍ និងការធានានិរន្តរភាពនៃព្រៃឈើ ជាជាងផ្តោតលើប្រាក់ចំណេញនៅពេលផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជននៅក្នុងតំបន់ការពារ។
លោក ចាន់ដារ៉ា បានប្រាប់ថា៖ «ការអភិវឌ្ឍមិនអាចគិតតែផលចំណេញផ្នែកសេដ្ឋកិច្ចទេ។ យើងត្រូវពិចារណាទិដ្ឋភាពបីគឺ និរន្តរភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងនិរន្តរភាពនៃសហគមន៍មូលដ្ឋាន»។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួង លោក អាទិត្យា បានបញ្ជាក់ថា ផែនការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានផ្តល់អាទិភាពដល់ការអភិរក្សជីវចម្រុះ និងធ្វើឱ្យប្រសើរឡើងនូវជីវភាព ក៏ដូចជាតំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់ប្រយោជន៍របស់ប្រជាជន។ លោកថារឿងនេះដែលត្រូវរួមគ្នាធ្វើជាពិសេសការអភិរក្សធនធានធម្មជាតិ និងព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារគម្របព្រៃឈើរបស់កម្ពុជា និងដើម្បីឱ្យក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
របាយការណ៍បានសង្កត់ធ្ងន់លើក្តីបារម្ភសំខាន់ៗពីការបាត់បង់ជីវចម្រុះ ដោយរំឭកអាជ្ញាធរអំពីក្របខណ្ឌជីវចម្រុះសកលគុនមីង-ម៉ុងរ៉េអាល់ និងសារៈសំខាន់នៃតួនាទីជនជាតិដើមភាគតិចក្នុងការការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ព្រោះអត្រាការកាប់ឈើបំផ្លាញព្រៃឈើនៅតំបន់ដែលពួកគេការពារមានកម្រិតទាបគួរឱ្យកត់សម្គាល់ជាងតំបន់ផ្សេង។
ការកាប់ឈើខុសច្បាប់ និងការបំផ្លាញជម្រកសត្វយ៉ាងទូលំទូលាយ បង្កហានិភ័យដល់ប្រភេទសត្វជាច្រើន ដូចជាជ្រូកព្រៃ ក្តាន់ ដំរីអាស៊ី គោព្រៃ និងស្វាកន្ទុយវែង។ សត្វទាំងនេះប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការបាត់បង់ជម្រក ការបរបាញ់ខុសច្បាប់ និងជម្លោះរវាងមនុស្ស និងសត្វព្រៃដែលកំពុងកើនឡើង ហើយប៉ះពាល់ដល់តុល្យភាពដ៏ផុយស្រួយនៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើដ៏សំខាន់។
លោក សឿម ស្នើឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យសហគមន៍ចូលរួមក្នុងការការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលនឹងផ្តល់ប្រយោជន៍ដល់គ្រប់គ្នា មានន័យថាពួកគេនឹងមិនចូលរួមក្នុងសកម្មភាពខុសច្បាប់ឡើយ។ ទន្ទឹមនឹងនេះ សហគមន៍នៅតែបន្តល្បាត និងតាមដានឧក្រិដ្ឋកម្មព្រៃឈើ។
ពេញមួយឆ្នាំ២០២១ ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានបាត់បង់គម្របព្រៃឈើជាង ១១,១០០ ហិកតា ដែលជាកម្រិតខ្ពស់បំផុតដែលបានកត់ត្រា ដែលមានការកើនឡើង ២២ភាគរយ បើធៀបនឹងឆ្នាំ២០២០ ឬស្មើ ២,៧ភាគរយនៃគម្របព្រៃឈើសរុប។ ចាប់តាំងពីឆ្នាំ២០០០ ដែនជម្រកនេះបានបាត់បង់ព្រៃឈើសរុប ៦៧,៤០០ ហិកតា ស្មើនឹង ១៦ភាគរយនៃគម្របព្រៃឈើសរុប។
សហគមន៍មូលដ្ឋានកំពុងជំរុញឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារធនធានធម្មជាតិ។ ពួកគេអំពាវនាវឱ្យមានការត្រួតពិនិត្យ និងលុបចោលសម្បទានសេដ្ឋកិច្ចដែលមិនអនុលោមតាមច្បាប់ ពិនិត្យមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើ និងបង្កើតយុទ្ធសាស្ត្រប្រឆាំងនឹងការកាប់ឈើបំផ្លាញព្រៃឈើ ការតាំងទីលំនៅខុសច្បាប់ កាំភ្លើងកែច្នៃ និងការឆក់សត្វព្រៃជាដើម។
ពួកគេក៏អំពាវនាវឱ្យមានការអនុវត្តច្បាប់បរិស្ថានឱ្យកាន់តែតឹងរឹងបន្ថែមទៀត ការចូលរួមរបស់សហគមន៍កាន់តែទូលំទូលាយក្នុងការអភិរក្ស បញ្ឈប់ការទិញឈើខុសច្បាប់ដោយភាគីពាក់ព័ន្ធ និងការបង្កើនមូលនិធិអន្តរជាតិសម្រាប់ការអភិរក្សនៅកម្ពុជា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Rejects Alarming Deforestation Report Despite Rise in Forest Cover Loss in Cambodia’s Protected Forests










