នៅក្នុងវីដេអូមួយកាលខែកក្កដា ឆ្នាំ២០២៥ ប្រជាសហគមន៍ចំនួន ១៥នាក់ រួមជាមួយម៉ូតូរបស់ពួកគេបានឡោមព័ទ្ធស្លាកសញ្ញាដែលទើបនឹងដំឡើងថ្មី។ ពួកគេក៏ថតវីដេអូនៅលើទូរសព្ទរបស់ពួកគេផងដែរ។ ស្លាកសញ្ញាដែលគេដំឡើងនោះ មានតុបតែងដាក់ឡូហ្គោនិយាយពីគម្រោងឥណទានកាបូនរេដបូក (REDD+) នៃដែនជម្រកសត្វព្រៃលំផាត់។ តែយ៉ាងណា ក្រោយមក ស្លាកសញ្ញានោះត្រូវបានអ្នកស្រុកបកកម្ទេចចោលវិញ។ នេះបើយោងតាមសមាជិកសហគមន៍ជនជាតិដើមភាគតិចរយ៉លើ។ ពេលនេះស្លាកសញ្ញា នៅតែផ្ទាំងទទេមួយដែលប្រឡាក់ដោយភក់។
ទើបតែពីរខែមុននេះ អង្គការ NatureLife Cambodia ដែលជាអង្គការមិនមែនរដ្ឋាភិបាល ហើយក៏កំពុងអនុវត្តគម្រោង REDD+ បានប្រកាសពីផែនការដាំដើមឈើឡើងវិញលើផ្ទៃដីទំហំដី១ ៧០០ ហិកតា នៅក្នុងខេត្តមណ្ឌលគិរី តាមការស្នើសុំរបស់ក្រសួងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញនេះត្រូវបានផ្តល់មូលនិធិដោយគម្រោង REDD+។
គម្រោងដាំដើមឈើឡើងវិញនេះ ត្រួតស៊ីគ្នាជាមួយដីដែលសហគមន៍រយ៉លើ នៃភូមិមេម៉ុម ឃុំរយ៉ ស្រុកកោះញែក ស្របពេលដែលប្រជាសហគមន៍កំពុងព្យាយាមទទួលបានកម្មសិទ្ធិស្របច្បាប់តាមរយៈបណ្ណកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិច (ICLT)។ ខណៈពេលដែលភូមិមេម៉ុមស្ថិតនៅជិតតំបន់គម្រោង REDD+ ភូមិនេះមិនមែនជាភូមិដៃគូគម្រោង REDD+ ក្នុងចំណោមភូមិចំនួន ១៦ ដែលតម្រូវឱ្យឆ្លងកាត់ដំណើរការយល់ព្រមដោយសេរី ជាមុន និងដំណើរការពិភាក្សាឱ្យបានគ្រប់គ្រាន់នោះទេ។
ប្រជាសហគមន៍ររយ៉លើចំនួនប្រាំបីនាក់ដែលអ្នកសារព័ត៌មានបានសម្ភាសន៍ និយាយថា សហគមន៍មិនត្រូវបានស្នើសុំការយល់ព្រមចំពោះគម្រោងដាំដើមឈើឡើងវិញដែលផ្តល់មូលនិធិដោយ REDD+ នោះទេ។ ពួកគេបាននិយាយអំពីការរារាំងមិនឱ្យចូលរួមកិច្ចប្រជុំ REDD+ ដោយមន្ត្រីមូលដ្ឋាន។ ពួកគេថាស្លាកសញ្ញាគម្រោងត្រូវបានដំឡើងដោយគ្មានការពិគ្រោះយោបល់ និងថែមទាំងមានការគំរាមកំហែងដល់អ្នកដែលមិនគាំទ្រគំនិតផ្តួចផ្តើមនេះ។

គម្រោង REDD+ នៃតំបន់អភិរក្សសត្វព្រៃលំផាត់ លាតសន្ធឹងលើផ្ទៃដី ១៣០,០០០ ហិកតា នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ហើយស្ថិតនៅក្នុងព្រៃស្ងួតដ៏ធំបំផុតមួយនៅក្នុងតំបន់។ គម្រោង REDD+ លក់ឥណទានកាបូន ដែលអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ទទួលបានការទូទាត់ពីក្រុមហ៊ុនធំៗ សម្រាប់ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ។
ក្រសួងបរិស្ថានកម្ពុជា និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលជាដៃគូក្នុងប្រទេសរបស់អង្គការមិនមែនរដ្ឋាភិបាលសកល គឺអង្គការជីវិតសត្វស្លាបអន្តរជាតិបានចាប់ផ្តើមគម្រោងនេះក្នុងឆ្នាំ ២០១៩។ តាមរយៈការបញ្ឈប់ការកាប់ឈើខុសច្បាប់ ការទប់ស្កាត់ការពង្រីកវិស័យកសិកម្ម និងការចូលរួមជាមួយសហគមន៍មូលដ្ឋាន គម្រោងនេះកំណត់គោលដៅទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបន្ថែមទៀត និងកាត់បន្ថយការបំភាយឧស្ម័ន។
ប្រធានសហគមន៍រយ៉ដែលលើកកាន់តួនាទីបន្តពីលោក លីន ម៉ៅ គឺលោក ទូច គិន លើកឡើងថា៖ «ខ្ញុំដឹងតិចតួចណាស់អំពីគម្រោង REDD+»។
លោកបន្តថា៖ «មន្ត្រីអនុរក្សរបស់ក្រសួងបរិស្ថានបានដំឡើងស្លាកសញ្ញា REDD+ នៅចុងភូមិ។ ពួកគេមិនបានបញ្ជាក់ថាតើមានព្រៃឈើប៉ុន្មានហិកតាសម្រាប់គម្រោង REDD+ ឬមានព្រៃឈើប៉ុន្មានហិកតាសម្រាប់សហគមន៍នោះទេ។ ពួកគេបានធ្វើសកម្មភាពដោយខ្លួនឯងអំពីកន្លែងដែលត្រូវដំឡើងស្លាកសញ្ញា។ គ្មានការពិគ្រោះយោបល់ជាមួយប្រជាសហគមន៍ទេ»។
សមាជិកសហគមន៍រយ៉ម្នាក់ទៀត លោក ថាម យ៉ាន អាយុ ៣៨ ឆ្នាំ បាននិយាយថា គាត់បានធ្វើឆ្លើយឆ្លងជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីគម្រោង REDD+ នៅកន្លែងកប់សពរបស់សហគមន៍ក្នុងឆ្នាំ ២០២៤។ នៅទីនេះ គាត់បាននិយាយថា មន្ត្រីទាំងនោះបានបដិសេធជាមួយគាត់ និងអ្នកភូមិដទៃទៀត ដោយបំបាក់ទឹកចិត្តពួកគេពីការស្វែងរកការចុះបញ្ជីដីសមូហភាពសហគមន៍ ហើយពួកគេប្រាប់ថា ការចុះបញ្ជីដីសមូហភាពនេះមិនផ្តល់ផលប្រយោជន៍ដល់សហគមន៍នោះទេ។
លោកបានលើកឡើងថា៖ «យើងអាចលក់គោ លក់ក្របីរបស់យើងបាន ប៉ុន្តែយើងមិនអាចលក់ដីរបស់យើងទេ។ ប្រសិនបើយើងកាត់ដីនោះទៅឲ្យឯកជនធ្វើជាបណ្ណកម្មសិទ្ធិរៀងៗខ្លួនពី ៥ ទៅ ១០ ហិកតា នោះនឹងគ្មានអ្វីសល់សម្រាប់មនុស្សជំនាន់ក្រោយដើម្បីអនុវត្តការធ្វើស្រែចម្ការវិលជុំតាមបែបប្រពៃណីនោះទេ»។
លោកបានបន្ថែមថា៖ «យើងនឹងថែរក្សាព្រៃឈើរបស់យើង និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៍របស់យើង»។

សំណើរធ្វើប្លង់សមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅរយ៉លើ មានបញ្ចូលដីព្រៃកប់សពទំហំ ១០ ០០០ ហិកតា និងដីលំនៅដ្ឋាន ដែលជាដីដូនតាដែលពួកគេសង្ឃឹមថានឹងទទួលបានកម្មសិទ្ធិរួម។ ប៉ុន្តែដំណើរការធ្វើប្លង់សមូហភាពភ្ជាប់មកជាមួយនឹងឧបសគ្គជាច្រើនផ្នែករដ្ឋបាល ហើយមានសហគមន៍តិចតួចណាស់ដែលទទួលបានជោគជ័យក្នុងការទទួលបានការចុះបញ្ជីនេះ។
លោក យ៉ាន បាននិយាយថា លោកបានចូលរួមកិច្ចប្រជុំគម្រោង REDD+ នៅក្នុងភូមិរវាក់ដែលនៅជិតភូមិមេម៉ុមក្នុងឆ្នាំ ២០២៤។ លោកថា នៅទីនោះ មន្ត្រីបានព្រមានថា ការប្រឆាំងនឹងគម្រោង REDD+ នឹងមានផលវិបាកសម្រាប់សហគមន៍។ លោកបន្ថែមថា អ្នកភូមិត្រូវបានគេប្រាប់ថា ប្រសិនបើពួកគេឈូសឆាយដីនៅលើដីស្រែចម្ការរបស់ពួកគេ ពួកគេនឹងត្រូវចាប់ខ្លួន និងប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។
តែយ៉ាងណា អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ថាប្រជាសហគមន៍ត្រូវបានរារាំងមិនឱ្យចូលរួមកិច្ចប្រជុំ ឬគំរាមកំហែងមិនគាំទ្រគម្រោងនេះ គឺជារឿង «ប្រឌិតធ្ងន់ធ្ងរ» និង «ពិបាកនិយាយណាស់» ពីព្រោះវាមិនស៊ីគ្នានឹងកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះផ្ទាល់ ឬពាក្យបណ្តឹងដែលទទួលបានតាមរយៈបណ្ដឹងតវ៉ា។ អង្គការនេះបាននិយាយថា ខ្លួនមានគម្រោងពិនិត្យមើលការចោទប្រកាន់ទាំងនេះ។
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ថ្លែងថា ខ្លួនកំពុងគាំទ្រគម្រោងដាំដើមឈើឡើងវិញ ពីព្រោះវាស្របនឹងគោលដៅរបស់ខ្លួនក្នុងការ «កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើសហគមន៍ក្នុងតំបន់»។
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា មិនបានឆ្លើយតបទេនៅពេលសួរថា តើខ្លួនបានធ្វើកិច្ចពិគ្រោះយោបល់អ្វីខ្លះជាមួយសហគមន៍ជនជាតិដើមភាគតិចរយ៉លើទាក់ទងនឹងគម្រោងដាំដើមឈើឡើងវិញ។
សេចក្តីថ្លែងការណ៍អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានឲ្យដឹងថា៖ «ដីសហគមន៍រយ៉លើ ស្ថិតនៅខាងក្រៅតំបន់គម្រោង REDD+។ វាមិនត្រូវបានគ្របដណ្ដប់ដោយដំណើរការ FPIC [ការយល់ព្រមដោយសេរី ជាមុន និងការពិភាក្សាឱ្យបានគ្រប់គ្រាន់] ទេ ហើយវាក៏មិនត្រូវបានគ្របដណ្ដប់ដោយសកម្មភាពគម្រោង REDD+ ដែរ»។
អង្គការនេះបន្ថែមថា ដែនជម្រកសត្វព្រៃលំផាត់បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដែលកំណត់តំបន់ការពារ (ដែនជម្រកសត្វព្រៃ) ក្រោមព្រះរាជក្រឹត្យមួយរបស់រាជរដ្ឋាភិបាល។ ដូច្នេះ អង្គការនេះសង្កត់ធ្ងន់ថាការទាមទារពាក់ព័ន្ធណាមួយគួរតែត្រូវស្នើទៅរដ្ឋាភិបាល ព្រោះការកំណត់នេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យជាផ្លូវការ។
សហគមន៍រយ៉ព្រួយបារម្ភាថា តំបន់ដែលមានការលើកឡើងពីគម្រោងដាំដើមឈើឡើងវិញអាចត្រួតស៊ីគ្នាជាមួយប្លង់ដីសមូហភាពរួម និងអាចក្លាយជាផ្នែកមួយនៃតំបន់ការពារប្រសិនបើរដ្ឋាភិបាលគ្រោងពង្រីកព្រំប្រទល់ក្នុងឆ្នាំបន្ថែម។ ការណ៍នេះ ការពង្រីកតំបន់ការពារជាចលនាមួយដែលត្រូវបានរិះគន់ដោយអ្នកអភិរក្សចំពោះការខ្វះការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន។
ក្រសួងបរិស្ថានកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណួរដែលផ្ញើដោយ The Diplomat ទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងកំពុង «អនុវត្តការអនុវត្តច្បាប់យ៉ាងសកម្មដើម្បីការពារព្រៃឈើ» ដោយប្រើប្រាស់កិច្ចសហការអន្តរជាតិសម្រាប់ការអភិរក្សតាមរយៈកម្មវិធី REDD+ និងលើកកម្ពស់ការដាំដើមឈើដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍ និងជីវៈចម្រុះ។

សមាជិកសហគមន៍រយ៉លើបង្ហាញក្ដីព្រួយបារម្ភចំពោះគម្រោង REDD+ និងកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញ ដែលកំពុងគ្រប់គ្រងរួមគ្នាដោយក្រសួងបរិស្ថានកម្ពុជា ស្របពេលដែលប្រជាសហគមន៍មិនយល់ស្របទៅនឹងការលើកឡើងរបស់មន្ត្រីអនុវត្តគម្រោងនោះឡើយ។
ជាក់ស្ដែង នៅឆ្នាំ ២០២៤ ប្រជាសហគមន៍ម្នាក់ត្រូវបានចោទប្រកាន់ពីបទកាប់ដើមឈើ និងឈូសឆាយដីរដ្ឋ ហើយអ្នកភូមិចំនួន ១១ នាក់ត្រូវបានកោះហៅទៅតុលាការដើម្បីសាកសួរ។
ក្នុងករណីមួយទៀត លោក ភិន ង៉ូវ អាយុ ៣១ ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទឈូសឆាយដីរដ្ឋ តែអនុវត្តទោសត្រូវបានព្រួរ។
លោកង៉ូវ ប្រាប់អ្នកសារព័ត៌មាននៅផ្ទះដែលសាងសង់លើដីចម្ការនោះថា៖ «យើងបានកាន់កាប់ដីនេះអស់ជាច្រើនជំនាន់មកហើយ។ ឪពុកក្មេករបស់ខ្ញុំបានទុកវាឱ្យយើង [ង៉ូវ និងប្រពន្ធរបស់គាត់] ក្នុងឆ្នាំ ២០១៧» ។
នៅឆ្នាំ ២០២៤ គាត់ត្រូវបានកោះហៅទៅតុលាការខេត្តពីរដងពីបទឈូសឆាយដីរដ្ឋ។
លោកបន្តថា៖ «ខ្ញុំបានឈូសឆាយដីកន្លះហិកតាមុនពេលខ្ញុំត្រូវបានចោទប្រកាន់។ ដីនេះជាដីចម្ការវិលជុំ របស់យើង ដែលមានគុម្ពព្រៃតូចៗដុះលើ ដែលខ្ញុំត្រូវការឈូសឆាយ។ ពេលខ្ញុំចូលខ្លួននៅតុលាការ តុលាការថាខ្ញុំបានឈូសឆាយដីព្រៃរដ្ឋ»។
បទពិសោធន៍របស់គាត់ដែលត្រូវបានកោះហៅទៅតុលាការបានធ្វើឱ្យគាត់ភ័យខ្លាចចំពោះការចាប់ខ្លួននាពេលអនាគត បើសិនគាត់ហ៊ានធ្វើស្រែចម្ការលើដីនោះទៀត ទោះបីដីនោះគ្រួសារគាត់ដាំដុះអស់ជាច្រើនជំនាន់មកហើយក៏ដោយ។
គម្រោង REDD+ បច្ចុប្បន្នកំពុងស្នើសុំការចុះឈ្មោះពីអង្គការផ្ដល់បណ្ណលក់កាបូនធំជាងគេបំផុតរបស់ពិភពលោកគឺ Verra មុនពេលគម្រោងអាចចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់។ អង្គការសត្វស្លាបអន្តរជាតិរំពឹងថាឥណទានកាបូននឹងត្រូវបានលក់ចេញសម្រាប់គម្រោងនេះចាប់ពីឆ្នាំក្រោយ ៕
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានកែសម្រួលពីអត្ថបទជាភាសាអង់គ្លេសក្នុងទម្រង់ជាការស៊ើបអង្កេតដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវត្តី The Diplomat។ គម្រោងនេះត្រូវបានគាំទ្រដោយ Pulitzer Center និង Newsroom Cambodia។ រាយការណ៍បន្ថែមដោយ ទេព សួគានី។
ខេមបូចា ពុំទទួលខុសត្រូវចំពោះអត្ថន័យ និងខ្លឹមសារ ក្នុងអត្ថបទដែលបានស្នើសុំចុះផ្សាយជាភាសាខ្មែរនេះទេ។
អត្ថបទដើមជាភាសាអង់គ្លេស៖ What Consultation Looks Like on a Cambodian Carbon Offset Project









